ភ្នំពេញៈ ការផ្តួលក្រុមវិសាខា ដើម្បីឈ្នះពានត្រៀមបើករដូវកាលថ្មី កាលពីថ្ងៃអង្គារ បានបង្ហាញថា ក្រុមភ្នំពេញក្រោន ពិតជាត្រៀមខ្លួនបានល្អ ទាំងទៅលើការរចនាសម្ព័ន្ធរៀបចំក្រុម និងការពង្រឹងគុណភាពលេងរបស់កីឡាករ ដើម្បីឈានទៅរកការសម្រេចគោលដៅធំនៅចំពោះមុខ គឺការប្រជែងយកតំណែងជើងឯកលីគកំពូលកម្ពុជា ម្តងទៀត នារដូវកាលថ្មី ឆ្នាំ ២០២២ នេះ។
សម្រាប់ការត្រៀមរដូវកាលថ្មីនេះ ក្រុមភ្នំពេញក្រោន បានយកឈ្នះចំនួន ២ ដងរួចទៅហើយ ទៅលើក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) និងក្រុមគិរីវង់សុខសែនជ័យ នៅពេលពួកគេបានឈ្នះជើងឯក នៅក្នុងការប្រកួតពានបើករដូវកាល Beer Pre-Season Cup 2022 ដែលរៀបចំឡើង ដោយក្លិបវិសាខា។
យ៉ាងណាមិញ ការប្រកួតដណ្តើមពានត្រៀមបើករដូវកាលថ្មី Cambodian Super Cup 2022 សម្រាប់ក្រុមជើងឯកទាំង ២ ក្របខ័ណ្ឌ នៅកីឡដ្ឋានស្តាតចាស់ កាលពីយប់ថ្ងៃអង្គារ ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន បានយកឈ្នះក្រុមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន វិសាខា ២-១ ដើម្បីលើកពានបើករដូវកាល ជាលើកទី២ នៅមុនពេលការប្រកួតផ្លូវការលីគកំពូលកម្ពុជា ឆ្នាំ ២០២២ ដែលនឹងត្រូវធ្វើ នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
តាមរយៈជ័យជម្នះនេះ ក៏បានបង្ហាញដែរថា ខ្សែប្រយុទ្ធចំណូល ថ្មីជនជាតិអាហ្វហ្គានីស្ថាន Fareed Sadat របស់ភ្នំពេញក្រោន ពិតជាបានបង្ហាញពីភាពមុតស្រួច និងមានជំនាញខ្ពស់ ក្នុងការបញ្ចប់ទី ដោយរូបគេរកបាន ២ គ្រាប់តែម្នាក់ឯង នៅនាទីទី១៥ និងទី៣៧ គឺនៅមុនពេល ការតែតបញ្ចូលទីបាន ១ គ្រាប់វិញរបស់ខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទីទី៥០ ហើយ Fareed ក៏ទទួលបានពានជាកីឡាករលេងបានល្អជាងគេ ប្រចាំព្រឹត្តិការណ៍នេះផងដែរ។
ជាមួយការបង្ហាញទម្រង់លេងយ៉ាងល្អនេះ Fareed នឹងក្លាយជាកីឡាករដ៏សំខាន់ថ្មីមួយទៀត ក្នុងការចាប់ដៃលេងជាមួយកីឡាករជប៉ុន Daisuke Kobayashi ខ្សែការពារជប៉ុន Ose Takaki រួមទាំងខ្សែបម្រើប្រយុទ្ធជនជាតិកូឡុំប៊ី Andre Nieto និងខ្សែប្រយុទ្ធរបស់អ៊ុយក្រែន Valeriy Hryshyn ដើម្បីសម្រួចទៅរកការសម្រេចគោលដៅធំរបស់ភ្នំពេញក្រោន ដោយក្រុមនេះ មានមហិច្ឆតា ចង់បន្តឈ្នះពានលីគកំពូលកម្ពុជា រដូវកាលថ្មីនេះម្តងទៀត បន្ថែមទៅលើការឈ្នះបានចំនួន ៧ លើកកន្លងមក។
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោនបាននិយាយ ក្នុងពេលបង្ហាញឡូហ្គោថ្មី របស់លីគកំពូលកម្ពុជាថា៖ «ជាទស្សនៈទូទៅ ក្រុមម្ចាស់ជើងឯក តែងតែមានសម្ពាធខ្ពស់ជាងក្រុមផ្សេងៗទៀត ព្រោះយើងជឿថា គ្រប់ក្រុមទាំងអស់ គេចង់ឈ្នះក្រុមជើងឯក អ៊ីចឹងបើយើងចង់ឈ្នះពាននេះម្តងទៀត ទាំងទម្រង់លេង និងការរៀបចំរបស់យើង មិនមែន ១០០ ភាគរយនោះទេ គឺត្រូវតែប្រសើរជាងហ្នឹងទៀត»។
លោកបានបន្ថែមថា៖ «ជាគោលដៅរួមរបស់ក្លិប គឺយើងមិនបានដាក់ សម្រាប់ប្រជែងយកលេខ ២ ឬលេខ ៣ នោះទេ គឺគ្រប់លទ្ធភាពទាំងអស់ យើងដាក់គោលដៅយកជើងឯក ហើយបើយើងមិនបានជើងឯក មានន័យថា យើងបរាជ័យ ១ ឆ្នាំ។ ជាមួយគ្នានេះ គ្រប់ក្រុមទាំងអស់ ៨ បានដឹងហើយថា រដូវកាលនេះ វាជារៀងថ្មីមួយ សម្រាប់ពួកយើង នៅក្នុងបាល់ទាត់ ព្រោះនេះជាការប្រកួតបែបទម្រង់ថ្មីមួយ ដែលនឹងមានការប្រកួតប្រជែងខ្ពស់ តាមបែបផែនស្តង់ដា ខណៈក្រុមទាំង ៨ សុទ្ធតែជាក្រុមល្អ និងមានទិសដៅខ្ពស់ដូចគ្នា»៕