
ជម្រើស ១១ នាក់ដំបូងរបស់ ភ្នំពេញក្រោន ពេលឈ្នះ ណាហ្គាវើលដ៍។
ភ្នំពេញៈ នៅទីបំផុតក្រុមនារីភ្នំពេញក្រោន បានការរកឃើញនូវជោគជ័យដ៏ធំរបស់ពួកគេ ហើយ គឺការឈ្នះតំណែងជើងឯក ពីការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២១ (លីគ នារី) ជាលើកដំបូង ទៅតាមការគ្រោងទុក ដើម្បីបំពេញការខកចិត្ត ចំពោះការបានត្រឹមលេខ៣ កាលពីឆ្នាំ ២០២០។
ក្រុមនារីសិង្ហក្រហម ភ្នំពេញក្រោន បានប្រកាសពីការឈ្នះពាននេះ គឺបន្ទាប់ពីពួកគេបានបន្តឈ្នះលើក្រុមម្ចាស់ជើងឯកឆ្នាំចាស់ ណាហ្គាវើលដ៍កំពង់ស្ពឺ ២-១ ក្នុងការប្រកួតជុំទី២ កាលពីថ្ងៃអាទិត្យ ហើយគ្រាប់បាល់ទាំង ២ គ្រាប់នេះ រកបានដោយខ្សែប្រយុទ្ធ ពឿន គន្ធា នៅនាទីទី៦ និងនាទីទី ៤៥។
បើទោះបីជាការប្រកួតលីគនារី ឆ្នាំ២០២១នេះ នៅសល់ការប្រកួតវិលជុំចំនួន ៣លើកទៀត ប៉ុន្តែតាមរយៈការដណ្តើមបាន ៣ពិន្ទុ ពីក្រុមណាហ្គាវើលដ៍ លើក នេះ វាគ្រប់គ្រាន់ សម្រាប់ ភ្នំពេញក្រោន លើកពាននេះហើយ ព្រោះពេលនេះ ពួកគេមាន៣៣ ពិន្ទុពេញ ជាមួយការឈ្នះទាំង ១១លើក ដោយដាច់ឆ្ងាយពីក្រុមលេខ ២ សៀមរាប ដែលបានស្មើ ១-១ ជាមួយបឹងកេត ចំនួន ១១ ពិន្ទុ និងច្រើនជាងក្រុមទើបធ្លាក់ទៅឈរនៅលេខ ៣ ណាហ្គាវើលដ៍ ដែលមានត្រឹម ២១ពិន្ទុដដែល។
ជាមួយជ័យជម្នះនេះ ប្រធានក្រុមភ្នំពេញក្រោន ដែលរកបានគ្រាប់បាល់សរុបច្រើនជាងគេ បាន ជាវៃ បាននិយាយ ក្រោយការប្រកួតថា៖ «នេះជាការលើកពានរបស់ក្រុមនារីភ្នំពេញក្រោន ជាលើកទី១។ អ្វីដែលសំខាន់ គឺខ្ញុំរីករាយសប្បាយចិត្តមែនទែន ដោយសារតែគ្នារបស់ពួកខ្ញុំ ធ្វើបានល្អណាស់ ដោយយើងបានឈ្នះគ្រប់ការប្រកួត មិនបានចាញ់សូម្បី ១ប្រកួត ហើយពួកយើងនឹងខំប្រឹងបន្តទៀត សម្រាប់ការប្រកួតលីគនារី ក្រោយៗទៀត»៕