ភ្នំពេញៈ កីឡាករជើងខ្លាំង បឺត សង្ឃឹម ដែលមានឈ្មោះនៅក្នុងបញ្ជីជាតិថា ទូច រ៉ាឆាន់ បានអះអាងថា រូបគេពិតជាមានអារម្មណ៍ភ័យខ្លាំង ទម្រាំអាចយកឈ្នះលើអ្នកប្រយុទ្ធរបស់ថៃ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមបានមេដាយមាសដំបូង គេឱ្យកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ ដែលកំពុងធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
បើទោះបីជាការប្រកួតផ្តាច់ព្រ័ត្រនៃប្រភេទកីឡាឃីកបុកស៊ីង កាលពីយប់ថ្ងៃសុក្រនោះ បឺត សង្ឃឹម បានយកឈ្នះលើអ្នកប្រយុទ្ធរបស់ថៃ Arunno Sivapan ដោយពិន្ទុដាច់ ៣-០ ទាំង ៣ ទឹក ប៉ុន្តែ ទូច រ៉ាឆាន់ បានបញ្ជាក់ការប្រកួត ក្នុងទម្ងន់ ៥៧ គីឡូក្រាមនេះថា ការប្រកួតនោះ ពិតជាមានការលំបាកខ្លាំង និងធ្វើឱ្យរូបគេមានការភ័យមែនទែន។
បឺត សង្ឃឹម បាននិយាយថា៖ «ការប្រកួតនេះមានការលំបាកខ្លាំង ព្រោះគាត់ទាត់ល្អយកពិន្ទុ ហើយនៅទឹកទី៣ ខ្ញុំមានការភ័យខ្លាំងមែនទែន ដោយសារតែខាងកម្ពុជាយើង ឱ្យខ្ញុំចូលវ៉ៃគេវិញ ហើយនាទីក៏ជិតអស់ទៀត។ យ៉ាងណាក៏ដោយ ចំពោះការឈ្នះបានមេដាយមាសស៊ីហ្គេម ជាលើកដំបូងនេះ ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ព្រោះខ្ញុំមានក្តីស្រមៃនេះតាំងពីយូរមកហើយ»។
ជាមួយការរកឃើញជ័យជម្នះដ៏ធំក្នុងឆាកជីវិតជាលើកដំបូងនេះ កីឡាករមានប្រភពចេញពីប្រដាល់គុនខ្មែរ បឺត សង្ឃឹម បានធ្វើការតាំងចិត្តថា នឹងខំប្រឹងប្រែងពង្រឹងសមត្ថភាពឱ្យបានខ្លាំងថែមទៀត ដើម្បីអាចឈានទៅដណ្តើមបានមេដាយមាសជាបន្តទៀត ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣។ សង្ឃឹម បានបញ្ជាក់ថា៖ «ទៅថ្ងៃមុខ ខ្ញុំសន្យាថា ខ្ញុំនឹងធ្វើឱ្យបានល្អជាងហ្នឹងទៀត ហើយសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ខ្ញុំនឹងខំប្រឹងធ្វើឱ្យបានល្អ ដើម្បីរកមេដាយជូនជាតិរបស់យើងជាបន្តទៀត»។
បន្ថែមទៅលើការឈ្នះបានមេដាយមាសរបស់ ទូច រ៉ាឆាន់ នេះ កីឡាករឃីកបុកស៊ីងរបស់កម្ពុជា ចំនួន ៤ នាក់ទៀត ក៏ដណ្តើមបានមេដាយមកជូនប្រទេសជាតិជាលើកដំបូង នៅស៊ីហ្គេមលើកនេះផងដែរ ដោយក្នុងនោះ កាន់ ម៉េងហុង បានមេដាយប្រាក់ ក្រោយចាញ់ពិន្ទុថៃ Sungnoi Chaiwat ក្នុងទម្ងន់ ៥៤ គីឡូក្រាម រីឯ ឈឿង ល្វៃ បានមេដាយប្រាក់ដែរ ព្រោះចាញ់ពិន្ទុកីឡាករថៃ Thongchai Thapphi ក្នុងទម្ងន់ ៧១ គ.ក្រ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសុក្រ នោះដូចគ្នា។
ចំណែកកីឡាករ លន បញ្ញា ក៏បានចាញ់កីឡាកររបស់ម្ចាស់ផ្ទះវៀតណាម Nguyen The Huong ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ទម្ងន់ ៦៧ គីឡូក្រាម និងបានមេដាយប្រាក់ដូចគ្នា ខណៈកីឡាករឃីកបុកស៊ីង សន រ៉ាគីម បានត្រឹមមេដាយសំរឹទ្ធ ព្រោះបានធ្លាក់ ក្រោយចាញ់ពិន្ទុកីឡាករថៃ Santidongsakun Chaleamlap ក្នុងវគ្គ ១/២ ផ្តាច់ព្រ័ត្រ។
ដោយឡែកកីឡាករ ផន សុភាន និងកីឡាករ ជៅ សំរេច បានឈ្នះមេដាយសំរឹទ្ធ ១ ដែរ ក្នុងការប្រកួតកីឡាទូករ៉ូអ៊ីង លើវិញ្ញាសាគូបុរស M2X កាលពីព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ ហើយកាលពីថ្ងៃសុក្រ កន្លងមកនេះ វីរកីឡាករ សុខ ចាន់មាន និងវីរកីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះត្រឹមដាយសំរឹទ្ធ ក្នុងការប្រកួតវាយយកពិន្ទុ លើប្រភេទកីឡាប៉េតង់ដូចគ្នា។ ចំណែកកីឡាការិនីប៉េតង់ នុប ឆលីកា និងកីឡាការិនី ហៀង វិជ្ជនី ក៏បានបន្តចាញ់ក្រុមកីឡាការិនីលេខ ១ របស់ម្ចាស់ផ្ទះវៀតណាម ដោយពិន្ទុ ១៣-៥ ក្នុងវគ្គ ១/២ ផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ដោយបានត្រឹមមេដាយសំរឹទ្ធដែរ៕
វីដេអូ៖