ភ្នំពេញៈ ក្រុមជម្រើសជាតិចំបាប់កម្ពុជា នឹងចាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម ថ្ងៃអង្គារនេះ ខណៈការចេញទៅបំពេញបេសកកម្មលើកនេះ សហព័ន្ធកីឡាចំបាប់កម្ពុជាបានដាក់គោលដៅត្រូវដណ្តើមមេដាយមាសឱ្យបានយ៉ាងហោចណាស់ចំនួន ២។
ការកំណត់គោលដៅមេដាយមាសនេះ ត្រូវបានធ្វើឡើងក្រោយពីគ្រូជម្រើសជាតិចំបាប់បានមើលឃើញពីការរីកចម្រើននៃសមត្ថភាពរបស់អត្តពលិកម្នាក់ៗ បន្ទាប់ពីពួកគេបានចំណាយពេលហ្វឹកហាត់រួមគ្នាយ៉ាងសកម្ម អស់រយៈពេលជាច្រើនខែរួចមក។
លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិកីឡាចំបាប់កម្ពុជា បានប្រាប់ថា៖ «អត្តពលិកចំបាប់របស់យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ក្រោយពីការហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានមរតកតេជោ អស់រយៈពេល ៥ ខែ ហើយខ្ញុំរំពឹងទុកថា កីឡាករ និងកីឡាការិនីរបស់យើង នឹងប្រឹងឱ្យអស់ពីសមត្ថភាព ដោយសហព័ន្ធបានដាក់គោលដៅលើការដណ្តើមឱ្យបានមេដាសមាស ២ ទាំងលើវិញ្ញាសាចំបាប់សេរី និងចំបាប់ក្រិចកូរ៉ូម៉ាំង»។
ការលើកឡើងដោយភាពជឿជាក់របស់គ្រូបង្វឹករូបនេះ ដោយសារតែសហព័ន្ធបានជួលគ្រូបង្វឹកសញ្ជាតិអ៊ីរ៉ង់លោក Komeil Ghasemi ដែលជាអតីតម្ចាស់មេដាយមាសអូឡាំពិក ឱ្យមកជួយបង្វឹក និងពង្រឹងសមត្ថភាពដល់ក្រុមកម្ពុជា ចាប់តាំងពីឆ្នាំមុនមក ដើម្បីបន្ថែមលើគ្រូបង្វឹកដែលមានស្រាប់របស់ខ្លួន។
ជាមួយគ្នានេះ កីឡាករចំបាប់ សឿន សុភាស់, ជូន ធួន, អុល សៅហ៊ាង, ហេង វុទ្ធី, កែវ សុភ័ក្ត និងកីឡាករ ងួន មករា ក៏ត្រូវបានបញ្ជូនទៅបោះជំរំហ្វឹកហាត់ជាង ២ ខែ នៅប្រទេសអ៊ីរ៉ង់ ជាមួយនឹងលោក Ghasemi គឺចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ ដល់ទី ២១ ខែ មេសា ឆ្នាំ ២០២២ ផងដែរ។
បន្ថែមលើនេះ កីឡាករ អេង ផានិត និង យុន ប៊ុនណា ក៏ត្រូវបានបញ្ជូនឱ្យទៅហ្វឹកហាត់បន្ថែមជាមួយគ្រូបង្វឹកកូរ៉េ លោក Kim Soogil នៅសាធារណរដ្ឋកូរ៉េដែរ ដើម្បីផ្តោតលើវិញ្ញាសម័យក្រិចកូរ៉ូម៉ាំង សម្រាប់រយៈពេល ១ ខែ និង ១៥ ថ្ងៃ ចំណែកបេក្ខភាពចំនួន ៦ នាក់ទៀត រួមមានកីឡាករ ម៉ូ សារី, ស៊ូ បាលី, ឌន សៅ កីឡាការិនី ឌិត សំណាង, សម្បត្តិ វណ្ណៈ, សឿន នឿន, អ៊ំ ជីអ៊ុន និងកីឡាការិនី ជា កញ្ញា ក៏បានហ្វឹកហាត់ត្រៀមបានខ្លាំងដូចគ្នា។
យ៉ាងណាមិញ សម្រាប់ការប្រកួតបើកឆាកនៅស៊ីហ្គេមថ្ងៃអង្គារនេះ កីឡាករចំបាប់កម្ពុជាចំនួន ៥ នាក់ ត្រូវប្រកួតរកមេដាយនៅលើវិញ្ញាសាក្រិចកូរ៉ូម៉ាំង ទៅតាមប្រភេទទម្ងន់របស់ពួកគេរៀងៗខ្លួន ដោយក្នុងនោះ អតីតម្ចាស់មេដាយមាស ៣ សម័យកាល ឌន សៅ ត្រូវប្រកួតទម្ងន់ ៩៧ គីឡូក្រាម រីឯ កែវ សុភ័ក្ត ត្រូវប្រកួតក្នុងទម្ងន់ ៨៧ គីឡូក្រាម ហើយ ងួន មករា ប្រកួតទម្ងន់ ៧៧ គីឡូក្រាម រីឯ អេង ផានិត ប្រកួតទម្ងន់ ៦៧ គីឡូក្រាម និងកីឡាករ យុន ប៊ុនណា ប្រកួតទម្ងន់ ៦០ គីឡូក្រាម។ ចំណែកអត្តពលិក ១១ នាក់ទៀត នឹងត្រូវប្រកួតចំបាប់សេរី ទៅតាមប្រភេទទម្ងន់របស់ពួកគេនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍៕