​ភ្នំពេញៈ ក្រុម​ជម្រើសជាតិ​ចំបាប់​កម្ពុជា បានបញ្ចប់​ការប្រកួត​ក្រិច​កូ​រ៉ូ​ម៉ាំងទាំង ​៥ ​វិញ្ញាសា ដោយ​មិនបាន​មេដាយ ​១ ​សោះ សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង ក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​ ២០២១ នៅ​វៀតណាម កាលពី​ថ្ងៃ​អង្គារ​។​

​តាមរយៈ​ការប្រកួត​ពេញ​ ១​ ថ្ងៃ នោះ កីឡាករ​ចំបាប់​កម្ពុជា​ទាំង ​៥ ​នាក់ បាន​ចាញ់​ស្ទើរ​គ្រប់ការ​​ប្រកួត​ទាំងអស់ គឺមាន​តែ ងួន មករា និង យុន ប៊ុន​ណា ទេ ដែល​ស្គាល់​រសជាតិ​ឈ្នះ​បាន​ម្តង លើ​កីឡាករ​ឡាវដូចគ្នា នៅក្នុង​ការប្រកួត​ជម្រុះ ចំណែកកីឡាករ​ជើងចាស់ ឌន សៅ ព្រមទាំង កែវ សុភ័ក្ត្រ​, និង អេង សេង​លាង រក​មិនឃើញ​ការ​ឈ្នះ​សោះ​។​

​ផ្ទុយ​ពីនេះ កីឡាករ​របស់​ម្ចាស់ផ្ទះ​វៀតណាម បានឈ្នះ​មេដាយមាស ទាំង ​៥ ​ប្រភេទ​ទម្ងន់​នេះ​តែម្តង ចំណែក​កីឡាករ​ថៃ ឈ្នះ​បាន​មេដាយប្រាក់ ​២ សំរឹទ្ធ​ចំនួន ​២ ឥណ្ឌូនេស៊ី បាន​ប្រាក់ ​២ និង​ហ្វីលីពីន ឈ្នះ​បាន​ប្រាក់ ​១ និង​សំរឹទ្ធ ​៣​។​

​សម្រាប់​លទ្ធផល​ប្រកួត​របស់​កីឡាករ​ទាំង​ ៥ ​នាក់​របស់​កម្ពុជា គឺ​អតីត​ម្ចាស់​មេដាយមាស ៣​ សម័យកាល ឌន សៅ ទទួលបាន​លេខ ​៤ ចុងក្រោយ​គេ ក្នុងការ​​ប្រកួត​ទម្ងន់ ​៩៧ ​គីឡូក្រាម រីឯ យុន ប៊ុន​ណា បាន​លេខ ​៤ ក្នុងចំណោម​ ៥​ នាក់ នៃ​ការប្រកួត​ទម្ងន់ ​៦០ ​គីឡូក្រាម​។​

កីឡាការិនី​ចំបាប់​របស់កម្ពុជា​ទាំង​៤នាក់ (ពាក់ឯកសណ្ឋានពណ៌ស) ពេល​ថតជាមួយលោក Casey Barnett និង​ប្រតិភូចំបាប់ នៅ​ប្រទេស​វៀតណាម។ រូ​ប​ថត សហការី

​ចំណែក​កីឡាករ អេង ផានិត បាន​លេខ ​៤ ​ក្រោយ​គេ ក្នុងការ​ប្រកួត​ទម្ងន់ ​៦៧ ​គីឡូក្រាម ហើយ ងួន មករា បាន​លេខ ៤ ក្នុងចំណោម​បេក្ខភាព​ទាំង ​៦ ​នាក់ ដែល​ចូលរួម​ប្រកួត​ទម្ងន់ ​៧៧​គីឡូក្រាម ខណៈ កែវ សុភ័ក្ត្រ បាន​លេខ ​៤ ក្រោយ​គេ ក្នុង​ទម្ងន់ ​៨៧ ​គីឡូក្រាម​។​

​ជាមួយ ការទទួល​លទ្ធផល​មិន​គាប់ប្រសើរ សម្រាប់​ការប្រកួត​ចំបាប់​ក្រិច​កូ​រ៉ូ​ម៉ាំង​របស់ កីឡាករ​ទាំង ​៥ ​នាក់​នេះ ​បានធ្វើឱ្យ​ថ្នាក់​ដឹកនាំសហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ជាពិសេស​នាយក​វិទ្យាស្ថានខេមអេដ លោក Casey Barnett បាន​ដាក់​ក្តីសង្ឃឹម​ទៅលើ​ការប្រកួត​ចំបាប់​សេរី របស់​ក្រុម​កីឡាការិនី​ចំបាប់​វិញ​ម្តង​។

​លោក Casey Barnett អនុ​​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹក​នាំ​ក្រុម​ចំបាប់​កម្ពុជា ទៅ​ប្រកួត​ស៊ី​ហ្គេម នេះ ​បាន​ថ្លែងថា​៖ «​ការប្រកួត​ចំបាប់​ក្រិច​កូ​រ៉ូ​ម៉ាំង នៅថ្ងៃនេះ ទទួលបាន​លទ្ធផល​មិនល្អ​ទេ ប៉ុន្តែ​យើង​ទន្ទឹងរង់ចាំ​ការប្រកួត​ចំបាប់​នារី នៅ​ថ្ងៃ​ពុធ ហើយ​យើង​រំពឹងថា នឹង​ឈ្នះ​បាន​មេដាយ​ចំនួន​ ២ សម្រាប់​នារី​»​។​

​សម្រាប់​ការប្រកួត នៅ​ថ្ងៃ​ពុធ​នេះ កីឡាការិនី​ចំបាប់​កម្ពុជាចំនួន​ ៤​ នាក់ នឹងត្រូវ​ប្រកួត​នៅលើ​ប្រភេទ​ទម្ងន់​រៀងៗ​ខ្លួន​របស់​ពួកគេ ដោយ​ក្នុងនោះ​កីឡាការិនី ជា កញ្ញា ត្រូវ​ប្រកួត​ក្នុង​ទម្ងន់ ​៦២ ​គីឡូក្រាម រីឯ​កីឡាការិនី សឿន នឿន ប្រកួត​ទម្ងន់​ ៥៧​ គីឡូក្រាម ហើយ សម្បត្តិ វណ្ណៈ ប្រកួត​ទម្ងន់​ ៥៣​ គីឡូក្រាម និង​កីឡាការិនី ឌិត សំណាង ប្រកួតក្នុង​ប្រភេទទម្ងន់ ៥៧ គីឡូក្រាម​៕