
ក្រុមវ៉ូវីណាមកម្ពុជា បានបង្ហាញទង់ជាតិរបស់ខ្លួន នៅក្នុងពិធីបំពាក់មេដាយមាសរបស់ពួកគេ កាលពីថ្ងៃពុធ។ រូបថត CAMSOC
ភ្នំពេញៈ ក្រុមជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា បានចាប់ផ្តើមការប្រកួតប្រជែងថ្ងៃដំបូងក្នុងស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ ដែលកំពុងដំណើរការនៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយការដណ្តើមបានទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ដ៏គួរឱ្យរំភើបបំផុត ខណៈប្រភេទកីឡានេះ បានក្លាយជាក្តីសង្ឃឹមយ៉ាងមុតមាំ សម្រាប់កម្ពុជាក្នុងការដណ្តើមបានមេដាយមាស ជាបន្តទៀត ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការឈ្នះមេដាយមាសឱ្យបានច្រើនជាង ៤ នៃការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៩។
បើទោះបីជា ក្រុមជម្រើសជាតិវ៉ូវីណាម មិនត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតស៊ីហ្គេមនៅសិង្ហបុរី កាលឆ្នាំ ២០១៥ ស៊ីហ្គេមនៅម៉ាឡេស៊ី កាលឆ្នាំ ២០១៧ និងស៊ីហ្គេមនៅហ្វីលីពីន កាលពីឆ្នាំ ២០១៩ ប៉ុន្តែសម្រាប់ការបង្ហាញវត្តមានជាថ្មីនៅស៊ីហ្គេមក្នុងប្រទេសវៀតណាម កាលពីថ្ងៃពុធ ម្សិលមិញនេះ ពួកគេនៅតែអាចបង្ហាញភាពខ្លាំង ដូចកាលដែលក្រុមមួយនេះ បានរួមគ្នាឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ៧ សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងស៊ីហ្គេមនៅមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៣។
តាមរយៈការប្រកួតសម្តែងជាក្រុម (នារី ១ បុរស ៣ មានអាវុធ) កាលពីម្សិលមិញនេះ កីឡាការិនី ប៉ាល់ ឆរស្មី រួមទាំងកីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង និង ប្រាក់ សុវណ្ណនី បានបង្ហាញបច្ចេកទេសសម្តែងបានយ៉ាងល្អ និងទទួលបានពិន្ទុសរុបខ្ពស់ជាងគេ គឺចំនួន ២៦៩ ខណៈក្រុមម្ចាស់ផ្ទះវៀតណាមធ្វើបាន ២៦៤ ពិន្ទុ ឥណ្ឌូនេស៊ីបាន ២៥៧ ពិន្ទុ ឡាវបាន ២៥៤ ពិន្ទុ មីយ៉ាន់ម៉ាបាន ២៥២ ពិន្ទុ និងក្រុមថៃ បានត្រឹម២៥១ ពិន្ទុ ដែលឈរនៅលេខ ៦ ក្រោយគេ។
ជាមួយលទ្ធផលនៃការប្រកួតនេះ បានជួយក្រុមវ៉ូវីណាមកម្ពុជា ទទួលបានមេដាយមាស យ៉ាងរំភើបបំផុត ខណៈវៀតណាមបានមេដាយប្រាក់ និងឥណ្ឌូនេស៊ី បានមេដាយសំរឹទ្ធ ហើយជ័យជម្នះនេះ បានបង្ហាញឱ្យយ៉ាងច្បាស់ថា ក្រុមកម្ពុជានៅតែធ្វើបានល្អផ្តាច់គេលើវិញ្ញាសាសម្តែងជាក្រុមនេះ ព្រោះការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៣ កីឡាការិនី ប៉ាល់ ឆរស្មី ,លី បូរ៉ាមី, ប្រាក់ សុវណ្ណនី និងកីឡាករ សាន សុជាតិ ក៏បានរួមគ្នា ឈ្នះបានមេដាយមាស លើវិញ្ញាសានេះដូចគ្នា។
ជាមួយគ្នានេះ កីឡាការិនី សុខ សុភី ក៏ដណ្តើមបានមេដាយប្រាក់ ទម្ងន់ ៥៥ គ.ក្ររបស់នាងដែរ។ សុភី ត្រូវបានចាប់ឆ្នោតឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ហើយការប្រកួតក្នុងវគ្គនេះ សុខ សុភី បានយកឈ្នះលើកីឡាការិនីរបស់ហ្វីលីពីន ដោយពិន្ទុ ៧-៦ នៅក្នុងការថែម ១ នាទីចុងក្រោយ ខណៈអ្នកទាំង ២ បានស្មើគ្នា ៦-៦ ក្រោយបញ្ចប់ការប្រកួត ៣ ទឹកនោះ ប៉ុន្តែការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រកីឡាការិនីរបស់កម្ពុជារូបនេះ បានចាញ់កីឡាការិនីរបស់ម្ចាស់ផ្ទះវៀតណាមដោយពិន្ទុដាច់ ១០-០។
ចំណែកកីឡាការិនី ប៉ាល់ ឆរស្មី និងកីឡាការិនី ពៅ សុខា ដែលប្រកួតលើវិញ្ញាសាសម្តែងការពារខ្លួនអាវុធនោះ បានទទួលត្រឹមមេដាយសំរឹទ្ធ ហើយតាមលទ្ធផលនេះ បានបង្ហាញថា សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃពុធម្សិលមិញ ក្រុមវ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១។
បន្ថែមទៅលើលទ្ធផលដ៏ល្អនៅថ្ងៃបើកឆាកនេះ កីឡាករ ទិន ឌិត (សែន រ៉ាដេត) ដែលប្រកួតទម្ងន់ ៥៥ គីឡូក្រាម និងកីឡាការិនី ជុក សុម៉ាលី ដែលប្រកួតក្នុងទម្ងន់ ៦៥ គីឡូក្រាម ក៏បានកក់មេដាយសំរឹទ្ធនៅក្នុងដៃរួចរាល់ផងដែរ ខណៈអ្នកទាំង ២ នេះ បានចាប់ឆ្នោតឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិនោះ ហើយក្រុមវ៉ូវីណាមកម្ពុជា ក៏នៅមានវិញ្ញាសាប្រកួតជាច្រើនទៀត ដែលត្រូវប្រកួតប្រជែងយកមេដាយបន្ថែមទៀតផងដែរ៕