ភ្នំពេញៈ កីឡាករមានដើមកំណើតមកពីខេត្តកោះកុង ប៉ោ ភារិទ្ធ ដែលគេស្គាល់ច្បាស់ថា ជាអ្នកប្រយុទ្ធវ៉ៃក្បាច់ យ៉េន ឌីណា នោះ បានក្លាយជាបេក្ខភាពតែម្នាក់គត់ ដែលដណ្តើមបានមេដាយមាស លើប្រភេទកីឡាប្រដាល់គុនខ្មែរ ខណៈបេក្ខភាព ៦ នាក់ទៀត បានមេដាយសំរឹទ្ធ ប៉ុន្តែ ៣ នាក់ទៀត បានចាញ់ក្នុងវគ្គជម្រុះ ៨ នាក់ដំបូងដូចគ្នា។
យ៉ាងណាក៏ដោយ នៅមុនការឈានទៅដណ្តើមបានមេដាយមាស សម្រាប់ការប្រកួតស៊ីហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលទើបបានរៀបចំពិធីបិទជាផ្លូវការ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនេះ យ៉េន ឌីណា បានសារភាពថា រូបគេមិនគិតថា អាចដណ្តើមបានមេដាយមាសបែបនេះទេ ព្រោះការប្រកួតនៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ យ៉េន ឌីណា ត្រូវបានកីឡាករថៃ Norapat Khundam ទាត់ឱ្យអាជ្ញាកណ្តាលរាប់តាំងពីដើមទឹកទី ១ ប៉ុន្តែ ឌីណា បានព្យាយាមវ៉ៃយកប្រៀបវិញ ដើម្បីទទួលបានជ័យជម្នះ ទាំង ៣ ទឹក ដ៏គួរឱ្យរំភើបបំផុត។
នៅក្រោយការយកឈ្នះលើកីឡាករថៃ ក្នុងការប្រកួតទម្ងន់ ៦៣,៥ ក្រាមនេះ យ៉េន ឌីណា បានជួបនូវក្តីបារម្ភ និងភ័យព្រួយនៅពេលដឹងថា រូបគេត្រូវឡើងទៅជួបកីឡាកររបស់ម្ចាស់ផ្ទះ Cao Minh Phat Truong នៅវគ្គផ្ដាច់ព្រ័ត្រនោះ ព្រោះរូបគេ ខ្លាចចៅក្រមផ្តល់ពិន្ទុលម្អៀង ដែលបញ្ហានេះ ក្រុមអត្តពលិកកម្ពុជាផ្សេងទៀត ធ្លាប់បានជួបប្រទះរួចមកហើយ។ តែទោះបីជាយ៉ាងណា យ៉េន ឌីណា ពិតជាធ្វើបានយ៉ាងល្អ ដើម្បីយកឈ្នះកីឡាកររបស់វៀតណាមម្នាក់នេះ ដោយពិន្ទុទាំង ៣ ទឹក។
យ៉េន ឌីណា បាននិយាយក្រោយការប្រកួតថា៖ «ការឈ្នះបានមេដាយមាសនេះ ខ្ញុំពិតជារំភើប និងសប្បាយរីករាយ រកពាក្យថ្លែងមិនត្រូវនោះទេ។ យ៉ាងណាក៏ដោយ ខ្ញុំមិនគិតថា ខ្ញុំអាចឆ្លងបានទៅដណ្តើមយកមេដាយមាសនេះទេ ព្រោះខ្ញុំប៉ះសុទ្ធតែកីឡាករល្អៗ គឺទី១ ជួបកីឡាករថៃ ដែលបានទាត់ខ្ញុំចូលកញ្ចឹងក បណ្តាលឱ្យអាជ្ញាកណ្តាលរាប់ និងទី២ ប៉ះកីឡាករវៀតណាម ដែលខ្ញុំមានអារម្មណ៍ភ័យថា ខ្លាចគេមិនឱ្យពិន្ទុយើង»។
កីឡាករកម្ពុជារូបនេះ បានបន្ថែមថា៖ «នៅពេលប្រកួតផ្តាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះវៀតណាម ខ្ញុំមិនរំពឹងច្រើននោះទេ ព្រោះខ្លាចវ៉ៃត្រូវគេហើយ គេមិនផ្តល់ពិន្ទុឱ្យយើង។ តែទោះបីជាយ៉ាងណា នៅពេលបងប្អូនដែលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិជាមួយគ្នា បានបង្ហាញមេដៃប្រាប់ថា ខ្ញុំបានឈ្នះ ១ ទឹកហើយនោះ គឺខ្ញុំពិតជាសប្បាយចិត្ត និងខំប្រឹងកាន់តែខ្លាំង ហើយជាមួយគ្នានេះ ខ្ញុំក៏មានកម្លាំងចិត្ត នៅពេលឃើញថ្នាក់ដឹកនាំរបស់យើងបានមកលើកទឹកចិត្តដោយផ្ទាល់»។
សម្រាប់ការឈ្នះបានមេដាយមាសនេះ យ៉េន ឌីណា ក៏បាននឹកឃើញដល់គុណឪពុកម្តាយផងដែរ ដោយបានបញ្ជាក់ថា៖ «គ្រប់ការប្រកួតទាំងអស់ ខ្ញុំតែងនឹកដល់គុណប៉ាម៉ាក់របស់ខ្ញុំ ដោយខ្ញុំបាននិយាយក្នុងចិត្តថា ប៉ាម៉ាក់ជួយដល់កូនឱ្យទទួលបានជ័យជម្នះផង ហើយតាមរយៈការឈ្នះមេដាយមាសលើកនេះ ខ្ញុំនឹងខំប្រឹងហ្វឹកហាត់ឱ្យបានខ្លាំងជាងហ្នឹងទៀត ព្រោះការចូលរួមស៊ីហ្គេមជាលើកដំបូងនេះ ខ្ញុំរាងអស់ដែរ សម្រាប់ការប្រកួតដែលមានពាក់កែង និងពាក់មួកការពារមុខបែបនេះ»។
ផ្ទុយពីនេះ កីឡាករ សុខ រិទ្ធ, វ៉ាន់ វឿន និងកីឡាការិនី ឆា ចាន់ដេង សុទ្ធតែត្រូវបានទម្លាក់ដោយកីឡាករវៀតណាម និងកីឡាការិនីរបស់ថៃ នៅវគ្គជម្រុះដំបូងដូចគ្នា។ ចំណែក ឃុន បូរ៉ា ដែលបានឈ្នះកីឡាករម៉ាឡេស៊ីក្នុងវគ្គជម្រុះនោះ បានទៅចាញ់កីឡាករថៃត្រឹមទឹកទី២ នៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ និងបានត្រឹមមេដាយសំរឹទ្ធ រីឯកីឡាការិនីប្រដាល់គុនខ្មែរ វី ស្រីឆាយ, សំ សំណាង, ម៉ឺយ ស៊ីង និង ទួន ស្រីភីន និងកីឡាករ ព្រំ សំណាង ដែលបានចាប់ឆ្នោតឡើងទៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិនោះ សុទ្ធតែបានចាញ់ក្នុងវគ្គនេះដូចគ្នា ដោយបានត្រឹមមេដាយសំរឹទ្ធរៀងៗខ្លួន៕