ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោកថ្មីមួយទៀត ឈ្មោះថា World Fight Tournaments 2022 ហៅកាត់ថា WF នឹងត្រូវបង្ហាញវត្តមានជាលើកដំបូងនៅលើទឹកដីប្រទេសកម្ពុជា ក្នុងខែកក្កដា ខាងមុខនេះ ហើយកម្មវិធីនេះ នឹងនាំយកអ្នកប្រយុទ្ធលំដាប់ជើងខ្លាំងនៅទូទាំងពិភពលោកមកប្រកួតនៅកម្ពុជា ចំណែកអ្នកប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង ដែលទើបតែឈ្នះបានមេដាយមាសក្នុងការប្រកួតស៊ីហ្គេមថ្មីៗនេះ ក៏នឹងត្រូវរៀបចំឱ្យប្រកួតជាមួយកីឡាករបរទេសលំដាប់ខ្លាំងផងដែរ។
នៅក្នុងពិធីចុះហត្ថលេខាក្នុងភាពជាដៃគូ កាលពីថ្ងៃព្រហស្បតិ៍ អ្នកគ្រប់គ្រងនៃក្រុមហ៊ុន PTT Cambodia Limited ដែលជាអ្នកឧបត្ថម្ភធំផ្តាច់មុខក្នុងការប្រកួតនេះ ព្រមទាំងម្ចាស់កម្មសិទ្ធិ និងជាអ្នកបង្កើតព្រឹត្តិការណ៍ WF នេះ បានអះអាងថា កម្មវិធីថ្មីមួយនេះ ត្រូវបានរៀបចំឡើង ដើម្បីជួយពង្រឹងសមត្ថភាព និងលើកកម្ពស់ប្រដាល់គុនខ្មែរឱ្យកាន់តែមានភាពល្បីល្បាញ និងខ្លាំងនៅលើឆាកអន្តរជាតិ។
នាយកគ្រប់គ្រង PTT Cambodia Limited លោក Nuttapong Kaewtrakulpong បានថ្លែងថា៖ «World Fight Tournament ជាព្រឹត្តិការណ៍លំដាប់ពិភពលោក អ៊ីចឹងការចូលរួមឧបត្ថម្ភដល់ការប្រកួតនេះ គឺ PTT ចង់ឱ្យពិភពលោកបានដឹងពីសក្តានុពលរបស់ប្រទេសកម្ពុជា ថា ជាទីកន្លែងប្រកួតមានកម្មវិធីប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង ដែលល្អបំផុតនៅក្នុងពិភពលោក រួមទាំងមានសមត្ថភាពនៃការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកមិនចាញ់បរទេសនោះឡើយ»។
បុរសជនជាតិថៃរូបនេះ បានបន្ថែមថា៖ «សំខាន់ជាងនេះ PTT និងផលិតផលក្នុងក្រុមហ៊ុននឹងរួមគ្នាបង្កើតមោទនភាពជាមួយពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ក្នុងការស្វាគមន៍ទស្សនិកជនប្រដាល់កម្រិតជើងឯក មកពីទូទាំងពិភពលោក ដើម្បីជួយបង្កើនចំណូលជូនជាតិ ដូចពាក្យស្លោកដែលរាជរដ្ឋាភិបាលកម្ពុជាបានពោលថា ខ្មែរធ្វើបាន.ខ្មែរឈ្នះ ឈ្នះ»។
World Fight Tournaments នឹងចាប់ផ្តើមការប្រកួតលើកដំបូងរបស់ខ្លួននៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី ៦ ខែកក្កដា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍បាយ័ន ពីម៉ោង ៥ ដល់ម៉ោង ៧ យប់។ បើទោះបីជាអ្នករៀបចំមិនទាន់បានបង្ហាញពីបេក្ខភាពគ្រប់គូ ប៉ុន្តែកំពូលអ្នកប្រដាល់ជើងខ្លាំង Buakaw Banchamek ត្រូវបានផ្គូផ្គងរួចហើយ ដោយរូបគេត្រូវតស៊ូជាមួយគូប្រយុទ្ធដ៏គ្រោះថ្នាក់ជាជនជាតិបេឡារុស VARATS DZMITRY។
ជាមួយគ្នានេះ អ្នកប្រដាល់គុនខ្មែរជើងខ្លាំងមួយចំនួន ក៏នឹងត្រូវប្រកាសជាបន្តបន្ទាប់ ចំពោះបេក្ខភាពដែលត្រូវប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម យ៉េន ឌីណា និង ម៉ឺន មេឃា ព្រមទាំងកីឡាករម្ចាស់មេដាយសំរឹទ្ធ អេ អាំម៉ារីនភូថង ក៏បានបង្ហាញវត្តមានជាភ្ញៀវកិត្តិយសនៅក្នុងពិធីចុះហត្ថលេខាភាពជាដៃគូនោះដែរ ហើយនៅក្នុងពិធីនោះ ក៏មានស្ថាប័នបវរកញ្ញា Miss Wisdom World Cambodia និងបវរកញ្ញា Miss Model of the World (Thailand) ចូលរួមគាំទ្រកម្មវិធីដែរ។
លោក TONY ANH ម្ចាស់កម្មសិទ្ធិ និងជាអ្នកបង្កើតព្រឹត្តិការណ៍ World Fight បានថ្លែងថា៖ «ការបង្កើតឱ្យមានព្រឹត្តិការណ៍ World Fight នេះ យើងមានគោលបំណងច្បាស់លាស់ គឺជួយលើកតម្កើងប្រដាល់គុនខ្មែរ ឱ្យឡើងទៅកម្រិត A និងឈានទៅកម្រិតពិភពលោកបាន គឺមានន័យថា អ្នកបន្តវេនគុនខ្មែរ នឹងអាចឡើងទៅវ៉ៃលំដាប់ជើងឯកនៅទូទាំងពិភពលោកបាន ព្រោះព្រឹត្តិការណ៍នេះ យើងនឹងនាំយកលំដាប់ជើងខ្លាំង នៅទូទាំងពិភពលោក មកប្រកួតដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពិសេសវិស័យកីឡាប្រដាល់ ដោយយើងបានសហការជាមួយសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា»។
លោកបានបន្តថា៖ «ដូចអ្នកទាំងអស់គ្នាដឹងហើយថា កម្ពុជានឹងត្រូវធ្វើជាម្ចាស់ស៊ីហ្គេមនៅឆ្នាំ ២០២៣ ហើយ World Fight គឺជាព្រឹត្តិការណ៍ធំជាងគេនៅក្នុងឆ្នាំ ២០២២ នេះ អ៊ីចឹងតាមរយៈការប្រកួតនេះ វានឹងជួយពង្រឹងនូវគុណភាព និងសមត្ថភាពរបស់ប្រដាល់គុនខ្មែរឱ្យកាន់តែល្អប្រសើរ ដ្បិតអី WF នឹងមានការប្រកួតរហូតដល់ ១១ លើក ដែលចាប់ផ្តើមពីខែកក្កដា ដល់ខែធ្នូ ខណៈទិសដៅសំខាន់របស់យើង គឺជួយឱ្យអត្តពលិកប្រដាល់គុនខ្មែររបស់យើង មានសមត្ថភាពកើនឡើង អាចឡើងទៅប្រកួតក្នុងលំដាប់ពិភពលោកបាន»។
ចំណែកលោក គង់ វិសាល ទីប្រឹក្សាការប្រកួត WF 2022 បាននិយាយថា៖ «យើងបានរួមគ្នាធ្វើការយ៉ាងខ្លាំងក្លា អស់រយៈពេលជាច្រើនខែ ដើម្បីនាំយកព្រឹត្តិការណ៍ដ៏ធំនេះ មកកាន់ប្រទេសកម្ពុជាយើង ហើយ WF នឹងមានកីឡាករល្បី នៅជុំវិញពិភពលោកធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើង ដើម្បីធ្វើការប្រកួត ហេតុនេះយើងសង្ឃឹមថា បងប្អូន និងអ្នកគាំទ្រប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង នឹងមកទស្សនាផ្ទាល់ យ៉ាងច្រើនកុះករ ដើម្បីគាំទ្រដល់កីឡាករយើង»៕