ភ្នំពេញៈ ក្រុមភ្នំពេញក្រោន ពិតជាអាចបំពេញនូវអ្វីដែលពួកគេចង់បាន បន្ទាប់ពីក្រុមកំពុងកាន់ទុក្ខ ចំពោះការទទួលមរណភាពរបស់ប្រធានក្លិប លោកឧកញ៉ា ឬទ្ធី សំណាង មួយនេះ បានរួមគ្នាយកឈ្នះក្រុមវិសាខា ២-១ ដើម្បីក្លាយជាម្ចាស់ជើងឯកការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ ២០២២ (Cambodian League Cup) ពីយប់ថ្ងៃសៅរ៍។
នៅមុនការទទួលបានជ័យជម្នះ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនៅកីឡដ្ឋានស្មាតអអេសអិន កាលពីយប់ថ្ងៃសៅរ៍នោះ ភាពស្រពេចស្រពិលរបស់ក្រុមភ្នំពេញក្រោន បានកើតមានឡើង បន្ទាប់ពីគ្រូបង្គោលថ្មីរបស់ក្រុមវិសាខា លោក មាស ចាន់ណា បានបង្ហាញការតាំងចិត្តយកឈ្នះលើក្រុមភ្នំពេញក្រោន ដើម្បីយកពានរង្វាន់ Cambodian League Cup 2022 នេះ ត្រឡប់ទៅកាន់ក្លិបនោះ ប៉ុន្តែភាពរីករាយមិនបានកើតមានឡើងចំពោះក្រុមអ្នកមាន វិសាខា នោះទេ។
តាមរយៈការប្រកួតដ៏តានតឹងនោះ ខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា បានធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានភាពប្រសើរខ្លាំង សម្រាប់ក្រុមភ្នំពេញក្រោន នៅពេលរូបគេបានស៊ុតបាល់ពីក្រៅតំបន់គំនូសស បញ្ចូលទីយ៉ាងស្អាត ដើម្បីបើកការនាំមុខ ១-០ នៅទីទី៥០ នោះ ប៉ុន្តែខ្សែការពារ Khan Mohammed Faeez របស់ក្រុមវិសាខា បានតែតបញ្ចូលទី ១ គ្រាប់ តាមស្មើវិញនៅនាទីទី៨៣។
តែទោះបីជាយ៉ាងណា កីឡាករជប៉ុន Yudai Ogawa ដែលទើបវិលមកចូលរួមជាមួយក្រុមភ្នំពេញក្រោនវិញ បន្ទាប់ពីរូបគេត្រឡប់មកពីការព្យាបាលបញ្ហារបួស Hernia inguinal (ពោះវៀន) នៅស្រុកកំណើតនោះ បានស៊ុតបាល់ចេញពីក្រៅតំបន់គ្រោះថ្នាក់ បញ្ចូលទីយ៉ាងល្អ នៅនាទីទី៨៧ ដើម្បីជួយឱ្យក្រុមកំពុងមានទុក្ខ ភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯកយ៉ាងរំភើបបំផុត។
ក្រុមគ្រួសារបាល់ទាត់ភ្នំពេញក្រោន និងអ្នកគាំទ្រមានការសប្បាយរីករាយខ្លាំងបំផុត សម្រាប់ការឈ្នះពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ ២០២២ ដ៏មានន័យមួយនេះ ហើយពួកគេបានយករូបថតលោកឧកញ៉ា ឬទ្ធី សំណាង ដែលទើបទទួលមរណភាព កាលពីពេលថ្មីៗនេះ មកបង្ហាញនៅលើទីលាន ជាទីដែលក្រុមសិង្ហក្រហម បានឧទ្ទិសការឈ្នះពាននេះ ទៅដល់វិញ្ញាណក្ខន្ធប្រធានក្លិបរបស់ពួកគេ ដោយក្លិបមួយនេះ បានសរសេរបង្ហោះនៅលើផេចផ្លូវការរបស់ក្លិបថា «This one is for you, Boss ដែលមានន័យថា ពានរង្វាន់នេះ សម្រាប់អ្នក, លោកប្រធាន»។
ជាមួយការឈ្នះពានរង្វាន់ Cambodian League Cup 2022 នេះ លោកស្រី សុក ស៊ីដា ដែលជាម្តាយរបស់លោកឧកញ៉ា ឫទ្ធី សំណាង មានថ្លែងថា៖ «អរគុណសម្រាប់អ្នកគាំទ្រ ក្រុមកីឡាករ និងថ្នាក់ដឹកនាំ គ្រូបង្វឹកទាំងអស់ ដែលបានប្រឹងប្រែងសម្រាប់ពានរង្វាន់មួយនេះ ហើយខ្ញុំជឿជាក់ថា កូនប្រុសខ្ញុំ (លោកឧកញ៉ា ឬទ្ធី សំណាង) នឹងរីករាយជាមួយអ្នកទាំងអស់គ្នា»។
ចំណែកលោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន បានកាន់ពាន និងរូបថតរបស់លោកឧកញ៉ា ឬទ្ធី សំណាង រួចសរសេរបង្ហោះលើហ្វេសប៊ុករបស់ខ្លួន ដើម្បីបញ្ជាក់ពីការចងចាំខ្លួន ចំពោះលោក ឬទ្ធី សំណាង បែបនេះថា៖ «គ្រប់ពេលវេលាមិនថា មុនប្រកួត ឬចប់ការប្រកួត មេ តែងតែ call មក ដើម្បីលើកទឹកចិត្តថា មើលក្រុមឱ្យបានល្អ លេងដោយឆន្ទៈ»។
អតីតកីឡាករជម្រើសជាតិកម្ពុជា សុខង៉ន បានបន្ថែមថា៖ «កូនចៅទាំងអស់នឹងខិតខំធ្វើឱ្យអស់ពីកម្លាំងកាយចិត្ត។ នឹកមេ និងសំឡេងមេ លោកប្រធាន ឬទ្ធី សំណាង។ ជ័យជម្នះមួយនេះ សម្រាប់មេ ហើយភ្នំពេញក្រោន គឺយើងនៅជាមួយគ្នា បេះដូងតែមួយ ក្រុមតែមួយ គ្រួសារតែមួយ»៕