ភ្នំពេញៈ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) និងក្លិបប្រដាល់ឡុងហាយ (LoongHai Fight Club) បានឈានដល់ការចុះកិច្ចសហប្រត្តិការរួមគ្នាមួយ ដោយផ្តោតសំខាន់ទៅលើការបង្កើតព្រឹត្តិការណ៍ប្រកួតការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យកីឡាប្រពៃណីប្រដាល់គុនខ្មែរ ឱ្យកាន់តែមានសក្តានុពល និងមានឈ្មោះបោះសំឡេងនៅលើពិភពលោក តាមរយៈការប្រកួតឃីកបុកស៊ីង។
នៅក្នុងពិធីចុះហត្ថលេខា កាលពីថ្ងៃទី ៣០ ខែឧសភា កន្លងមកនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាគណៈអធិបតី ក្នុងកម្មវិធីនោះ បានគាំទ្រពេញទំហឹងទៅលើកិច្ចសហប្រតិបត្តិការរបស់ភាគីទាំង ២ នេះ ដោយលោកបានថ្លែងថា៖ «ខ្ញុំពិតជាគាំទ្រចំពោះភាគីទាំង ២ ដែលមានឆន្ទៈ និងទស្សនវិស័យរួមគ្នា ក្នុងការបង្កើត សម្របសម្រួល និងជំរុញវិស័យកីឡានៅកម្ពុជាឱ្យកាន់តែរីកចម្រើន»។
លោករដ្ឋមន្រ្តីបានបន្ថែមថា៖ «តាមរយៈមាគាដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបាននូវការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងលើគ្រប់វិស័យពីមិត្តចិន ពិសេសនៅចន្លោះពេលវិបត្តិជំងឺកូវីដ ១៩ ដោយមិត្តចិន បានជួយផ្តល់ជំនួយវ៉ាក់សាំងយ៉ាងច្រើនមកកម្ពុជា។ ចំណែកកិច្ចសហប្រតិបត្តិការនេះ ក្លិបប្រដាល់ឡុងហាយ នឹងជួយទំនុកបម្រុង ស្វែងរកដៃគូ និងអភិវឌ្ឍកីឡាប្រយុទ្ធរបស់ប្រទេសទាំង ២ ឱ្យឈានទៅដល់កម្រិតអន្តរជាតិថែមទៀត»។
ចំណែកលោក GUO YANG អគ្គនាយករបស់ក្លិបប្រដាល់ឡុងហាយថ្លែងថា៖ «ចាប់តាំងពីក្លិបឡុងហាយ បានបង្កើតឡើង ពួកយើងតែងតែខិតខំផ្សព្វផ្សាយអំពីគុនខ្មែរជារឿយៗ និងមានចក្ខុវិស័យ ក្នុងការបង្កើតការប្រកួតថ្នាក់អន្តរជាតិនៅក្នុងប្រទេសកម្ពុជា ហើយការងារទាំងនេះបានធ្វើឱ្យពួកយើងយល់ដឹងកាន់តែស៊ីជម្រៅទៅលើវប្បធម៌ខ្មែរ ជាពិសេសគុនខ្មែរ»។
ក្នុងរយៈពេលជិត ២ ឆ្នាំនេះ ក្លិបឡុងហាយ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដោយក្លិបនេះ បានបញ្ជូនគ្រូជំនាញរបស់ខ្លួន គឺលោក CHEN YAHONG មកជួយបង្វឹក ក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា ដែលសុទ្ធតែមានប្រភពចេញពីប្រដាល់គុនខ្មែរ។
បន្ថែមលើនេះ ក្លិបឡុងហាយ ក៏បានសហការជាមួយ WLF និង CAMSOC រៀបចំឱ្យមានព្រឹត្តិការណ៍ «ស្តេចប្រដាល់អង្គរ» នៅមុខអង្គរ កាលពីខែមេសា ឆ្នាំ ២០២២ ដោយព្រឹត្តិការណ៍លើកដំបូងនេះ ជាការប្រកួតរវាងក្រុមគុនខ្មែរ និងក្រុមជំនាញឃីកបុកស៊ីងរបស់ចិន ហើយការរួមចំណែកនេះ បានជួយឱ្យក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា អាចបង្កើតបានកំណត់ត្រាប្រវត្តិសាស្រ្ត ពេលពួកគេចូលរួមការប្រកួតស៊ីហ្គេម នៅវៀតណាមកន្លងមកនេះ ដោយក្រុមនេះ ដណ្តើមបានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១។
លោក GUO YANG បញ្ជាក់ថា៖ «ពួកយើងពិតជាសប្បាយចិត្ត ដែលកម្ពុជាទទួលបានលទ្ធផលយ៉ាងល្អនេះ ដែលជាមោទនភាពជាតិមួយ សម្រាប់កម្ពុជា និងសម្រាប់ក្លិបឡុងហាយដែរ ហើយខ្ញុំសង្ឃឹមថា ការសហការជាមួយទូរទស្សន៍ជាតិកម្ពុជាលើកនេះ នឹងអាចរួមគ្នាបង្កើតកម្មវិធីខ្មែរមួយ ដែលមានស្តង់ដាអន្តរជាតិ ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក ព្រមទាំងធ្វើឱ្យវិស័យប្រដាល់នៅកម្ពុជាកាន់តែខ្លាំងក្លា និងរីកចម្រើនទៅមុខ»។
ចំណែកលោក ឃីម វុទ្ធី អគ្គនាយក ទទក ថ្លែងថា៖ «កិច្ចសហប្រត្តិការនេះ នឹងជួយឱ្យ ទទក ឱ្យកាន់តែមានសមត្ថភាព បទពិសោធ និងធនធាន សម្រាប់រៀបចំព្រឹត្តិការណ៍កីឡា បម្រើអារម្មណ៍ទស្សនិកជន និងនាំឧត្តមភាពកីឡា ឆ្ពោះទៅកាន់អន្តរជាតិ។ ក្លិបឡុងហាយ និង ទទក មានទស្សនវិស័យស្របគ្នា ក្នុងការធ្វើបច្ចុប្បន្នភាព លើការរៀបចំកម្មវិធីប្រកួតឱ្យកាន់តែមានលក្ខណៈស្តង់ដាថែមទៀត»។
លោកបន្ថែមថា៖ «ភាគីទាំង ២ ក៏កំពុងរៀបចំក្រុមការងារជំនាញ ពិនិត្យលទ្ធភាព និងដោះស្រាយបញ្ហាប្រឈម ដើម្បីនាំកម្មវិធីផ្សាយពីកម្ពុជាទៅចិន និងនាំមកវិញនូវកម្មវិធីកីឡាប្រដាល់ធំៗរបស់ចិន អ៊ីចឹងក្រុមការងារនេះនឹងក្លាយជាធនធានមួយសម្រាប់ ទទក ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣»៕