
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២។ ហុង មិនា
ភ្នំពេញៈ ការសម្រេចដាក់ប្រភេទកីឡា Mauy ភ្ជាប់ជាមួយគុនខ្មែរ ឬ Khun Khmer (Muay) សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ លើកដំបូងនោះ បានក្លាយជាប្រធានបទក្តៅគគុកមួយ ដែលអ្នកគាំទ្រកម្ពុជា បានលើកយកមកវាយប្រហារទៅដល់គណៈកម្មាធិការ CAMSOC ថា គ្មានគំនិតជាតិនិយមពិតប្រាកដ ក្នុងការលើកកម្ពស់ «គុនខ្មែរ» នៅលើឆាកអន្តរជាតិ ព្រោះនៅតែមិនអាចកាត់ផ្តាច់ចេញពីកីឡា Muay ដែលគេស្គាល់ថា ជាកម្លាយពាក្យចេញពីប្រភេទកីឡា Muay Thai របស់ថៃ។
យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានអះអាងថា កម្ពុជាមិនអាចដាក់ Khun Khmer ដោយគ្មានការភ្ជាប់ជាមួយពាក្យ Muay បាននោះទេ ព្រោះវាជាធម្មនុញ្ញរបស់ស៊ីហ្គេម គឺមានន័យថា គ្រប់ប្រទេស ដែលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ត្រូវតែប្រើពាក្យ Muay នេះ គឺមិនអាចអត់ដាក់បាននោះទេ។
លោក វ៉ាត់ ចំរើន បានពន្យល់ថា៖ «នៅក្នុងធម្មនុញ្ញរបស់ស៊ីហ្គេម គេដាក់ Muay គឺគេអត់ដាក់ពាក្យថា Kun Khmer នោះទេ ប៉ុន្តែដោយសារការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ធ្វើនៅស្រុកយើង ហើយយើងជាម្ចាស់ក្បាច់គុនហ្នឹងដែរ អ៊ីចឹងយើងបានប្រើពាក្យ Khun Khmer នៅខាងដើម ហើយរក្សាទុកពាក្យ Muay ហ្នឹង ដែលគេប្រើ នៅក្នុងភាសាច្បាប់»។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «យើងប្រើពាក្យ Muay ទៅតាមធម្មនុញស៊ីហ្គេមដូចគ្នា ប៉ុន្តែដោយសារកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកនេះ អ៊ីចឹងយើងផ្សព្វផ្សាយ និងបញ្ចេញឈ្មោះរបស់ Khun Khmer គឺយើងអត់មានផ្សាយ Muay ទេ គ្រាន់តែពាក្យ Khun Khmer (Muay)នេះ ត្រូវភ្ជាប់គ្នាបែបនេះ សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា»។
វាមិនមែន ទើបតែពេលនេះទេ ដែលអ្នកគាំទ្រប្រដាល់ «គុនខ្មែរ» របស់កម្ពុជា និង អ្នកគាំទ្រកីឡា «Muay ឬ MuayThai» របស់ថៃ បានវាយប្រហារគ្នា ហើយបានចោទគ្នាទៅវិញទៅមក ដោយក្នុងនោះកម្ពុជា បានអះអាងថា MauyThai មានប្រភពចេញពីក្បាច់គុនបុរាណខ្មែរ រីឯថៃ បានអះអាងថា MauyThai ជារបស់ខ្លួន ហើយគុនខ្មែរ ទៅវិញទេ ដែលបានលួចចម្លងចេញពី MuayThai។
បើទោះបីជាការចោទប្រកាន់គ្នាទៅវិញទៅមកនេះ គ្មានទីបញ្ចប់ ប៉ុន្តែប្រទេសភាគច្រើន នៅក្នុងតំបន់អាស៊ាន បានគាំទ្រ ក្នុងការដាក់បញ្ចូល Muay Thai ឬ Muay ទៅក្នុងការប្រកួតស៊ីហ្គេម តាំងពីឆ្នាំ២០០៧ ដោយកាលនោះថៃ ធ្វើជាម្ចាស់ផ្ទះ ហើយប្រទេសឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី និងឥណ្ឌូនេស៊ី សុទ្ធតែបានចូលរួមប្រកួតប្រជែងលើប្រភេទកីឡាមួយនេះ។
បន្ទាប់ពីបានគាំទ្រ ដាក់បញ្ចូលនៅស៊ីហ្គេម តាំងពីឆ្នាំ ២០០៧ នោះមក កីឡា Muay ត្រូវបានរៀបចំឱ្យមានការប្រកួតជាបន្តបន្ទាប់គ្នា សម្រាប់ការប្រកួតស៊ីហ្គេម នៅតាមបណ្តាប្រទេសផ្សេងៗ ហើយកម្ពុជា បានសម្រេចចូលរួមការប្រកួត Muay នេះ ជាលើកដំបូង កាលស៊ីហ្គេម ឆ្នាំ ២០១៧ នៅម៉ាឡេស៊ី ដោយកាលនោះ កម្ពុជាដណ្តើមបានមេដាយមាស ១ រកបានដោយកីឡាករ ឃីម ឌីម៉ា រួមទាំងមេដាយប្រាក់ ១ និងសំរឹទ្ធចំនួន ២ ទៀត។
បន្ថែមលើនេះ នៅក្នុងកិច្ចប្រជុំលើកទី១៣៨ របស់គណៈកម្មកាធិការអូឡាំពិកអន្តរជាតិ (IOC) នាទីក្រុងតូក្យូ កាលពីឆ្នាំ ២០២១ IOC ក៏បានទទួលស្គាល់កីឡា Muay Thai និងសហព័ន្ធអន្តរជាតិនៃសមាគម Muay Thai (IFMA) ជាផ្លូវការផងដែរ។ ហេតុនេះការព្យាយាមរបស់ថៃ ក្នុងការដាក់កីឡា Muay Thai ចូលទៅក្នុងការប្រកួតកីឡាអូឡាំពិកហ្គេម កាន់តែមានសញ្ញាវិជ្ជមានជាបណ្តើរៗហើយ ខណៈ គុនខ្មែរ ទើបចាប់ផ្តើមពង្រីកខ្លួន ទៅកាន់ឆាកអន្តរជាតិ នៅឡើយ។
យ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធកីឡាមួយអាស៊ី ផងនោះ បានអះអាងថា ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខ គឺកម្ពុជា នឹងរៀបចំលក្ខន្តិកៈ និងបទបញ្ជាប្រកួតនៃប្រភេទកីឡា Khun Khmer (Muay) នេះ ដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយពីភាពល្អឯករបស់គុនខ្មែរ ទៅកាន់ពិភពលោក។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងជាអ្នករៀបចំ និងជាអ្នកធ្វើ ព្រោះយើងមានសហព័ន្ធកីឡាមួយអាស៊ី ដែលមានខ្ញុំជាប្រធាន។ យើងចង់ឱ្យក្បាច់គុនខ្មែរយើង ក្លាយទៅជាក្បាច់គុន ដែលមានលក្ខណៈពិសេស និងលក្ខណៈឯក សម្រាប់វប្បធម៌កីឡាអត្តសញ្ញាណជាតិរបស់យើង នៅក្នុងស៊ីហ្គេម សម្រាប់ការផ្សព្វផ្សាយទៅកាន់ពិភពលោកហើយអ្វីដែលយើងធ្វើ គឺយើងអត់ប៉ះពាល់ដល់ប្រភេទកីឡាស្រដៀងគ្នា នៅក្នុងប្រទេសណាទាំងអស់»។
លោកបញ្ជាក់ថា៖ «យើងធ្វើតែរបស់យើង និងបង្កើតតែរបស់យើង ក្នុងស៊ីហ្គេម នៅស្រុកយើង ដោយយើងលើកទឹកចិត្តរបស់ខ្លួនឯង ហើយយើងគ្រប់គ្រងខ្លួនឯង ដឹកនាំខ្លួនឯង ដើម្បីឱ្យច្បាស់ថា យើងពិតជាម្ចាស់ក្បាច់គុន ហេតុនេះយើងមានគោលការណ៍ ២ ទី១ យើងធ្វើការអភិរក្ស លើព្រលឹងក្បាច់គុនរបស់បុព្វបុរសយើង និងទី២ យើងធ្វើការអភិវឌ្ឍ។ អ៊ីចឹងជាគោលដៅរបស់យើង អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស គឺទាំង២ហ្នឹង ត្រូវធ្វើទន្ទឹមគ្នា ដើម្បីឱ្យស្របទៅនឹងឆន្ទៈជាតិ នយោបាយជាតិ និងស្របទៅនឹងវប្បធម៌ជាតិរបស់យើង»។
គិតមកដល់ពេលនេះ កម្ពុជា នៅមិនទាន់បានកំណត់ប្រភេទទម្ងន់ ដែលត្រូវដាក់ឱ្យប្រកួតក្នុងប្រភេទកីឡា Khun Khmer (Muay) នេះនៅឡើយទេ ប៉ុន្តែលោក វ៉ាត់ ចំរើន បានអះអាងថា ប្រទេសកីឡាទាំង ១០ នៅក្នុងតំបន់អាស៊ាន នឹងចូលរួមលើប្រភេទកីឡានេះទាំងអស់ ដូច្នេះការប្រកួតប្រជែងយកមេដាយ នៅលើវិញ្ញាសានេះ អាចមានការពិបាក។
តែទោះបីជាយ៉ាងណា អ្នកជំនាញខាងក្បាច់គុនប្រយុទ្ធ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតប្រជែង យើងគិតថា ពិបាក ប៉ុន្តែយើងស្ថិតនៅក្នុងចំណោមអ្នកខ្លាំង ជាមួយថៃ មីយ៉ាន់ម៉ា វៀតណាម និងឡាវ ជាដើម ចំណែកប្រទេសក្រៅពីនេះ ពិបាកនឹងយកឈ្នះក្រុមទាំងនេះណាស់ ហើយក្នុងនាមយើងជាម្ចាស់ផ្ទះ និងជាអ្នកដឹកនាំការប្រកួត គឺយើងមានឱកាសច្រើន ក្នុងការឈ្នះមេដាយ ព្រោះការប្រកួតស៊ីហ្គេម កន្លងមក ពេលខ្លះ អត់មានភាពយុត្តិធម៌ឱ្យកម្ពុជាទេ»។
លោកបញ្ជាក់បន្ថែមថា៖ «បើនិយាយពីកម្រិតជំនាញរបស់គុនខ្មែរយើង សម្រាប់ការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម កន្លងមកនេះ យើងខ្លាំង នៅក្នុងចំណោមថៃ និងម្ចាស់ផ្ទះវៀតណាម។ ចំណែកស៊ីហ្គេម នៅកម្ពុជា យើងនឹងគោរពឱ្យបាន នូវគោលការណ៍យុត្តិធម៌ ដល់បណ្តាប្រទេសទាំងអស់ ដែលបានចូលរួម នៅក្នុងប្រភេទកីឡានេះ ព្រោះកម្ពុជា មិនចង់បន្សល់ទុកនូវចំណុចមិនល្អ ដូចការធ្វើម្ចាស់ផ្ទះរបស់ប្រទេសមួយចំនួននោះទេ»៕