
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងមហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹក នាថ្ងៃទី២៣ ខែកក្កដា។
ភ្នំពេញៈ មហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹកបានបោះឆ្នោតឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើជាប្រធានសហព័ន្ធកីឡាហែលទឹក រយៈពេល ៥ ឆ្នាំបន្តទៀត ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
ថ្លែងក្នុងមហាសន្និបាតនេះនាថ្ងៃទី២៣ ខែកក្កដា លោកប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន និងស្វែងរកមេដាយជូនដល់ប្រទេសកម្ពុជាឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៣ ខាងមុខនេះ។
ក្រសួងសាធារណការបញ្ជាក់តាមរយៈហ្វេសប៊ុកថា៖ «ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានទៀងទាត់ គោរពតាមវិន័យរបស់សហព័ន្ធ ស្ដាប់ដំបូន្មានរបស់គ្រូបង្វឹកឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមយកមេដាយជូនជាតិយើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ»។
ក្នុងមហាសន្និបាតនេះ លោក ស៊ុន ចាន់ថុល ក៏បានប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ក្រុមកីឡាករដែលទទួលបានជយលាភីមេដាយសំរឹទ្ធពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដែលបានប្រព្រឹត្តទៅនៅប្រទេសវៀតណាម៕