ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងថ្នាក់ដឹកនាំផ្សេងទៀត លើកទឹកចិត្ត និងជំរុញឱ្យក្រុមអត្តពលិកជម្រើសជាតិរបស់ខ្លួន ត្រូវខំប្រឹងប្រែងហ្វឹកហាត់ទ្វេដង ដើម្បីពង្រឹងសមត្ថភាពឱ្យបានកាន់តែខ្លាំង ឈានទៅសម្រេចគោលដៅ នៃការដាក់សម្ទុះមេដាយរបស់ CAMSOC នោះគឺការដណ្តើមឱ្យបានមេដាយមាសចំនួន៩ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
បើទោះបីជាការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ ២០២២ កន្លងមក ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជា បានឈរក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាប្រភេទកីឡា ដែលដណ្តើមបានមេដាយមាសច្រើនជាងគេជូនកម្ពុជា។ មេដាយទាំងនោះ គឺ មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩ ប៉ុន្តែសមិទ្ធផលនេះ នៅមិនទាន់អាចឆ្លើយតបទៅនឹងការដាក់សម្ទុះមេដាយ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) នៅឡើយទេ។
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងថា៖«អ្វីៗ ដែលសហព័ន្ធសន្យាធ្វើជាមួយរាជរដ្ឋាភិបាលថា ក្នុងការដណ្តើមមេដាយមាសឱ្យបាន៩នេះ គឺមិនមែនសហព័ន្ធ១ទេ ដែលត្រូវធ្វើ តែត្រូវមានការចូលរួមពីថ្នាក់ដឹកនាំ និងកីឡាករ កីឡាការិនីរបស់យើង។ អ៊ីចឹងអ្នកដែលអនុវត្តផ្ទាល់ គឺប្អូនៗទាំងអស់គ្នា»។
លោកបន្តថា៖«ប្អូនៗកុំភ្លេចថា នៅពីក្រោយប្អូនៗ មានប្រជាជនជាង១៦លាននាក់ ដែលចាំគាំទ្រ និងឈរស្វាគមន៍ទះដៃអបអរសាទរ នៅពេលប្អូនបានមេដាយមាស សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ហើយវាពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ប្អូន ដែលមានឱកាសបានសាងស្នាដៃជូនជាតិ។ ហេតុនេះអ្វីដែលជាការតបស្នងមកវិញ គឺប្អូនៗត្រូវខិតខំហ្វឹកហាត់ឱ្យបានខ្លាំង»។
ការលើកឡើងរបស់លោករតនា ត្រូវបានធ្វើឡើងក្នុងសន្តិបាតបូកសរុបការងារ ឆ្នាំ ២០២១ និងឆមាសទី១ ឆ្នាំ ២០២២ លើកទិសដៅឆមាសទី២ ឆ្នាំ ២០២២-២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២។ នៅពេលនោះ អង្គសន្និបាត បានបញ្ជាក់ថា សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នេះ គណៈកម្មាធិការ CAMSOC បានដាក់សម្ទុះមេដាយ សម្រាប់ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជា ត្រូវដណ្តើមមេដាយមាសឱ្យបាន ៩។ ចំនួននេះ គឺច្រើន បើប្រៀបធៀបទៅនឹងមេដាយមាស ដែលក្រុមវ៉ូវីណាមកម្ពុជា ដណ្តើមបាននៅស៊ីហ្គេម កាលពីខែឧសភា ឆ្នាំ ២០២២ នៅវៀតណាម។
លោក អ៊ូ រតនា និយាយថា៖ «ការដណ្តើមយកជ័យជម្នះរបស់ប្អូនៗ នៅស៊ីហ្គេម លើកទី៣១ [នៅ]ប្រទេសវៀតណាម កន្លងមកនេះ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះអ្វី ដែលលំបាកជាងនេះ គឺការការពារជ័យជម្នះនេះ។ ដូច្នេះយើងត្រូវខិតខំហ្វឹកហាត់ឱ្យបានទ្វេគុណ»។
«កាលមុន យើងហ្វឹកហាត់ ១០០ ភាគរយ យើងដណ្តើមបានមេដាយមាស៣ ប៉ុន្តែសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ យើងត្រូវការពារមេដាយមាសនេះឱ្យបានផង ហើយទន្ទឹមនេះ យើងត្រូវបង្កើនការឈ្នះមេដាយមាសបន្ថែមទៀត ក្នុងនាមជាម្ចាស់ផ្ទះ។ ខ្ញុំជឿថា ប្អូនៗនឹងអាចធ្វើបាន បើសិនជាប្អូនព្យាយាម ប្អូនកាត់បន្ថយការដើរហើរ និងរឹតបន្តឹងវិន័យ នៃការហ្វឹកហាត់ឱ្យបានខ្លាំងថែមទៀត»។ នេះជាការបញ្ជាក់របស់លោកអ៊ូ រតនា។
ជាមួយគ្នានោះ លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រាប់ទៅក្រុមកីឡាករ កីឡាការិនីវ៉ូវីណាមកម្ពុជា កុំឱ្យស្កប់ស្កល់ទៅនឹងជ័យជម្នះ ដែលខ្លួនដណ្តើមបាន នៅស៊ីហ្គេម ប្រទេសវៀតណាម។ ប៉ុន្តែត្រូវខំប្រឹងប្រែបន្ថែមទៀត ដើម្បីស្វែងរកជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីឈានទៅសម្រេចទិសដៅ ក្នុងការឈ្នះបានមេដាយមាសចំនួន៩ ក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា។
លោកយ៉ាំ ថៃសាន បញ្ជាក់ថា៖«កាលប្រកួតស៊ីហ្គេម ឆ្នាំ ២០២២ នៅប្រទេសវៀតណាម យើងដណ្តើមបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ៩ គឺច្រើនជាងប្រភេទកីឡាផ្សេងៗទៀតរបស់កម្ពុជា ប៉ុន្តែសូមកុំស្កប់ស្កល់ ពីព្រោះថ្នាក់ដឹកនាំយើង អត់ចង់បានប៉ុណ្ណឹងទេ គឺចង់បានច្រើនជាងនេះ។ ជាក់ស្តែង នៅពេលយើងវ៉ៃបានមេដាយប្រាក់ និងឈានទៅដណ្តើមបានមេដាយមាស តើយើងស្កប់ស្កល់នឹងមេដាយប្រាក់ទេ? ឬយើងចង់បានមេដាយមាស?»។
លោកបន្ថែមថា៖«នៅត្រង់នេះ ខ្ញុំចង់ដាស់អារម្មណ៍ប្អូនៗថា បើយើងមានឱកាសដណ្តើមមេដាយមាសហើយ ហេតុអីយើងអត់ប្រឹងដណ្តើមយកវា! ដូចគ្នានេះដែរ គោលដៅរបស់យើង គឺមេដាយមាស៩ នៅឆ្នាំ២០២៣។ ហេតុនេះយើងត្រូវតែខំប្រឹងប្រែងឱ្យបានខ្លាំងថែមទៀត»។
ចំណែកលោកស្រី សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានកិត្តិយស សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងថា៖ «យើងបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ដើម្បីបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ហើយជាម្ចាស់ផ្ទះ យើងចៀសវាងធ្វើម៉េចកុំឱ្យខ្វះចន្លោះ។ កីឡាករ កីឡាការិនីរបស់យើង ត្រូវខិតខំប្រឹងប្រែងយកជ័យជម្នះឱ្យបានជូនជាតិមាតុភូមិរបស់យើង ដើម្បីឱ្យពិភពលោក បានមើលឃើញថា កម្ពុជាតូចពិត តែខ្លឹម»៕