ភ្នំពេញ៖ កីឡាការិនីអត្តពលកម្មជនពិការ ងួន រតនា ដណ្តើមបានមេដាយមាសឱ្យកម្ពុជា ១ ទៀត សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលកំពុងដំណើរការ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
សម្រាប់ការប្រកួតរត់ចម្ងាយ ១ ៥០០ ម៉ែត្រ ប្រភេទ T46 លើប្រភេទកីឡាអត្តពលិកជនពិការនេះ កីឡាការិនី ងួន រតនា បានប្រើថិរវេលា ៦:២១.១៨០ នាទី ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ និងឈ្នះបានមេដាយមាស ហើយនេះក៏ជាមេដាយមាសទី៤ ដែលក្រុមកីឡាជនពិការកម្ពុជា ដណ្តើមបាន ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី នេះផងដែរ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះ ក្រុមបាល់បោះជនពិការនារី បានឈ្នះមេដាយមាសឱ្យកម្ពុជា បានមុនគេ លើវិញ្ញាសា ៣ នាក់ទល់ ៣ នាក់ ហើយបន្ទាប់មក កីឡាការិនីអត្តពលកម្ម វិត ចន្ថា ដណ្តើមបានមេដាយមាសទី១ លើវិញ្ញាសាលោតចម្ងាយ ហើយកាលពីថ្ងៃអង្គារ ម្សិលមិញ កីឡាការិនីប៊ូស្យា សន សាល បានឈ្នះមេដាយមាស លើការប្រកួតវិញ្ញាសាឯត្តជន ប្រភេទពិការ BC2។
តាមរយៈលទ្ធផលនេះ គឺគិតត្រឹមពេលនេះ ក្រុមអត្តពលិកជនពិការ ដណ្តើមបានមេដាយសរុបចំនួន១៤ ជូនជាតិ ក្នុងនោះមានមេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធ ៤ ខណៈការប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះ កម្ពុជា បានក្រុមអត្តពលិកជនពិការ លើប្រភេទកីឡាចំនួន ១១ ឱ្យទៅចូលរួម ក្នុងនោះមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស-នារី បាល់បោះជិះរទេះបុរស-នារី បាល់បោះជនពិការ បាល់ទាត់ម្ខាង ៧ នាក់ វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕