ជាអ្នកប្រដាល់ ដែលមានបទពិសោធជោគជាំ ទាំងលើការប្រកួតប្រដាល់សកល និងគុនខ្មែរ ផល សោភ័ណ្ឌ បានក្លាយជាបេក្ខភាពរបស់កម្ពុជាដំបូងគេ ដែលដណ្តើមបានខ្សែក្រវាត់កម្រិតពិភពលោក IPCC Kun Khmer ប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ដែលរៀបចំដោយសង្វៀនថោន ហើយជាមួយជ័យជម្នះនេះ បានជំរុញឱ្យ សោភ័ណ្ឌ ហ៊ានដាក់គោលដៅកាន់តែធំ គឺការឈានទៅរកការបង្កើតបាននូវស្នាដៃកាន់តែធំ សម្រាប់គុនខ្មែរ នៅក្រៅប្រទេស។
វាមិនមែនជាលើកដំបូងនោះទេ ដែល ផល សោភ័ណ្ឌ ដណ្តើមបានខ្សែក្រវាត់ សម្រាប់ការប្រឡូក នៅក្នុងវិស័យកីឡាប្រដាល់នេះ ព្រោះការព្យាយាមជម្នះឧបសគ្គ និងការលំបាក រាប់មិនអស់ ដោយប្រើញើសឈាមស្រស់ នៅលើសង្វៀនអស់រយៈពេលជាង ១៣ ឆ្នាំមកនេះ សោភ័ណ្ឌ ដណ្តើមបានខ្សែក្រវាត់ចំនួន ៤ ទាំងលើកនេះ ហើយរូបគេ ក៏បានឈ្នះមេដាយមាស ពីការប្រកួតជើងឯកថ្នាក់ជាតិ សឹងរាប់ភ្លេចផងដែរ។
ជុំវិញសមិទ្ធផល ទទួលបានតាមរយៈការប្រកួតប្រដាល់នេះផល សោភ័ណ្ឌ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «សម្រាប់ការចាប់អាជីពជាអ្នកប្រដាល់ តាំងពីឆ្នាំ ២០០៨ មកដល់ពេលនេះ ខ្ញុំបានឈ្នះមេដាយមាស ពីការប្រកួតជើងឯកថ្នាក់ជាតិ សឹងរាល់ឆ្នាំ ចំណែកខ្សែក្រវាត់វិញ ខ្ញុំទើបដណ្តើមបានខ្សែក្រវាត់ទី៤ កាលពីពេលថ្មីៗនេះ ហើយនេះជាខ្សែក្រវាត់ ដ៏មានតម្លៃ សម្រាប់ការតស៊ូរបស់ខ្ញុំ»។
យ៉ាងណាក៏ដោយ នៅមុនទទួលបានជោគជ័យជាមួយការឈ្នះបានខ្សែក្រវាត់ ជាបន្តបន្ទាប់ ក្នុងនាមជាជើងខ្លាំងលំដាប់ A របស់កម្ពុជានេះ ផល សោភ័ណ្ឌ បាននិយាយថា រូបគេ បានហែលឆ្លងការលំបាករាប់មិនអស់។ សោភ័ណ្ឌ និយាយថា៖ «ការសាងបានភាពល្បីល្បាញរបស់កីឡាករម្នាក់ៗ មិនមែនជាការងាយស្រួលនោះទេ គឺវាមានការលំបាកណាស់»។
សោភ័ណ្ឌ បានបន្ថែម៖ «អាជីពប្រដាល់នេះ ហត់ហើយ ឈឺសាច់ទៀត ហើយពេលខ្លះមានរបួសបែក និងបាក់ឆ្អឹង ចំណែកការដើរ ហូបចុក ក៏មិនស្រួលនោះដែរ ព្រោះបើយើងដើរលេងច្រើន ក៏មិនអាចឈានដល់កម្រិតខ្លាំងបាននោះដែរ។ បន្ថែមលើនេះ យើងត្រូវមានការតស៊ូ អំណត់អត់ធន់ខ្លាំងបំផុត ទើបអាចឈានទៅរកការសាងភាពល្បីឈ្មោះបាន»។
បន្ថែមទៅលើបញ្ហាប្រឈម ក្នុងពេលហ្វឹកហាត់ និងប្រកួត នៅលើសង្វៀននេះ សោភ័ណ្ឌ បានអះអាងថា ជាអ្នកប្រដាល់ អ្វីដែលឈឺចាប់ ដែលពិបាកនឹងទទួលយក ហើយស្ទើរតែបោះបង់ចោលអាជីពនេះ គឺការជេរប្រមាថរបស់អ្នកគាំទ្រមួយចំនួន ដែលគ្មានការពិចារណាឱ្យបានច្បាស់លាស់ ចំពោះទុក្ខលំបាករបស់ជីវិតអ្នកប្រដាល់។
សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំធ្លាប់បាក់ទឹកចិត្ត និងអស់សង្ឃឹម ជាច្រើនលើក ហើយអ្វីដែលយើងឈឺចាប់ខ្លាំងនោះ គឺការព្យាយាមរបស់យើង មិនត្រូវបានបងប្អូនអ្នកគាំទ្រឱ្យតម្លៃ។ ជាក់ស្តែង កន្លងមក ទស្សនិកជនមួយចំនួន បានរិះគន់ជ្រុលរហូតជេរដល់ម៉ែឪ និងជីតា ដែលធ្វើឱ្យយើងឈឺចាប់ពិបាកនឹងទទួលយកបាន ប៉ុន្តែដោយហេតុតែស្រឡាញ់ និងចូលចិត្ត ខ្ញុំស៊ូបំភ្លេចចោលនូវការរិះគន់គ្មានការពិចារណាទាំងនោះ ដើម្បីបន្តចាប់យកអាជីពនេះ រហូតដល់បច្ចុប្ប»។
ដោយផ្តើមចេញពីការហ្វឹកហាត់ ត្រឹមកំដរអារម្មណ៍ នៅក្នុងក្លិបតាឡីដំរីមានរិទ្ធ តាមបងប្រុសរបស់លោក ផល សុផាត ដែលជាកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជានោះ យុវជនវ័យ១៧ឆ្នាំ ផល សោភ័ណ្ឌ បានដាក់ចិត្តកាន់តែជ្រៅ ទៅនឹងប្រដាល់គុនខ្មែរ បន្ទាប់ពីរូបគេ ទទួលបានឱកាសឡើងប្រកួត ហើយទទួលបានជ័យជម្នះ ជាបន្តបន្ទាប់ នៅលើសង្វៀននោះ។
ជាមួយទេពកោសល្យ និងសមត្ថភាព ដុះឡើងយ៉ាងលឿន ក្រោមការជួយបង្ហាត់បង្ហាញរបស់គ្រូបង្វឹកនៅក្នុងក្លិបតាឡីដំរីមានរិទ្ធ ដែលត្រូវជាពូបង្កើតរបស់ខ្លួននោះ ផល សោភ័ណ្ឌ បានសម្រេចចិត្តផ្លាស់ប្តូរពីការប្រកួតគុនខ្មែរ ទៅប្រកួតប្រដាល់សកល តាមបងប្រុសរបស់ខ្លួន ផល សុផាត វិញ។ នៅឆ្នាំ ២០០៩ សោភ័ណ្ឌ បានជាប់ជាកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ហើយក៏ជាឆ្នាំដែលបងប្រុសរបស់គេ ឈ្នះបានមេដាយប្រាក់ ពីការប្រកួតស៊ីហ្គេម លើកទី២៥ នៅប្រទេសឡាវ ជូនកម្ពុជា ជាលើកដំបូងផងដែរ។
ការឈ្នះមេដាយប្រាក់ស៊ីហ្គេមរបស់ ផល សុផាត បានធ្វើឱ្យ ផល សោភ័ណ្ឌ ជាប្អូនប្រុស បានដាក់ចិត្តកាន់តែខ្លាំង ក្នុងការពង្រឹងសមត្ថភាព រហូតក្លាយជាកីឡាករឆ្នើម ដែលរកគូប្រកួតមិនចង់បាន នៅក្នុងស្រុក។ តែទោះបីជាយ៉ាងណា សម្រាប់ការទទួលបានឱកាសទៅប្រកួតស៊ីហ្គេម ទាំងនៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ ២០១៣ និងស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ ២០១៩ សោភ័ណ្ឌ មិនអាចដណ្តើមបានមេដាយណាមួយ ជូនជាតិ ដូចបងប្រុសរបស់ខ្លួន ផល សុផាត នោះទេ។
យ៉ាងណាក៏ដោយ សម្រាប់ការឆ្មក់ឱកាសមកប្រកួតគុនខ្មែរ ក្នុងអំឡុងពេល ការរំសាយការប្រមូលផ្តុំ ក្រុមជម្រើសជាតិប្រដាល់សកលនោះ ផល សោភ័ណ្ឌ ពិតជាធ្វើឱ្យគ្រប់គ្នា មានការខ្លាចរអា និងញញើត នូវសមត្ថភាពប្រកួតដ៏ល្អរបស់គេ ព្រោះអ្នក ដែលបានជួប សោភ័ណ្ឌ ទាំងកីឡាករខ្មែរ និងបរទេស គឺភាគច្រើន សន្លប់ក្រោមកណ្តាប់ដៃ និងផ្លែកែងដ៏មុតស្រួចរបស់គេជាបន្តបន្ទាប់ ហើយអ្នក ដែលអាចទប់ទល់ជាមួយ សោភ័ណ្ឌ បាននៅក្នុងប្រភេទទម្ងន់ ចន្លោះពី ៦០ ទៅ ៦៣,៥ គីឡូក្រាម នាពេលនោះ មានតែ ឃីម ឌីណា និង ឡៅ ចន្ទ្រា ប៉ុណ្ណោះ។
ជាមួយគ្នានោះ ផល សោភ័ណ្ឌ ដណ្តើមបានខ្សែក្រវាត់ស្រាបៀរកម្ពុជា ទម្ងន់៦៣,៥គីឡូក្រាម ជាលើកដំបូង ក្នុងអាជីព នៅឆ្នាំ ២០១៣ បន្ទាប់ពីរូបគេ បានឈ្នះអ្នកលេងកែង វង្ស ណយ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅលើសង្វៀនបាយ័នបឹងស្នោ ហើយនៅខែមេសា ឆ្នាំ ២០១៦ ផល សោភ័ណ្ឌ បានបន្តឈ្នះខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់ ៦៣,៥ គីឡូក្រាម មួយទៀត បន្ទាប់ពីបានយកឈ្នះម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា នៅវគ្គផ្តាច់ព្រ័ត្រ នៅសង្វៀនបាយ័ន។
យ៉ាងណាក៏ដោយ នៅខែធ្នូ ឆ្នាំ ២០១៦ ដដែលនោះ សោភ័ណ្ឌ បានទទួលរងការខកចិត្តវិញ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់គូបូតា ទម្ងន់៦៣,៥គីឡូក្រាម នៅសង្វៀនបាយ័នបឹងស្នោ ដោយរូបគេ បានចាញ់ជើងខ្លាំង ឡៅ ចន្ទ្រា និងបានត្រឹមជើងឯករង ប៉ុន្តែការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់ ៦៣,៥ គីឡូក្រាម នៅឆ្នាំ ២០១៨ សោភ័ណ្ឌ បានយកឈ្នះជើងខ្លាំង ឡៅ ចិត្ត្រា ជាប្អូនប្រុសរបស់ ឡៅ ចន្ទ្រា វិញ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ដើម្បីគ្រងខ្សែក្រវាត់ចំនួន៣ស្ថាប័ន។
ដោយឡែក សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក International Professional Combat Council (IPCC) KUN KHMER នៅសង្វៀន WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរបស់សង្វៀនថោន ដែលមានការប្រកួតវិលជុំ នៅតាមខេត្តជាច្រើន នៅក្នុងប្រទេសកម្ពុជានោះ ផល សោភ័ណ្ឌ បានឈ្នះទាំង៥ប្រកួត ក្នុងវគ្គជម្រុះតាមពូល នៅមុនពេលរូបគេ បានបន្តយកឈ្នះកីឡាករ ម៉ន ព្រហ្មម៉ាញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំណែកការប្រកួតផ្តាច់ព្រ័ត្រ ជាមួយកីឡាករ ឡុង បេនលឿន កាលពីយប់ថ្ងៃទី ៣០ ខែកក្កដា កន្លងមកនេះ ផល សោភ័ណ្ឌ បានវាយកែងឆ្វេងបណ្តាលឱ្យ បេនលឿន សន្លប់យ៉ាងលឿន ត្រឹម ១ នាទី ក្នុងទឹកទី១ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់នេះ ហើយលោក Sasan Ghosairi ប្រធាន IPCC ពិភពលោក និងលោក គឹម ស្រ៊ុនកុសល ប្រធាន MasFight ប្រចាំនៅកម្ពុជា សុទ្ធតែបានចូលរួមបំពាក់ខ្សែក្រវាត់នេះដល់ ផល សោភ័ណ្ឌ ក្រោមក្រសែភ្នែកអ្នកទស្សនារាប់រយនាក់។
ជាមួយគ្នានេះ លោក គឹម ស្រ៊ុនកុសល បានអះអាងថា ការប្រកួត ប្រដាល់គុនខ្មែរប្រចាំប្រទេសរបស់សង្វៀនថោន ដណ្តើមខ្សែក្រវាត់ IPCC KUN KHMER នេះ ទទួលបានជោគជ័យខ្លាំង ព្រោះគ្រប់ការប្រកួតនៅតាមខេត្តនីមួយៗ គឺមានការគាំទ្រច្រើនបំផុត ពេលខ្លះសឹងតែរកកន្លែងឈរមិនបាន ហើយនេះជាការជួយផ្សព្វផ្សាយវិស័យកីឡាគុនខ្មែរយ៉ាងសំខាន់ ចំណែក ផល សោភ័ណ្ឌ ដែលឈ្នះបានខ្សែក្រវាត់ នឹងមានការរៀបចំឱ្យចេញទៅប្រកួត នៅក្រៅប្រទេស ដោយស្ថាប័ន International Professional Combat Council។
ប្រធាន MasFight ប្រចាំនៅកម្ពុជា លោក គឹម ស្រ៊ុនកុសល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ការទទួលបានជោគជ័យរបស់ ផល សោភ័ណ្ឌ ក៏ជាជោគជ័យរបស់គុនខ្មែរផងដែរ ព្រោះខ្សែក្រវាត់នេះ មកពីខាងក្រៅប្រទេស អ៊ីចឹងស្ថាប័នរបស់គេ ក៏ផ្សព្វផ្សាយពីគុនខ្មែរ និងកីឡាករយើងខ្លាំងណាស់ដែរ។ ជាមួយគ្នានេះ ប្រធាន IPCC លោក Sasan Ghosairi ក៏បានផ្សព្វផ្សាយកម្មវិធីរបស់គាត់នៅក្រៅប្រទេស និងគ្រោងរៀបចំឱ្យ ផល សោភ័ណ្ឌ បានប្រកួតនៅក្នុងកម្មវិធីផ្សេងៗ នៅក្រៅប្រទេស»។
ជុំវិញការផ្តល់ឱកាសឱ្យបានចេញទៅប្រកួត នៅក្រៅប្រទេស នាពេលខាងមុខនេះ បានធ្វើឱ្យ ផល សោភ័ណ្ឌ បង្ហាញភាពជឿជាក់ និងដាក់គោលដៅកាន់តែខ្ពស់ ក្នុងការបង្កើតបាននូវស្នាដៃថ្មីៗបន្ថែមទៀត នៅក្នុងអាជីពប្រដាល់នេះ។ «ខ្សែក្រវាត់ទី៤ ចុងក្រោយនេះ មានការទទួលស្គាល់ដោយស្ថាប័ន IPCC ពិភពលោក ដែលយើងអាចស្ពាយខ្សែក្រវាត់នេះ ទៅវ៉ៃនៅក្រៅប្រទេសបាន ដូច្នេះវាមានតម្លៃណាស់សម្រាប់ខ្ញុំ»។
សោភ័ណ្ឌ បន្ថែមថា៖ «បើទោះបីជាខ្ញុំមានបទពិសោធប្រកួតច្រើន នៅក្នុងស្រុក តែការប្រកួតនៅក្រៅស្រុក ខ្ញុំបានចេញទៅតិចទេ អ៊ីចឹងការឈ្នះបានខ្សែក្រវាត់នេះមួយ ខ្ញុំគិតថា យើងមានសមត្ថភាព និងមានទឹកចិត្ត ក្នុងការបង្ហាញស្នាដៃទៅខាងក្រៅប្រទេស ហើយយើងក៏មិនទាន់ថា ល្អឥតខ្ចោះនោះដែរ អ៊ីចឹងអ្វីដែលខ្ញុំត្រូវធ្វើ គឺត្រូវខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យបានល្អថែមទៀត ដើម្បីឱ្យកាន់តែស័ក្តិសមជាអ្នកគ្រងខ្សែក្រវាត់នេះ»។
ទន្ទឹងនឹងនេះ ផល សោភ័ណ្ឌ ក៏ចង់ប្រើឱកាសបានចេញទៅប្រកួតនៅក្រៅប្រទេសនេះ ផ្សព្វផ្សាយគុនខ្មែរឱ្យគេស្គាល់បានកាន់តែទូលំទូលាយ នៅលើពិភពលោកផងដែរ ហើយជាមួយទិសដៅនេះរូបគេ មិនទាន់មានផែនការ ក្នុងការឈប់ពីអាជីពឈឺសាច់នេះនៅឡើយទេ ទោះពេលនេះ សោភ័ណ្ឌ មានអាយុ ៣១ ឆ្នាំ។
សោភ័ណ្ឌ បញ្ជាក់ថា៖ «ខ្ញុំនៅតែបន្តដើរលើវិថីប្រដាល់គុនខ្មែរនេះ ព្រោះសមត្ថភាពរបស់យើងនៅមាន ហើយម្យ៉ាងទៀត ជាមហិច្ឆតា និងទិសដៅរបស់ខ្ញុំ គឺខ្ញុំចង់ទទួលបានខ្សែក្រវាត់នៅក្រៅប្រទេស ឬក៏ទទួលបានអ្វីមួយ ដែលពិសេសជាងខ្សែក្រវាត់ IPCC KUN KHMER ដែលខ្ញុំទទួលបាននៅពេលនេះ ដើម្បីបញ្ជាក់ពីការតស៊ូរបស់កីឡាករខ្មែរម្នាក់ ពិសេសចង់បង្ហាញឱ្យពិភពលោកឃើញថា កីឡាករគុនខ្មែរ ក៏មានសមត្ថភាពខ្លាំង ធ្វើបានដូចកីឡាករនៃក្បាច់គុនដទៃទៀតដែរ»។
ជាមួយគ្នានេះ សោភ័ណ្ឌ ដែលមានសមត្ថភាពលេចធ្លោខ្លាំង ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ក៏មានបំណងចង់ក្លាយជាកីឡាករម្នាក់ ដែលអាចប្រកួតតំណាងឱ្យជាតិ ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកដំបូង នៅឆ្នាំ២០២៣ ផងដែរ ប៉ុន្តែ សោភ័ណ្ឌ ដែលបានរៀបការជាមួយ កញ្ញា សារិន គីមអេង តាំងពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៤នោះ កំពុងមានអម្រែក ក្នុងការទទួលបន្ទុកគ្រួសារកាន់តែធ្ងន់ ដោយសារពេលនេះ ប្រពន្ធរបស់គេ កំពុងពពោះ កូនទី២។
កីឡាករមានដើមកំណើត នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ផល សោភ័ណ្ឌ បានបញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្លួនថា៖ «កីឡាករណា ក៏ចង់ប្រកួតតំណាងឱ្យជាតិរបស់ខ្លួនដែរ ព្រោះនេះជាតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ហើយខ្ញុំធ្លាប់មានគេទាក់ទងឱ្យចូលទៅហាត់ក្នុងក្រុមជម្រើសជាតិដែរ ប៉ុន្តែខ្ញុំមិនអាចដកឃ្លាចូលរួមបាន ចំណែកពេលនេះ ប្រពន្ធរបស់ខ្ញុំ ក៏កំពុងមានទម្ងន់ទៀត អ៊ីចឹងខ្ញុំមិនអាចទុកគាត់ឱ្យនៅតែឯងបាននោះទេ។ ប៉ុន្តែចំពោះការហ្វឹកហាត់នៅក្នុងក្លិប និងការឡើងប្រកួតនៅតាមសង្វៀន ខ្ញុំនៅតែខំប្រឹង ដោយសារខ្ញុំត្រូវការចំណូល បានពីការប្រដាល់នេះ យកទៅផ្គត់ផ្គង់នៅក្នុងគ្រួសារ»៕