ភ្នំពេញៈ ​ការ​ប្រកួត​ស៊ីហ្គេម ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ ២០២៣ បាន​ធ្វើ​ឱ្យ​កីឡាករ កីឡាការិនី​វាយ​កូន​បាល់​កម្ពុជា ២ រូប បង្ហាញ​នូវ​ក្ដី​សង្ឃឹម​តិចតួច ក្នុង​ការ​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន ថ្វី​បើ​ពួក​គេ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ត្រៀម​ខ្លួន​ការ​ហ្វឹកហាត់។ តែ​ទោះបី​ជា​យ៉ាងណា ពួក​គេ​មាន​ការ​ជឿជាក់​ថា នឹង​អាច​ដណ្តើម​បាន​មេដាយ​មាស សម្រាប់​ការ​ប្រកួត​លើ​វិញ្ញាសា​វាយ​គូ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ដែល​មាន​មហិច្ឆតា​ចង់​ដណ្តើម​ឱ្យ​បាន​មេដាយ​មាស លើស​ការ​ដាក់​សម្ទុះ​របស់ CAMSOC។

កីឡាករ​សម្បូរ​ដោយ​បទពិសោធ ឡុង សំនៀង អាយុ​ ២៩ ​ឆ្នាំ ដែល​ធ្លាប់​បានឈ្នះ​មេដាយ​សំរឹទ្ធ លើ​ការប្រកួត​វិញ្ញាសា​ជា​ក្រុម នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០១១ ប្រទេស​ឥណ្ឌូនេស៊ី​នោះ ហាក់​មិនសូវ​មានសង្ឃឹម​ខ្ពស់​លើ​ខ្លួនឯង​ប៉ុន្មាន​ឡើយ សម្រាប់​ការឈានទៅរក​ការ​ឈ្នះ​បាន​មេដាយ លើ​វិញ្ញាសា​ឯកត្តជន សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា លើក​នេះ​។ ជាក់ស្តែង​ដូចជាវៀតណាម ដែល​កាលពី​ឆ្នាំ​ ២០១១ មាន​កម្រិត​ក្រោម​កម្ពុជា​នោះ តែ​ពេលនេះ គេ​ឡើង​ខ្លាំង​មែនទែន និង​ឈ្នះ​បាន​មេដាយមាស កាល​ស៊ី​ហ្គេម ឆ្នាំ​ ២០២២ ខណៈ​ថៃ និង​ឥណ្ឌូនេស៊ី នៅតែ​ខ្លាំង​។ រីឯ​ប្រទេស​ផ្សេងទៀត ដែល​ធ្លាប់មាន​កម្រិត​លេង​នៅក្រោម​កម្ពុជា ដូចជា​ឡាវ គឺ​ពេលនេះ បាន​យក​កីឡាករ​បារាំង មកលេង ធ្វើឱ្យ​កម្រិត​លេង​លើ​វិញ្ញាសា​ឯកត្តជន​រីកចម្រើន​ដូចគ្នា​។​

សំនៀង ថ្លែងថា​៖ «​ខ្ញុំ និង​ក្រុម​យើង​ហ្វឹកហាត់​ត្រៀម​ខ្លាំង តែ​រូបខ្ញុំ​ផ្ទាល់​ហាក់​មាន​សម្ពាធ និង​មានការ​បារម្ភ ព្រោះនេះ​ជា​ស៊ី​ហ្គេម លើកដំបូង នៅ​កម្ពុជា ដែល​ត្រូវ​ខំប្រឹង​ធ្វើឱ្យ​បានល្អ​ជាង​ស៊ី​ហ្គេម​មុនៗ ហើយ​ជាមួយគ្នានេះ ខ្ញុំ​មើលឃើញថា កម្រិត​នៃ​ការប្រកួតប្រជែង នៅ​ស៊ី​ហ្គេម ពេលនេះ មានការ​កើនឡើង​ខ្លាំង​»​។​

ប៉ុន្តែ​កីឡាករ​វ័យក្មេង​រូបនេះ ដែល​ធ្លាប់មាន​បទពិសោធ​ប្រកួត​ច្រើន នៅក្រៅ​ប្រទេស ក៏បាន​ថ្លែង​ដោយ​បង្ហាញ​នូវ​ក្ដីសង្ឃឹម​ខ្ពស់​ទៅលើ​ការប្រកួត​វាយ​ជា​ក្រុម ជាពិសេស​វាយ​គូ​បុរស ដែល​គេ​ជឿថា ឱកាស​នៃ​ការឈានទៅរក​មេដាយមាស អាច​នឹង​កើតមាន បើសិនជា​រូបគេ បាន​ចាប់​ដៃគូ​ជាមួយ​កីឡាករ​ឆ្នើម ប៊ុន កេ​ន្នី ដែល​កំពុង​ហ្វឹកហាត់ នៅក្នុង​ជម្រើសជាតិ ជាមួយគ្នា​។​

ឡុង សំនៀង បាន​បញ្ជាក់ថា​៖ «​ប៊ុន កេ​ន្នី មាន​បទពិសោធ​ខ្លាំង​មែនទែន ហើយ​ខ្ញុំ​នៅតែ​ជឿជាក់​លើ​គាត់​ថា អាច​នឹង​ឈានទៅរក​ការ​ឈ្នះ​បាន​មេដាយមាស​។ ទន្ទឹង​នឹង​នេះ​បើសិនជា​ខ្ញុំ បាន​ឈរ​វាយ​គូ​ជាមួយ​គាត់ ក៏​ខ្ញុំ​គិតថា អាច​ឈានទៅ​ឈ្នះ​បាន​មេដាយមាស​ផងដែរ គឺ​ខ្ញុំ​ត្រូវមាន​គោលដៅ​ខ្ពស់​បែបនេះ ព្រោះ​ខ្ញុំ​វាយ​គូ​ល្អ ជាង​ការប្រកួត​ឯកត្តជន ហើយ​ខ្ញុំ​ជឿជាក់ថា ការចាប់​គូ​ជាមួយ ប៊ុន កេ​ន្នី យើង​នឹងធ្វើ​បានល្អ ចំណែក​ការប្រកួត​ជា​ក្រុម ក៏​យើង​សង្ឃឹមថា នឹង​អាច​បាន​មេដាយ​ផងដែរ​»​។​

ចំណែក​កីឡាការិនី វ៉ាង ច័ន្ទ​ណា​លីន បាន​ថ្លែង ដោយ​បង្ហាញ​ភាព​អន្ទះសារ ចង់​មាន​ស្នាដៃ សម្រាប់​ការប្រកួត​ជា​លើកដំបូង ក្នុង​ស៊ី​ហ្គេម ឆ្នាំ​​ ២០២៣ នៅ​កម្ពុជា នេះ​ផងដែរ​។

កីឡាការិនី​រូបនេះ​ថ្លែងថា​៖ «​ខ្ញុំ​នៅ​មិនទាន់​ប្រាកដថា ខ្ញុំ​នឹងត្រូវ​បានដាក់​ឱ្យចូល​រួម​ការប្រកួត នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​នេះ ឬ​យ៉ាងណា​នោះទេ ព្រោះ​បច្ចុប្បន្ន ខ្ញុំ​ទើប​មាន​អាយុ​ ១៦​ ឆ្នាំ និង​ស្ថិតនៅ​ក្រុម​ថ្នាល​ជម្រើសជាតិ ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀមខ្លួន​ខ្លាំង ដើម្បី​ចាប់យក​ឱកាស​នេះ​»​។​

ច័ន្ទ​ណា​លីន ដែល​បាន​ចូល​ក្រុម​ថ្នាល​ជម្រើសជាតិ នៅ​ឆ្នាំ​ ២០២០​ នោះ បាន​ថ្លែងថា​៖ «​ចំពោះ​ការប្រកួត​ជា​លក្ខណ​បុគ្គល ខ្ញុំ​មិនមាន​សង្ឃឹម​ច្រើន​ទេ គឺ​ត្រឹម ៥០​ ភារ​យ ៥០​ ភារ​យ ព្រោះ​ខ្ញុំ​មិនទាន់មាន​បទពិសោធ​ប្រកួត នៅក្រៅ​ប្រទេស និង​ក្នុង​ស៊ី​ហ្គេម​នេះ​ទេ ប៉ុន្តែ​សម្រាប់​ការប្រកួត​ជា​ក្រុម ខ្ញុំ​សង្ឃឹមថា នឹង​អាចឈាន​ទៅដល់​ការដណ្តើម​បាន​មេដាយ ព្រោះ​ពួកយើង បាន​ត្រៀមខ្លួន​ខ្លាំង សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​នេះ ហើយ​កីឡាការិនី​ជម្រើសជាតិ​ផ្សេងទៀត គាត់​មាន​បច្ចេកទេស​ល្អ និង​មាន​បទពិសោធ​ច្រើន ក្នុងការ​ប្រកួត​ជា​លក្ខណ​អន្តរជាតិ អ៊ីចឹង​គិតថា យើង​នឹង​អាចធ្វើ​បាន​»​។​

ទោះយ៉ាងណា​ក៏ដោយ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​នឹង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង សម្រាប់​ការ​ឆ្ពោះទៅរក​ការ​ឈ្នះ​មេដាយមាស ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​លើកដំបូង នៅពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ហើយ​សហព័ន្ធ​នេះ ក៏មាន​មហិច្ឆតា​ដណ្តើម​ឱ្យបាន​មេដាយមាស លើស​ការដាក់​សម្ទុះ​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) ផងដែរ​។​

ដោយ​ត្រូវបាន​បង្កើត​ឡើងវិញ នៅ​ឆ្នាំ​ ១៩៨១ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា នៅ​មិនទាន់​រកឃើញ​ជ័យជម្នះ​ដ៏​ធំ គឺ​ការ​ឈ្នះ​បាន​មេដាយមាស នៅ​ស៊ី​ហ្គេម ដើម្បី​ឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាង​ ៤០ ​ឆ្នាំ​របស់ខ្លួន​នៅឡើយ​ទេ ដោយ​ពួកគេ ដណ្តើមបាន​ត្រឹម​មេដាយ​សំរឹទ្ធ​ចំនួន​៥ ពី​ការប្រកួត​ស៊ី​ហ្គេម នៅ​ឆ្នាំ​ ២០០៧ ឆ្នាំ​ ២០០៩ ឆ្នាំ​ ២០១១ ឆ្នាំ​ ២០១៥ និង​ឆ្នាំ​ ២០១៧​។​

យ៉ាងណាមិញ សម្រាប់​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅលើ​ទឹកដី​ខ្លួន នេះ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដាក់​សម្ទុះ​ដណ្តើម​មេដាយមាស​យ៉ាងតិច​ឱ្យបាន​ ១ រួមជាមួយ​មេដាយប្រាក់ និង​សំរឹទ្ធ មួយចំនួនទៀត ប៉ុន្តែ​ជា​ទិសដៅ និង​មហិច្ឆតា គឺ​ក្រុម​ជម្រើសជាតិ​វាយ​កូន​បាល់​កម្ពុជា ចង់​ដណ្តើម​មេដាយមាស​ឱ្យបាន​លើសពី​ការដាក់​សម្ទុះ​នេះ​ទៅទៀត​។​

លោក ជា ពៅ ដែល​បាន​ព្យួរ​តួនាទី​ជា​អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ដើម្បី​មកកាន់​តួនាទី​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ពិតណាស់ CAMSOC បានដាក់​សម្ទុះ​មេដាយមាស​ចំនួន​ ១ ប៉ុន្តែ​ជា​មហិច្ឆតា​របស់​សហព័ន្ធ គឺ​បើ​បាន​មេដាយមាស​ ១ ​ហើយ គឺ​យើង​អាច​ឈានទៅរក​មេដាយមាស​ទី​២ ឬ​លើសពីនេះ បើសិនជា​អាចធ្វើ​ទៅបាន​»​។​

ជាមួយ​ការឈានទៅរក​ការ​ឈ្នះ​បាន​មេដាយមាស ជា​ប្រវត្តិសាស្ត្រ លើកដំបូង នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​ នេះ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ ក្នុងការ​ពង្រឹងសមត្ថភាព​របស់​ក្រុម​ជម្រើសជាតិ ពី​ការហ្វឹកហាត់​ច្រើន និង​ប្រកួត​តិច មកជា​ប្រកួត​ឱ្យបាន​ច្រើន ជាង​ការ​ការហ្វឹកហាត់​នៅលើ​ទីលាន​វិញ​។​

លោក ជា ពៅ បាន​បន្តថា​៖ «​ពីមុន​យើង​យក​ការហ្វឹកហាត់​ជាធំ ដល់​អ៊ីចឹងទៅ​ធ្វើឱ្យ​កីឡាករ កីឡាការិនី​របស់​យើង មាន​ជំងឺស្ត្រេស ព្រោះ​ហាត់​ច្រើនពេក តែ​អត់​សូវ​បាន​ចេញទៅ​ប្រកួត ប៉ុន្តែ​បន្ទាប់ពី​ស្ថានភាព​កូ​វីដ​ ១៩ មាន​ភាពប្រសើរ​វិញ​នេះ គឺ​យើង​បាន​ប្តូរ​យុទ្ធសាស្ត្រ ដោយ​រក្សា​ការហ្វឹកហាត់​ត្រឹម​ ៥០​ ភាគរយ នឹង​ចេញទៅ​ប្រកួត​ឱ្យបាន​ច្រើន ហេតុនេះ​បន្ទាប់ពី​ស៊ី​ហ្គេម នៅ​វៀតណាម យើង​បាន​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស ជាពិសេស​ការប្រកួត​ដណ្តើមយក​ពិន្ទុ​ពិភពលោក ក្នុង​ព្រឹត្តិការណ៍ ITF Men’s Future ដោយ​យើង​ប្រកួត​បាន ​៣​ ដង និង​បាន​ ២ ​ពិន្ទុ​»​។

សម្រាប់​ការប្រកួត​ដណ្តើមយក​ពិន្ទុ​ពិភពលោកក្នុង​ព្រឹត្តិការណ៍ ITF Men’s Future នេះ ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា ដណ្តើមបាន​ ១​ ពិន្ទុ សម្រាប់​ការប្រកួត នៅ​ប្រទេស​វៀតណាម កាលពី​ចុងខែ​ឧសភា និង​ដើមខែ​មិថុនា ឆ្នាំ​ ២០២២ ហើយ​ការចូលរួម​ប្រកួត​លើក​ទី​២ នៅ​ប្រទេស​ថៃ ក្នុង​ខែកក្កដា មិន​ទទួលបាន​ពិន្ទុ​ទេ តែ​ការប្រកួត​លើក​ទី​៣ នៅ​ម៉ាឡេស៊ី នា​ចុងខែ​កក្កដា​នោះដែរ កម្ពុជា ដណ្តើមបាន ​១ ​ពិន្ទុ​។​

ជាមួយគ្នានេះ លោក ជា ពៅ បាន​អះអាងថា ការប្តូរ​យុទ្ធសាស្ត្រ ពី​ការហ្វឹកហាត់​ច្រើន ទៅជា​ការប្រកួត​ច្រើន​វិញ​នេះ បានធ្វើឱ្យ​កីឡាករ កីឡាការិនី ជម្រើសជាតិ​វាយ​កូន​បាល់ មានការ​រីកចម្រើន ដែល​អាចជា​ក្តីសង្ឃឹម ក្នុងការ​ឈានទៅ​ដណ្តើមយក​មេដាយមាស​។​

លោក ជា ពៅ បាន​បញ្ជាក់ថា​៖ «​ក្នុង​ ១ ​ឆ្នាំនេះ យើង​នឹង​បញ្ជូន​ក្រុម​អត្ត​ព​លិ​ក​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ឱ្យអស់​ពី​លទ្ធភាព ដែល​សហព័ន្ធ​មាន ព្រោះ​ការដាក់ចេញ​នៅ​យុទ្ធសាស្ត្រ ត្រូវ​ចេញទៅ​ប្រកួត​ឱ្យបាន​ច្រើន​នេះ យើង​មើលឃើញថា កម្រិត​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​យើង មានការ​កើនឡើង និង​ខុសប្លែក​ពីមុន​ច្រើន ដោយសារ​ការ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​គេ ធ្វើឱ្យ​ក្រុម​អត្ត​ព​លិ​ក​យើង មាន​អារម្មណ៍​ស្រស់ស្រាយ និង​បាន​មើលឃើញ​បច្ចេកទេស​របស់គេ​ប្លែក ហេតុនេះ​គាត់​ក៏​ខំប្រឹង អភិវឌ្ឍ​សមត្ថភាព​បានល្អ ទៅតាម​ហ្នឹង​ដែរ​»​។​

សម្រាប់​ការប្រកួត នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​នេះ ប្រភេទ​កីឡា​វាយ​កូន​បាល់ មាន​៧​វិញ្ញាសា គឺ​វាយ​គូ​បុរស វាយ​គូ​នារី វាយ​គូ​ចម្រុះ (​ប្រុស​ ១ ស្រី ១) ប្រកួត​ឯកត្តជន​បុរស ឯកត្តជន​នារី ព្រមទាំង​ប្រកួត​ជា​ក្រុម​បុរស និង​ក្រុម​នារី ហើយ​ចំពោះ​វិញ្ញាសា​ទាំងនេះ កម្ពុជាមាន​រំពឹង​ដណ្តើមបាន​មេដាយមាស នៅលើ​វិញ្ញាសា​វាយ​គូ តែ​មិន​រំពឹង​នោះទេ សម្រាប់​ការប្រកួត​ឯកត្តជន​។​

លោក ជា ពៅ បាន​និយាយថា​៖ «​យើង​សង្ឃឹម​ទៅលើ​ការប្រកួត​វិញ្ញាសា​វាយ​គូ ចំណែក​ការប្រកួត​ឯកត្តជន យើង​មើលឃើញថា កម្រិត​បច្ចេកទេស​រប​ស់​គេ​ខ្ពស់ជាង​យើង ព្រោះ​ប្រទេស​មួយចំនួន​ជា​វៀតណាម និង​ហ្វីលីពីន ជាដើម គេ​យក​សុទ្ធតែ​កីឡាករ​ក្រៅប្រទេស មកលេង ហើយ​ចំណាត់ថ្នាក់​ពិភពលោក​របស់​ពួកគេ តិច​បំផុត ២០០ ចំណែក​ចំណាត់ថ្នាក់​របស់​អត្ត​ព​លិ​ក​យើង ចាប់ពី​ ១ ២០០ ​ជាង​ទៅ ហើយ​ពួកនេះ ផ្តោត​ខ្លាំង​ទៅលើ​ការប្រកួត​លក្ខណៈ​បុគ្គលិក ដូច្នេះ​ការ​ផ្តោតទៅលើ​ការប្រកួត​វាយ​គូ​បុរស និង​គូ​នារី យើង​អាចមាន​សង្ឃឹម ឈ្នះ​បាន​មេដាយ​»​។​

គ្រូបង្វឹក​ជម្រើសជាតិ​វាយ​កូន​បាល់​កម្ពុជា រូបនេះបាន​បន្ថែមថា​៖ «​ចំណែក​ការប្រកួត​ជា​ក្រុម គឺ​បើ​ឆ្នាំ​ ២០២២ ​នេះ យើង​ដណ្តើមបាន​ពិ​ន្ទ​បន្ថែមទៀត ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់ខ្ពស់​នោះ គឺ​យើង​អាច​នឹងមាន​ឱកាស​ជួប​ក្រុម​មាន​ចំណាត់​ថ្នាក់ទាប ក្នុងការ​ប្រកួត​ជម្រុះ អ៊ីចឹង​ឱកាស​ដណ្តើម​មេដាយ ក៏​អាចមាន​ផងដែរ​»​។​

ជាមួយ​ការមើលឃើញ​ពី​ឱកាស នៃ​ការដណ្តើម​ន​បាន​មេដាយមាស​នេះ លោក ជា ពៅ បាន​អះអាងថា ការដាក់​សម្ទុះ​មេដាយមាស​ ១ របស់ CAMSOC នេះ វា​គ្រាន់តែ​ជា​កម្រិត​មធ្យម ព្រោះ​ថ្នាក់ដឹកនាំ​សហព័ន្ធ ដែលមាន​លោក​ឧកញ៉ា សៀ ឬ​ទ្ធី ជា​ប្រធាន​សហព័ន្ធ និង​លោក ទេព រិ​ទ្ធិ​វិ​ទ្ធ ជា​អគ្គលេខាធិការ គឺ​បាន​ប្រឹងប្រែង​ខ្លាំង និង​មាន​មហិច្ឆតា​ខ្លាំង​ជាង​គ្រូបង្វឹក និង​ក្រុម​អត្ត​ព​លិ​ក​ទៅទៀត សម្រាប់​ចង់​ឈ្នះ​បាន​មេដាយមាស​នេះ ហើយ​ចង់បាន​លើសពី​ ១​ ទៀតផង​។​

លោក​បាន​សង្កត់ធ្ងន់ថា​៖ «​ថ្នាក់ដឹកនាំ​របស់​យើង មាន​មហិច្ឆតា​ធំ​ជាង​គ្រូបង្វឹក និង​ក្រុម​អត្ត​ព​លិ​ក​ទៅទៀត សម្រាប់​ការ​ឆ្ពោះទៅ​ដណ្តើម​មេដាយមាស នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ​នេះ ដូច្នេះ​សហព័ន្ធ​របស់​យើង បាន​ត្រៀមលក្ខណ​បញ្ជូន​ក្រុម​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់ និង​ប្រកួត ជា​លក្ខណៈ​បោះជំរំ​រយៈពេល​ខ្លីៗ អាច​ ១០ ​ថ្ងៃ ឬ​ ២​ សប្តាហ៍ នៅតាម​ប្រទេស​ផ្សេងៗ ដោយ​ក្នុង​ខែតុលា ឆ្នាំនេះ យើង​មាន​ព្រឹត្តិការណ៍​ច្រើន អ៊ីចឹង​យើង​នឹង​ផ្តល់ឱកាស​ឱ្យ​កីឡាករ កីឡាការិនី​យើង បាន​ចេញទៅ​ហាត់ និង​ប្រកួត ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ឱ្យបាន​ល្អ មុន​ស៊ី​ហ្គេម ឈានចូល​មកដល់​»​។​

ទន្ទឹង​នឹង​នេះ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ក៏បាន​កំពុង​ពង្រឹង​ទៅលើ​ធនធាន​គ្រូបង្វឹក​ថ្នាក់ជាតិ ឱ្យ​ក្លាយទៅជា​គ្រូបង្វឹក​កម្រិត​អន្តរជាតិ ផងដែរ ហើយ​នេះ​ជា​មូលហេតុ ដែល​សហព័ន្ធ​នេះ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់ ITF/OS ថ្នាក់​តំបន់​កម្រិត​ដំបូង និង​មធ្យម ដែល​ទើបបាន​បញ្ចប់ កាលពី​ថ្ងៃទី​ ១២ ខែសីហា កន្លងមកនេះ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​ជា​គ្រូបង្វឹក​មកពី​ ៥ ​ប្រទេស​ចូលរួម គឺ​មី​យ៉ាន់​ម៉ា ទី​ម័​រ បង់​ក្លា​ដែ​ស ហ្វ៊ី​ជី និង​ម្ចាស់ផ្ទះ​កម្ពុជា ក្រោម​ការបង្ហាត់បង្ហាញ​ពី​គ្រូឧទ្ទេស​ចំនួន​៣​នាក់ មាន​លោក Jonathan Stubbs លោក Gary Pucell និង​លោក Amir Borghei មកពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ (ITF)​។​

ក្នុងនាម​ជា​អ្នកសម្របសម្រួល​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ លោក ជា ពៅ បានឱ្យដឹងថា​៖ «​នេះ​ជា​លើកដំបូង ដែល​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បានទទួល​ស្វាគមន៍​ជនបរទេស ឱ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់​នេះ ហើយ​វគ្គ​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ មិន​ត្រឹមតែ​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​បាន​បណ្តុះបណ្តាល​គ្រូបង្វឹក​របស់​យើងទាំង​កម្រិត​ជាតិ អន្តរជាតិ និង​ឈានទៅ​កម្រិត​កំពូល ដែល​អាច​នឹង​ចេញទៅ​បំពេញការងារ​នៅក្រៅ​ប្រទេស​បាន​»​។​

ចំណែក​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង នៅ​ចំពោះ​សិក្ខាកាម​មកពី​ ៥ ​ប្រទេស និង​គ្រូឧទ្ទេស ក្នុង​ពិធី​បិទ​វគ្គ​នោះ​ថា​៖ «​កីឡា​នៅ​កម្ពុជា ទើបតែ​ងើបឡើង​នៅពេលនេះ និង​ងើបឡើង​ចំពេល​វេលា ដែល​យើងខ្ញុំ​ទទួល​សិទ្ធិ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​។ កីឡា​កម្ពុជា មិនទាន់​អាច​ប្រកួតប្រជែង​កម្រិត​ខ្លាំង​ជាមួយ​ប្រទេស​ផ្សេងៗ​ទេ​។ ដូច្នេះ​វគ្គ​បណ្តុះបណ្តាល​នេះ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ហើយ​យើងខ្ញុំ​សង្ឃឹមថា កីឡា​វាយ​កូន​បាល់​កម្ពុជា នឹង​ឈាន​ឆ្ពោះទៅមុខ មាន​សក្តានុពល​សម្រាប់​ការប្រកួត ជាពិសេស​សម្រាប់​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំក្រោយ​»៕