ភ្នំពេញ៖ ក្រុមគ្រួសារ​បាល់​ទាត់ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញអារម្មណ៍​សោក​ស្តាយ និង​ក្តុល​​​ក្តួល​​រំជួល​ចិត្តខ្លាំង ចំពោះ​ការ​ទទួលមរណភាពក្នុង​វ័យ​ត្រឹម​៤១ឆ្នាំ​របស់​គ្រូ​បង្គោល​ក្លិប​បឹងកេត លោក គឹម ភក្តី ដោយ​រោគាពាធ កាលពី​ព្រឹក​ថ្ងៃទី​ ១០ ខែ កញ្ញា ឆ្នាំ​ ២០២២។

នៅក្រោយ​ទទួលបានដំណឹង​ដ៏​អាក្រក់​នៃការ​បាត់បង់​​ជីវិត​របស់លោក គឹម ភក្តី កាលពី​ថ្ងៃសៅរ៍ កន្លងមកនេះ គឺ​ទាំង​ថ្នាក់ដឹកនាំ​ក្លិប​បាល់​ទាត់ ដែលកំពុងលេងនៅ​លីគកំពូល​កម្ពុជា និង​លេង​នៅលីគ​២ ព្រមទាំង​អ្នកគាំ​ទ្រវិស័យបាល់​ទាត់នៅ​​​កម្ពុជា បាន​នាំ​គ្នា​​បង្ហោះ​សារ​ចូល​រួម​រំលែកទុក្ខដ៏ក្រៀមក្រំនេះ ពេញលើបណ្តាញសង្គម ជាមួយ​ក្រុម​គ្រួសារសព លោក គឹម ភក្តី។

ម្នាក់ៗ បាន​បង្ហាញ​ការ​​សោកស្តាយ​ខ្លាំង ចំពោះការស្លាប់​របស់លោក គឹម ភក្តី ព្រោះ​បុរសម្នាក់នេះ ត្រូវបានគេចាត់ទុក​ថា ជាធនធាន​ដ៏សំខាន់​ម្នាក់ ដែល​បានជួយទ្រទ្រង់វិស័យ​កីឡា​បាល់​ទាត់ និងបាន​ចូលរួម​ជួយ​​បណ្តុះបណ្តាល​ធនធាន​កីឡាករ ជា​ច្រើនទៀត ក្នុង​នាម​ជា​​គ្រូបង្វឹក ដ៏មានចិត្ត​ធម៌​ម្នាក់។

«ពួក​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាងក្រៀម​ក្រំជា​ទី​បំផុត ចំពោះ​មរណភាព​របស់​លោកគ្រូ​ គឹម ភក្ដី។ នៅ​​ក្នុង​​អំឡុង​​ដំណើរ​​ជីវិត​​របស់​​លោក​​ គឹម ភក្ដី គឺ​លោក​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​​បាល់​ទាត់​ជាតិ តាម​រយ:​ការ​បណ្ដុះ​បណ្ដាល​កីឡាករ​យុវជន​ថ្នាល​កម្ពុជា​ជា​ច្រើន​នាក់ ក៏ដូច​ជា​ការ​ដឹក​នាំ​ក្លិប​បាល់​ទាត់​អាជីព ​នា​ពេល​កន្លង​មក​ផង​ដែរ។​ នេះ​គឺ​ជា​ការ​បាត់​បង់​ធនធាន​ដ៏​ល្អ​​ ១ ​រូប​របស់​បាល់ទាត់​កម្ពុជា»។ នេះជាសាររំលែក​ទុក្ខ​​របស់សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា។

លោក គឹម ភក្តី ត្រូវបាន​ចាត់​ទុកថា ​ជា​​បុរស​ដ៏ផុសផុលម្នាក់ ​ក្នុង​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា ដោយលោកធ្លាប់ធ្វើជាគ្រូជំនួយ និងជាគ្រូបង្វឹកនៃក្លិបកងទ័ពជើងទឹក (ភុជង្គនាគ) បន្ទាប់មក​ប្តូរ​ទៅ​ជា​ក្លិប​ឆ្លាមសមុទ្រ ហើយ​លោកក៏ធ្លាប់មានតួនាទីជាជំនួយការ​របស់​លោក Yusuke Iki ក្នុង​ការ​បណ្ដុះ​បណ្ដាល​កីឡាករ​យុវជន​ថ្នាល​នៅ​សាលា​បាល់​ទាត់​ជាតិ​នៃ​មជ្ឈមណ្ឌល​កីឡា​បាល់​ទាត់បាទី ​ផងដែរ។

បន្ទាប់ពី​បាន​ក្លាយជានាយកបច្ចេកទេស​របស់​ក្លិបបឹងកេត គឺ​កាលពីដើមឆ្នាំ ២០២០ លោក គឹម ភក្តី បានចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លិប​នេះ ជំនួស​គ្រូ​បង្គោល​ជនជាតិ​ថៃ Apisit Im Amphai ​ហើយ​លោក​បាន​ដឹកនាំ​បឹងកេត ឱ្យ​ឈ្នះ​ជើងឯក​លីគ​កំពូលកម្ពុជា ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ ក្នុង​នោះ​មាន​ការ​ទទួល​បាន​ជ័យជម្នះ​៨​ប្រកួត​ជាប់​គ្នា។

នៅឆ្នាំ២០២០ដដែល លោក គឹម ភក្តី ក៏បានក្លាយជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ហើយ​បន្ទាប់ពី​បញ្ចប់​រដូវកាល​ដ៏អស្ចារ្យ​នេះ ក្លិប​បឹង​កេត បាន​តែងតាំងលោកជាគ្រូបង្គោល នៅ​ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ប៉ុន្តែ​សម្រាប់ការ​ប្រកួត ក្នុង​រដូវ​កាល​ឆ្នាំ​២០២២​នេះ លោក ភក្តី បាន​ធ្លាក់​ខ្លួនឈឺ បន្ទាប់ពី​ដឹកនាំ​ក្រុមបឹងកេត បានប៉ុន្មានប្រកួត ហើយ​កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា​នេះ លោកបាន​ទទួលមរណភាព នៅក្នុងមន្ទីរពេទ្យ ដ៏គួរ​ឱ្យសោកស្តាយបំផុត។

ក្លិប​បឹងកេត បានបង្ហោះសារ ចំពោះការ​បាត់បង់​គ្រូ​បង្គោល​លោក គឹម ភក្តី ​បែបនេះ​​ថា ៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​​ជា​​ថ្នាក់​ដឹក​​នាំ ក្រុម​គ្រូបង្វឹក កីឡាករ និង​បុគ្គលិក​ទាំង​អស់​​​នៃ​ក្លិប​បាល់​ទាត់​បឹងកេត មាន​​ទុក្ខ​​​ក្រៀម​​​ក្រំ និង​​​សោក​​ស្ដាយ​​យ៉ាង​​ខ្លាំង ចំពោះ​មរណភាព​របស់លោក គឹម ភក្ដី ជា​គ្រូ​បង្គោល​របស់​យើង ដែល​​បាន​ទទួល​អនិច្ចកម្ម នា​វេលា​ម៉ោង ៩:០៥​ នាទី ព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ​ដោយរោគាពាធ»។

ក្លិបដដែលនេះ បានបន្ត​ថា៖ «ការ​បាត់​បង់​លោកគ្រូ​​​​​​ គឺ​ជាការ​បាត់​បង់​ធនធាន​បាល់​ទាត់​​​កម្ពុជា​​ ដ៏​សំខាន់​​១​រូប​ ដោយ​លោក​គ្រូ​ ធ្លាប់​បាន​រួម​ចំណែក​ជា​ច្រើន ​ក្នុង​ការ​អភិវឌ្ឍ​យុវជន​​ល្អៗ​ របស់​កម្ពុជា ​​នា​ពេល​បច្ចុប្បន្ន​នេះ។ យើង​ខ្ញុំ សូម​បួង​សួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​​​លោក សូម​បាន​បដិសន្ធិ​ក្នុង​សុគតិភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ»។

បន្ថែម​លើ​នេះ អ្នកស្រី ពុធ ធីតា ជាម្ចាស់​ក្លិប​បឹងកេត ​ក៏បាន​បង្ហាញ​ភាព​សោកសៅខ្លាំង ចំពោះ​ការ​បាត់បង់​លោក គឹម ភក្តី ផងដែរ។ «លើសពី​ការងារ ​ពួក​យើង​ហាក់បី​ដូច​ជា​គ្រួសារ​តែ​មួយ​ទៅ​ហើយ ​តស៊ូ ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បាល់​ទាត់​មួយ​នេះ ជាមួយ​គ្នា»។

ប្រធាន​ក្លិប​រូប​នេះ បាន​បញ្ជាក់ថា៖ «​លោក​គ្រូ​តែងតែ​ផ្តល់​ឱកាស​ដល់​កីឡាករ​វ័យក្មេង និង​​កីឡាករ​គ្រប់រូប ដើម្បី​អភិវឌ្ឍ ដោយ​សុខ​ចិត្ត​ទទួល​លទ្ធផល​មិនល្អ ក្នុង​ការ​ប្រកួត​ខ្លះ។ ទោះបី​ជាទទួល​សម្ពាធ​យ៉ាងណា​ លោក​គ្រូ​មិន​ដែល​ថ្ងូរ​ និង​​រាថយ​ទេ ស៊ូស្រក់​ទឹក​ភ្នែក​និង​ដើរ​ទៅ​មុខ។ មនុស្ស​ល្អៗ នៅ​ក្នុង​វិស័យ​បាល់​ទាត់​យើង ម្តេច​ក៏​ចាក​ចេញ​​ម្តង​​មួយៗអ៊ីចឹង ពិតជា​មិន​យុត្តិធម៌ទេ»។

គួរបញ្ជាក់ថា លោក គឹម ភក្តី បាន​ក្លាយជា​ធនធាន​កីឡា​បាល់​ទាត់សំខាន់​ទី​៣ ដែលបាន​ទទួលមរណភាព នៅក្នុង​ឆ្នាំ​ ២០២២​ នេះ គឺ​បន្ទាប់ពី​ការ​ទទួលមរណភាព​របស់​​ប្រធាន​ក្លិប​ភ្នំពេញក្រោន លោក ឫទ្ធី សំណាង កាលពី​ខែឧសភា ដោយរោគាពាធ ក្នុងវ័យ​ ៤១ ឆ្នាំ​ដូចគ្នា និងការ​​ស្លាប់របស់​អតីត​គ្រូ​បង្វឹក​ជើង​ចាស់ លោក មិត្ត សំអែល កាលពី​ខែសីហា៕