ភ្នំពេញៈក្រុម​អ្នក​លេង​សាច់​ដុំនៃ​ប្រភេទ​កីឡា​កាយ​វប្ប​កម្ម​បាន​ទទួល​ជ័យ​ជម្នះ​គួរ​ជាទី​មោ​ទនៈ​គឺ​ការ​ឈ្នះ​បាន​មេ​ដាយ​ប្រាក់​ ២ ​និង​សំរឹទ្ធ​ ១ ​ពី​ការ​ប្រកួត ​International Federation of Body​buil​ding​ and Fines (IFBB)នៅ​ប្រទេស​ហ្វីលី​ពីន ​ប៉ុន្តែ​ម្ចាស់​មេដាយ​មាស​ពិភព​លោក សំបូរ សុ​ភ័​ណ្ឌ បាន​ទទួល​ស្គាល់​ថា ​សមត្ថ​ភាពឬ​ការធ្វើ​សាច់​ដុំ​របស់​ខ្លួននៅ​មាន​កម្រិត ​មិន​ទាន់​អាច​ឈាន​ទៅ​ដណ្តើម​បាន​មេ​ដាយ​ ក្នុង​ការ​ប្រកួត​កម្រិត ​Open សម្រាប់​ក្រុម​អ្នក​ជំនាញ​មាន​បទ​ពិសោធ​យូរ​ឆ្នាំក្នុង​ការធ្វើ​សាច់​ដុំ​ឱ្យ​ស្ងួត​ និង​ដាច់​ល្អ​នោះ​ទេ​។

​សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា​ ​កីឡា​ករ​វ័យ ​៤០​ ឆ្នាំ​ វី វុទ្ធី ដណ្តើម​បាន​មេ​ដាយ​ប្រាក់​ទាំង​លើ​ប្រភេទ​វិញ្ញា​សា ​Men physique40+ និង​វិញ្ញា​សា ​Bodybuilding40+ ។​ ចំណែក​មេ​ដាយ​សំរឹទ្ធ​១​ទៀត ​រក​បាន​ដោយ​កីឡា​ករ ​វីរ:​ នី​រ៉ា​យុទ្ធ លើ​ប្រភេទ​វិញ្ញា​សា Men​ Phy​sique​ ។​

​ប៉ុន្តែ​សម្រាប់​ម្ចាស់​មេ​ដាយ​មាស​ពិភព​លោក​ឆ្នាំ​ ២០១៨​ សំបូរ សុ​ភ័​ណ្ឌ ​ទទួល​បាន​ត្រឹម​មេដាយ​កិត្តិ​យស​ចំណាត់​ថ្នាក់​លេខ​ ៥ ​សម្រាប់​ការ​ប្រកួត​វិញ្ញា​សា Classic Physique Open ព្រម​ទាំង​បាន​ចូល​ដល់​វគ្គ​ ១០ ​នាក់​ចុង​ក្រោយ ​(Top10)​សម្រាប់​វិញ្ញា​សា​ Men​ Physique Open ដោយ​បាន​លេខ​ ៧ គឺ​មាន​ន័យ​ថា ​សុ​ភ័​ណ្ឌ ​បាន​បរា​ជ័យ សម្រាប់​ការ​ដាក់​គោល​ដៅ​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​លើក​នេះ​។​

​​ទោះ​បីជា​យ៉ាង​ណា ​តាម​រយៈ​ការ​ឡាយ​វីដេអូ ​ក្រោយ​ការ​ប្រកួត​ចប់ ​សំបូរ​ សុ​ភ័​ណ្ឌ​ បាន​ឱ្យ​ដឹង​ថា​ រូបគេ​អាច​នឹង​ដណ្តើម​បាន​មេដាយ​មាស ​ប្រសិន​បើ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​វិញ្ញា​សា សម្រាប់​អ្នក​ចូល​រួម​ថ្មីដូច​ទៅ​នឹង​កីឡា​ករ​ វី វុទ្ធី និង វីរ​: នី​រ៉ា​យុទ្ធ ​ដែល​ឈ្នះ​បាន​មេ​ដាយ ​ប៉ុន្តែ សុ​ភ័​ណ្ឌ បាន​អះ​អាង​ថា ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​កម្រិត​ខ្ពស់ ​(Open) នេះ ដោយ​សារ​រូប​គេ ចង់​ប្រជែង​យក​ឱកាស​ឡើង​ទៅ​ប្រកួត​យក​អាជ្ញា​ប័​ណ្ឌ ​Pro Card ឬ Pro​fes​sional​ body​buil​ding ​ដ្បិត​អី សម្រាប់​វិញ្ញា​សា​អ្នកថ្មី គឺ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ប្រកួត​យក​ Pro Card នោះ​ទេ​ ទោះ​ដណ្តើម​បាន​មេ​ដាយ​មាស​ក៏​ដោយ​។​

​សំបូរ​ សុ​ភ័​ណ្ឌ បាន​និយាយ​ថា​៖ «​បើ​ខ្ញុំ​ចុះ​ឈ្មោះ​ចូល​ប្រកួត​សម្រាប់​អ្នក​ថ្មី គឺ​ខ្ញុំ​អាច​នឹង​យក​មេដាយ​សឹង​តែ​ទាំង​អស់ ​មិន​ដឹង ប៉ុន្តែ​ខ្ញុំ​អត់​ចូល​ទេ​ ព្រោះ​ខ្ញុំ​ចង់​អភិវឌ្ឍ​ខ្លួន​បន្ត​ទៀត​។ ខ្ញុំ​បាន​ចូល​រួម​ប្រកួត​កម្រិត​ Open​ ព្រោះ​ខ្ញុំ​ចង់​បាន​ឱកាស​ទៅ​ប្រកួត ​Pro ហើយ​ការ​ប្រកួត Open នេះ មាន​ការ​ពិបាក​ខ្លាំង ​ដោយ​សារ​គេ​ល្អៗ​ជាង​យើង​ទៅ​ទៀត​»​។​

​កីឡាករ​កម្ពុជា​រូប​នេះ ​បាន​អះ​អាង​ថា នៅ​មុន​ការប្រកួត IFBB នេះ លោក​បាន​ប្រឹង​ប្រែង​ខ្លាំង ​ទាំង​ទៅ​លើ​ការ​បំប៉ន​អាហារ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​សាច់​ដុំ​ដាច់​ស្អាត​ ស្ងួត​ គ្មាន​ជាតិ​ទឹក ប៉ុន្តែ​ការ​ព្យា​យាម​ប្រកប​ដោយ​ទំនុក​ចិត្ត​របស់​លោកនៅ​តែ​មិន​ទាន់​អាច​រក​ឃើញ​លទ្ធ​ផល ទៅ​តាម​អ្វី ដែល​ចង់​បាន​ដដែល​។​

​សំបូរ ​សុ​ភ័​ណ្ឌ បាន​បន្ថែម​ថា​៖ «​សម្រាប់​វិញ្ញា​សា ​Men Physique Open នេះ ខ្ញុំ​មាន​សង្ឃឹម​និង​ជឿ​ជាក់​លើ​ខ្លួន​ឯង តែ​ឆ្នាំ​នេះ ​ខ្ញុំ​បាន​ធ្លាក់​ដោយ​មិន​បាន​ចូល​ក្នុង​ Top5 ​នោះ​ទេ​។ ខ្ញុំ​រំពឹង​ខ្លាំង​ថា ​នឹង​ធ្វើ​បាន​ល្អ ​ប៉ុន្តែ​ធ្វើ​អត់​បាន​ទេ​។ គីឡូ​ខ្ញុំ​លើក​នេះ ​ឡើង​ដល់​៨០​គីឡូ​ក្រាម គឺ​ធំ ហើយ​សាច់​ដុំ​ស្ងួត​ទៀត​ ប៉ុន្តែ​គេ​ធំ ស្ងួត ​និង​ល្អ​ជាង​យើង​ទៀត ​គេ​ខ្លាំង​មែន​»​។​

​ទន្ទឹម​នឹង​នេះ អ្នក​លេង​សាច់​ដុំ​រូប​សង្ហា ​សំបូរ សុ​ភ័​ណ្ឌ បាន​រៀប​រាប់​ថា សម្រាប់​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​កម្រិត​ខ្ពស់​បំផុត​ឈ្មោះ ​Mr. Olympia នៅ​ជប៉ុន ​រូប​គេ បាន​ឡើង​ទៅ​ដល់​វគ្គ Top8 ដោយ​បាន​ចំណាត់​ថ្នាក់​លេខ ​៦ ​ក្នុង​ចំណោម​អ្នក​ចូល​រួម​លើ​វិញ្ញា​សា ​Men Physique Open នេះ សរុប​៣៧​នាក់ ​ប៉ុន្តែ​ការ​ប្រកួត​នៅហ្វី​លីពីន​នេះ មាន​តែ ​២៧​ នាក់ តែ​រូប​គេ​បាន​ចូល​ដល់​ត្រឹម​ Top10 គឺ​មាន​ន័យ​ថា​ អ្វីដែល​រូប​គេ​ធ្វើបាន​ មាន​ការ​ធ្លាក់​ចុះ​ជាង​មុន​។​

​ប្អូន​ប្រុស​ម្ចាស់​មេ​ដាយ​មាស​ពិភព​លោក ​ឆ្នាំ​ ២០១៧​ សំបូរ​ ណាន​ និង ​សំបូរ ​នន់​ រូប​នេះ បាន​បញ្ជាក់​ថា​៖ «​កាល​នៅ​ជប៉ុន ​ខ្ញុំ​គីឡូ​តែ ​៧០,៥ ​គីឡូ​ក្រាម ​ទេ តែ​លើក​នេះ ខ្ញុំ​គីឡូ​ដល់ ​៨០ ​ប៉ុន្តែ​ស៊ូ​ជា​មួយ​គេ​អត់​បាន​ទៀត ​ព្រោះ​គេ​ធំ សាច់​ស្ងួត ហើយ​ស្អាត​មែន​ទែន គឺ​ខ្ញុំ​ទទួល​ស្គាល់ថា​ យើង​នៅ​ចាញ់​គេ​មែន​»​។​

​ទោះ​បីជា​យ៉ាង​ណា សំបូរ សុ​ភ័​ណ្ឌ មិន​បោះ​បង់​ឆន្ទៈក្នុងការ​ប្រជែង​ស្វែង​រក​អាជ្ញា​ប័​ណ្ឌ Pro Card នោះ​ទេ​។«​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួតOpen នេះ ព្រោះ​ខ្ញុំ​មាន​ការ​តាំង​ចិត្ត ​ចង់​បាន Pro Card​។ បើ​មាន​កីឡា​ករ​ខ្មែរ​យើង​ណា​ម្នាក់​បាន ​Pro Card ទើប​អាច​ហៅ​សហព័​ន្ធ IFBB របស់​អា​មេរិក មក​ស្រុក​ខ្មែរ​បាន ​ប៉ុន្តែ​បើ​យើង​គ្មាន​ទេ ​គឺ​មិន​អាច​ហៅ IFBB មក​រៀប​ចំ​ការ​ប្រកួត​នៅ​ស្រុក​ខ្មែរ​បាន​នោះ​ទេ ​អ៊ីចឹង​ហើយ​ទើប​ពួក​យើង​ខំប្រឹង ​ព្រោះ​យើង​ស្រឡាញ់​ និង​ចង់​ឱ្យ​វិស័យ​នេះ​រីក​ចម្រើន​ទៅ​មុខ​ទៀត​»៕