ភ្នំពេញៈ សហព័ន្ធកីឡារាំកម្ពុជា នឹងជ្រើសរើសអត្តពលិកសម្រាប់ការប្រកួតលើវិញ្ញាសា Breakdance ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងឆ្នាំ ២០២៣។
កីឡារាំ គឺជាប្រភេទកីឡា១ក្នុងចំណោមប្រភេទកីឡាទាំង ៣៨ ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានសម្រេចដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាចម្រុះដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រជាលើកដំបូងនៅកម្ពុជា។
ជាមួយគ្នានេះ សហព័ន្ធកីឡារាំកម្ពុជា ក៏បានសម្រេចបញ្ចូលវិញ្ញាសា Breakdance ធ្វើជាវិញ្ញាសា១ក្នុងចំណោមវិញ្ញាសាទាំង ១២ ដែលសហព័ន្ធគ្រោងដាក់ឱ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នាពេលខាងមុខនេះ ក្រោយពីមើលឃើញពីសក្តានុពលខ្ពស់របស់វិញ្ញាសាថ្មីនេះ។
ទាក់ទងនឹងការបញ្ចូលវិញ្ញាសា Breakdance សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់ជាលើកដំបូងនេះ លោកស្រីហង្ស ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៧ ខែតុលា ថា៖ «ដើមហេតុចម្បងដែលធ្វើឱ្យយើងឈានដល់ការសម្រេចចិត្តបញ្ចូលវិញ្ញាសាថ្មីនេះ គឺដោយសារតែយើងមានកីឡាករ និងកីឡាការិនី ដែលមានជំនាញ និងធ្លាប់មានបទពិសោធយូរឆ្នាំរួចជាស្រេច»។
លោកស្រីបានប្រាប់បន្តថា៖ «អត្តពលិកក្នុងវិញ្ញាសា Breakdance នេះ ធ្លាប់បានហ្វឹកហាត់តាំងពីកុមារភាពជាមួយនឹងអង្គការ Tiny Toonese និងធ្លាប់បានចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើនលើក ស្របពេលដែលពួកគេក៏ធ្លាប់ដណ្តើមបានលទ្ធផលដ៏គួរឱ្យកត់សម្គាល់ផងដែរ»។
បើតាមលោកស្រីស៊ីមន ការចូលរួមប្រកួតលើវិញ្ញាសា Breakdance របស់ក្រុមរាំកម្ពុជា ក៏ទទួលបានការគាំទ្រពីសាលាបង្រៀនរាំ D.O.D Dance School របស់ជប៉ុន ផងដែរ ខណៈដែលសាលានេះ នឹងផ្តល់ទាំងគ្រូបង្វឹក និងការជួយបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសជប៉ុន។
អត្តពលិកចំនួន ៤ នាក់ ពោលគឺកីឡាការិនី ២ នាក់ និងកីឡាករ ២ នាក់ ក្នុងនោះរាប់បញ្ចូលទាំងអត្តពលិកបម្រុង ២ នាក់សម្រាប់ទាំងវិញ្ញាសា Breakdance បុរស និងនារីផងដែរនោះ នឹងត្រូវជ្រើសរើសដោយគ្រូបង្វឹកសញ្ជាតិជប៉ុន ដើម្បីធ្វើការបង្វឹកនៅកម្ពុជា រយៈពេល ២ ខែមុន មុននឹងទទួលការហ្វឹកហាត់រយៈពេល ៣ ខែបន្ថែមទៀត ក្នុងប្រទេសជប៉ុន ដើម្បីពង្រឹងសមត្ថភាព។
លោកស្រី ស៊ីមន បានបញ្ជាក់ថា៖ «បើទោះបីវាគឺជាវិញ្ញសាថ្មីមួយក៏ដោយ ប៉ុន្តែ Breakdance ក៏ជាវិញ្ញាសាមួយក្នុងកីឡាអូឡាំពិកភពលោកផងដែរ។ យើងជឿជាក់លើសមត្ថភាពអត្តពលិករបស់យើងក្នុងវិញ្ញាសាថ្មីនេះ ដោយសារតែយើងបានទទួលការគាំទ្រពីសាលាបង្រៀនរបស់ជប៉ុន D.O.D Dance School ដែលមានភាពល្បីល្បាញលើផ្នែករាំនេះតែម្តង។ បើធៀបនឹងប្រទេសផ្សេងក្នុងតំបន់ យើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងយកមេដាយ»។
លោកស្រីអគ្គលេខាធិការបន្ថែមទៀតថា៖ «អត្តពលិករបស់យើង នឹងទទួលការហ្វឹកហាត់នៅកម្ពុជា ចាប់ពីខែនេះតទៅ មុននឹងត្រូវជ្រើសរើសដើម្បីធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីទទួលការហ្វឹកហាត់បនៅចន្លោះខែធ្នូ និងមករា ចំនួន ៣ ខែបន្ថែមទៀត ដើម្បីជ្រើសរើសយកកីឡាករម្នាក់ និងកីឡាការិនីម្នាក់សម្រាប់ការប្រកួតលើវិញ្ញាសា Breakdance»។
ស្របពេលជាមួយគ្នានេះ លោកស៊ូវ តុង គ្រូបង្វឹកនៃក្រុមកីឡារាំជម្រើសជាតិកម្ពុជា ក៏បានលើកឡើងដូចគ្នានេះផងដែរ ក្រោយពីបានមើលឃើញពីកម្រិតបច្ចេកទេសនៃអត្តពលិករបស់ខ្លួន បើទោះបី breakdance គឺជាវិញ្ញាសាថ្មីមួយសម្រាប់ក្រុមអត្តពលិកកម្ពុជា ក៏ដោយ។
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ដោយផ្អែកលើបទពិសោធ និងបច្ចេកទេសរាំរបស់អត្តពលិករបស់យើង ដែលហ្វឹកហាត់អស់រយៈពេលជាយូរអង្វែង ក៏ដូចជាទទួលបានការពង្រឹងសមត្ថភាពបន្ថែមពីគ្រូបង្វឹករបស់ជប៉ុនទាំងនៅកម្ពុជា និងប្រទេសជប៉ុន ខ្ញុំជឿជាក់ យើងនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងយកមេដាយក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ ក្នុងប្រទេសកម្ពុជា ជាមិនខាន»។
បើយោងតាមគ្រូបង្វឹករូបនេះ សហព័ន្ធកីឡារាំកម្ពុជា ក៏នឹងបញ្ជូនអត្តពលិករបស់ខ្លួនទៅធ្វើការហ្វឹកហាត់ក្នុងប្រទេសចិន នៅខែធ្នូ ផងដែរ ដើម្បីពង្រឹងកម្រិតបច្ចេកទេស និងសមត្ថភាពរបស់ពួកគេ ដើម្បីត្រៀមប្រជែងយកមេដាយ ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣។
វិញ្ញាសា Breakdance ត្រូវបានដាក់បញ្ចូលឱ្យធ្វើការប្រកួតប្រជែងក្នុងស៊ីហ្គេមជាលើកដំបូង ក្នុងឆ្នាំ ២០១៩ ដោយមានប្រទេសចំនួន ៥ ចូលរួមប្រកួតលើវិញ្ញាសានេះ រួមមានម្ចាស់ផ្ទះហ្វីលីពីន វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសថៃ។
សហព័ន្ធរាំកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ នោះ បានបញ្ជូនអត្តពលិកឱ្យប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចំនួន ២ លើក ពោលគឺស៊ីហ្គេម នៅហ្វីពីន ឆ្នាំ ២០១៩ និងស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីពាក់កណ្តាលឆ្នាំនេះ ប៉ុន្តែមិនបានឈ្នះមេដាយឡើយ៕