ភ្នំពេញៈ ថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងកីឡាករដែលធ្លាប់ដណ្តើមបានមេដាយស៊ីហ្គេមនៅប្រទេសវៀតណាម បានបង្ហាញភាពជឿជាក់កាន់តែខ្លាំងថា ពួកគេនឹងទទួលបានជោគជ័យ សម្រាប់ឈានទៅដណ្តើមយកមេដាយមាស ដើម្បីសម្រេចគោលដៅនៃការដាក់សម្ទុះមេដាយរបស់ CAMSOC ក្នុងការប្រកួតស៊ីហ្គេមជាប្រវត្តិសាស្ត្រលើកដំបូង នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៣។
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដែលមានលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ជាប្រធាននិងលោក សុខ ហុង ជាអនុប្រធានត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) ដាក់សម្ទុះត្រូវដណ្តើមឱ្យបានមេដាយមាសយ៉ាងតិច ១ ជូនជាតិបន្ទាប់ពីក្រុមនេះបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រឈ្នះបានមេដាយប្រាក់ និងសំរឹទ្ធ ជាលើកដំបូង ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ ២០២២។
ជាមួយគ្នានេះលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានអះអាងថា សហព័ន្ធរបស់យើងតែងតែមានការប្រជុំបច្ចេកទេសជាមួយគណៈកម្មការបច្ចេកទេសជារឿយៗទៅតាមអនុសាសន៍ណែនាំរបស់លោក ថោង ខុន និងលោក សុខ ហុង គឺធ្វើយ៉ាងណាឱ្យសហព័ន្ធនេះដំណើរការទៅបានល្អ ហើយឈានទៅសម្រេចការឈ្នះបានមេដាយមាស១ទៅតាមការដាក់សម្ទុះមេដាយរបស់ CAMSOC ។
លោកបាននិយាយថា៖ «បើផ្អែកទៅលើផែនការ និងការដាក់ចេញនូវសម្ទុះមេដាយនោះ យើងមានគោលការណ៍ និងផែនការច្បាស់លាស់ក្នុងការរៀបចំ។ យើងទទួលបានជោគជ័យរួចហើយសម្រាប់គម្រោងផែនការចំនួន ២ របស់យើងអ៊ីចឹងវានៅសល់ផែនការមេធំចុងក្រោយគឺយើងត្រូវឆ្ពោះទៅដណ្តើមយកមេដាយមាស ១ ទៅតាមការដាក់សម្ទុះរបស់ CAMSOC ហើយយើងនឹងប្តេជ្ញាចិត្តរួមគ្នាថា ត្រូវធ្វើឱ្យបាន»។
ការឈ្នះមេដាយប្រាក់ចំនួន៣ និងសំរឹទ្ធ ១ ពីការប្រកួតស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីខែឧសភា ឆ្នាំ ២០២២ ត្រូវបានលោក ណយ ផាណា ចាត់ទុកថា ជាការសម្រេចគម្រោងផែនការទី១ ហើយបានចាត់ទុក ការដណ្តើមបានមេដាយប្រាក់២និងសំរឹទ្ធ១ពីការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ ឆ្នាំ ២០២២ នៅប្រទេសថៃ កាលពីខែសីហាថា ជាការសម្រេចនូវផែនការទី២ ក្នុងការសម្រួចផែនការរួមឈានទៅដណ្តើមយកមេដាយមាសនៅស៊ីហ្គេម ឆ្នាំ ២០២៣។
ជាមួយការឈានទៅសម្រេចផែនការទី៣ចុងក្រោយនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាតាមរយៈ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា បាននាំយកគ្រូបង្វឹកបរទេសមកបង្វឹកក្រុមកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិក នៅក្នុងស្រុក ហើយបានបញ្ជូនក្រុមកាយសម្ព័ន្ធអាទីស្ទិកទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន ដើម្បីត្រៀមការធ្វើម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជា នៅឆ្នាំ ២០២៣ ។
លោក ណយ ផាណា បានបន្ថែមថា៖ «យើងមានផែនការរៀបចំកីឡាករ កីឡាការិនីរបស់យើង ដោយក្នុងនោះក្រុមកាយសម្ព័ន្ធអេរ៉ូប៊ិករបស់យើងគឺយើងមានផែនការច្បាស់ច្រើនហើយ ចំណែកក្រុមកាយសម្ព័ន្ធអាទីស្ទិក បាននិងកំពុងធ្វើការហ្វឹកហាត់និងប្រកួតតេស្តសមត្ថភាពនៅប្រទេសចិន ហើយសង្ឃឹមថាពេលត្រឡប់មកវិញ ពួកគេនឹងមានលទ្ធផលល្អ សម្រាប់ការចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣»។
ការលើកឡើងបែបនេះរបស់លោក ណយ ផាណា បានធ្វើឡើងនៅក្នុងអំឡុងការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិនិងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ ២០២២ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិកាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ដោយការប្រកួតនេះ មានកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន ៦៤ នាក់ ដោយពួកគេត្រូវប្រកួតប្រជែងគ្នានៅលើវិញ្ញាសាចំនួន ១៣ គឺផ្នែកកាយសម្ព័ន្ធអេរ៉ូប៊ិក ៥ វិញ្ញាសា និងអាទីស្ទិក ៨ វិញ្ញាសា។
ជាមួយគ្នានេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក៏បានបញ្ជ្រាបនូវច្បាប់ និងបទបញ្ជាប្រកួតថ្មីៗរបស់សហព័ន្ធកីឡាអន្តរជាតិទៅដល់មន្ត្រីបច្ចេកទេសរបស់ខ្លួនផងដែរ ដើម្បីនាំយកចំណេះជំនាញថ្មីៗទាំងនោះ មកអនុវត្តជាក់ស្តែងនៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះតែម្តង ដើម្បីពង្រឹងជំនាញនេះឱ្យកាន់តែច្បាស់លាស់ សម្រាប់ត្រៀមទៅចូលរួមកាត់សេចក្តីពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣។
លោក ណយ ផាណា បានឱ្យដឹងទៀតថា គិតមកទល់ពេលនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ផ្នែកអាអេរ៉ូប៊ិក មានចៅក្រមអន្តរជាតិចំនួន៥នាក់ គ្រប់តាមការកំណត់ហើយ ប៉ុន្តែខាងកាយសម្ព័ន្ធអាទីស្ទិក នៅខ្វះម្នាក់ទៀត ដោយបច្ចុប្បន្ន លោកកំពុងទាក់ទងទៅសហព័ន្ធកីឡាអាស៊ី និងសហព័ន្ធអន្តរជាតិ ដើម្បីឱ្យពួកគាត់ជួយស្វែងរកនីតិវិធីសម្រាប់កម្ពុជា បានទៅប្រឡងយកអាជ្ញាប័ណ្ណបន្ថែមបានម្នាក់ទៀត។
ទោះបីជាយ៉ាងណា លោក ណយ ផាណា បានអះអាងថា ពាក់ព័ន្ធនឹងចំនួនចៅក្រមអន្តរជាតិ ដែលត្រូវប្រើប្រាស់ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមនេះ វាមិនមានជាបញ្ហាអ្វីនោះទេ ព្រោះវាស្ទើរគ្រប់អស់ទៅហើយ ប៉ុន្តែអ្វីដែលត្រូវផ្តោតយកចិត្តទុកដាក់ខ្លាំងនោះគឺការដុសខាត់សមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជា ឱ្យបានកាន់តែប្រសើរ សម្រាប់ឈានទៅដណ្តើមយកមេដាយមាសជូនជាតិ។
លោកបញ្ជាក់ថា៖ «អ្វីដែលយើងផ្ចត់មែនទែន គឺធនធានកីឡាករ កីឡាការិនី ព្រោះអ្នកទាំងអស់ហ្នឹងហើយ ជាអ្នកធ្វើឱ្យយើងមានមុខ មានមាត់ ជាពិសេសមានមោទនភាពសម្រាប់ជាតិយើង។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ហើយនេះជាមោទនភាពសម្រាប់ជាតិយើង ដូច្នេះយើងត្រូវធ្វើជាម្ចាស់ផ្ទះឱ្យបានល្អទាំងព្រម គឺការដឹកនាំប្រទេសក៏ល្អ ការបដិសណ្ឋារកិច្ចក៏ល្អ អ្នកជំនាញក៏ច្បាស់លាស់ អាហ្នឹងទើបយើងអាចទទួលបានជោគជ័យទាំងអស់គ្នា»។
ជាមួយគ្នានេះ កីឡាករជម្រើសជាតិកីឡាកាយសម្ព័ន្ធកម្ពុជា ជឿន ចាន់បូរី ដែលទើបដណ្តើមបានមេដាយប្រាក់ ១ លើវិញ្ញាសាប្រកួតជាក្រុម និងសំរឹទ្ធ ១ ទៀត លើវិញ្ញាសាឯកត្តជន លើជំនាញអេរ៉ូប៊ិក សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ ២០២២ បានបង្ហាញទំនុកចិត្តថា ក្រុមកាយសម្ព័ន្ធកម្ពុជា នឹងអាចដណ្តើមបានមេដាយមាសនៅស៊ីហ្គេម ឆ្នាំ ២០២៣ ជាក់ជាមិនខានឡើយ។
កីឡាករវ័យ ២៣ ឆ្នាំ ដែលកំពុងផ្តោតការហ្វឹកហាត់ខ្លាំងលើវិញ្ញាសាទ្រីយ៉ូ ៣ នាក់ សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ ជឿន ចាន់បូរី បានមើលឃើញថា កម្រិតបច្ចេកទេសរបស់ក្រុមកាយសម្ព័ន្ធកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ក្រោមការបង្ហាត់បង្ហាញទាំងជាមួយគ្រូបង្វឹកបរទេស និងគ្រូបង្វឹកខ្មែរ ដែលអាចមានកម្រិតលើប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន រួមទាំងថៃផងដែរ។
កីឡាករទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេស្ទើនលើជំនាញទេសចរណ៍ ជឿន ចាន់បូរី បានបញ្ជាក់ថា៖ «ការដាក់គោលដៅដណ្តើមយកមេដាយមាសនៅស៊ីហ្គេមឆ្នាំ ២០២៣ គឺយើងអាចធ្វើបាន ព្រោះកម្រិតបច្ចេកទេសទេសរបស់យើងនៅពេលនេះ មានការកើនឡើងជាបន្តបន្ទាប់ ដែលអាចថា នៅសល់តែវៀតណាម មួយទេជាឧបសគ្គធំរបស់យើង ចំណែកប្រទេសផ្សេងទៀតយើងអាចនៅលើហើយ ហើយស៊ីហ្គេមលើកនេះ ត្រូវធ្វើនៅប្រទេសយើងទៀតអ៊ីចឹងយើងកាន់តែមានទំនុកចិត្តខ្ពស់ក្នុងការប្រកួតយកមេដាយមាសជូនជាតិ»៕