ភ្នំពេញ៖ វីរកីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា បានបង្ហាញពីកម្រិតនៃការប្រកួតប្រជែងយ៉ាងល្អបំផុត ដោយកញ្ញា បានប្រើជំនាញចាប់ក្លេ បង្ខំដៃគូឱ្យបោះបង់ចោលការប្រកួតទាំងអស់ ដើម្បីឡើងទៅដណ្តើមយកមេដាយមាស ជាមួយកីឡាការិនីអេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ដែលកំពុងដំណើរការ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។
បើទោះបីជាម្ចាស់មេដាយមាសកីឡាអាស៊ី ខាន់ ចេសា បានខកខានឱកាសដ៏ធំ ក្នុងការស្វែងរកមេដាយមាសឱ្យកម្ពុជា សម្រាប់ការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ ២០២២ នេះ ដោយសារកីឡាការិនីកូនខ្មែរ-អាមេរិករូបនេះ មានទម្ងន់លើសការកំណត់ចំនួន ២ ខាំ ប៉ុន្តែសម្រាប់ការធ្វើដំណើរទៅប្រកួតជើងឯកពិភពលោក នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម លើកនេះ ចេសា បានត្រៀមខ្លួនយ៉ាងល្អបំផុត និងបានឈ្នះគ្រប់ការប្រកួត ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួត លើវិញ្ញាសា Jiu Jitsu (Newaza) ប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាមនេះ ខាន់ ចេសា បានចាប់ផ្តើមការប្រកួតជម្រុះរបស់ខ្លួន កាលពីរសៀលថ្ងៃពុធនេះ ដោយបានផ្តួលកីឡាការិនីរបស់ហ្វីលីពីន Baluyot ឱ្យបោះបង់ការប្រកួត ត្រឹមរយៈពេល ២ នាទី និង ២៣ វិនាទី ក្នុងគម្រោងនៃការប្រកួតសរុប ដែលមានរយៈពេល ៦ នាទី។
បន្ថែមទៅលើការផ្តូលកីឡាការិនីរបស់ហ្វីលីពីនយ៉ាងលឿននេះ ខាន់ ចេសា បានបន្តយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម Shraim Maitha ដោយការវ៉ៃឱ្យបោះបង់ចោលការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលដូចគ្នា សម្រាប់ការប្រកួតជុំទី៣ លើប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាមនេះ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សម្រាប់ការឡើងទៅជួបកីឡាការិនី Aronov Pnina នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ខាន់ ចេសា នៅតែធ្វើបានយ៉ាងល្អ ក្នុងការប្រើជំនាញរបស់ខ្លួន វ៉ៃឱ្យកីឡាការិនីរបស់អ៊ីស្រាអែលម្នាក់នេះ រហូតអាជ្ញាកណ្តាលបញ្ឈប់ នៅនាទី ២:៤១ (៣នាទី និង១៩ វិនាទី) ក្នុងគម្រោងនៃការប្រកួតសរុបចំនួន ៦ នាទី។
ជាមួយការទទួលបានជ័យជម្នះយ៉ាងល្អបំផុត ដោយការផ្តួលដៃគូឱ្យបោះបង់ការប្រកួតទាំង ៣ លើកជាប់ៗគ្នានេះ បានជួយឱ្យ ខាន់ ចេសា មានមេដាយប្រាក់នៅក្នុងដៃរួចជាស្រេច មុនពេលកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជារូបនេះ ត្រូវឡើងទៅប្រកួតដណ្តើមយកមេដាយមាស ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ដែលត្រូវធ្វើនៅម៉ោង ៧ យប់នេះ (ម៉ោងនៅកម្ពុជា)។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះ អាចនឹងមានភាពតានតឹងខ្លាំង ព្រោះកីឡាការិនីរបស់អេស្ប៉ាញរូបនេះ ក៏បានឈ្នះគ្រប់ការប្រកួតដូចគ្នា ព្រោះការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាមនេះ មានកីឡាការិនីចំនួន ១៥ នាក់ មកពី ១៥ ប្រទេសផ្សេងគ្នា បានចូលរួម ហើយនៅពេលនេះ គឺនៅសល់តែ ខាន់ ចេសា និង Matthews Martin Naiomi នេះឯង ដែលត្រូវប្រកួតគ្នា ដណ្តើមយកមេដាយមាស នៅយប់ថ្ងៃពុធនេះ។
ចំណែកកីឡាករជឺជីតស៊ូកម្ពុជាចំនួន ២ នាក់ទៀត នឹងត្រូវធ្វើការប្រកួតប្រជែងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដោយក្នុងនោះ កីឡាករ ហួរ សេងហុង ត្រូវប្រកួតវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៦៩ គីឡូក្រាម ហើយកីឡាករ ថន អេនដ្រូ ប្រកួតវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៦២ គីឡូក្រាម ហើយការធ្វើដំណើរទៅចូលរួមការប្រកួតជើងឯកពិភពលោកនេះ ប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ដឹកនាំដោយលោក ថោង បញ្ញាធន និងគ្រូបង្វឹកជនជាតិអូឡង់ លោក Jasper Paas៕