ភ្នំពេញៈ កីឡាករជើងខ្លាំងមកពីជាយដែន ឃីម បូរ៉ា ដែលមានឈ្មោះនៅក្នុងបញ្ជីជាតិថា ឃុន បូរ៉ា បាននិងកំពុងផ្តោតខ្លាំងទៅលើការពង្រឹងសមត្ថភាពបន្ថែម គឺធ្វើយ៉ាងណាឱ្យខ្លួនឯងមានលទ្ធភាពគ្រប់គ្រាន់ទាំងលើគុណភាពកម្លាំង និងបច្ចេកទេស ដើម្បីត្រៀមវ៉ៃដណ្តើមយកផ្ទះវីឡាជាមួយ ឈុត សេរីវ៉ាន់ថង ព្រមទាំងសម្រួចទិសដៅ ក្នុងការឈានទៅដណ្តើមយកមេដាយជូនជាតិបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
ដោយមានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ ឃីម បូរ៉ា ត្រូវបានគេចាត់ទុកថា ជាកីឡាករជើងខ្លាំងលំដាប់ A របស់កម្ពុជា ដែលពិបាកនឹងរកគូប្រកួតបាន។ តែទោះបីជាយ៉ាងណា បូរ៉ា មិនដែលបង្ហាញពីភាពអួតអាងទៅលើសមត្ថភាពរបស់ខ្លួន ហើយមើលស្រាលទៅលើគូប្រកួតនោះទេ ប៉ុន្តែអ្វីដែលរូបគេ បានបង្ហាញទៅកាន់អ្នកគាំទ្រ គឺការប្រកួតដ៏ល្អ ជាមួយបច្ចេកទេសវាយចេញដ៏សម្បូរបែប។
សម្រាប់ការចាប់អាជីពជាអ្នកប្រដាល់អស់រយៈពេលជាង ១៦ ឆ្នាំមកនេះ ឃីម បូរ៉ា ធ្លាប់បានឆ្លងកាត់ភាពជូរចត់រាប់មិនអស់ ទម្រាំអាចសាងបានភាពល្បីល្បាញដូចសព្វថ្ងៃ ដោយពេលនេះ បូរ៉ា កំពុងគ្រប់គ្រងខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមចំនួន៣ស្ថាប័ន ដែលរូបគេ ដណ្តើមបាន នៅលើសង្វៀន CNC ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ហើយតាមរយៈជោគជ័យនេះ អាចនិយាយបានថា ជើងខ្លាំងលំដាប់កំពូលៗ នៅក្នុងប្រទេសកម្ពុជា ដូចជា ម៉ឺន មេឃា, ឈុត សេរីវ៉ាន់ថង និងម្ចាស់មេដាយប្រាក់ស៊ីហ្គេម តាញ់ មករា ជាដើម គឺ បូរ៉ា ធ្លាប់បានយកឈ្នះអស់ហើយ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ ឃីម បូរ៉ា កំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង ទៅលើការពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ពានរង្វាន់ «សម្តេចពិជ័យសេនា ទៀ បាញ់» នៅលើសង្វៀនប៉ុស្តិ៍លេខ៥ ជាមួយជើងខ្លាំង ឈុត សេរីវ៉ាន់ថង ដោយអ្នកឈ្នះ នឹងទទួលបានផ្ទះវីឡាតែម្តង តែ បូរ៉ា បានមើលឃើញថា ការជួបគ្នាលើកនេះ អាចលំបាកខ្លាំង។
ឃីម បូរ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៩ ខែវិច្ឆិកាថា៖ «ការជួប ឈុត សេរីវ៉ាន់ថង លើកនេះ ខ្ញុំគិតថា អាចមានការលំបាកជាងមុន ព្រោះពេលនេះ គាត់ឡើងខ្លាំង គឺទាំងបច្ចេកទេសប្រកួត កម្លាំងនិងទឹកចិត្តប្រកួតរបស់គាត់ មានការប្លែកច្រើន។ អ៊ីចឹងការប្រកួតលើកនេះ យើងមិនទាន់អាចវាយតម្លៃទុកមុនបានទេ គឺលុះត្រាតែឡើងដល់លើសង្វៀនតែម្តង ទើបដឹងច្បាស់»។
តាមប្រវត្តិជួបគ្នា ៤ លើកកន្លងមក ឃីម បូរ៉ា ធ្លាប់បានចាញ់ ឈុត សេរីវ៉ាន់ថង សម្រាប់ការជួបគ្នាលើកទី១ ប៉ុន្តែការជួបគ្នា៣លើកចុងក្រោយ កាលពីឆ្នាំ ២០២០ និងឆ្នាំ ២០២១ បូរ៉ា បានឈ្នះ ២ ដងវិញ និងស្មើពិន្ទុគ្នា ១ លើក។ ចំណែកការប្រកួតដណ្តើមខ្សែក្រវាត់ពានរង្វាន់ «សម្តេចពិជ័យសេនា ទៀ បាញ់» នេះ ទាំង ឃីម បូរ៉ា និង ឈុត សេរីវ៉ាន់ថង បានឈ្នះគ្រប់ការប្រកួតដូចគ្នា។
នៅក្នុងការប្រកួតជម្រុះតាមពូលចំនួន ៣ លើកដូចគ្នា ឈុត សេរីវ៉ាន់ថង បានផ្តួល រិន ដេវីត និង សៀវ ង៉ុយ ឱ្យសន្លប់ដូចគ្នា និងឈ្នះពិន្ទុ វ៉ាន់ វឿន ដើម្បីជាប់លេខ ១ នៅពូល A ហើយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា រូបគេបានម៉ាត់ឱ្យ សូត្រ វាសនា សន្លប់ និងត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ នៅត្រឹមទឹកទី២។ ចំណែក ឃីម បូរ៉ា បានយកឈ្នះ គង់ ហ៊ូវ, សូត្រ វាសនា និង ពុទ្ធ សំបូរ ដោយពិន្ទុ ដើម្បីបានលេខ ១ ប្រចាំពូលB ហើយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រូបគេបានម៉ាត់ឱ្យ វ៉ាន់ វឿន សន្លប់ នៅទឹកទី៣។
ជាមួយការប្រកួតដ៏សំខាន់ នៅចំពោះមុខនេះ ឃីម បូរ៉ា បាននិងកំពុងបុកហ្វឹកហាត់ខ្លាំង ដើម្បីពង្រឹងចំណុចខ្វះខាតខ្លួនឯង។ «ចំណុចខ្វះខាតរបស់ខ្ញុំ គឺកម្លាំងសុហ្វនេះឯង ដោយសារតែសុខភាពរបស់ខ្ញុំ មិនសូវអំណោយផលល្អដូចគេ ដូច្នេះបើយើងពង្រឹងសុហ្វបាន ដឹងតែសង្ឃឹមច្រើន ព្រោះបច្ចេកទេស ខ្ញុំមានគ្រប់អស់ហើយ»។
ឃីម បូរ៉ា បានផ្តោតខ្លាំងបំផុត ទៅលើការដណ្តើមយកផ្ទះវីឡា សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះ ដោយបានបញ្ជាក់ថា៖ «ការប្រកួតនេះ សំខាន់ណាស់ ព្រោះការដាក់រង្វាន់ជាផ្ទះវីឡាបែបនេះ យើងកម្រមានឱកាសណាស់ អ៊ីចឹងមកដល់វគ្គនេះហើយ គឺអ្វីដែលខ្ញុំមាន ខ្ញុំនឹងបង្ហាញទាំងអស់»។
យ៉ាងណាក៏ដោយ ចំពោះ ឈុត សេរីវ៉ាន់ថង ក៏មានការតាំងចិត្តខ្ពស់ ក្នុងការដណ្តើមយកផ្ទះវីឡានេះដូចគ្នា តែកីឡាករជម្រើសជាតិឃីកបុកស៊ីង កំពុងហ្វឹកហាត់នៅស្តាតចាស់រូបនេះ បានសរសើរពីភាពខ្លាំងរបស់ ឃីម បូរ៉ា គឺវាយចេញបានល្អ និងលឿន ហើយការវាយចេញទៀតសោត គឺចេញជាឈុតតែម្តង មានដៃ ជើង និងជង្គង់ព្រមគ្នា។
កីឡាករមានដើមកំណើត នៅខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង និយាយថា៖ «ការមកហ្វឹកហាត់នៅទីនេះ ខ្ញុំមានអារម្មណ៍ថា សមត្ថភាពរបស់ខ្ញុំកើនជាងមុន ចំណែក ឃីម បូរ៉ា ក៏កាន់តែកើនសមត្ថភាពជាងមុនដែរ។ អ៊ីចឹងការជួបគ្នាខាងមុខនេះ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ព្រោះសុទ្ធសឹងតែជាកិត្តិយសរៀងៗខ្លួន និងចង់បានជ័យជម្នះដូចគ្នា»។
ក្រៅពីការត្រៀមខ្លួន សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះ ឃីម បូរ៉ា ក៏បាននិងកំពុងសម្រួចទិសដៅ ដើម្បីអាចទទួលបានឱកាស ប្រកួតតំណាងឱ្យជាតិជាថ្មីម្តងទៀត សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជាផងដែរ ខណៈការបង្ហាញខ្លួនជាលើកដំបូង នៅស៊ីហ្គេម ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ ២០២២ បូរ៉ា ដណ្តើមបានមេដាយសំរឹទ្ធ ក្នុងទម្ងន់ ៦០ គីឡូក្រាម។
តែទោះជាយ៉ាងណា ឃីម បូរ៉ា បានអះអាងថា រូបគេពេលនេះ បានត្រឹមជាកីឡាករបម្រុង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះតែប៉ុណ្ណោះ។ «ខ្ញុំបានជាប់ជាកីឡាករជម្រើសទី២ ហើយខ្ញុំក៏មិនដឹងថា វាយ៉ាងម៉េចដែរ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍តូចចិត្តអ្វីនោះទេ ព្រោះសមត្ថភាព យើងមើលទៅលើភាពជាក់ស្តែង។ បើខ្ញុំមិនសូវល្អ ហ្វឹកហាត់មិនសូវបានដិតដល់ ហើយគេមានជម្រើសមួយដែលល្អជាងហ្នឹង ក៏ដាក់គេទៅ គឺវាអាស្រ័យទៅលើការវិនិច្ឆ័យរបស់ថ្នាក់ដឹកនាំ»។
ប្អូនប្រុសម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា រូបនេះ បានបន្ថែមថា៖ «ចំណែកខ្ញុំដឹងតែខំប្រឹង ព្រោះអាហ្នឹង វាជាអាជីពរបស់យើង ហើយខ្ញុំចង់ដណ្តើមបានមេដាយជូនជាតិម្តងទៀត ខណៈស៊ីហ្គេមលើកនេះ ត្រូវធ្វើនៅប្រទេសយើងទៅទៀត អ៊ីចឹងវាជារឿងល្អណាស់។ ប៉ុន្តែខ្ញុំនៅមិនទាន់ដឹងថា អាចបានប្រកួតតំណាងឱ្យជាតិទៀត ឬយ៉ាងណានោះទេ ដែលវាអាស្រ័យទៅលើគណៈកម្មការ និងថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថាគាត់ នឹងដាក់ឱ្យខ្ញុំចូលប្រកួត ឬដាក់អ្នកផ្សេង?»៕