
ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Joshua Kimmich បង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មាន នៅមជ្ឈមណ្ឌលសន្និបាតជាតិរបស់កាតា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ AFP
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ដើម្បីស្តារមុខមាត់ក្នុងព្រឹត្តិការណ៍ World Cup នៅរាត្រីថ្ងៃពុធ ទី ២៣ ខែវិច្ឆិកានេះ ក្រោយពីបានបង្ហាញពីទម្រង់លេងដ៏អន់កាលពីឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ស្របពេលដែលក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រូអាស៊ី ក៏នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនផងដែរ ក្នុងប្រទេសកាតា។
ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បានបំបាក់មុខក្រុមជម្រើសជាតិអាហ្សង់ទីន របស់តារាឆ្នើម Lionel Messi ដើម្បីធ្វើឲ្យការមិនស្គាល់ចាញ់ជាប់ៗគ្នារបស់ក្រុមម្ចាស់ជើងឯកប្រចាំតំបន់អាមេរិកខាងត្បូងមួយនេះ បញ្ចប់ត្រឹម ៣៦ ប្រកួត ក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រកួតបើកឆាករបស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិ ជប៉ុន ដែលជាជើងខ្លាំងមួយទៀតរបស់អាស៊ី។
ក្រុមជម្រើសជាតិក្រូអាស៊ី ដែលជាម្ចាស់ជើងឯករងកាលពី ៤ ឆ្នាំមុន នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតម៉ារ៉ុក ក្នុងគូបើកឆាក នៅថ្ងៃពុធនេះ ស្របពេលដែលអេស្ប៉ាញ នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិកូស្តារីកា នៅមុនពេលបែលហ្ស៊ិក ជួបជាមួយនឹងក្រុមជើងខ្លាំងកាណា ក្នុងការប្រកួតចុងក្រោយ។
ក្នុងនាមជាក្រុមម្ចាស់ការពារជើងឯក អាល្លឺម៉ង់ បានធ្លាក់ចេញត្រឹមវគ្គចែកពូល ក្នុងប្រទេសរុស្ស៊ី ដែលជាការធ្លាក់ចេញដ៏លឿនបំផុតរបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup បើគិតចាប់តាំងពីឆ្នាំ ១៩៣៨។
ខ្សែបម្រើ Joshua Kimmich ដែលលេងឲ្យក្លិប Bayern Munich បានឲ្យដឹងថា៖ «យើងដឹងថា អ្វីដែលបានកើតឡើងកាលពី ៤ ឆ្នាំកន្លះមុន គឺជាលទ្ធផលដ៏អន់ ហេតុនេះ យើងមានការរង់ចាំយូរបន្តិច។ ការប្រកួតទី១ ពិតជាសំខាន់ណាស់។ យើងបានចាញ់ការប្រកួតទី១ របស់យើង ក្នុងព្រឹត្តិការណ៍ Euro ចុងក្រោយគេ ហើយយើងមិនបានឈ្នះពានក្នុងយុទ្ធនាការនេះ ហេតុនេះ ខ្ញុំសង្ឃឹមថា យើងនឹងឈ្នះ»។
ក្រុមម្ចាស់ជើងឯក ៤ សម័យកាលមួយនេះ មានកម្រិតលេងដ៏រឹងមាំ ប៉ុន្តែ មិនមុតស្រួចជាពិសេសឡើយ ក្រោមការដឹកនាំរបស់លោ Hansi Flick, ដែលបានចូលកាន់តំណែង កាលពីមុន បន្ទាប់ពីគ្រូបង្វឹកដែលកាន់តំណែងបានយូរលោក Joachim Loew បានលាលែងពីតំណែង។

ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Marco Asensio (ឆ្វេង) និងខ្សែប្រយុទ្ធ Dani Olmo ចូលរួមហ្វឹកហាត់នៅទីលាន Qatar University ក្នុងទីក្រុងដូហា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ AFP
ជាមួយគ្នានេះ ក្រុមជម្រើសជាតិអេស្ប៉ាញសង្ឃឹមថា នឹងបង្កើតឲ្យមានផ្លូវរលូនជាងយុទ្ធនាការនៅរុស្ស៊ី ដែលនៅពេលនោះលោក Julen Lopetegui ត្រូវបានបណ្តេញចេញ ត្រឹមតែ ១ ថ្ងៃ មុនពេលយុទ្ធនាការចាប់ផ្តើម ដោយសារតែទទួលយកការងារនៅក្លិប Real Madrid។
ពួកគេ គឺជាក្រុមប្រជុំដោយកីឡាករវ័យក្មេងបំផុតលំដាប់ទី៣ ក្នុងព្រឹត្តិការណ៍ World Cup នៅពេលនេះ ស្របពេលដែលលោក Luis Enrique បានធ្លាក់ការជឿជាក់លើកីឡាករវ័យក្មេងឆ្នើមៗ ក្រោយពីកីឡាករជើងចាស់មួយចំនួនដូចជា Sergio Ramos មិនបានជាប់ក្នុងក្រុមជម្រើសជាតិពេលនេះឡើយ។
លោក Enrique បានឲ្យដឹងថា៖ «វាពិតជាមានភាពវិជ្ជមាន ពីព្រោះកីឡាករវ័យក្មេងជាច្រើននាំយកថាមពលចូលក្នុងក្រុមនេះ។ យើងព្យាយាមគ្រប់គ្រង លាយឡំជាមួយនឹងបទពិសោធន៍ដែលយើងមានក្នុងនាមជាបុគ្គលិក»។
ដោយឡែក ពេលវេលាគឺជិតអស់ហើយសម្រាប់ជំនាន់មាសរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលបានក្លាយជាសរសទ្រូងដ៏រឹងមាំរបស់ក្រុមនេះ ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុង World Cup លើកមុន៕ AFP

(ពីឆ្វេងទៅស្តាំ) ខ្សែបម្រើ Yannick Carrasco (ខាងក្រោយ) Kevin De Bruyne, Axel Witsel និង Amadou Onana របស់បែលហ្ស៊ិក ចូលរួមហ្វឹកហាត់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ AFP
កម្មវិធីប្រកួតនៅថ្ងៃពុធនេះ៖
Morocco v Croatia ម៉ោង 5 ល្ងាច
Germany v Japan ម៉ោង 8 យប់
Spain v Costa Rica ម៉ោង 11 យប់
Belgium v Canada ម៉ោង 2 ទៀបភ្លឺ