ភ្នំពេញៈ ជា​ស្ត្រី​ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ចេញពី​អ្នក​លេង​កីឡា​ច្រើន​ប្រភេទ​តាំង​ពី​កុមារ​ភាព ​រហូត​ក្លាយ​ជា​អ្នកដឹកនាំ​កីឡា​ម្នាក់​អ្នក​ស្រី ស៊ុំ សុខា បាន​លើក​ទឹក​ចិត្ត​ឱ្យ​កីឡា​ករ កីឡា​ការិនី ដែល​ទើប​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​ ២០២២ ត្រូវ​ខំប្រឹង​អភិវឌ្ឍ​ខ្លួន​ថែម​ទៀត រីឯ​អ្នកមិ​នឈ្នះ​ត្រូវ​ប្រឹងខំ​ទ្វេដង​ដើម្បី​ឈាន​ទៅ​ដណ្តើម​មេ​ដាយ​ជូន​ជាតិ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ​ឆ្នាំ​ ២០២៣​។​

​​ស្ត្រី​វ័យ​ ៥២ ​ឆ្នាំរូ​បនេះ បាន​ជំរុញ​ខ្លាំង​ដល់​ក្រុម​អត្ត​ព​លិ​កដែល​មិន​ទទួល​បាន​ជ័យជ​ម្នះក្នុង​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ​នេះ ត្រូវ​ខំប្រឹង​ហ្វឹក​ហាត់​គុណ​នឹង ​២ ដើម្បី​ពង្រឹង​សមត្ថ​ភាព​ខ្លួន​ឯង ​និង​ប្រជែង​ជាមួយ​អ្នក​ដណ្តើម​បាន​មេ​ដាយ ​ដើម្បី​អាច​ក្លាយ​ជា​បេក្ខ​ភាព ដែល​ត្រូវបាន​ជ្រើស​រើស​ឱ្យ​ចូល​រួម​ប្រកួត​តំណាង​ឱ្យ​ជាតិ ក្នុង​ព្រឹត្តិ​ការណ៍​ជា​ប្រវ​ត្តិសាស្ត្រ នៅ​ឆ្នាំ​ ២០២៣ ​នោះ​ដែរ​។​

​អ្នក​ស្រី ស៊ុំ សុខា បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ​ កាល​ពី​ល្ងាច​ថ្ងៃទី​ ២៣ ​ខែវិច្ឆិកា​ថា​៖«​នេះ​ជា​មោទន​ភាព សម្រាប់​អ្នក​ទទួល​បាន​ជយ​លាភី​មេដាយ​មាស​ ប្រាក់ និង​សំរឹទ្ធ ​ដែល​បាន​ខិតខំ​អស់ពី​សមត្ថ​ភាព​ក្នុង​ការ​ហ្វឹក​ហាត់​ជាប្រចាំ​ទើប​ទទួល​បាន​លទ្ធ​ផល​ល្អ​ដូច​ពេល​នេះ ហើយ​មិន​មែន​ថា អ្នក​ចាញ់មិន​ខិតខំ​នោះ​ទេ​ ប៉ុន្តែ​ពិត​ណាស់​ការ​ប្រកួត​តែង​មាន​អ្នក​ឈ្នះនិង​អ្នក​ចាញ់​»​។​

​យ៉ាង​ណាក៏​ដោយនៅ​ក្នុង​ចំណុច​ឈ្នះ​ចាញ់​គ្នាលើ​ទីលាន​នេះ អ្នក​ស្រី ស៊ុំ សុខា បាន​អះអាង​ថា ​វា​ទាម​ទារ​ឱ្យ​អត្ត​ព​លិ​ក​ម្នាក់ៗ​ត្រូវមាន​ការតាំង​ចិត្ត​ខ្ពស់​ និង​មាន​សមត្ថ​ភាព​ដ៏​ពិត​ប្រា​កដ​ដែល​កើត​ចេញពី​ការខិត​ខំ​ហ្វឹក​ហាត់។ ហេតុ​នេះ​សម្រាប់​អ្នក​មិន​ទទួល​បាន​មេដាយ​ក៏​នៅ​មាន​ឱកាស​ដណ្តើម​បាន​ជោគ​ជ័យ​វិញ​ប្រសិន​បើ​អ្នក​នោះ ដាក់​ចិត្ត​កាន់​តែ​ខ្លាំង ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​ខ្លួន​ឯង​។​

​អនុ​ប្រធាន​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា អ្នក​ស្រី ស៊ុំ សុខា បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា អ្នក​ចាញ់​ មិន​ប្រាកដ​ថា នឹង​ចាញ់​រហូត​នោះ​ដែរ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ខិតខំ និង​ដាក់​ចិត្ត​របស់​យើង ​ព្រោះ​គេ​ធ្វើបាន​ យើង​ក៏​ធ្វើ​បាន​ដែរ​។យើង​ត្រូវ​តាំង​ចិត្ត​ខ្លួន​ឯង​ថា ថ្ងៃនេះ​យើង​ចាញ់ តើ​ត្រូវធ្វើ​យ៉ាង​ម៉េច​ទៅ​ថ្ងៃ​ខាង​មុខ​ទើប​យើង​ទទួល​បាន​ជោគ​ជ័យ​វិញ​»​។​

​ទន្ទឹម​នឹង​នេះ​ស្ត្រី​ដែល​ធ្លាប់​លេង​នៅលើ​ប្រភេទ​កីឡា​អត្ត​ពលិក បាល់ទះ បាល់ទាត់ ​បាល់​បោះ​ និង​កីឡា​បាញ់​កាំភ្លើង ស៊ុំ សុខា បាន​លើក​យក​បទ​ពិសោធ​ន៍ខ្លួន​ឯង មក​ដាស់​ស្មារតី​ដល់​ក្រុម​កីឡាករ ​កីឡាការិនី​វាយ​កូន​បាល់​កម្ពុជា​ ឱ្យ​បង្កើន​ការ​ខំ​ពង្រឹង​សមត្ថ​ភាព​ខ្លួន​ឯង ជាពិសេស​អ្នកដែល​ដណ្តើម​មិនបាន​មេដាយ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ​នេះ គឺ​ត្រូវ​ខំ​ប្រឹង​ទ្វេដង បើ​ប្រៀប​ទៅនឹង​អ្នក​ដែល​គេ​ដណ្តើម​បាន​មេ​ដាយ​។​

​អ្នក​ស្រី ស៊ុំ សុខា ដែល​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​២ពី​ការ​ប្រកួត​បាញ់​កាំភ្លើង​នៅ​ស៊ី​ហ្គេមឆ្នាំ​ ១៩៩៧ នៅ​ប្រទេស​ឥណ្ឌូនេ​ស៊ី​នោះ​បាន​សង្កត់​ធ្ងន់​ថា​៖ «​ខ្ញុំ​ជា​អតីត​កីឡា​ការិនី​ ១ ​រូប ហើយ​បើ​ខ្ញុំ​លេង​អ្វី ទាល់​តែ​ខ្ញុំ​ឈ្នះ​គេទើប​អស់ចិត្ត គឺ​ខ្ញុំ​ប្រឹង​យក​ឈ្នះ​គេ ទាល់​តែ​ខ្ញុំ​បាន​មេ​ដាយ ​អ៊ីចឹង​ចំពោះ​ប្អូនៗ ដែល​ជា​កីឡាក​រ កីឡា​ការិនី​ជំនាន់​ក្រោយ ​ត្រូវតែ​ខំ​ប្រឹង​ប្រែង​ឱ្យ​បាន​ខ្លាំង ​ដើម្បី​លេង​តំណាង​ឱ្យ​ជាតិ​»​។​

«​ចំពោះ​អ្នក​ដណ្តើម​មេដាយ​ក៏ត្រូវ​ពង្រឹង​សមត្ថ​ភាព​ថែម​ទៀត​...ចំណែក​អ្នក​មិន​ដណ្តើម​មេ​ដាយ​វិញ​យើង​ត្រូវ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​បន្ថែម​ទៀត​។បាន​ន័យ​ថា គេ​បាន​មេដាយ​យើង​អត់​បាន​មេដាយ​ អ៊ីចឹង​យើង​ត្រូវ​ខំ​ហាត់​១​ទៅជា​២គឺ​ក្នុងនាម​ជា​កីឡាករ​ កីឡាការិនី ​យើង​ត្រូវមាន​ឆន្ទៈ និង​តាំង​ចិត្ត​ថា ត្រូវ​ខំប្រឹង​យក​ឈ្នះ​គេ​វិញ​ឱ្យបាន​»​។​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​ស្រី​ឧត្ដម​សេនីយ៍​ទោ ​ស៊ុំ សុខា ​។​

​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​នេះ ​ប្រភេទ​កីឡា​វាយ​កូន​បាល់មានតែ​ ៤​ វិញ្ញាសា​ទេ ហើយ​ជា​លទ្ធផ​ល កីឡាករ ​ប៊ុន កេ​ន្នី បាន​ក្លាយជា​ម្ចាស់​ជើង​ឯក លើ​វិញ្ញាសា​ឯកត្ត​ជន​បុរស ​រីឯ​លេខ​២​បាន​ទៅ ឡុង ​សំនៀង​លេខ​៣ ឃ្លាំង​ ពន្លក ។ចំណែក​វិញ្ញា​សា​ឯកត្តជន​នារី​ លេខ​១​បាន​ទៅ​កី​ឡាការិនី ញ៉ែម ស្រី​ណុ​ច លេខ​ ២ ឡៅ ​ពេជ្រ​រស្មី និង​លេខ​៣​ កីឡា​ការិនី ច័ន្ទ ​សុវណ្ណ​លីន​ណា​។​

​ចំពោះ​វិញ្ញា​សា​ប្រកួត​វាយ​គូ​បុរស​វិញ កីឡាករ ឡុង ​សំនៀង និងឱ សារិទ្ធ បាន​រួមគ្នា​ដណ្តើម​បាន​មេដាយ​មាស បន្ទាប់ពី​បាន​យក​ឈ្នះ​កីឡាករ ឃ្លាំង​ពន្លក និង អ៊ិត ប៊ុន​ធា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ និង​លេខ​៣​បាន​ទៅ ឈាង ​ច័ន្ទ​មុន្នី និង​ស្រឿ​ម កក្កដា ​ហើយ​វាយ​គូ​បុ​រ​ស-​នារី លេខ ​១ បាន​ទៅ​កីឡា​ការិនី ​ញ៉ែម ស្រី​ណុ​ច និង​កីឡាករ​ញ៉ែម ​សុភ​ត្រា លេខ ​២​ កីឡា​ការិនី ច័ន្ទ សុវណ្ណ​លីន​ណា និង​កីឡាករ ឃ្លាំង ​កក្កដា លេខ​៣​កីឡា​ការិនី ឡៅ ពេជ្រ​រស្មី និង​កីឡាករ​ វ៉ាន់ សិទ្ធ​។​

​តាម​រយៈ​ការប្រកួត​អស់​រយៈ​ពេល​ ៥​ ថ្ងៃ ទៅលើ​វិញ្ញាសា​ទាំង​ ៤ ​នេះ ​លោក​ ជា ពៅ គណៈ​កម្មការ​រៀបចំ​កា​រ​ប្រកួត បាន​វាយ​តម្លៃ​ថា​៖«​យើង​ឃើញ​ថា ការ​ប្រកួត​ឯកត្ត​ជន​បុរស និង​នារី ទាំង​សមត្ថ​ភាព និង​កម្រិត​បច្ចេក​ទេស មានការ​កើន​ឡើង ជាពិសេស​កីឡាករ​ជម្រើស​ជាតិ ប៊ុន កេ​ន្នី គឺ​ទាំង​កម្រិត​បច្ចេក​ទេស ភាព​អំណត់ និង​វិន័យ​ល្អ ចំណែក​កីឡា​ការិនី ញ៉ែម ស្រី​ណុ​ច តាំងពី​មកពី​ស៊ី​ហ្គេម នៅ​វៀត​ណាម គាត់​ខិតខំ​ហ្វឹក​ហាត់ ធ្វើឱ្យ​សមត្ថ​ភាព​របស់​គាត់ ​មាន​ការ​កើន​ឡើង​ដែរ​»​។​

​យ៉ាង​ណា​ក៏​ដោយ លោក ជា ពៅ ដែល​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​វាយ​កូន​បាល់​កម្ពុជា ​ផង​នោះ ​បាន​អះ​អាងថា​ ទាំង​កីឡាករ ​កីឡាការិនី​ជម្រើស​ជាតិ ទាមទារ​ត្រូវ​ចេញ​ទៅ​ហ្វឹក​ហាត់ ​និង​ប្រកួត​នៅក្រៅ​ប្រទេស​ឱ្យបាន​ច្រើន ​ព្រោះ​នេះ​ជា​ចំណុច​ខ្វះខាត​ដែល​យើង​ត្រូវតែ​បំពេញ​ឱ្យ​បាន​ល្អ ដើម្បី​ឈានទៅ​ដណ្តើម​យក​មេដាយ​ជូន​ជាតិ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ ដោយ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​នេះ ត្រូវ​បាន​ CAMSOC ដាក់​សម្ទុះ ​ត្រូវ​ដណ្តើម​មេដាយ​មាស​ឱ្យបាន​យ៉ាង​តិច​ចំនួន ​១ ជូន​ប្រទេស​ជាតិ​។​

​លោក​ ជា ​ពៅ បាន​បញ្ជាក់​ថា​៖ «​ចំណុច​ខ្វះ​ខាត​របស់​កីឡាករ ​កីឡាការិនី​ជម្រើស​ជាតិ​របស់​យើង គឺ​បទ​ពិសោធន៍​ទាំង​ការហ្វឹក​ហាត់ ​និង​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស ​ហើយ​បច្ចុប្បន្ន​នេះយើង​មិន​សូវ​ផ្តោត​លើ​ការប្រកួត​នៅ​ក្នុង​ស្រុក​ប៉ុន្មាន​ទេ​។យើង​ផ្តោត​ទៅលើ​ឆាក​អន្តរជាតិ​ច្រើន​ជាង​ហេតុនេះ​សម្រាប់​ផែនការ​របស់​សហព័ន្ធ​ក្នុង​ឆ្នាំ​២០២៣​គឺ​យើង​ជំរុញ​ទាំង​កីឡាករ​កីឡាការិនី ទៅ​បោះជំរំ​ហ្វឹក​ហាត់ និង​ប្រកួត​នៅក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន​សម្រាប់​ត្រៀម​ទៅ​ស៊ី​ហ្គេម​ដែល​យើង​មាន​គោល​ដៅ​ដណ្តើម​ឱ្យ​បាន​មេដាយ​មាស​យ៉ាង​តិច​ ១»៕