ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ពានរង្វាន់ «សម្ដេចពិជ័យសេនា ទៀ បាញ់» បានរកឃើញម្ចាស់ខ្សែក្រវាត់ ដែលត្រូវទទួលបានផ្ទះវីឡាមួយខ្នងជាផ្លូវការហើយ នោះគឺជើងខ្លាំង ឈុត សេរីវ៉ាន់ថង បន្ទាប់ពីចៅក្រម បានសម្រេចឱ្យរូបគេ ឈ្នះ ឃីម បូរ៉ា ដោយពិន្ទុមិនឯច្ឆន្ទ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលរៀបចំដោយសង្វៀនប៉ុស្តិ៍លេខ៥ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ចំណែកកីឡាករ វ៉ាន់ វឿន បានចំណាត់ថ្នាក់លេខ៣។
ក្រោមការចូលរួមដោយផ្ទាល់ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ គឺការប្រកួតផ្តាច់ព្រ័ត្ររវាង ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា ពិតជាមានស្វិតស្វាញ និងជក់ចិត្តខ្លាំង ដោយអ្នកទាំង២នេះ បានវ៉ៃប្តូរគ្នាចំនួន៥ទឹកពេញ ជាមួយបច្ចេកទេសដ៏សម្បូរបែបដូចគ្នា។
តាមរយៈការប្រកួតនៅលើទឹកដីខេត្តសៀមរាប កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ ឈុត សេរីវ៉ាន់ថង បានធ្វើឱ្យអ្នកទស្សនារាប់ពាន់នាក់ ដែលបានចូលរួមផ្ទាល់ មានការភ្ញាក់ផ្អើល ជាមួយការប្តូរទម្លាប់ប្រកួតរបស់គេ ដោយលើកនេះ វ៉ាន់ថង បានប្តូរពីការវាយជាប្រយោល និងដកថយ ទៅជាអ្នកចូលវាយលុកវិញ ព្រោះរូបគេដឹងថា ឃីម បូរ៉ា ល្អបច្ចេកទេស តែខ្សោយកម្លាំង ហើយ បូរ៉ា ខ្លួនឯង ក៏ធ្លាប់សារភាពថា រូបគេមានសុខភាពមិនសូវអំណោយផល និងរឹងមាំដូចកីឡាករមួយចំនួននោះដែរ។
តែទោះបីជាយ៉ាងណា ការតតាំងគ្នាចំនួន៥ទឹកពេញ ត្រូវបានគេមើលឃើញថា ការចេញរបស់ ឃីម បូរ៉ា មានគុណភាពជាង ដោយចូលចំគោលដៅបានច្រើនជាង ឈុត សេរីវ៉ាន់ថង។ វ៉ាន់ថង បានព្យាយាមវាយចេញច្រើនដូចគ្នា តែការវាយចេញមួយចំនួនរបស់គេ ត្រូវបាន បូរ៉ា បិទជាប់ និងគេចផុត ហើយជាមួយសកម្មភាពនេះ បានធ្វើឱ្យអ្នកតាមដានការប្រកួត ធ្វើការវាយតម្លៃ មុនប្រកាសលទ្ធផលថា ឃីម បូរ៉ា នឹងត្រូវបានលើកដៃឱ្យឈ្នះ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ នៅក្នុងការប្រកួតនេះ។
ប៉ុន្តែផ្ទុយទៅវិញ អារម្មណ៍ខកចិត្តសម្រាប់អ្នកគាំទ្រភាគច្រើន បានកើតមានឡើង នៅពេលពិធីករ បានប្រកាសលទ្ធផលផ្លូវការ ដោយក្នុងនោះ ចៅក្រម៣នាក់ បានផ្តល់ពិន្ទុឱ្យ ឈុត សេរីវ៉ាន់ថង ឈ្នះ រីឯ២នាក់ទៀត បានសម្រេចឱ្យ ឃីម បូរ៉ា ឈ្នះ ជាហេតុនាំឱ្យ វ៉ាន់ថង ឈ្នះ បូរ៉ា ដោយពិន្ទុមិនឯកច្ឆន្ទ ៣-២។
ជាមួយការកាត់សេចក្តីនេះ បានធ្វើឱ្យអ្នកគាំទ្រភាគច្រើន រិះគន់ខ្លាំង ហើយបានទម្លាក់កំហុសគ្រប់យ៉ាងទៅលើចៅក្រមរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយពួកគេ បានចោទប្រកាន់ចៅក្រមទាំង៣នាក់ ដែលបានផ្តល់ពិន្ទុឱ្យ ឈុត សេរីវ៉ាន់ថង ថា មានភាពលម្អៀងខ្លាំង ដាក់ពិន្ទុផ្ទុយទៅនឹងស្ថានភាពប្រកួតជាក់ស្តែង នាំឱ្យកីឡាករ ដែលត្រូវឈ្នះ បែរជាចាញ់វិញ ដ៏អយុត្តិធម៌បំផុត ហើយគិតមកដល់ពេលនេះ សម្ទុះនៃការរិះគន់នេះ នៅមិនទាន់ថមថយ នៅឡើយទេ។
យ៉ាងណាក៏ដោយ នៅក្នុងហេតុការណ៍នេះ ភាគីរបស់ ឃីម បូរ៉ា មិនមានការដាក់ពាក្យប្តឹងជំទាស់ប្រឆាំងទៅនឹងការកាត់សេចក្តីនេះទេ។ ចំណែក ឃីម បូរ៉ា ផ្ទាល់ ក៏បានសម្តែងការខកចិត្ត និងសោកស្តាយ ចំពោះលទ្ធផលនេះ ប៉ុន្តែបុរសមិនសូវបានមាត់ករូបនេះ បានអះអាងថា រូបគេ ទទួលយកនូវលទ្ធផលនេះ បើទោះបីជានៅមុននេះ បូរ៉ា បានបង្ហោះអារម្មណ៍ផ្ទាល់ខ្លួនថា «ខ្ញុំក៏ចេះអត់ចិត្តដែរ» ក៏ដោយ។
ឃីម បូរ៉ា បានប្រាប់ប្រព័ន្ធផ្សាយក្នុងស្រុកថា៖ «ខ្ញុំស្តាយ ប៉ុន្តែសម្រាប់ការកាត់សេចក្តី ខ្ញុំមិននិយាយអីច្រើនទេ គ្រាន់តែខ្ញុំខ្លួនឯងផ្ទាល់ គិតថា ខ្ញុំគួរតែឈ្នះហើយ ព្រោះខ្ញុំវ៉ៃគាត់ចូលច្រើនជាង នៅទឹកទី១ ទី២ និងទឹកទី៣ ហើយនៅទឹកទី៤ ខ្ញុំទទួលស្គាល់ថា គាត់វ៉ៃខ្ញុំត្រូវច្រើនជាង។ តែទោះបីជាយ៉ាងណា លទ្ធផលនេះ ខ្ញុំទទួលយកបាន អត់អីទេ ហើយសម្រាប់ខ្ញុំ ក៏ចូលរួមអបអរដល់ វ៉ាន់ថង ដែលទទួលបានខ្សែក្រវាត់ និងផ្ទះវីឡានេះ»។
តាមរយៈការទទួលបានជ័យជម្នះ និងក្លាយជាម្ចាស់ខ្សែក្រវាត់ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពានរង្វាន់ «សម្ដេចពិជ័យសេនា ទៀ បាញ់» នេះ ឈុត សេរីវ៉ាន់ថង ទទួលបានផ្ទះវីឡា១ខ្នង អមដោយប្រាក់រង្វាន់ចំនួន ៦ លានរៀល ចំណែកអ្នកលេខ ២ ឃីម បូរ៉ា បានប្រាក់រង្វាន់ចំនួន ៥ លានរៀល និងដីឡូតិ៍ ២ ប្លង់ ដោយមានទទឹង ១០ ម៉ែត្រនិងបណ្តោយ ២០ ម៉ែត្រ (១០x២០ម៉ែត្រ)។
ចំណែកការប្រកួតដណ្តើមយកលេខ ៣ និងលខ ៤ វិញ អ្នកលេងកាំភ្លើងខ្លី វ៉ាន់ វឿន បានយកឈ្នះលើ សូត្រ វាសនា ដោយពិន្ទុដាច់ ៥-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ អមដោយប្រាក់រង្វាន់ ៤ លានរៀល រីឯ សូត្រ វាសនា បាន ៣ លានរៀល ហើយអ្នកទាំង ២ នេះ ទទួលបានដីឡូតិ៍ ទំហំ ៥x២០ ម៉ែត្រ នៅភូមិឋានសំណាង ក្នុងខេត្តសៀមរាប ដូចគ្នា៕