ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី៧ ឆ្នាំ ២០២២ នៅលើភ្នំបូកគោ ដើម្បីស្វែងរកមូលនិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ជា កាលពីថ្ងៃសៅរ៍ និងអាទិត្យ បានបញ្ចប់ដោយជោគជ័យ ដោយអ្នកចូលរួមប្រកួតទាំងអស់ បានបង្ហាញភាពសប្បាយរីករាយ និងគាំទ្រពេញទំហឹង សម្រាប់សកម្មភាពសប្បុរសធម៌ ដែលររៀបចំដោយសណ្ឋាគារឋានសួគ៌សុខា មួយនេះ។
នាយកផ្នែកលក់នៃសណ្ឋាគារសុខា លោក កែវ សិទ្ធ បានថ្លែងថា៖ «ការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំលើភ្នំបូកគោរយៈពេល ២ ថ្ងៃនេះ មានអ្នកស្នេហាកីឡាចូលរួមសរុបប្រមាណ ៧០០ នាក់ ក្នុងនោះអ្នកចូលរួមរត់ប្រណាំងជាង ៥០០ នាក់ និងអ្នកចូលរួមប្រណាំងកង់ជាង ១០០ នាក់ ហើយក្រៅពីជនជាតិខ្មែរ ក៏មានជនជាតិបរទេសចូលរួមច្រើននាក់ផងដែរ ដើម្បីគាំទ្រដល់កម្មវិធីនេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ មិត្តភាព សាមគ្គីភាព និងបង្កប់នូវអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន»។
សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី៧ ឆ្នាំ ២០២២ នៅលើភ្នំបូកគោនេះ រួមមានការរត់ពាក់កណ្តាលម៉ារ៉ាតុង (ចម្ងាយ ២១ គីឡូម៉ែត្រ) ១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ និងការរត់បែបកម្សាន្តលក្ខណគ្រួសារ ៣ គីឡូម៉ែត្រ ព្រមទាំងការប្រណាំងកង់ ៣២ គីឡូម៉ែត្រ ដែលជាឱកាសដ៏ល្អ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកចូលរួមនានា។
បន្ថែមទៅលើការរត់ប្រណាំង និងជិះកង់នេះ ក៏មានសកម្មភាពកម្សាន្តផ្សេងៗទៀត ដូចជាការប្រគំតន្រ្តីផ្ទាល់ រួមនឹងស្តង់លក់អាហារ និងភេសជ្ជៈនៅបរិវេណខាងក្រៅសណ្ឋាគារ ក្រោមរាត្រីដ៏សែនមនោរម្យ ហើយភ្ញៀវចូលរួមទាំងអស់ អាចជ្រើសរើសការស្នាក់នៅ នៅសណ្ឋាគារប្រណីត ឋានសួគ៌សុខា ឬសណ្ឋាគារឡឺបូកគោផាឡេស ឬក៏ទទួលយកបទពិសោធពីការបោះតង់ផងដែរ។
ជាមួយគ្នានេះ ដោយសារព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងតំបន់ទេសចរណ៍ជាច្រើននោះ គឺអ្នកចូលរួមអាចស្វែងយល់ និងកម្សាន្តជាមួយនឹងការផ្សងព្រេងផ្សេងៗផងដែរ។
ក្រោយបញ្ចប់ការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី ៧ នេះ កីឡាករ កីឡាការិនី បានបង្ហាញភាពសប្បាយរីករាយ ចំពោះការចូលរួម ក្រោមការរៀបចំរបស់គណៈកម្មការបច្ចេកទេសប្រកបដោយភាពសុក្រឹត យុត្តិធម៌ និងរៀបចំបានល្អប្រសើរ ប្រកបដោយអាកាសធាតុបរិសុទ្ធ លើកំពូលភ្នំបូកគោ។ ក្រុមអត្តពលិកទាំងនេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នករៀបចំព្រឹត្តិការណ៍ ដែលដំណើរការដោយរលូន ហើយពួគគេក៏បានសំណូមពរឱ្យរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានច្រើនលើកក្នុង ១ ឆ្នាំៗ ដើម្បីមានឱកាសកាន់តែច្រើន ក្នុងការរួមគ្នាស្វែងរកថវិកា ជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។
យ៉ាងណាក៏ដោយ សម្រាប់ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី ៧ ឆ្នាំ២០២២ រួមទាំងការរៀបចំឱ្យមាននៅកម្មវិធីផ្សេងៗទៀត នៅលើភ្នំបូកគោនេះ គឺអ្នករៀបចំ នៅមិនទាន់បានបង្ហាញពីចំនួនទឹកថវិកាជាក់លាក់ ដែលទទួលបាននៅឡើយទេ ប៉ុន្តែលោក កែវ សិទ្ធ បានបញ្ជាក់ថា៖ «នេះជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ ហើយទឹកប្រាក់ ដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគជូនទៅមន្ទីរពេទ្យគន្ធបុប្ផា»។
ចំពោះលទ្ធផលជយលាភី សម្រាប់ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ២១ គីឡូម៉ែត្រ លេខ១ បានទៅកីឡាករ ម៉ា វីរ៉ូ លេខ២ ម៉ឺន ឯម និងលេខ៣ សម រចនា។ រីឯរត់ចម្ងាយ ១០ គីឡម៉ែត្រផ្នែកបុរស លេខ១ កីឡាករ កាង ធឿន លេខ២ ហ៊ុយ ស៊ាង លេខ៣ សួស សេរីរដ្ឋា ខណៈ ១០ គីឡូម៉ែត្រផ្នែកនារី លេខ១ បានទៅកីឡាការិនី ស្នូត រីដា លេខ២ លាង ចន្ធី និងលេខ៣ សូយ សុភា។ ក្រៅពីនេះក៏មានជយលាភី ៥ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ ដែលទទួលបានរង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍ផងដែរ។
ដោយឡែក សម្រាប់ជយលាភីផ្នែកប្រណាំងកង់ ៣២ គីឡូម៉ែត្រ វិញ គឺវិញ្ញាសាសម្រាប់អ្នកជំនាញកម្រិតខ្ពស់ (Elite) គឺលេខ ១ បានទៅកីឡាករជម្រើសជាតិ សាន ណាម៉ាវ លេខ ២ កីឡាករ សីហា និងលេខ៣ កែវ សុផា ខណៈជយលាភីលើវិញ្ញាសាបើកទូលាយ (Open) និង Master ក៏ត្រូវបានរកឃើញពីលេខ១ ដល់លេខ៥ដូចៗគ្នាផងដែរ៕