ភ្នំពេញ៖ ការ​ព្យាយាមអស់​រយៈពេលជា​ច្រើន​ឆ្នាំ​របស់​កម្ពុជា ក្នុងការ​ដាក់​ «គុនល្បុក្កតោ» ចូលទៅ​ក្នុង​បញ្ជីបេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបីនៃមនុស្សជាតិ បានទទួល​ជោគ​ជ័យជាទីមោទនភាពជាតិ​ហើយ បន្ទាប់ពី​គណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌអរូបី​នៃអង្គការយូណេស្កូ​ បានគោះញញួរ សម្រេចចុះបញ្ជី​បេតិកភណ្ឌអរូបីនៃមនុស្សជាតិ​ «គុនល្បុក្កតោ» ជា​ផ្លូវ​ការ​រួចមក។

បើតាមព័ត៌មាន​បឋម ដែល​លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាប​ជូន​មក​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​យប់ថ្ងៃអង្គារ​ម្សិល​​មិញនេះ បានឱ្យ​ដឹង​ថា «គុនល្បុក្កតោ» ត្រូវបាន​ដាក់​បញ្ចូលជា​សម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅ​ក្នុងកិច្ច​ប្រជុំ នៅប្រទេស​ម៉ារុក។

លោក​ស្រី ភឿង សកុណា ដែល​កំពុង​ដឹកនាំប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំលើក​ទី​១៧​ គណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌអរូបី​ នៃអង្គការយូណេស្កូ នៅ​ប្រទេសម៉ារុក នោះ បានជម្រាបជូន​លោក​ ហ៊ុន សែន ថា៖ ​«សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់​ នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា​ ក្នុងកិច្ចប្រជុំលើក​ទី​១៧​ គណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌអរូបី​ នៃអង្គការយូណេស្កូ​ បានគោះញញួរ សម្រេចចុះបញ្ជី​បេតិកភណ្ឌ​អរូបីនៃមនុស្សជាតិ​ «គុនល្បុក្កតោ» នៅថ្ងៃទី​ ២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៦:៣១ នាទី ម៉ោងនៅទីក្រុង​រ៉ាបាត​ ប្រទេស​ម៉ារុក​ ត្រូវគ្នា​នឹងម៉ោង​ ២២:៣១ នាទី​ នៅប្រទេសកម្ពុជាយើង»។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បាន​ជម្រាបជូនលោក​នាយក​រដ្ឋមន្រ្តី​បន្ថែម​ថា៖ «ឯកសារនានា​ រួមទាំងវីដេអូផងនោះ​ នាងខ្ញុំបានផ្ញើ​ជូនខុទ្ទកាល័យសម្តេច រួចស្រេចអស់ហើយ។ នាងខ្ញុំសូមគោរពជម្រាបជូនព័ត៌មានត្រឹមនេះសិន​ ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡើយ»។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពេល​ចូល​រួម​ក្នុង​កិច្ចប្រជុំ នៅប្រទេស​ម៉ារុក។ រូប​ថត សហការី

ជាមួយគ្នា​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា ដែល​​ជាស្ថាបនិកសំខាន់ម្នាក់ ក្នុងការ​ជួយ​ជ្រោមជ្រែង​ដាក់​ «គុនល្បុក្កតោ» ទៅ​អង្គការ​យូណេស្កូបាន​ថ្លែង កាលពី​យប់​ថ្ងៃ​អង្គារ​​ថា៖ ​«​នៅវេលា​ម៉ោង ១០:៣១ យប់​ថ្ងៃទី ​២៩ ខែវិច្ឆិកា​នេះ គឺ​អង្គការ​យូណេស្កូ បានចុះបញ្ជី​គុន​ល្បុក្កតោ ទៅ​ក្នុង​បញ្ជីសម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​​​អរូបីនៃមនុស្សជាតិហើយ»។

អគ្គលេខាធិការ​សហព័ន្ធ​កីឡាគុនល្បុក្កតោកម្ពុជា លោក វ៉ាត់ ចំរើន ​បានបន្ថែម​ថា៖ «យើងបានសម្រេច​ជា​ស្ថាពរ ក្នុងការ​ដាក់គុន​ល្បុក្កតោ ចូល​ជា​សម្បត្តិបេតិកភណ្ឌ​អរូបី​នៃ​ពិភព​លោក​ហើយ ដូច្នេះនេះ​ជា​ការ​អបអរ​សាទរសម្រាប់ការ​ព្យាយាម​របស់​កម្ពុជាក្នុង​ការដាក់បញ្ចូលមួយ​នេះ។ យើង​បានព្យាយាម និង​​ខិតខំ​ធ្វើការងារ​​នេះ អស់​រយៈ​​ជា​ច្រើនឆ្នាំ ហើយជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែលបានសម្រិតសម្រាំង និងធ្វើ​ឱ្យ​សម្រេច​បាន ហើយ​សហព័ន្ធ​កីឡាគុន​ល្បុក្កតោ​កម្ពុជា ក៏បាន​ប្រឹង​ប្រែ​លើ​កិច្ច​ការ​នេះដូចគ្នា»៕

ការសម្ដែងក្បាច់គុនល្បុក្កតោ នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍