សៀមរាបៈ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី ២៧ ឆ្នាំ ២០២២ ដែលត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គរ កាលពីថ្ងៃអាទិត្យ ទី ៤ ខែធ្នូ គឺមានអ្នកចូលរួមជិត ៨ ពាន់នាក់ មកពី ៦៩ ប្រទេស ហើយគណៈកម្មការរៀបចំអះអាងថា ការប្រកួតនេះបានបញ្ចប់ដោយរីករាយ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងការជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច នៅខេត្តសៀមរាប។
តាមរបាយការណ៍និងខ្លឹមសារ នៅក្នុងសុន្ទរកថារបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឱ្យដឹងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី ២៧ ឆ្នាំ ២០២២ នេះមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមសរុបចំនួន ៧ ៥៤៣ នាក់ ក្នុងនោះមានអត្តពលិកកម្ពុជា ៥ ៨១៤ នាក់ និងអត្តពលិកអន្តរជាតិចំនួន ១៧២០ នាក់ មកពី ៦៩ ប្រទេសហើយប្រទេសដែលចូលរួមច្រើនជាងគេគឺ អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។
ជាមួយចំនួនអ្នកចូលរួម ដែលមានការកើនឡើងជាងពីឆ្នាំមុននេះ លោកថោង ខុន បញ្ជាក់ថា៖ «បន្ទាប់ពីបុរេព្រឹត្តិការណ៍ ចាប់ផ្តើមក្នុងឆ្នាំ ២០២១ ក្រោយវិបត្តិជំងឺកូវីដ ១៩ គឺនៅថ្ងៃនេះ មានសញ្ញាណបញ្ជាក់ពីការចេញ ដំណើរ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញយ៉ាងលឿន និងមានភាពវិជ្ជមានគួរជាទីសង្ឃឹម ក្នុងការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញបានឆាប់រហ័ស»។
តាមរយៈការនាំយកក្រុមអត្តពលិកជាតិ និងអន្តរជាតិចំនួន ៧ ៥៤៣ នាក់ ទៅបង្ហាញវត្តមាននៅលើទឹកដីខេត្តសៀមរាបនេះ លោក ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះ បានអះអាងថា ដោយសារទេសចរណ៍នៅកម្ពុជា ចាប់ផ្តើមមានសុវត្ថិភាពវិញក្រោយរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩។
លោកថា៖ «ពិតណាស់ កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមុនគេ និងផ្តល់នូវភាពកក់ក្តៅជាទីបំផុត ក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»។
សម្រាប់ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ ២០២២ នេះ រួមមានការរត់ពាក់កណ្តាលម៉ារ៉ាតុង ចម្ងាយ ២១ គីឡូម៉ែត្រ ដោយមានអ្នកចូលរួម ១ ៧៦០ នាក់និងជនពិការប្រណាំងរទេះ ២២ នាក់ រីឯអ្នករត់ចម្ងាយ ១០ គីឡូម៉ែត្រ មានអ្នកចូលរួម ៣ ៤០៤ នាក់ និងជនពិការ ៥០ នាក់ ចំណែករត់៥គីឡូម៉ែត្រ មានអ្នករត់ ១ ៤៣៨ នាក់ ហើយការរត់កម្សាន្ត ៣ គីឡូម៉ែត្រ មានអ្នករត់ ៨៦០ នាក់។
ជាលទ្ធផលនៃការប្រកួតកាលពីព្រឹកថ្ងៃទី ៤ ធ្នូ ត្រូវបានគណៈកម្មការរៀបចំការប្រកួតបានអះអាងថា ព្រឹត្តិការណ៍កីឡាបែបទេសចរណ៍មួយនេះ បានបញ្ចប់ដោយរលូន ហើយចំនួនអ្នកចូលរួម ៧ ៥៤៣ នាក់នេះ គឺមានការកើនឡើងច្រើនជាងការប្រកួត កាលពីឆ្នាំ ២០២១ ដែលកម្ពុជា បានចាប់ផ្តើមរៀបចំព្រឹត្តិការណ៍នេះ សាជាថ្មី ឬបុរេព្រឹត្តិការណ៍បន្ទាប់ពីបានផ្អាក ដោយសារវិបត្តិជំងឺកូវីដ ១៩។
លោកវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាគណៈកម្មការរៀបចំការប្រកួតនេះបានថ្លែងថា៖ «ទិវារត់ប្រណាំងរបស់យើងលើកនេះមានអ្នកចូលរួមច្រើន គឺកើនឡើងជាងពីឆ្នាំមុន ដោយសារឆ្នាំមុន ជាឆ្នាំទី ១ នៃបុរេព្រឹត្តិការណ៍ ដែលមានអ្នកចូលរួមតិចតួចណាស់គឺតែប៉ុន្មានរយនាក់ទេ ប៉ុន្តែលើកនេះ មានជិត ៨ ពាន់នាក់ ហេតុនេះយើងឃើញថា វាជាសភាពការណ៍មួយ ដែលបង្ហាញពីវិជ្ជមានល្អ សម្រាប់ឆ្នាំក្រោយទៀត»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អះអាងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកនេះ បានដំណើរការទៅដោយរលូន និងមានសុវត្ថិភាពល្អ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរកើតឡើងទេ គឺកីឡាករ កីឡាការិនីបានមកដល់ទី ដោយសប្បាយរីករាយ ដោយសារគ្រប់ទីកន្លែងនៃការរត់ទាំងអស់ យើងមានរៀបចំទឹក ព្រមទាំងមានពេទ្យ និងអ្នកសម្រាប់ការពារសុវត្ថិភាព។
លោកបញ្ជាក់ថា៖ «យើងមានបញ្ហាតិចតួចដែរដោយអ្នកខ្លះរត់ទៅអស់ជាតិទឹក និងមានការនឿយហត់ច្រើន ប៉ុន្តែយើងអាចសង្គ្រោះទាន់ពេល ដោយសារប្រព័ន្ធការពារសុវត្ថិភាពរបស់យើងមានគ្រប់ទីកន្លែង អ៊ីចឹងព្រឹកនេះ យើងទទួលបាននូវចំណាត់ថ្នាក់ដ៏ល្អហើយយើងក៏បានលើកតម្កើងនូវកីឡាជនពិការរបស់យើងថែមទៀត។ ដូច្នេះជាទូទៅអ្នកចូលរួមទាំងអស់ មានភាពសប្បាយរីករាយ ហើយយើងសង្ឃឹមថានៅឆ្នាំក្រោយ យើងនឹងមានអ្នកចូលរួមពីជាង ៧ ពាន់នាក់នេះ ទៅជិត ១ ម៉ឺននាក់ បើសិនជាស្ថានភាពនៅតែល្អបែបនេះ»។
ទន្ទឹមនឹងនេះ អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានចាប់អារម្មណ៍ខ្លាំងទៅលើការកើនឡើងនៃចំនួនអ្នកចូលរួមជាជនបរទេស ពិសេសក្រុមអត្តពលិកមកពីប្រទេសឆ្ងាយៗដូចជាអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ដែលវត្តមានរបស់អ្នកទាំងនេះ វាជាការបើកផ្លូវកាន់តែធំ ក្នុងការស្រូបទាញយកភ្ញៀវទេសចរជាច្រើនទៀតឱ្យមកលេងនៅកម្ពុជា ដើម្បីឱ្យព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ អាចទទួលបានចំណូលកាន់តែច្រើន ក្នុងការយកទៅជួយដល់មន្ទីរពេទ្យ និងអង្គការជាច្រើនទេ។
លោកសង្កត់ធ្ងន់ថា៖ «ការរត់នេះគឺរត់ដើម្បីទេសចរណ៍ និងស្តារឡើងវិញនៃទេសចរណ៍ ព្រមទាំងរត់ដើម្បីសប្បុរសធម៌ ជួយដល់ជនរងគ្រោះដោយសារមីន ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ដែលយើងតែងតែផ្តល់ជូនជារៀងរាល់ឆ្នាំ។ អ៊ីចឹងអ្វីដែលយើងធ្វើគឺដើម្បីសប្បុរសធម៌។ យើងសង្ឃឹមថា នៅឆ្នាំក្រោយ យើងនឹងធ្វើឱ្យបានល្អជាងនេះទៀត និងគ្រប់គ្រងការរៀបចំឱ្យកាន់តែប្រសើរ»។
សម្រាប់លទ្ធផលនៃការប្រកួតរត់ប្រណាំងចម្ងាយ ២១ គីឡូម៉ែត្រ ផ្នែកបុរសចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករខ្មែរ-ជប៉ុន Takizaki Kuniaki ដោយប្រើថិរវេលា ១:១៨:១៣.៩២ ម៉ោង លេខ ២ កីឡាករកម្ពុជា គង់ សម្បត្តិ ដោយប្រើពេល ១:១៩:១៥.៣៩ ម៉ោង ហើយលេខ ៣ បានទៅកីឡាករជប៉ុន Takaki Miyake ដោយចំណាយពេល ១:២០:៤៩.៦០ ម៉ោង។
ចំណែករត់ប្រណាំង ២១ គីឡូម៉ែត្រផ្នែកនារី លេខ ១ បានទៅកីឡាការិនីរបស់អាមេរិក Nickel Lindsey ដោយប្រើថិរវេលា ១:៣៤:៤៧.៦៣ ម៉ោង លេខ ២ កីឡាការិនីមកពីហ្វាំងឡង់ Rou ttinen Teija ដោយចំណាយពេល ១:៣៧:០២.៧០ ម៉ោង និងកីឡាការិនីជប៉ុន Ota Natsuko បានប្រើពេល ១:៤១:១៣.៩៣ ម៉ោង ដើម្បីទទួលលេខ ៣ ចំណែកការប្រកួតវិញ្ញាសាផ្សេងទៀតក៏បានកំណត់ចំណាត់ថ្នាក់យ៉ាងច្បាស់លាស់ និងត្រឹមត្រូវពីគណៈកម្មការរៀបចំការប្រកួតផងដែរ។
យ៉ាងណាមិញ សម្រាប់ការត្រៀមទិវារត់ប្រណាំង ម៉ារ៉ាតុងចក្រភពខ្មែរ នៅខែសីហា និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី ២៨ នៅខែធ្នូ ឆ្នាំ ២០២៣ លោក វ៉ាត់ ចំរើន បានឱ្យដឹងថា នឹងរៀបចំឱ្យមានកម្មវិធីសិល្បៈ បន្ថែមទៅលើម៉ារ៉ាតុងនេះ ដើម្បីបង្កើនភាពសប្បាយរីករាយដល់អ្នកចូលរួមបន្ថែមទៀត ខណៈគិតត្រឹមឆ្នាំ ២០២២ នេះ ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ មានអាយុកាលនៅលើទឹកដីអង្គរ ចំនួន ២៧ ឆ្នាំហើយ។
លោកបានបញ្ជាក់ថា៖ «ក្នុងរយៈពេល ២៧ ឆ្នាំនេះ ព្រឹត្តិការណ៍កីឡារបស់យើងបានជួយច្រើនណាស់។ ជាក់ស្តែងពេលនេះ មានអ្នកចូលរួមជាង ៧ ពាន់នាក់ ដែលត្រូវមកស្នាក់នៅ និងហូបចុក ២ ទៅ ៣ ថ្ងៃនៅខេត្តសៀមរាបដែលបានធ្វើឱ្យប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប សណ្ឋាគារស្នាក់នៅ និងការលក់ដូរផ្សេងៗទៀត ទទួលបានផលកម្រៃចូលយ៉ាងច្រើន។ អ៊ីចឹងយើងបានចុះចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសង្គមតូចៗបានច្រើន»។ «ក្រៅពីនេះ យើងក៏បានលើកកម្ពស់វិស័យកីឡា និងសុខភាពសាធារណៈ ហើយ ៥ ឆ្នាំទៅមុខទៀត យើងនឹងធ្វើឱ្យព្រឹត្តិការណ៍កីឡា នៅអង្គរនេះ កា្លយជាមេដែកមួយដែលអាចឆក់យកទេសចរកីឡាហ្នឹង ចូលមកប្រទេសកម្ពុជារាប់ម៉ឺននាក់ជាបន្តទៀត។ អ៊ីចឹងជាការកត់សម្គាល់របស់គណៈកម្មការ ក្រសួងទេសចរណ៍ និង NOCC ក្រោមការដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយ ក៏ដូចជាគោលការណ៍ច្បាស់លាស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺយើងតែងតែធ្វើការងារដោយយកចិត្តទុកដាក់ និងធ្វើការដើម្បីបម្រើជាតិ និងបម្រើសេដ្ឋកិច្ចសង្គមរបស់យើង តាមរយៈសកម្មភាព និងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ»។ លោក វ៉ាត់ ចំរើន បានបន្ថែម៕