ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់ប៉េណាល់ទីបញ្ចូលទី១គ្រាប់ ហើយខ្សែប្រយុទ្ធវ័យក្មេង Julian Alvarez បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុមជម្រើសជាតិអាហ្សង់ទីន បានផ្តួលក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ដើម្បីឈានទៅប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ជាលើកទី២ក្នុងរយៈពេល៨ឆ្នាំ។
ក្រុមម្ចាស់ជើងឯកពិភពលោក២សម័យកាលមួយនេះ ដែលត្រូវបានគាំទ្រដោយអ្នកគាំទ្រជាច្រើនពាន់នាក់នៅកីឡដ្ឋាន Lusail បានបង្ហាញពីទម្រង់លេងយ៉ាងល្អបំផុតរបស់ពួកគេប្រចាំយុទ្ធនាការនេះ ដើម្បីធានាថា ពួកគេនឹងត្រូវជួបជាមួយនឹងក្រុមឈ្នះពីក្នុងជំនួបវគ្គពាក់ពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត នៅរាត្រីថ្ងៃពុធនេះ រវាងក្រុមម្ចាស់ការពារជើងឯកបារាំង និងម៉ារ៉ុក ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។
Mess វ័យ៣៥ឆ្នាំ ដែលបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៤នោះ កំពុងតែសង្ខឹមថា អាចបំពេញអាជីពដ៏អស្ចារ្យរបស់គេ តាមរយៈការឈ្នះពាន World Cup ជាលើកដំបូងរបស់គេ និងជាលើកទី៣សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយពីពួកគេបានឈ្នះក្នុងឆ្នាំ១៩៧៨ និងឆ្នាំ១៩៨៦។
ក្រោយពីបានជួយឲ្យក្រុមខ្លួនធ្វើដំណើរទៅកាន់ជ័យជម្នះជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីបញ្ចូលទីយ៉ាងល្អ តារាឆ្នើមរូបនេះ បានធ្វើឲ្យជ័យជម្នះរបស់ពួកគេមានភាពច្បាស់លាស់ តាមរយៈការជួយឲ្យមិត្តរួមក្រុមខ្លួនរកបានគ្រាប់បាល់ទី៣។
ក្រោយពីបានអបអរពីមុខអ្នកគាំទ្រដ៏ច្រើនកុះកររបស់ខ្លួន ដែលបានធ្វើដំណើរទៅកាន់ប្រទេសកាតានោះ Messi បាននិយាយថា៖ «នេះគឺជាការប្រកួតដ៏រំភើប ហើយយើងធ្វើបានហើយ។ យើងនឹងធ្វើដំណើរទៅលេងក្នុងវគ្គផ្តាច់ព្រ័ត្រម្តងទៀត។ អាហ្សង់ទីន ទៅវគ្គផ្តាច់ព្រ័ត្រ ម្តងទៀតហើយ»។
ជាមួយគ្នានេះ ក្រូអាស៊ី ដែលជាជើងឯករងនៅរុស្ស៊ី កាលពី៤ឆ្នាំមុន បានជួបការខកចិត្តដោយសារតែធ្វេសប្រហែសក្នុងតំបន់ការពារ ខណៈដែលពួកគេបានធ្លាក់ចេញត្រឹមវគ្គ៤ក្រុមចុងក្រោយ ជាលើកទី២ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិបារាំង ក្នុងឆ្នាំ១៩៩៨៕