
ការប្រកួតក្បាច់គុណខ្មែរ នៅក្នុងខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។ រូបថត សហការី
ភ្នំពេញៈ កម្ពុជាតាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានសម្រេចលុបចោលការប្រើពាក្យកីឡា Muay ចេញពីការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅខែឧសភា ខាងមុខនេះ ដោយកម្ពុជា បានប្រកាន់ជំហរប្រើពាក្យ «គុនខ្មែរ ឬ Kun Khmer» តែម្តង ដើម្បីបង្ហាញពីកីឡាជាអត្តសញ្ញាណរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះ ទៅតាមការចង់បានរបស់ប្រជាជនកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការសម្រេចប្រើពាក្យ Kun Khmer ជាផ្លូវការ នៅស៊ីហ្គេម ឆ្នាំ ២០២៣ នេះ គឺត្រូវបានធ្វើឡើង ទៅតាមឆន្ទៈរបស់កម្ពុជា ហើយកម្ពុជា បានសរសេរជាលាយលក្ខណ៍អក្សរ ប្រាប់ទៅគណៈកម្មាធិការជាតិ (NOC) របស់ប្រទេសទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួចហើយ។
មន្រ្តីជំនាញផ្នែកកីឡា លោក វ៉ាត់ ចំរើន បានប្រាប់កាលពីថ្ងៃអង្គារថា៖ «យើងបានប្រាប់ទៅ NOC របស់ប្រទេសទាំងអស់ថា យើងប្រើពាក្យ «Kun Khmer» សម្រាប់ការប្រកួតកីឡា Muay សម្រាប់ស៊ីហ្គេម នៅក្នុងប្រទេសរបស់យើង។ យើងមិនខ្វល់ថា អ្នកណាគិតយ៉ាងម៉េចនោះទេ សំខាន់យើងបានប្រាប់ទៅកាន់បណ្តាប្រទេសជាសមាជិករួចហើយថា យើងប្រើប្រាស់ពាក្យគុនខ្មែរ ក្នុងនាមជាម្ចាស់ផ្ទះ»។
យ៉ាងណាក៏ដោយ នៅមុនការសម្រេចប្រើពាក្យ Kun Khmer ជាផ្លូវការនេះ គឺដំបូងឡើយ គណៈកម្មាធិការជាតិ CAMSOC បានប្រើពាក្យកីឡា Mauy ភ្ជាប់ជាមួយគុនខ្មែរ ឬ Kun Khmer (Muay) នៅស៊ីហ្គេម ឆ្នាំ ២០២៣ នេះ ហើយការសម្រេចបែបនេះ ដោយសារកម្ពុជា គោរពទៅតាមធម្មនុញ្ញរបស់ស៊ីហ្គេម ដោយកំណត់ឱ្យគ្រប់ប្រទេស ជាម្ចាស់ផ្ទះស៊ីហ្គេម ទាំងអស់ ត្រូវតែប្រើពាក្យ Muay នេះ គឺមិនអាចអត់ដាក់បានឡើយ។
ប៉ុន្តែការសម្រេចដាក់ពាក្យ Kun Khmer (Muay) នោះ បានធ្វើឱ្យអ្នកគាំទ្រប្រដាល់គុនខ្មែរ ផ្ទុះការរិះគន់ខ្លាំង និងសុំឱ្យដកពាក្យ Muay ចេញ ព្រោះពួកគេដឹងថា ពាក្យ Muay គឺជាកម្លាយពាក្យចេញពីកីឡា MauyThai របស់ថៃ ហើយតាំងតែពីដើមមក អ្នកគាំទ្រកម្ពុជា និងថៃ គឺមានគោលជំហររក្សាតម្លៃនៃក្បាច់គុនរបស់ដូនតារៀងៗខ្លួន ដោយក្នុងនោះអ្នកគាំទ្រកម្ពុជា បានអះអាងថា MauyThai មានប្រភពចេញពីក្បាច់គុនបុរាណខ្មែរ រីឯថៃ អះអាងថា MauyThai ជារបស់ខ្លួន ហើយគុនខ្មែរ ទៅវិញទេ ដែលបានលួចចម្លងចេញពី MuayThai។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ការប្រកាន់ជំហរ ប្រើប្រាស់ពាក្យ គុនខ្មែរ នេះ ដើម្បីកុំឱ្យមានការច្របូកច្របល់ និងមតិយោបល់របស់មហាជនយើង ប្រកាន់រឿងពាក្យ Muay ហ្នឹងទៀត ហើយវាជាកិត្តិយស ក្នុងនាមយើងជាម្ចាស់ក្បាច់គុន និងជាម្ចាស់ផ្ទះស៊ីហ្គេម ដោយយើងបានប្រឹងប្រែងទាំងអស់គ្នា ដើម្បីសម្រេចក្តីប្រាថ្នា ក្នុងការប្រើប្រាស់ពាក្យ គុនខ្មែរ នៅក្នុងស៊ីហ្គេម»។
គួររំឭកថា ប្រទេសភាគច្រើន នៅក្នុងតំបន់អាស៊ាន បានគាំទ្រក្នុងការដាក់បញ្ចូល Muay Thai ឬ Muay ទៅក្នុងការប្រកួតស៊ីហ្គេម តាំងពីឆ្នាំ ២០០៧ ដោយកាលនោះថៃ ធ្វើជាម្ចាស់ផ្ទះ ហើយប្រទេសឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី និងឥណ្ឌូនេស៊ី សុទ្ធតែបានចូលរួមប្រកួតប្រជែងលើប្រភេទកីឡាមួយនេះ។
ក្រោយមកទៀត កីឡា Muay ត្រូវបានរៀបចំឱ្យមានការប្រកួតជាបន្តបន្ទាប់គ្នា សម្រាប់ស៊ីហ្គេម នៅតាមបណ្តាប្រទេសផ្សេងៗ ហើយកម្ពុជា បានសម្រេចចូលរួមការប្រកួត Muay នេះ ជាលើកដំបូង កាលស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ដោយកាលនោះ កម្ពុជាដណ្តើមបានមេដាយមាស ១ រកបានដោយកីឡាករ ឃីម ឌីម៉ា រួមទាំងមេដាយប្រាក់ ១ និងសំរឹទ្ធ ២ ទៀត។ ចំណែកការចូលលើកទី២ ក្នុងស៊ីហ្គេម ឆ្នាំ ២០១៩ ក្រុមអត្តពលិកកម្ពុជា ដណ្តើមបានត្រឹមមេដាយសំរឹទ្ធ ៣ ហើយការចូលរួមក្នុងស៊ីហ្គេម នៅវៀតណាម កាលពីខែឧសភា ឆ្នាំ ២០២២ កម្ពុជា ឈ្នះបានមេដាយមាស ១ និងសំរឹទ្ធ ៦។
យ៉ាងណាមិញ សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ លើកនេះ គឺកម្ពុជាតាមរយៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាអ្នករៀបចំ និងតាក់តែងច្បាប់ លក្ខន្តិកៈ និងបទបញ្ជានៃប្រកួត ដោយកម្ពុជា បានត្រៀមមន្រ្តីអាជ្ញាកណ្តាល និងចៅក្រម របស់ខ្លួនរួចហើយ សម្រាប់រៀបចំការប្រកួត ក្រោមកិច្ចសហការជាមួយមន្រ្តីបច្ចេកទេសអន្តរជាតិមួយចំនួនទៀត ហើយការសម្រេចប្រើពាក្យ Kun Khmer ជាផ្លូវការ ក្នុងស៊ីហ្គេម លើកនេះ វានឹងធ្វើឱ្យប្រជាជនកម្ពុជា កាន់តែពេញចិត្តពេញថ្លើម ក្នុងការចូលរួមគាំទ្រ ដល់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម នៅខែឧសភា ខាងមុខនេះ។
«នេះជាជោគជ័យដ៏ធំមួយ ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋរបស់យើង កាន់តែមានទឹកចិត្ត និងឆន្ទៈដ៏ពិតប្រាកដ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជា CAMSOC សម្រាប់ដំណើរការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត លើកដំបូងនៅកម្ពុជានេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ សម្រាប់ជាមុខមាត់ និងកិត្តិយសជាតិ នៅលើឆាកអន្តរជាតិ»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់៕