ភ្នំពេញោ៖ ការ​វិវាទចោទ​ប្រកាន់គ្នា​រវាងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា និង​ម្ចាស់​​មេដាយពិភពជើងឯក​ពិភព​​លោក សំបូរ សុភ័ណ្ឌ ជុំវិញការ​ដក​ប្រភេទ​កីឡា​កាយវប្បកម្ម ចេញពី​ការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​ ២០២៣ នៅកម្ពុជា បាន​ឡើង​កម្តៅកាន់តែ​ខ្លាំង ហើយ​ សុភ័ណ្ឌ បានអះអាង​ថា ការ​ប្តឹងផ្តល់ នឹងអាច​កើតមាន បើ​សិនជា​ភាគី​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ទាំង ​២ នាក់ ដែលបាន​ចោទ​ខ្លួន មិន​ធ្វើការសុំ​ទោស​ជាសារធារណៈ​វិញទេនោះ។

នៅក្នុង​វិវាទចោទ​ប្រកាន់គ្នានេះ ម្ចាស់មេដាយមាស សំបូរ សុភ័ណ្ឌ ត្រូវ​បាន​លោក តឹក ប៊ុនវី ប្រធាន​សហព័ន្ធកីឡាកាយវប្បកម្ម និង​លំហាត់​ប្រាណកម្ពុជា ព្រមទាំង​កីឡាករ​ជម្រើសជាតិ​ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បានចោទប្រកាន់ថា បញ្ហាចម្បង​ដែល​នាំ​​ឱ្យ​គណៈ​កម្មាធិការ​ជាតិ CAMSOC ដក​ប្រភេទ​កីឡាកាយវប្បកម្ម ចេញ​ពីស៊ីហ្គេម ឆ្នាំ​២០២៣ កាលពី​ពេលថ្មី​​នេះ គឺបណ្តាល​មកពី សំបូរ សុភ័ណ ជាដើម​ចម ប៉ុន្តែ សុភ័ណ្ឌ បានបដិសេធដាច់​ខាត ចំពោះការ​ចោទប្រកាន់ ដែល​គ្មានមូល​ដ្ឋានច្បាស់លាស់នេះ។

លោក តឹក ប៊ុនវី បាននិយាយ ក្នុង​សន្និសីទកាសែត កាលពីថ្ងៃទី​១៧ ខែមករា ថា កីឡាករ​​ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ត្រូវបាន​រកឃើញសារធាតុហាមឃាត់ ក្រោយ​ការ​ប្រកួត​កីឡា​ជាតិ លើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ​២០២២ ហើយ​ពួកគេ​បាន​​សារភាព​ចំពោះ​មុខ​សហព័ន្ធថា ការ​បង្កើត​កំហុសឆ្គងនេះ ពួកគេបានប្រព្រឹត្ត​ដោយ​អចេតនា ព្រោះ​ការ​ជឿទុក​អ្នក​ស្គាល់​គ្នា ដោយខ្វះការពិចារណា។ លោកសោកស្ដាយ និង​ឈឺចិត្ត​ខ្លាំង ដែល​ការ​ខំប្រឹង​របស់​សហព័ន្ធ និងកីឡាករផ្សេងៗទៀត ត្រូវបានខកបំណងបង្ហាញខ្លួនក្នុងស៊ីហ្គេម ដោយសារ​តែ​បញ្ហា​នេះ។

លោក​បាន​​បញ្ជាក់​ថា៖ «ការពាក់ព័ន្ធនឹងសារធាតុហាមឃាត់ Steroids បាន​ធ្វើឱ្យ​ប៉ះ​ធ្ងន់ធ្ងរ ចំពោះសហព័ន្ធ ព្រោះសហព័ន្ធ បានខំប្រឹង និងយកចិត្តទុកដាក់ណាស់ លើការហ្វឹកហាត់ ទាំង​ក្នុង និងក្រៅប្រទេស ដើម្បីកីឡាករយើង តែទីបំផុតយើងក៏ជួបបញ្ហាដូភីង។ ការជ្រើស​រើស​កីឡាករ​ជម្រើសជាតិទាំងអស់ យើងបានធ្វើកិច្ចសន្យាហាមដាច់ខាត មិនឱ្យ​ពាក់​ព័ន្ធសារធាតុ​ហាមឃាត់ទេ។ ខ្ញុំមានការសោកស្ដាយ និងឈឺចាប់មែនទែន ហេតុអ្វីយើងដឹងហើយ លឺហើយ ថា ​សហព័ន្ធ​យើង ធ្លាប់​ប្រឈមមុខម្ដង​ហើយម្ដងទៀត ​ពាក់ព័ន្ធនឹងរឿង Steroids នេះ ចុះ​មូល​ហេតុ​អ្វី បាន​​យើង​នាំគ្នាបំផ្លាញទឹកចិត្ត និងការខិតខំប្រឹងប្រែងនេះ»។

លោក តឹក ប៊ុនវី ព្រមទាំង​កីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង ពេលធ្វើសន្និសីទកាសែត កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ២០២៣។ រូប​ថត សហការី

ជាមួយ​ការ​បង្កើត​នូវកំហុស​យ៉ាង​ធំនេះ កីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង បាន​សារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ដែលកើតឡើងដោយអចេតនា ដ្បិតការ​ចាក់ថ្នាំ​សម្រក​​​ជាតិ​ទឹក មុនការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ​២០២២ ខ្លួនពុំបានដឹងពីផលប៉ះពាល់ ឬ​ជា​​​សារធាតុ​ហាម​ឃាត់ ​ក្នុងវិស័យកីឡានោះទេ។ ផាន់ ណារិទ្ធ បាន​ឱ្យ​ដឹង​ថា ខ្លួន និង ស៊ាង ម៉េងសាង បានទៅក្លិបហាត់ប្រាណ King GYM របស់​អតីតម្ចាស់មេដាយមាសពិភពលោក សំបូរ សុភ័ណ្ឌ ដើម្បី​សុំការណែនាំ មុន​ការ​ប្រកួត​កីឡា​ជាតិ។

កីឡាករ ណារិទ្ធ បាន​បន្ថែម​ថា បន្ទាប់ពី​ពួកគេ​ហ្វឹកហាត់សមបង្ហាញសាច់ដុំហើយ សំបូរ សុភ័ណ្ឌ សុំ​ឱ្យ​ពួកគេ ទៅ​គេងនៅក្លិប ដើម្បី​មានវិធីសាស្ដ្រពិសេស ដើម្បី​អាច​ជួយ​កែ​កុន​បាន​​​បន្ដិច​​ទៀត ដើម្បីមើលទៅកាន់តែស្អាត ហើយព្រលឹមឡើងចេញទៅប្រកួតតែម្ដង។ «យប់​ហ្នឹង យើង​​អត់ដឹងទេថា មានវិធីអ្វី? ដល់ពេលយើងញាំអីហើយ បានគាត់ថា កន្លះម៉ោងទៀត ពួក​យើង​​ត្រូវបញ្ចុះទឹកនោម ហើយយើងក៏អត់ដឹងដែរថា អាហ្នឹងវាប៉ះពាល់ដល់ម្លឹង។ អ៊ីចឹងគាត់​ក៏​បាន​ហៅគ្នីគ្នារបស់ខ្ញុំម្ដងម្នាក់ៗ ដើម្បីចាក់ថ្នាំបញ្ចុះទឹកនោមហ្នឹង»។

បន្ថែម​លើនេះម្ចាស់មេដាយមាស រក​ឃើញ​ប្រើសារធាតុហាមឃាតិ ផាន់ ណារិទ្ធ បាន​ដាក់​ការ​សង្ស័យថា សំបូរ សុភ័ណ្ឌ ជាអ្នកប្រាប់ទី​ភ្នាក់ងារ​ដូភីង​ ដែលបានយក​ទឹក​នោម​របស់​គេ និង ស៊ាង ម៉េងសាង ទៅពិនិត្យ រក​សារធាតុ​ហាមឃាតិ។ «ខ្ញុំសង្ស័យដែរ ដោយសារគាត់ ជា​កីឡាករ​នៅ​ក្រៅ​ការ​ប្រកួត តែ​គាត់​មាន​ខ្សែ​រយៈ​ខាង​ដូភីង។ ខ្ញុំ​សង្ស័យ​ចាក់​ឱ្យ​យើងហើយ គាត់​ផ្ដល់ព័ត៌មានឱ្យ​គេ ព្រោះកីឡាករផ្សេងៗទៀត គេអត់ចាប់ទេ»។

សំបូរ សុភ័ណ្ឌ (អាវខ្មៅ) ពេល​ធ្វើការ​ណែនាំ​ដល់កីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង និង​មិត្តរួម​ក្រុមផ្សេង​ទៀត មុនការ​ប្រកួត​កីឡាជាតិ លើកទី​៣ ឆ្នាំ​២០២២។ រូប​ថត សហការី

តែទោះបីជា​យ៉ាងណា ម្ចាស់មេដាយមាសពិភពលោក សំបូរ សុភ័ណ្ឌ បាន​ច្រាន​ចោល​នូវ​រាល់​ការ​​ចោទប្រកាន់ទាំងអស់នេះ មកលើរូបលោក ដោយបានបកស្រាយ​ថា៖ «គាត់​បាន​ចោទ​ខ្ញុំថា ជា​​អ្នក​​ហៅ​​ពួកគាត់​​មក​​កន្លែង​​របស់ខ្ញុំ ដើម្បី​​ប្រើ​​ប្រាស់​សារ​ធាតុហាម​ឃាត់ ទាំងដែល​ខ្ញុំ​មិន​បានហៅ​ទាល់​តែសោះ គឺ​គាត់​បាន​មក​សុំខ្ញុំឱ្យ​ជួយគាត់កែសាច់ និង​ស្នាក់​នៅដោយខ្លួនឯង ហើយ​ក្នុង​នាម​​​ខ្ញុំ​​ជាកីឡាករមួយរូប ដើរ​​លើវិស័យនេះមុន ខ្ញុំក៏បានជួយកែលើការ​ហាត់​ការ​ប្រឹង​បង្ហាញ​​សាច់ដុំ និងរបបអាហារជាដើម»។

«គាត់បានចោទប្រកាន់ថា ខ្ញុំបាន​ចាក់​ថ្នាំ​បញ្ចុះ​ទឹកនោម​ឱ្យ​​គ្នីគ្នា​គាត់​ម្តង​ម្នាក់ៗ​ទាំង​ដែល​​ខ្ញុំ​មិន​បាន​ធ្វើវា​ឡើយ គឺ​ជាគ្នីគ្នាគាត់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយ​មិន​មាន​ការ​បង្ខិត​បង្ខំ​ពី​រូបខ្ញុំ​បាទ​ដូច​អ្វីដែល​ពួកគាត់​លើក​ឡើង​នោះ​ទេ។ មួយ​វិញទៀត បុគ្គល ផាន់ ណារិទ្ធ ​បាន​ចោទ​ប្រកាន់​ថា ខ្ញុំ​​​បាន​​​ឃុប​ឃិតគ្នា​ជាមួយដូពីង អ្នក​ត្រួត​ពិនិត្យ​សារធាតុ​ហាម​​ឃាត់ (Steroids) ដោយ​គ្មាន​មូលដ្ឋាន និងភស្តុតាងច្បាស់លាស់។ សួរថា​តើ​ខ្ញុំធ្វើ​បែបនេះ​ដើម្បីអ្វី?»។ សុភ័ណ្ឌ បានបញ្ជាក់​បន្ថែម។

ទន្ទឹម​នឹងនេះ សំបូរ សុភ័ណ្ឌ ក៏បានដាក់ការសង្ស័យ​ទៅលើ​កីឡាករ ផាន់ ណារិទ្ធ និង​កីឡាករ ស៊ាង ម៉េងសាង ផងដែរថា អាច​នឹងមានចេតនាអ្វីមួយ ក្នុងការ​មួលបង្កាច់​មកលើ​រូប​លោក ព្រោះ​អ្នកទាំង​២នេះ មិន​ធ្លាប់មក​ក្លិបហាត់ប្រាណ King GYM នោះទេ ប៉ុន្តែ​ហេតុអ្វី ជិត​ដល់​​ប្រកួត​កីឡាជាតិ គាត់មកពឹងឱ្យលោកជួយ ខណៈពួកគេ មានប្រាក់ខែ និងមានគ្រូ​បង្វឹក នៅ​ក្នុង​​ក្រុម​ជម្រើសជាតិនោះ។

សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ខ្ញុំមានការ​សង្ស័យមួយថា ដូចជាគាត់បាន​រៀបចំអ្វីមួយ ព្រោះ​ ណារិទ្ធ មិន​ធ្លាប់​មក​កន្លែង​ខ្ញុំទេ ហើយក៏​មិនមែនជា​អ្នកជិតស្និទ្ធនឹងគ្នា​នោះដែរ។ គាត់ជា​កីឡាករ​របស់​សហព័ន្ធ ហើយ​សហព័ន្ធ មិនសូវចុះសម្រុក​នឹង​ខ្ញុំយូរ​មក​ហើយ ព្រោះពេល​ខ្ញុំចេញ​ទៅប្រកួតម្តងៗ នៅ​ក្រៅប្រទេស គាត់តែង​បង្ហាញ​ការមិនសូវពេញចិត្ត ទាំង​ដែលខ្ញុំ​ហ្វឹកហាត់​ខ្លួនឯង និង​ចំណាយ​គ្រប់​​បែប​​​យ៉ាង​ទាំងអស់ដោយខ្លួន តាំងពីឆ្នាំ​២០១៧មក។ ខ្ញុំខំប្រឹងបែបនេះ ដើម្បី​​មុខមាត់កម្ពុជា និង​ដើម្បី​​ឱ្យគេស្គាល់​កាយវប្បកម្មរបស់ខ្មែរយើង អ៊ីចឹងចង់សួរ​ថា តើខ្ញុំ​ទៅធ្វើ​អំពើ​​​ដូចការ​​​ចោទ​របស់​គាត់ ដើម្បី​អ្វី?។

ជាមួយគ្នានេះ សំបូរ សុភ័ណ្ឌ ​បាន​ទាមទារ​​​ឱ្យ​​​ កីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង ធ្វើការ​​​សុំ​ទោស​ជា​សាធារណៈដល់រូបលោក​​វិញ បើ​ពុំដូច្នោះ​​ទេ​​ លោក​​នឹង​ដោះស្រាយ​តាម​​ផ្លូវ​ច្បាប់។ «អ្វីដែលគាត់បានលើកឡើង គឺ​វាយប្រហារមកលើខ្ញុំ​ និង​ក្លិប​របស់​ខ្លាំងពេក ហេតុនេះ​បើ​សិនជា​ពួកគាត់ មិនបានចេញ​ជាលិខិត ឬវីដេអូ សុំ​ទោស​ដល់ខ្ញុំ ជា​សាធារណៈ​វិញទេ ខ្ញុំមាន​តែ​ប្រើ​ផ្លូវ​ច្បាប់ ព្រោះប្រទេស​របស់យើងមានច្បាប់​ត្រឹមត្រូវ ហើយខ្ញុំ​ក៏មិនចង់​ឱ្យរឿងនេះ​ វាបន្តវែង​ឆ្ងាយនោះ​ដែរ»។

បន្ថែមលើនេះ សំបូរ សុភ័ណ្ឌ បានអះអាងថា ថ្នាំបញ្ចុះទឹកនោម មិនមែនជាប្រភេទ Steroids នោះ​ទេ។ «ខ្ញុំសូមបញ្ជាក់​ឱ្យបានច្បាស់ថា ថ្នាំបញ្ចុះទឹកនោម និងសារធាតុ​ហាម​​ឃាត់ (Steroids) ខុសដាច់ពី​គ្នា។ ថ្នាំបញ្ចុះទឹកនោម មិនមែនជា​ថ្នាំ​ហាមឃាត់​​ទេ ព្រោះវាមាន​លក់​នៅ​ស្ទើរ​គ្រប់​ឱសថស្ថាន ក្នុងប្រទេស​កម្ពុជា ដោយមានទាំង​ប្រភេទលាប, លេប និងចាក់ ហើយ​អ្នក​មានរោគ​ផ្សេងៗ ដូចជា​នោម​ទាស់ គឺ​គេប្រើបានជា​ធម្មតា ចំណែកថ្នាំ​ជំនួយសាច់ដុំ ចាក់ ឬលេប​ឡើង​សាច់ដុំ ដែលជាប្រភេទ​ Steroids វាជារឿង​ផ្សេង»។

«គ្រប់អត្តពលិក​កាយវប្បកម្មនេះ ត្រូវប្រើថ្នាំ​បញ្ចុះ​ទឹកនោម ដោយ​អ្នកខ្លះជ្រើស​រើស​យក​ការលេប និងអ្នកខ្លះទៀត​​យកការចាក់ ហើយសម្រាប់​ខ្ញុំ គឺខ្ញុំប្រើទាំងមុនការប្រកួត និង​ក្រោយ​ការ​​ប្រកួត ដោយអត់មានអ្វីត្រូវប៉ះពាល់​នោះទេ​ គ្រាន់តែ​យើង​អត់​ដឹង​ថា ការ​ប្រកួត​ថ្នាក់ជាតិនេះ គេ​ពិនិត្យសារធាតុហ្នឹងដែរ។ ​​យើងដឹងតែថា គេ​ផ្តោត​លើ​ប្រភេទ Steroids ហើយពួកខ្ញុំ​ដាច់​ខាតមិន​ប្រើ ឬណែនាំ​ឱ្យអ្នក​ណា​ប្រើ​​ប្រភេទថ្នាំ​ទាំងនេះទេ ព្រោះជាសារធាតុហាមឃាត់»។ សោភ័ណ្ឌ បានបញ្ជាក់បន្ថែម។

នៅក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃទី​១៧ ខែមករា នោះ​ដែរ ទាំង​លោក តឹក ប៊ុនវី ព្រមទាំង​កីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង បានអំពាវនាវដល់អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ ចាត់​វិធាន​ការ​លើ​ជន​ទុច្ចរិត ដែលនាំចូល និង​ចែក​ចាយ​ថ្នាំ​ស្ថិត​ក្នុង​បញ្ជី​ហាម​ឃាត់​របស់​ទីភ្នាក់​ងារ​​ប្រឆាំង​សារ​ធាតុ​ញៀន​ពិភពលោក (WADA) ដើម្បីចៀសវាងផលប៉ះពាល់ផ្សេងៗ ដល់សុខ​ភាព​របស់​ប្រជា​ពល​រដ្ឋ និងអ្នកលេងកីឡា ពិសេសកីឡាកាយវប្បកម្មតែម្ដង។

ចំពោះ​ការចោទប្រកាន់ ដោយ​ប្រយោលនេះ សំបូរ សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ចំណុច​ហ្នឹង ធ្វើ​ឱ្យមហាជន មានការ​យល់ច្រឡំខ្លាំង​មែនទែន ដូច​ថា ខ្ញុំយក​សារធាតុ​ហ្នឹង មកពីប្រទេស​គេ ឬ​យក​ពីខាង​ណា​មួយ មកចែកចាយ ទាំងប្រភេទថ្នាំ​បញ្ចុះ​ទឹកនេះ នៅ​ឱសថស្ថាន​ណាក៏មាន​ដែរ គ្រាន់តែ​យើងអត់ដឹង​ថា ការ​ប្រកួត​កីឡាកាយវប្បកម្ម​ថ្នាក់ជាតិ នៅស្រុក​យើង គេពិនិត្យ​ទាំងសារធាតុ​បញ្ចុះទឹក​នោមហ្នឹងទេ ព្រោះ​ពេល​ខ្ញុំចេញ​ទៅប្រកួត​នៅ​អន្តរជាតិ កន្លងមក គេ​អត់​ចាប់​អាហ្នឹងទេ គឺ​គេរក​តែប្រភេទ Steroids»។

យ៉ាង​ណាក៏​ដោយ សម្រាប់ទាំង​ភាគី​ត្រូវ​គេ​ចោទ សំបូរ សុភ័ណ្ឌ និង​ដើមចោទ លោក តឹក ប៊ុនវី ព្រមទាំង​កីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង សុទ្ធតែបានបង្ហាញ​ការ​សោក​ស្តាយ ដែល​ប្រភេទ​កីឡាកាយវប្បកម្ម ត្រូវបានដក​ចេញពី​ស៊ីហ្គេម ឆ្នាំ​២០២៣ ហើយ​ការ​បាត់​បង់​ឱកាសដ៏ធំនេះ បាន​ធ្វើឱ្យកីឡាករ កីឡាការិនី​ជម្រើសជាតិ​កាយវប្បកម្ម​ផ្សេងៗ​ទៀត ដែលបាន​ខំប្រឹង​ប្រែង​យ៉ាង​ខ្លាំង ត្រៀម​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានបង្ហាញការ​សោកស្តាយ​រហូត​ដល់​ស្រក់ទឹក​ភ្នែក៕​