ភ្នំពេញៈ ការវិវាទចោទប្រកាន់គ្នារវាងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា និងអតីតម្ចាស់មេដាយជើងឯកពិភពលោក សំបូរ សុភ័ណ្ឌ ជុំវិញបញ្ហាបណ្តាលឱ្យមានការដកប្រភេទកីឡាកាយវប្បកម្ម ចេញពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅតែរកមិនទាន់ឃើញដំណោះស្រាយរួម ហើយមិនតែប៉ុណ្ណោះ សុភ័ណ្ឌ នៅតែរក្សាគោលជំហរក្នុងការប្តឹង ទៅលើកីឡាករជម្រើសជាតិកាយវប្បកម្ម ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង ដែលបានចោទប្រកាន់លើរូបគេ ដោយគ្មានមូលដ្ឋានច្បាស់លាស់។
នៅក្នុងវិវាទចោទប្រកាន់គ្នានេះ ម្ចាស់មេដាយមាស សំបូរ សុភ័ណ្ឌ ត្រូវបានលោក តឹក ប៊ុនវី សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ព្រមទាំងកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ចោទប្រកាន់ថា ជាដើមចម ធ្វើឱ្យគណៈកម្មាធិការជាតិ CAMSOC ដកប្រភេទកីឡាកាយវប្បកម្ម ចេញពីស៊ីហ្គេម ឆ្នាំ ២០២៣ តាមរយៈការអូសទាញកីឡាករជម្រើសជាតិទាំង២នាក់នេះ ឱ្យប្រើប្រាស់សារធាតុហាមឃាត់ប្រភេទ Steroids ប៉ុន្តែ សុភ័ណ្ឌ បានបដិសេធដាច់ខាត។
និយាយផ្តោតទៅលើកីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង នេះ លោក សំបូរ សុភ័ណ្ឌ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «អ្វីដែលគាត់បានលើកឡើង បានវាយប្រហារមកលើខ្ញុំ និងក្លិបរបស់ខ្ញុំខ្លាំងពេក ហេតុនេះបើសិនជាពួកគាត់ មិនបានចេញជាលិខិត ឬវីដេអូ សុំទោសដល់ខ្ញុំ ជាសាធារណៈវិញទេ ខ្ញុំមានតែប្រើផ្លូវច្បាប់ ព្រោះប្រទេសរបស់យើងមានច្បាប់ត្រឹមត្រូវ ហើយខ្ញុំក៏មិនចង់បានជាសំណងលុយកាក់អ្វីនោះដែរ គឺខ្ញុំចង់បានយុត្តិធម៌ និងភាពស្អាតស្អំរបស់ខ្ញុំត្រឡប់មកវិញ»។
នៅក្នុងហេតុការណ៍នេះ កីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ដែលត្រូវបានរកឃើញសារធាតុហាមឃាត់ ក្រោយព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ បានលើកឡើង នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៧ ខែមករាថា ការបង្កើតកំហុសឆ្គងរបស់ពួកគេ បានកើតឡើងដោយអចេតនា ព្រោះការចាក់ថ្នាំសម្រកជាតិទឹក មុនការប្រកួតកីឡាជាតិ លើកទី៣នោះ ខ្លួនពុំបានដឹងពីផលប៉ះពាល់ ឬជាសារធាតុហាមឃាត់ ក្នុងវិស័យកីឡានោះទេ។
ជាមួយគ្នានេះ ផាន់ ណារិទ្ធ បង្ហើបថា ខ្លួន និងស៊ាង ម៉េងសាង បានទៅក្លិបហាត់ប្រាណ King GYM របស់អតីតម្ចាស់មេដាយមាសពិភពលោក សំបូរ សុភ័ណ្ឌ ដើម្បីសុំការណែនាំ មុនការប្រកួតកីឡាជាតិ។
ណារិទ្ធ បន្ថែមថា បន្ទាប់ពីហ្វឹកហាត់សមបង្ហាញសាច់ដុំហើយ សំបូរ សុភ័ណ្ឌ បានស្នើពួកគេ ឱ្យទៅគេងនៅក្លិប ព្រោះមានវិធីសាស្ដ្រពិសេស អាចជួយកែកុនបានបន្ដិចទៀត ដើម្បីមើលទៅកាន់តែស្អាត ហើយព្រលឹមឡើងចេញទៅប្រកួតតែម្ដង។
«យប់ហ្នឹង យើងអត់ដឹងទេថា មានពិធីអ្វី? ដល់ពេលយើងញាំអីហើយ បានគាត់ថា កន្លះម៉ោងទៀត ពួកយើងត្រូវបញ្ចុះទឹកនោម ហើយយើងក៏អត់ដឹងដែរថា អាហ្នឹងវាប៉ះពាល់ដល់ម្លឹង។ អ៊ីចឹងគាត់ក៏បានហៅគ្នីគ្នារបស់ខ្ញុំម្ដងម្នាក់ៗ ដើម្បីចាក់ថ្នាំបញ្ចុះទឹកនោមហ្នឹង»។ ណារិទ្ធ បានបញ្ជាក់។
ណារិទ្ធ ក៏បានសង្ស័យថា សុភ័ណ្ឌ ជាអ្នកប្រាប់ទីភ្នាក់ងារដូភីងដែរ។ «ខ្ញុំសង្ស័យចាក់ឱ្យយើងហើយ គាត់ផ្ដល់ព័ត៌មានឱ្យគេ ព្រោះកីឡាករផ្សេងៗទៀត គេអត់ចាប់យកទៅពិនិត្យទឹកនោមទេ»។
តែទោះបីជាយ៉ាងណា លោក សំបូរ សុភ័ណ្ឌ បានច្រានចោលនូវរាល់ការចោទប្រកាន់ទាំងអស់នេះ ដោយបានបកស្រាយថា៖ «គាត់បានចោទថា ខ្ញុំជាអ្នកហៅពួកគាត់មកកន្លែងរបស់ខ្ញុំ ដើម្បីប្រើប្រាស់សារធាតុហាមឃាត់ ទាំងដែលខ្ញុំមិនបានហៅទាល់តែសោះ គឺគាត់បានមកសុំខ្ញុំឱ្យជួយគាត់កែសាច់ និងស្នាក់នៅដោយខ្លួនឯង ហើយក្នុងនាមខ្ញុំជាកីឡាករ១រូប ដែលបានដើរលើវិស័យនេះមុន ក៏បានជួយកែលើការហាត់ ការប្រឹងបង្ហាញសាច់ដុំ និងរបបអាហារជាដើម»។
«គាត់បានចោទប្រកាន់ថា ខ្ញុំបានចាក់ថ្នាំបញ្ចុះទឹកនោមឱ្យគ្នីគ្នាគាត់ម្តងម្នាក់ៗទាំងដែលខ្ញុំមិនបានធ្វើវាឡើយ គឺគ្នីគ្នាគាត់ធ្វើដោយខ្លួនឯង ដោយមិនមានការបង្ខិតបង្ខំពីរូបខ្ញុំបាទ ដូចអ្វីដែលពួកគាត់លើកឡើងនោះទេ។ មួយវិញទៀត បុគ្គល ផាន់ ណារិទ្ធ បានចោទប្រកាន់ថា ខ្ញុំបានឃុបឃិតគ្នាជាមួយដូភីង អ្នកត្រួតពិនិត្យសារធាតុហាមឃាត់ Steroids ដោយគ្មានមូលដ្ឋាន និងភ័ស្តុតាងច្បាស់លាស់។ សួរថា តើខ្ញុំធ្វើបែបនេះដើម្បីអ្វី?»។ សុភ័ណ្ឌ បានបញ្ជាក់បន្ថែម។
ទន្ទឹមនឹងនេះ សំបូរ សុភ័ណ្ឌ បានដាក់ការសង្ស័យទៅលើកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង វិញថា អាចនឹងមានចេតនាអ្វីមួយ ក្នុងការមួលបង្កាច់មកលើរូបលោក ព្រោះអ្នកទាំងនេះ មិនធ្លាប់មកក្លិបហាត់ប្រាណ King GYM នោះទេ ប៉ុន្តែហេតុអ្វី ជិតដល់ប្រកួតកីឡាជាតិ គាត់មកពឹងឱ្យលោកជួយ ខណៈពួកគេ មានប្រាក់ខែ និងមានគ្រូបង្វឹក នៅក្នុងក្រុមជម្រើសជាតិនោះ។
សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ខ្ញុំមានការសង្ស័យថា ដូចជាគាត់បានរៀបចំអ្វីមួយ ព្រោះ ណារិទ្ធ មិនធ្លាប់មកកន្លែងខ្ញុំទេ ហើយក៏មិនមែនជាអ្នកជិតស្និទ្ធនឹងគ្នានោះដែរ។ គាត់ជាកីឡាកររបស់សហព័ន្ធ ខណៈសហព័ន្ធ មិនសូវចុះសម្រុងនឹងខ្ញុំយូរមកហើយ ព្រោះពេលខ្ញុំចេញទៅប្រកួតម្តងៗ នៅក្រៅប្រទេស គាត់តែងបង្ហាញការមិនសូវពេញចិត្ត ទាំងដែលខ្ញុំហ្វឹកហាត់ខ្លួនឯង និងចំណាយគ្រប់បែបយ៉ាងទាំងអស់ដោយខ្លួនឯង តាំងពីឆ្នាំ២០១៧មក។ ខ្ញុំខំប្រឹងបែបនេះ ដើម្បីមុខមាត់កម្ពុជា និងដើម្បីឱ្យគេស្គាល់កាយវប្បកម្មរបស់ខ្មែរយើង។ អ៊ីចឹងចង់សួរថា តើខ្ញុំទៅធ្វើអំពើដូចការចោទរបស់គាត់ ដើម្បីអ្វី?»។
បន្ថែមលើនេះ សំបូរ សុភ័ណ្ឌ បានអះអាងថា ថ្នាំបញ្ចុះទឹកនោម មិនមែនជាប្រភេទ Steroids នោះទេ។ «ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា ថ្នាំបញ្ចុះទឹកនោម និងសារធាតុហាមឃាត់ Steroids ខុសដាច់ពីគ្នា។ ថ្នាំបញ្ចុះទឹកនោម មិនមែនជាថ្នាំហាមឃាត់ទេ ព្រោះវាមានលក់នៅស្ទើរគ្រប់ឱសថស្ថាន ក្នុងប្រទេសកម្ពុជា ដោយមានទាំងប្រភេទលាប, លេប និងចាក់ ហើយអ្នកមានរោគផ្សេងៗ ដូចជានោមទាស់ គឺគេប្រើបានជាធម្មតា ចំណែកថ្នាំជំនួយសាច់ដុំ ចាក់ ឬលេបឡើងសាច់ដុំ ដែលជាប្រភេទ Steroids វាជារឿងផ្សេង»។
«គ្រប់អត្តពលិកកាយវប្បកម្មនេះ ត្រូវប្រើថ្នាំបញ្ចុះទឹកនោម ដោយអ្នកខ្លះជ្រើសរើសយកការលេប និងអ្នកខ្លះទៀតយកការចាក់ ហើយសម្រាប់ខ្ញុំ គឺខ្ញុំប្រើទាំងមុនការប្រកួត និងក្រោយការប្រកួត ដោយអត់មានអ្វីត្រូវប៉ះពាល់នោះទេ គ្រាន់តែយើងអត់ដឹងថា ការប្រកួតថ្នាក់ជាតិនេះ គេពិនិត្យសារធាតុហ្នឹងដែរ។ យើងដឹងតែថា គេផ្តោតលើប្រភេទ Steroids ហើយពួកខ្ញុំដាច់ខាតមិនប្រើ ឬណែនាំឱ្យអ្នកណាប្រើប្រភេទថ្នាំទាំងនេះទេ ព្រោះជាសារធាតុហាមឃាត់»។ សោភ័ណ្ឌ បានបញ្ជាក់បន្ថែម។
តែទោះបីជាយ៉ាងណា លោក តឹក ប៊ុនវី ហាក់មានការជឿទាំងស្រុង ទៅលើចម្លើយសារភាពរបស់កីឡាករ ផាន់ ណារិទ្ធ និងស៊ាង ម៉េងសាង ហើយបានទម្លាក់កំហុសគ្រប់យ៉ាងមកលើ សំបូរ សុភ័ណ្ឌ បើទោះបីជា សុភ័ណ្ឌ ព្រមទាំងបងប្រុសរបស់គេ សំបូរ ណាន និង សំបូរ នន់ ធ្លាប់ជាមិត្តភក្តិជាមួយលោក ប៊ុនវី កាលនៅជាកីឡាករកាយវប្បកម្មជាមួយគ្នាក៏ដោយ។
លោក តឹក ប៊ុនវី បាននិយាយ ក្នុងសន្និសីទកាសែតនោះថា៖ «ការពាក់ព័ន្ធនឹងសារធាតុហាមឃាត់ Steroids ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ចំពោះសហព័ន្ធ ព្រោះសហព័ន្ធបានខំប្រឹង និងយកចិត្តទុកដាក់ណាស់ លើការហ្វឹកហាត់ ទាំងក្នុង និងក្រៅប្រទេស ដើម្បីកីឡាករយើង តែទីបំផុតយើងក៏ជួបបញ្ហាដូភីង។ ខ្ញុំមានការសោកស្ដាយ និងឈឺចាប់មែនទែន ហេតុអ្វីយើងដឹងហើយ ឮហើយ ថា សហព័ន្ធយើង ធ្លាប់ប្រឈមមុខម្ដងហើយម្ដងទៀតពាក់ព័ន្ធនឹងរឿង Steroids ចុះមូលហេតុអ្វី បានយើងនាំគ្នាបំផ្លាញទឹកចិត្ត និងការខិតខំប្រឹងប្រែងនេះ»។
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៧ ខែមករា នោះដែរ ទាំងលោក តឹក ប៊ុនវី ព្រមទាំងកីឡាករ ផាន់ ណារិទ្ធ និងស៊ាង ម៉េងសាង បានអំពាវនាវដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ចាត់វិធានការលើជនទុច្ចរិត ដែលនាំចូល និងចែកចាយថ្នាំ ស្ថិតក្នុងបញ្ជីហាមឃាត់របស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) ដើម្បីចៀសវាងផលប៉ះពាល់ផ្សេងៗ ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងអ្នកលេងកីឡា ពិសេសកីឡាកាយវប្បកម្មតែម្ដង។
ចំពោះការចោទប្រកាន់ ដោយប្រយោលនេះ សំបូរ សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ចំណុចហ្នឹង ធ្វើឱ្យមហាជន មានការយល់ច្រឡំខ្លាំងមែនទែន ដូចថា ខ្ញុំយកសារធាតុហ្នឹង មកពីប្រទេសគេ ឬយកពីខាងណាមួយ មកចែកចាយ ទាំងប្រភេទថ្នាំបញ្ចុះទឹកនោមនេះ នៅឱសថស្ថានណាក៏មានដែរ គ្រាន់តែយើងអត់ដឹងថា ការប្រកួតកីឡាកាយវប្បកម្មថ្នាក់ជាតិ នៅស្រុកយើង គេពិនិត្យទាំងសារធាតុបញ្ចុះទឹកនោមហ្នឹងទេ ព្រោះពេលខ្ញុំចេញទៅប្រកួតនៅអន្តរជាតិ កន្លងមក គេអត់ចាប់អាហ្នឹងទេ គឺគេរកតែប្រភេទ Steroids»។
ជុំវិញការចោទប្រកាន់គ្នា រកទីបញ្ចប់មិនទាន់បាននេះ លោក តឹក ប៊ុនវី បានឈានដល់ការធ្វើលិខិតអញ្ជើញមួយ ផ្ញើទៅលោក សំបូរ សុភ័ណ្ឌ ដើម្បីឱ្យចូលខ្លួនមកដោះស្រាយទល់មុខគ្នា ជាមួយ ផាន់ ណារិទ្ធ និងស៊ាង ម៉េងសាង ព្រមទាំងសាក្សី២នាក់ទៀត គឺកីឡាករ ហ៊ន ធារ៉េត និង ឈួន ធារដ្ឋ ហើយសហព័ន្ធ មានតួនាទីជាអាជ្ញាកណ្តាល ប៉ុន្តែជំនួបដែលគ្រោងធ្វើ កាលពីថ្ងៃទី២២ ខែមករា កន្លងមកនេះ ត្រូវបាន សំបូរ សុភ័ណ្ឌ ច្រានចោល ដោយអះអាងថា សហព័ន្ធ មិនបានគោរពទៅតាមលក្ខខណ្ឌ ដែលបានឯកភាពគ្នា។
សំបូរ សុភ័ណ្ឌ បានយកលិខិតអញ្ជើញនោះ មកបង្ហោះ នៅលើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២០ ខែមករា រួចបកស្រាយថា៖ «ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម បានចេញជាសារព័ត៌មានមួយ សុំឱ្យខ្ញុំទៅដោះស្រាយដោយសន្តិវិធី នៅទីតាំងសហព័ន្ធកាយវប្បកម្ម ហើយនៅថ្ងៃទី១៩ ខែមករា ដដែលនោះ ខ្ញុំក៏យល់ព្រម ដោយស្នើឱ្យមានលក្ខខណ្ឌមួយចំនួន គឺទី១ ខ្ញុំទៅជាមួយមេធាវីផ្ទាល់ខ្លួនរបស់ខ្ញុំ ទី២ បងប្អូន ដែលជាកីឡាករកាយវប្បកម្ម អាចមានសិទ្ធិទៅចូលរួមទាំងអស់គ្នាបាន ដើម្បីដឹងឮជាសាធារណៈ ហើយទី៣ អ្នកសារព័ត៌មាន អាចទៅចូលរួមជាមួយគ្នា ដើម្បីយកព័ត៌មានជាក់លាក់ឱ្យមហាជនបានដឹងទូលំទូលាយទាំងអស់គ្នា អំពីការពិតយ៉ាងណា»។
សំបូរ សុភ័ណ្ឌ បានបន្ថែមថា៖ «ខាងសហព័ន្ធបានយល់ព្រម ប៉ុន្តែព្រឹកថ្ងៃ២០ ខែមករា សហព័ន្ធកាយវប្បកម្ម បានផ្ញើលិខិតអញ្ជើញ បែរជាផ្ទុយពីលក្ខខណ្ឌដូចខាងលើទៅវិញ ដោយសហព័ន្ធ ចង់ធ្វើបែបស្ងាត់ៗ និងឱ្យខ្ញុំទៅតែម្នាក់ឯង ខុសពីលក្ខខណ្ឌ ដែលសហព័ន្ធបានយល់ព្រម។ ដូច្នេះខ្ញុំសូមបញ្ជាក់ថា បើសហព័ន្ធ មិនព្រមតាមសំណើខាងលើនេះទេ ខ្ញុំមិនទៅចូលរួមនោះទេ ព្រោះរឿងនេះ វាអយុត្តិធម៌ហើយប៉ះពាល់ដល់កិត្តិយសខ្ញុំបាទយ៉ាងធ្ងន់ធ្ងរណាស់»។
យ៉ាងណាក៏ដោយ បើតាមប្រភពច្បាស់ការមួយ បានឱ្យដឹងថា ក្រោយការបរាជ័យ សម្រាប់ការជួបគ្នាដោះស្រាយបញ្ហា កាលពីថ្ងៃទី២២ ខែមករា កន្លងមកនេះ គឺតំណាងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា អាចនឹងចេញមុខ ធ្វើជាអាជ្ញាកណ្តាល ដើម្បីឱ្យភាគី សំបូរ សុភ័ណ្ឌ និងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានជួបគ្នា ដើម្បីដោះស្រាយលើបញ្ហាចោទប្រកាន់គ្នានេះ ប៉ុន្តែជំនួបនេះ នៅមិនអាចកំណត់កាលបរិច្ឆេទច្បាស់នៅឡើយទេ ដោយសារពេលនេះ លោក តឹក ប៊ុនវី កំពុងមានភារកិច្ច នៅក្រៅប្រទេស៕