The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - CAMSOC ត្រៀម​បង្ហាញ​ភាព​អស្ចារ្យ ក្នុង​​ពិធី​រាប់ថយ​ក្រោយ​ ១០០ ​ថ្ងៃ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍សម្រាប់ការ​​​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម

CAMSOC ត្រៀម​បង្ហាញ​ភាព​អស្ចារ្យ ក្នុង​​ពិធី​រាប់ថយ​ក្រោយ​ ១០០ ​ថ្ងៃ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍សម្រាប់ការ​​​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម

Content image - Phnom Penh Post
ទិដ្ឋភាពនៃការរៀបចំពិធីមួយ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីខែធ្នូឆ្នាំ២០២១។ ហុង មិនា

CAMSOC ត្រៀម​បង្ហាញ​ភាព​អស្ចារ្យ ក្នុង​​ពិធី​រាប់ថយ​ក្រោយ​ ១០០ ​ថ្ងៃ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍សម្រាប់ការ​​​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម

ភ្នំពេញៈគណៈ​កម្មាធិការ​ជាតិ​រៀបចំការ​ប្រកួត​កីឡា​អាស៊ីអា​គ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០​២៣ (CAMSOC) បាន​កំណត់​យក​ពិធី​រាប់ថ​យ​ក្រោយ ១០០ថ្ងៃ នា​ល្ងាចនិង​យប់​ថ្ងៃ​ទី ២៥ ​ខែមករា ដើម្បី​បង្ហាញ​នូវ​​ទស្សនីយ​ភាព និង​សមិទ្ធ​ផល​ការងារ​សំខាន់​ៗ ដែល​ខ្លួន​បាន​បំពេញ និង​កំពុង​តែធ្វើ​បន្ថែម​ ដើម្បី​ឱ្យ​ភ្ញៀវជាតិ និង​អន្តរ​ជាតិ ជាពិសេស​ប្រតិភូ​កីឡា​ មក​ពី​​តាម​បណ្តាប្រទេស​ទាំង​ ១០ នៅ​​តំបន់អាស៊ាន បាន​មើល​ឃើញ​ថា កម្ពុជាពិត​ជាត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ ក្នុងការ​ផ្តល់​​នូវ​ភាព​កក់ក្តៅ បដិសណ្ឋារ​កិច្ចល្អ និងសុខ​សុវត្ថិភាព សម្រាប់ការ​ធ្វើជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ​ ២០២៣ ​នេះ។

ជាមួយ​គ្នានេះ​ CAMSOC ​​ក្រោម​​​ការ​ដឹកនាំ​របស់លោក​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជាអនុប្រធាន​អចិន្ត្រៃ​យ៍ CAMSOC បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ ​ជាមួយ​គណៈ​កម្មការ​ជំនាញ​នានា កាល​ពីថ្ងៃ​ទី​ ២៣ ខែ​មករា ដោយ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​​ត្រៀម​ពិធី​រាប់ថយ​ក្រោយ​ ១០០​ ថ្ងៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ​នេះ ឱ្យ​មាន​ភាព​ឱឡារឹក​ជាមួយ​នឹង​​ការ​ផ្សព្វផ្សាយ​ឱ្យ​​កាន់តែទូលំទូលាយ នៅគ្រប់​បណ្តាញ​សារព័ត៌មាន​ទាំងអស់ និង​បណ្តាញ​សង្គម។

លោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ CAMSOC បាន​ថ្លែង​ក្រោយ​កិច្ច​ប្រជុំនោះ​ថា៖ «យើង​បាន​រៀបចំ​ម៉ត់ចត់​ជាទីបំផុត និង​មាន​ការ​ចូលរួម​គាំទ្រ​ពីគ្រប់​​ស្រទាប់​មហាជន និង​គណៈ​​កម្មការ​​រៀបចំ​ស៊ីហ្គេម​របស់យើង ជាពិសេស​យើង​បាន​អញ្ជើញ​គ្រប់​​នាយបេសកកម្ម​​របស់​​បណ្តា​ប្រទេស នៅ​អាស៊ីអាគ្នេយ៍ ឱ្យ​មក​ចូលរួម​ ជា​សក្ខីភាព​នៃ​ពិធីរាប់ថយ​ក្រោយ​១០០​ថ្ងៃ​របស់យើង ដែល​យើង​បាន​បំផុស​ឡើង​​នូវ​ការ​ផ្សព្វផ្សាយ ដើម្បីបញ្ជាក់ពី​​ភាព​ទទួល​ខុស​ត្រូវ និង​ការ​​ផ្តល់​​ភាពកក់​ក្តៅ ក្នុងនាម​កម្ពុជា ជា​ម្ចាស់​ផ្ទះ សម្រាប់ការ​ទទួលស្វាគមន៍​ប្រតិភូ​កីឡា​ទាំង​អស់»។

តាម​កម្ម​វិធីរ​បស់ CAMSOC បាន​ឱ្យ​ដឹង​ថា ​ពិធីរាប់​ថយក្រោយ​១០០​ថ្ងៃ ​នា​ថ្ងៃទី​២៥ ខែ​មករា​នេះ នឹងចាប់​ផ្តើមជួប​ជុំគ្នា នៅម៉ោង​៤រសៀល ហើយ​ភ្ញៀវ​ជាតិ និងអន្តរ​ជាតិ អញ្ជើញ​មក​ដល់​​​នៅ​ម៉ោង​៥ រីឯ​ប្រតិភូ នាយ​បេស​កកម្ម មក​ដល់នៅ​ម៉ោង​៦ល្ងាច ចំណែក​គណៈ​អធិបតី នឹង​មក​ដល់ នៅម៉ោង ៦:២០ គឺ​មុនពេល​ការ​អញ្ជើញ​មក​ដល់​របស់​លោក​ឧបនា​យក​រដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ជាប្រធាន​គណៈ​កម្មាធិការ​ជាតិ CAMSOC។

ចាប់ពី​ម៉ោង​ ៦:៣០ យប់​តទៅ នឹងមា​ន​កម្ម​វិធី​ជា​ច្រើន ដែល​​ផ្តើមដោយ​​ការ​ច្រៀង​បទ​ចម្រៀង ​«ឈ្នះ ឈ្នះ» ​របស់​លោក សុគន្ធ ថេរ៉ាយុ បន្ទាប់​មកមាន​ការ​​អុជកាំ​ជ្រួច ការ​សម្តែង​គុន​ល្បុក្កតោ ការ​ច្រៀប​បទ « Cambodian Our Home» របស់ក​ញ្ញា វី ឌីណែត មុន​ពេល​ការ​សម្តែង​​​កីឡា​តេក្វាន់​ដូ WT។ បន្ទាប់​មក​ លោក ហង្ស សុវណ្ណា​រិទ្ធ នឹង​ចូល​ខ្លួនមក​ច្រៀង​បទ «អ្នកស្នង​គុនខ្មែរ» ហើយ​ការសម្តែង​កីឡារាំ (Breaking Dance) នឹង​ចាប់​ផ្តើម នៅ​ម៉ោង​បន្ទាប់។

ក្រោយ​មក​ទៀត លោក នី រតនា និង​កញ្ញា ឈិន ម៉ា​និច្ច នឹង​ចេញ​មក​ច្រៀងរួម​គ្នា នូវបទ​ចម្រៀង «នឹក​ ២៤​ ម៉ោង» នៅមុន​ការថ្លែង​សុន្ទរកថា​​របស់លោក Dato Seri Chaiyapak Siriwat ប្រធាន​ទីស្នាក់ការ​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ លោក​រដ្ឋមន្រ្តី ថោង ខុន ប្រធាន​ក្រុម​ប្រឹក្សា​​កីឡាអាស៊ី​អាគ្នេយ៍ និង​សុន្ទរកថា​របស់​លោក​ ទៀ បាញ់ អម​ដោយ​ការ​បាញ់​កាំជ្រួច នៅ​ចុង​ក្រោយ​។

បន្ទាប់​មក​ទៀត នឹង​មាន​ការ​ច្រៀង​បទ «រស់​ជាខ្លួន​ឯង» ដោយ​កញ្ញា ឈិន ស្រី​និច្ច និង​បទ «តើ​មាន​បងថ្ងៃ​នោះទេ​» ​របស់​លោក នី រតនា មុន​ការ​បង្ហាញ​ឈុត​សម្លៀក​បំពាក់​កីឡា។ រួច​មក កញ្ញា សុខ សីឡាលីន នឹង​ចូល​មក​ច្រៀងបទ​ «ជើង​ឯក​វិទ្យា​ល័យ» ហើយ​ក្រោយ​មក​ជា​ពេល​​ដែល​​​​ត្រូវ​​​បង្ហាញ Mascot គ្រប់ប្រភេទកីឡា ព្រមទាំង​ការ​ផ្តល់​ Mascot ជាអនុស្សាវរីយ៍​​ដល់​នាយ​បេសក​កម្ម​គ្រប់ប្រទេស និងប្រតិភូ​គុនខ្មែរ។

ចំណែក៣​កម្ម​វិធី​ចុង​ក្រោយ គឺការ​ច្រៀង​បទ «ស្មារតី​សាមគ្គី» របស់​លោក ហ្សូណូ ​​ទស្សនីយ​ភាព​​​របាំ​ប្រជា​ជាតិ​អាស៊ីអា​គ្នេយ៍ និងការ​បន្លឺ​ស្គរ​ជ័យ​រាប់​ថយ​ក្រោយ ដោយ​មានការ​អុជកាំជ្រួច ដើម្បី​អបអរ​សាទរ​នៃ​ការ​រាប់ថយក្រោយ​១០០​ថ្ងៃ ក្នុង​ដំណើរ​​ឆ្ពោះ​ទៅស៊ី​ហ្គេម ឆ្នាំ​២០២៣។

និយាយ​ផ្តោត​ទៅលើការ​រៀបចំនេះ លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖ «គ្រប់ផ្នែកទាំង​អស់ ​បាន​​រៀបចំ គឺ​​ទាំង​ផ្នែក​​សម្តែង​សិល្បៈ វប្បធម៌ ការ​សម្តែង​កីឡា បង្ហាញ​ Mascot នៃ​ប្រភេទ​កីឡា​នីមួយៗ ព្រមទាំងមានការ​អុជកាំជ្រួច ការ​ថ្លែងសុន្ទរកថា ​របស់ថ្នាក់​ដឹកនាំ ហើយក៏មានការ​ផ្សាយ​​​​បន្តផ្ទាល់​​ពី​បណ្តាញ​ទូរទស្សន៍ បណ្តាញសង្គម ក្រោម​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹងពី​សមា​គម​ទូ​រទស្សន៍​កម្ពុជា ​ក្រោម​ការ​ផ្តល់​ការគាំទ្រ​យ៉ាងក្លៀ​វក្លា​ពីឯកឧត្តម ខៀវ កាញា​រីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន និង​ជា​អនុប្រធាន CAMSOC»។

បន្ថែម​លើនេះ CAMSOC ក៏មាន​ធ្វើឆាកមួយដ៏​ធំ នៅ​ខាង​ក្រៅ​ពហុកីឡ​ដ្ឋាន​ជាតិ​មរតកតេជោ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវជាតិ និងអន្តរ​ជាតិ ហើយ​ក្រៅពីនេះ CAMSOC ក៏​មាន​កិច្ច​ប្រជុំ​នាយ​បេសកកម្ម​ស៊ីហ្គេម មក​ពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​១០​ប្រទេស​ រួមទាំងកិច្ច​ប្រជុំ​​ប្រដាល់​​គុនខ្មែរអន្តរ​ជាតិ ដោយ​មានសមាជិក​ចូលរួម​សរុប​ប្រមាណ​១០០​នាក់ គឺមាន​មកពី​ឡាវ ម៉ាឡេ​ស៊ី មីយ៉ា​ន់ម៉ា ឥណ្ឌូនេ​ស៊ី ហ្វីលី​ពីន វៀត​ណាម និង​កម្ពុជា ជា​ម្ចាស់​ផ្ទះ ដែល​កិច្ច​ប្រជុំ​នេះ គ្រោង​ធ្វើ​នៅថ្ងៃ​ទី​២៦ ខែ​មករា។

លោក​ វ៉ាត់ ចំរើន បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ​យើង​​នឹង​ត្រៀម​រៀបចំ​ខ្សែ​ទស្សនកិច្ច និង​ការ​ត្រួត​​​ពិនិត្យ​​ចុងក្រោយ នូវកន្លែងហូបចុក ស្នាក់នៅ ទីតាំង​ហ្វឹកហាត់ ទីតាំង​ប្រកួត​ជូន​ដល់​ប្រតិ​ភូ​កីឡា​អាស៊ាន និង​​អន្តរជាតិផងដែរ។ «យើង​បាន​លើក​កម្ពស់ ក្នុងការ​​រៀបចំ​ព្រឹត្តិការណ៍នេះ​ឱ្យ​​អស្ចារ្យ ហើយយើង​នឹង​ត្រៀម​ភាព​អស្ចារ្យបន្ត ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម-អាស៊ាន​​ប៉ារ៉ា ឆ្នាំ​២០២៣ ដោយ​ផ្តើម​ពីការរាប់១០០​ថ្ងៃនេះទៅ គឺយើង​បង្ហាញ​ជូន​អន្តរជាតិ​ថា កម្ពុជា​​បាន​ត្រៀម​ខ្លួន​រួច​រាល់ ឬ Cambodia is Ready»។

«កម្ពុជា​បាន​ត្រៀម​ខ្លួន ចន្លោះពី ៧០ទៅ៨០ភាគ​រយ​ហើយ ដោយ​នៅ​សេស​សល់​ត្រឹម​ចន្លោះពី២០ ទៅ៣០​ភាគ​រយ​ ដែល​យើងត្រូវ​ត្រៀម​ចលនា​នៃ​ការ​​រៀបចំ​របស់យើង​ឱ្យ​​បានគត់​មត់ និង​មាន​​​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​​ការទទួលបដិសណ្ឋារកិច្ច ហូបចុក ស្នាក់នៅ និងការប្រកួត ដោយ​​សហព័ន្ធ​​កីឡាជាតិ​ទាំងអស់ ​បាន​​ខិតខំ​ប្រឹងប្រែង​រៀបចំ​កម្ម​​វិធី​ប្រកួត​​របស់​​ខ្លួន ជាមួយ​សហព័ន្ធ​កីឡា​អន្តរជាតិ​ ហើយ​​បាន​ចេញ​បទ​បញ្ជា​​នៃ​ការ​ប្រកួត​គ្រប់ប្រភេទ​កីឡា​បាន​ច្បាស់​លាស់​អស់​ហើយ»​។ លោក ចំរើន បាន​បញ្ជាក់។

យ៉ាង​ណាមិញ សម្រាប់​នៅ​ក្នុងពិធី​ត្រួត​ពិនិត្យ និង​សំណេះ​សំណាល​កង​កម្លាំង​ការពារសន្តិសុខ​សណ្ដាប់ធ្នាប់ សម្រាប់​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​មរតកតេ​ជោ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ត្រូវបាន​លោក វ៉ាត់ ចំរើន អះអាង​ថា ជាការ​ផ្តល់​នូវ​ភាពកក់ក្តៅ និង​សុវត្ថិភាព​ដល់​អ្នក ដែលត្រូវ​មកចូល​រួម​ស៊ីហ្គេម នៅកម្ពុជា ព្រោះ​ទាំង​ប្រទេស​អូស្រ្តាលី ចិន ជប៉ុន វៀត​ណាម សិង្ហ​បុរី ស្ថាប័ន INTERPOL ស្ថាប័ន FBT និង ASEANAPOL សុទ្ធ​តែ​បាន​ផ្ដល់​ជា​មធ្យោ​​បាយ​ឧបករណ៍ សម្ភារ​បច្ចេកទេស​បម្រើ​ឱ្យ​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ និង​សណ្ដាប់​ធ្នាប់ ដល់​កម្ពុជា។

«អ្វី​ដែល​សំខាន់ កាលពី​ថ្ងៃទី​១៩ ខែមករា កម្ពុជា​បាន​បង្ហាញ​កង​កម្លាំង​ការពារស៊ីហ្គេម-អា​ស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ដើម្បីត្រៀមផ្តល់ភាពកក់ក្តៅ ថែ​រក្សា​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន និង​​​ភ្ញៀវ​​អន្តរជាតិ​មកពី​គ្រប់​ទិសទី ក្នុងគោលដៅដ៏​ធំ​ចម្បង​ឱ្យ​កម្ពុជា​ទទួល​បាន​កិត្តិយស កិត្យានុភាព និង​​រក្សា​​ជំហរយ៉ាងរឹងមាំថា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ របស់​កម្ពុជា មិន​មាន​សារធាតុហាម​ឃាត់​ក្នុងកីឡា ស្រប​តាម​អនុសាសន៍​ដ៏ខ្ពង់​ខ្ពង់ របស់​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន»។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់បន្ថែម​ថា៖ «យើង​ទាំងអស់​គ្នា បាន​និងកំពុង​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​​ការ​ត្រៀម​រៀបចំ​គ្រប់​ផែនការ​សកម្មភាពទាំ​ងអស់ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញឱ្យ​ព្រឹត្តិការណ៍​កីឡាជាប្រវត្តិសាស្ត្រ លើក​ដំបូង ដែល​កម្ពុជា​បាន​​រង់ចាំ​អស់​រយៈពេល​៦៤ឆ្នាំនេះ ទទួល​​បាន​ជោគជ័យ​ដ៏ធំ​ធេងជូនជាតិ និង​​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​អាស៊ាន​ផង​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍