ភ្នំពេញៈ ការ​ទន្ទឹង​រង់ចាំ​ដ៏យូរ​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដើម្បី​ឈ្នះបានមេដាយ​​ជា​លើក​ដំបូង ពីការ​ប្រកួត​ជើង​ឯក​អាស៊ី បាន​កើតមាន​ហើយ ដែលសម្រេច​បាន​ដោយកីឡាករ​​ជម្រើស​ជាតិ រ៉ាចាពៅ អាប់ឌុលឡា និង​កីឡាករ ពេញ វណ្ណថង ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​អាយុ​ក្រោម ២២ ឆ្នាំ (ASBC Asian U22 Boxing Championships) ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

សម្រាប់ការ​ប្រកួត ASBC Asian U22 Boxing Championships ដែល​បាន​​ដំណើរការ​ប្រកួត តាំងពី​ថ្ងៃទី ​១៧ ខែមករា​ មកនោះ ​កីឡាករ​កូនខ្មែ-អ៊ូស​បេគីស្ថាន រ៉ាចាពៅ អាប់ឌុលឡា (RAJAPOV ABDULLA) និង​កីឡាករ ពេញ វណ្ណថ​ង សុទ្ធតែ​​បានចាប់​ឆ្នោត ឡើង​​​ទៅ​​ឈរ​នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ស្វ័យ​ប្រវត្តិ​ដូចគ្នា ហើយ រ៉ាចាពៅ ធ្វើបាន​ល្អ​ជាង វណ្ណថង ដើម្បី​ត្រៀម​ទៅបង្កើត​កំណត់ត្រា​ថ្មីមួយ​ទៀត នៅវគ្គ​ផ្តាច់ព្រ័ត្រ។

តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃចន្ទ ទី​ ២៣ ខែមករា កន្លង​មកនេះ កីឡាករ ពេញ វណ្ណថង បាន​​ប្រកួត​ចាញ់​កីឡាករ​កាហ្សាក់​ស្ថាន Serik Abzal ដោយពិន្ទុជាឯក​ច្ឆន្ទ ៥-០ ​និង​ទទួល​បាន​មេដាយសំរឹទ្ធ ក្នុងទម្ងន់​៦៧​គីឡូ​ក្រាម ប៉ុន្តែ រ៉ាចាពៅ អាប់ឌុលឡា បាន​យក​ឈ្នះ​កីឡាករ​កៀហ្ស៊ីស៊ី​ស្ថាន Toktosun Uulu Bakyt ដោយ​ពិន្ទុ​មិនឯកច្ឆ​ន្ទ ៣-១ ក្នុង​ទម្ងន់​ ៩២ គីឡូក្រាម។

យ៉ាងណា​ក៏ដោយ នៅក្នុងការ​ប្រកួត​យ៉ាងស្វិត​ស្វាញ​ ក្នុងវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ កីឡាករ រ៉ាចាពៅ អាប់ឌុលឡា ត្រូវ​​បាន​​គូប្រកួត​​ដាល់​ឱ្យ​មានរបួស នៅលើ​ភ្នែកខាងស្តាំ ហើយ​របួស​នេះ ក៏​នឹង​ក្លាយជា​បញ្ហា​មួយ​សម្រាប់ រ៉ាចា​ពៅ ក្នុងពេល​ឡើងទៅ​ប្រកួត​ដណ្តើម​យក​មេដាយ​​មាស ​ នៅវគ្គ​ផ្តាច់​ព្រ័ត្រ ផងដែរ។

កីឡាករ​ទម្ងន់​ធ្ងន់ រ៉ាចាពៅ អាប់ឌុលឡា ​នឹងត្រូវ​​ឡើង​ទៅជួប​​ជនរួមជាតិ​អ៊ូបេគីស្ថាន​ដូចគ្នា គឺ​កីឡាករ Tokhirov Nusra Tbek នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​មេដាយ​មាស និងមេដាយ​ប្រាក់ នៅថ្ងៃទី​ ២៦ ខែមករា ខណៈ​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​ចន្ទ Tokhirov Nusra Tbek បាន​យក​ឈ្នះ​កីឡាករ​កៀហ្ស៊ី​ស៊ីស្ថាន ដោយ​ពិន្ទុ ៥-០ ដាច់​តែម្តង​។

ជាមួយ​គ្នា​នេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេ​ខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ហាក់​​មិន​ទាន់ហ៊ាន​វាយតម្លៃ ពីការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង រ៉ាចាពៅ អាប់ឌុលឡា និង Tokhirov Nusra Tbek នៅឡើយ​ទេ ខណៈ រ៉ាចាពៅ ក៏មាន​របួស​ជាប់​ខ្លួន ដែល​អាច​នឹង​មាន​ឈាម​ហូរ​ធ្លាក់មក​នោះ។

តែទោះ​បីជា​យ៉ាង​ណា លោក សុភ័ណ្ឌ បាន​បង្ហាញ​មោទន​ភាព​ខ្លាំង ចំពោះ​អ្វី​ដែល​ក្រុមប្រដាល់សកល​ជម្រើស​ជាតិ សម្រេច​បាននៅ​ពេលនេះ។ «សម្រាប់​ការ​ទទួល​បាន​មេដាយ​សំរឹទ្ធ​របស់ ពេញ វណ្ណថង និង​​ការ​បាន​ឡើង​ទៅ​កាន់​វគ្គផ្ដាច់​ព្រ័ត្រ​របស់កីឡាករ រ៉ាចា​ពៅ វាបាន​ក្លាយ​ជា​លទ្ធផលដ៏ល្អ​​ជាប្រវត្តិសាស្ត្រថ្មី សម្រាប់សហព័ន្ធ ព្រោះ​យើង​មិន​ធ្លាប់​ទទួល​បាន​មេដាយ​កម្រិត​អាស៊ី ពីមុន​មក​នោះ​ទេ»។

ទន្ទឹម​នឹង​នេះ លោក ប៊ុយ សុភ័ណ្ឌ បា​នអះអាង​ថា ​ការ​បំបែក​កំណត់​ត្រាជា​​ប្រវត្តិ​សាស្ត្រ សម្រាប់​ការ​ឈ្នះបាន​មេដាយ​កម្រិត​អាស៊ីនេះ​ នឹង​ធ្វើ​ឱ្យក្រុម​​ប្រដាល់​សកល​កម្ពុជា មាន​ទំនុក​ចិត្ត កាន់តែ​ខ្លាំង ក្នុងការ​ឈាន​ទៅសម្រេច​គោល​ដៅ ឈ្នះមេ​ដាយ​មាស នៅស៊ី​ហ្គេម ឆ្នាំ​ ២០២៣ នា​ខែឧ​សភា​ ខាងមុខ​នេះ។

លោកបញ្ជាក់ថា៖​ «​​ជ័យជម្នះ​នេះ ជាការ​ជំរុញ​ទឹកចិត្ត​មួយ​ឱ្យ​​សហព័ន្ធ និងក្រុម​ជម្រើស​ជាតិ​​របស់​​យើង ​បន្ត​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បីឈាន​ទៅ​ទទួល​បាន​ជោគជ័យ ​សម្រាប់​ស៊ីហ្គេម ឆ្នាំ​​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ នាពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ហើយ​កីឡាករ រ៉ាចាពៅ អាប់ឌុលឡា ជាបេក្ខភាពមួយ ដែល​យើង​រំពឹងថា នឹងអាច​ដណ្តើម​បាន​មេដាយ​មាស​ជូន​កម្ពុជា»៕