ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឈានដល់ការបញ្ជាទិញវីដេអូជំនួយអាជ្ញាកណ្តាល (Video Assistant Referee) ហៅកាត់ថា VAR ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះ ជាលើកដំបូងនៅខែឧសភា ឆ្នាំនេះ។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានអះអាងថា សហព័ន្ធដោយមានលោកអគ្គស្នងការនគរបាលជាតិ នេត សាវឿន ជាប្រធាន និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា ជាអនុប្រធាន បានធ្វើកំណែទម្រង់ស៊ីជម្រៅថ្មីមួយទៀតគឺការបញ្ជាទិញ VAR យកមកប្រើនៅក្នុងការប្រកួតធំៗ ជាពិសេសស៊ីហ្គេម ឆ្នាំ ២០២៣ ដើម្បីពង្រឹងទៅលើគុណភាពការកាត់សេចក្តី ឱ្យកាន់តែមានសុក្រឹតភាព។
លោកថ្លែងថា៖ «យើងបានបញ្ជាទិញប្រព័ន្ធ VAR ហើយមកដល់ម៉ោងនេះ ខ្ញុំគិតថា កម្ពុជារបស់យើងបានក្លាយជាប្រទេសទី៤ ក្នុងតំបន់អាស៊ាន ដែលមាន VAR ដោយយើងបានបញ្ជាទិញ និងត្រៀមដាក់ឱ្យប្រើប្រាស់នៅក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ នេះ»។
លោក សិរីពិសិដ្ឋ បានបន្ថែមថា៖ «មានតែថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីនទេដែលមាន VAR ផ្ទាល់ខ្លួន ហើយកម្ពុជាជាប្រទេសទី៤ ខណៈសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ដែលទើបធ្វើម្ចាស់ផ្ទះកន្លងមក សុទ្ធតែជួល VAR ពីប្រទេសថៃយកទៅប្រើ»។
លោកបានបន្ដថា ប្រសិនបើយើងជួលគេយកមកប្រើ គឺចប់ស៊ីហ្គេម មន្ត្រីបច្ចេកទេសរបស់យើងនៅតែអត់ចេះ ដូច្នេះយើងត្រូវតែបណ្តុះបណ្តាលធនធនឱ្យមានម្ចាស់ការលើខ្លួនឯងតែម្តងហើយចប់ពីស៊ីហ្គេមទៅយើងនឹងមានធនធានគ្រប់គ្រាន់ សម្រាប់បម្រើការងារក្នុងការប្រកួតនានាទៀតបាន។
ការបញ្ជាក់ពីការទិញ VAR នេះ ត្រូវបានលោក អាំង សិរីពិសិដ្ឋ លើកឡើងក្នុងពិធីបិទការប្រកួតបាល់ទះ Slamball នៅកីឡដ្ឋានបាល់ទះវិសាខា កាលពីព្រលប់ថ្ងៃទី ២៨ ខែមករា ហើយពានរង្វាន់ដែលត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ Anchor នេះ មានក្រុមចំនួន ៨ បានចូលរួម ដោយបានផ្ដើមប្រកួតតាំងពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំមុនមក។
ចំណែកការប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ កន្លងមក ក្រុមពង្រូលកំពង់ស្ពឺ បានយកឈ្នះក្រុមត្រីឆ្លាំងភ្នំពេញ ដោយលទ្ធផល ៣ សិតទល់នឹង ២ សិត (៣២) ដើម្បីក្លាយជាជើងឯក អមដោយប្រាក់រង្វាន់ ២០ លានរៀល និងក្រុមត្រីឆ្លាំងភ្នំពេញ បាន ១២ លានរៀល។ រីឯក្រុមលេខ ៣ បានទៅលើក្រុមដំរីសៀមរាប ដែលបានប្រាក់ ៦ លានរៀល។
ជុំវិញការប្រកួតបាល់ទះពានរង្វាន់ Slamball រដូវកាលទី១ នេះលោក សិរីពិសិដ្ឋ បានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ Slamball នេះ ក៏ជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា »។
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានពង្រឹងលើមន្ត្រីបច្ចេកទេស ដោយថ្មីៗនេះបានបើកវគ្គបណ្តុះបណ្តាលការគ្រប់គ្រងប្រព័ន្ធ Volleyball Information System និង EScoresheet Computer Program ដើម្បីឈានទៅរកកម្រិតអន្តរជាតិ។
លោក សិរីពិសិដ្ឋ ថា៖ «ខ្ញុំចាំបានថា ពីមុនឱ្យតែមានព្រឹត្តិការណ៍ប្រកួត តែងតែមានការជះឥទ្ធិពលទៅលើអាជ្ញាកណ្តាល ដោយពេលខ្លះគាត់មានការភ្លាំង ភ្លាត់ ហើយពេលខ្លះ គាត់កាត់សេចក្តីត្រូវហើយ តែកីឡាករខ្លួនឯងទេ ដែលមិនទទួលយកលទ្ធផលការកាត់សេចក្តីនោះ ប៉ុន្តែបន្ទាប់ពីការកំណែទម្រង់នេះ ឃើញថា អាជ្ញាកណ្តាលយើងសុក្រឹតមែនទែន»។
លោកថា៖ «អាជ្ញាកណ្តាលដែលមកកាត់សេចក្តីក្នុងព្រឹត្តិការណ៍នានា ជាពិសេសការប្រកួត Slamball នេះគឺអាជ្ញា កណ្តាលមកពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលត្រូវបានបំពាក់បំប៉នយ៉ាងគត់មត់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ»។
ទន្ទឹមនឹងនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានកំណត់ឱ្យក្រុមបាល់ទះទាំងអស់នៅកម្ពុជាចុះបញ្ជីផងដែរ ព្រោះក្រុមមិនចុះបញ្ជីជាមួយសហព័ន្ធនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗទេ ។
លោក អាំង សិរីពិសិដ្ឋ ថា៖ «នេះជាបទបញ្ជា ដែលយើងបានបង្កើត និងត្រូវអនុវត្តទាំងអស់គ្នា ហើយយើងឃើញថាមកដល់ពេលនេះ មានក្រុមតំណាងក្លិបតាមរាជធានីខេត្តបានមកចុះបញ្ជីជាង ៣០ ហើយ ៕