
កីឡាករ កែវ រំចង់ ពេលទទួលបានមេដាយគុនខ្មែរកន្លងមក ។ រូបថត Keo Rumchong page
ភ្នំពេញៈ ការឡាយវីដេអូបង្ហាញពីពីការអាក់អន់ចិត្តរបស់កីឡាករ កែវ រំចង់ ដែលមិនត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងដាក់ឱ្យចូលរួមប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា វាកំពុងក្លាយជាបទចោទប្រកាន់គ្នារវាងសហព័ន្ធផ្ទាល់ និង កែវ រំចង់ ថាតើអ្នកណាត្រូវ និងអ្នកណាខុសឱ្យពិតប្រាកដ?
«ខ្ញុំមានការអាក់អន់ចិត្តដែរ ហេតុអ្វីបានជាអត់មានឈ្មោះខ្ញុំប្រកួតស៊ីហ្គេម?ពេលប្រកួតថ្នាក់ជាតិ ខ្ញុំទទួលបានមេដាយមាស មិនគួរណា អត់មានខ្ញុំ នៅក្នុងស៊ីហ្គេមនោះទេ ព្រោះយើងជាម្ចាស់ផ្ទះ ហេតុអីមិនដាក់ខ្ញុំឱ្យប្រកួត ដើម្បីលើកមុខមាត់ប្រទេសជាតិយើង?»។ នេះជាអ្វី ដែលកីឡាករ កែវ រំចង់ បាននិយាយតាមរយៈការឡាយវីដេអូ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ២៩ ខែមករា។
និយាយផ្តោតទៅលើសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា កែវ រំចង់ បានអះអាងថា សហព័ន្ធប្រដាល់បានកុហករូបគេ ព្រោះបន្ទាប់ពីរូបគេដណ្តើមបានមេដាយមាសក្នុងការប្រកួតថ្នាក់ជាតិកាលពីចុងឆ្នាំ ២០២២ សហព័ន្ធបានយល់ព្រមដាក់ឈ្មោះឱ្យចូលរួមប្រកួតស៊ីហ្គេមទៅហើយ ប៉ុន្តែក្រោយមកក៏ប្រាប់ថា អត់បានចូលវិញ ដោយសារអត់មានប្រភេទទម្ងន់ ៨១ គីឡូក្រាម។
កែវ រំចង់ បានបញ្ជាក់ទាំងអារម្មណ៍ខូចចិត្តថា៖ «មុនដំបូងធ្វើឱ្យខ្ញុំអរសប្បាយចិត្ត តែដល់ពេលយូរៗទៅ ខ្ញុំសួរ ក៏មិនឆ្លើយតប ដល់ពេលឆ្លើយថា អត់មានទេគីឡូហ្នឹង។ បើអត់មានគីឡូហ្នឹង បងឱ្យខ្ញុំសម្រក ខ្ញុំនឹងសម្រក ធ្វើម៉េចមុនខ្ញុំបញ្ចប់អាជីពនេះ ខ្ញុំចង់ប្រកួតស៊ីហ្គេម ប៉ុន្តែអត់បានប្រកួត សោកស្តាយមែនទែន។ យើងជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ ហើយ កែវ រំចង់ ជាកីឡាករតំណាងប្រទេសមួយដែរ តែអត់បានចូលរួមប្រកួតស៊ីហ្គេម ពិតជាអស្ចារ្យ»។
យ៉ាងណាក៏ដោយឆ្លើយតបនឹងករណីនេះ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបកស្រាយថា ការមិនដាក់ កែវ រំចង់ ឱ្យចូលរួមក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា ឆ្នាំ ២០២៣ នេះ វាពាក់ព័ន្ធទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ជាពិសេសការស្នើសុំឱ្យលុបប្រភេទទម្ងន់ធ្ងន់របស់សហព័ន្ធកីឡាឃីកបុកស៊ីងអន្តរជាតិ។
លោក ហេង សុខឃន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃទី ៣០ ខែមករាថា៖«សម្រាប់គុនខ្មែរ គឺប្រភេទទម្ងន់ ៨១ គីឡូក្រាមនេះ យើងមាន ព្រំ សំណាង និង កែវ រំចង់ ប៉ុន្តែសម្រាប់គុណផលកីឡា ដូចជា ព្រំ សំណាង នេះ គេអត់មានដុះក្បាលពោះ គុណផលគេល្អ ដោយបានប្រមូលផ្តុំហ្វឹកហាត់ចូល ៣ ឆ្នាំមកហើយ និងបានប្រកួតតែរហូតមក ចំណែក កែវ រំចង់ គីឡូចូល ៩០ ហើយទាប អ៊ីចឹងចង់សួរបងប្អូនថា ក្នុងគីឡូ ៨១ នេះ តើរវាង ព្រំ សំណាង និង កែវ រំចង់ យើងយកមួយណា? តើយើងគិតមុខមាត់ប្រទេសជាតិ ឬកីឡាករ?»។
លោក ហេង សុខឃន ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងនោះ បានឱ្យដឹងទៀតថា ការជ្រើសរើសកីឡាករ ទាំងប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង គឺសហព័ន្ធមានគណៈកម្មការបច្ចេកទេសត្រឹមត្រូវ ដោយសហព័ន្ធធ្វើទៅតាមលក្ខណៈបច្ចេកទេសពិតប្រាកដ ហើយចំពោះបេក្ខភាព កែវ រំចង់ នេះ គឺបន្ទាប់ពីគ្មានគីឡូប្រកួតផ្នែកគុនខ្មែរ លោកបានព្យាយាមខ្នះខ្នែង ដើម្បីឱ្យរំចង់ បានចូលប្រកួតឃីកបុកស៊ីងវិញម្តង តែគ្មានច្រកចូលដូចគ្នា។
លោកបានបញ្ជាក់ថា៖ «ខ្ញុំជាអ្នកបណ្តុះគំនិតឱ្យ កែវ រំចង់ មកប្រកួតនៅស៊ីហ្គេម ព្រោះឃីកបុកស៊ីង អត់ទាន់មានគីឡូ ៨១ នេះទេ ហេតុនេះយើងបានដាក់សំណើទៅ CAMSOC តាមរយៈឯកឧត្តម វ៉ាត់ ចំរើន ហើយ CAMSOC បានបង្ហាញគីឡូ ៨១ នេះទៅកាន់ប្រទេសផ្សេងៗទៀត ប៉ុន្តែសហព័ន្ធកីឡាឃីកបុកស៊ីងអន្តរជាតិ បានឆ្លើយតបមកវិញថា គីឡូនេះ អន្តរជាតិអត់មានទេ ហើយគីឡូ ៧៥ ៤៨ និង៤៥ ក៏អត់មានដែរ អ៊ីចឹងសហព័ន្ធអន្តរជាតិ បានស្នើមក CAMSOC ឱ្យលុបគីឡូទាំង៤នេះចេញ ព្រោះគីឡូធំ និងតូចទាំងនេះ មានតែកម្ពុជាមួយទេ ហ្គេមលេងអត់កើត»។
ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជារូបនេះបានអះអាងទៀតថា បន្ទាប់ពីសហព័ន្ធកីឡាឃីកបុកស៊ីងអន្តរជាតិបានស្នើឱ្យកម្ពុជាលុបចោលប្រភេទគីឡូទាំង ៤ ខាងលើនេះ កម្ពុជាព្យាយាមសម្របសម្រួលដោយទុកពេលឱ្យប្រទេសជាសមាជិកស៊ីហ្គេមចំនួន២ខែទៀត ដើម្បីរកកីឡាករមកប្រកួតក្នុងប្រភេទទម្ងន់ទាំងនេះ ប៉ុន្តែនៅតែគ្មាន និងស្នើឱ្យកម្ពុជា លុបចោលប្រភេទគីឡូទាំងនេះដដែល។
លោក សុខឃន បានសង្កត់ធ្ងន់ថា៖ «ខ្ញុំជាអ្នកបណ្តុះគំនិតឱ្យ កែវ រំចង់ មកប្រកួតនៅស៊ីហ្គេម ប៉ុន្តែយើងរកគីឡូ ៨១ មកប្រកួតមិនបាន ហើយខ្ញុំក៏បាន Call ទៅប្រាប់ កែវ រំចង់ ថា គីឡូ ៨១ អត់មានទេ រីឯ ៧៥ ក៏អត់មានដែរ។ កែវ រំចង់ ឆ្លើយមកខ្ញុំវិញថា គាត់អាចសម្រកដល់ ៦៩ គីឡូក្រាមបាន ហើយគីឡូគាត់ ៩០ អ៊ីចឹងតើបញ្ចុះមក ៦៩ បានអត់?ខណៈឃីកបុកស៊ីងរបស់យើងគីឡូ ៦៩ យើងមានស្រាប់ ចំណែកគីឡូ ៧១ យើងមាន ឈឿង ល្វៃ ដែលបានហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិចូល៣ឆ្នាំមកហើយ មិនអាចដកបានទេ»។
យ៉ាងណាក៏ដោយ នៅក្នុងការឡាយផ្ទាល់នោះ កីឡាករធ្លាប់មានឈ្មោះបោះសំឡេងខ្លាំង កែវ រំចង់ បានអះអាងថា រូបគេអាចសម្រកទម្ងន់បានដល់ ១៩ ទៅ ២០ គីឡូក្រាម ក្នុង ១ ខែ ឱ្យតែសហព័ន្ធដាក់ឈ្មោះឱ្យគេចូលរួមប្រកួតស៊ីហ្គេម។ រំចង់ បានបញ្ជាក់ថា ក្នុងអាជីពជាអ្នកប្រដាល់ចូល ២០ ឆ្នាំមកនេះ រូបគេមិនធ្លាប់ទទួលបានឱកាសឡើងប្រកួតស៊ីហ្គេមនោះទេ ហេតុនេះរូបគេពិតជាចង់មានឱកាសប្រកួតស៊ីហ្គេមនៅលើទឹកដីខ្លួនឯង។
ឆ្លើយតបទៅនឹងការអះអាងនេះ លោក ហេង សុខឃន បានបញ្ជាក់ថា៖ «នៅក្នុងក្បួនកីឡា យើងអាចបញ្ចុះគីឡូបានក្នុងរយៈពេល ៣ ខែ ឬ ២ ខែ ប៉ុន្តែគុណផលនៅឯណា? បើយើងសម្រករយៈពេលខ្លី ហើយឡើងប្រកួត តើបានប៉ុន្មានទឹក ហើយមុខមាត់ប្រទេស ឬមុខមាត់កីឡាករ? ម្ល៉ោះហើយខ្ញុំបានប្រាប់ទៅ កែវ រំចង់ និងឪពុករបស់គាត់ថា អស់ជម្រើសហើយ រកមិនបានទេ ប៉ុន្តែគាត់បែរជាចេញវីដេអូឡាយថា យើងអត់គិតដល់គាត់ ហេតុនេះសួរថា តើអ្នកណាត្រូវ អ្នកណាខុស?»៕