ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានសម្រេចថា នឹងធ្វើសកម្មភាពសង្គមឬការងារសប្បុរសធម៌រួមគ្នាជាមួយកីឡាការិនីឆ្នើម ស្រួង ភាវី ដើម្បីលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋកម្ពុជា និងសិស្សានុសិស្សនៅតាមខេត្ត ខណៈដែល KOICA បាននិងកំពុងរៀបចំសកម្មភាពសង្គមជាច្រើនជាមួយស្ថាប័នសាធារណៈ និងឯកជន និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
លោកហ៊ត ស្រុឺ អ្នកឯកទេសកម្មវិធីជាន់ខ្ពស់របស់ KOICA បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែមករាថា៖ «យើងគ្រោងនឹងធ្វើកម្មវិធីសប្បុរធម៌ជាមួយកីឡាការិនី ស្រួង ភាវី ដោយខាង KOICA មានក្រុមសុខសប្បាយ ដែលមានសកម្មភាពទៅខេត្ត ដើម្បីធ្វើសកម្មភាពសប្បុរធម៌ថ្នាក់ក្រោមជាតិ នៅតាមសាលារៀនដូចជា ការចែកសម្ភារសិក្សាដល់សិស្ស បង្រៀនគាត់ពីសុខភាពអនាម័យ ការលាងដៃឱ្យស្អាត ការដុសធ្មេញ ការគូររូបភាព ការដេគ័រ និងសកម្មភាពលេងកីឡាផ្សេងៗ ហើយក្រុមសុខសប្បាយគ្រោងធ្វើរួមគ្នាជាមួយកីឡាការិនី ស្រួង ភាវី»។
ការសម្រេចធ្វើសកម្មភាពសង្គមរួមគ្នានៅកម្ពុជានេះ បានកើតមានឡើង បន្ទាប់ពីកីឡាការិនីស្នូកឃ័រ មានដើមកំណើតខ្មែរ ស្រួង ភាវី រួមទាំងសហការី បានធ្វើដំណើរមកពីកូរ៉េខាងត្បូងមកទស្សនកិច្ចនៅការិយាល័យ KOICA ប្រចាំកម្ពុជាកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ ហើយកម្មវិធីការងារសប្បុរសធម៌ នៅតាមខេត្តនេះ មានឈ្មោះថា «សុខសប្បាយ»។
នៅក្នុងដំណើរទស្សនកិច្ចនេះ មានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក Rho Hyunjun ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា និងក្រុមការងាររបស់លោក ហើយនៅក្នុងជំនួបនោះ លោក Rho Hyunjun បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពសង្គមនៅកម្ពុជា ដែល KOICA បាននិងកំពុងរៀបចំសកម្មភាពសង្គមជាច្រើនដោយសហការជាមួយស្ថាប័នសាធារណៈ និងឯកជន និងអង្គការក្រៅរដ្ឋាភិបាល។
លោកបានបន្ថែមថា ក្រុមសមាជិកអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េរបស់ KOICA នៅកម្ពុជា បានអនុវត្តសកម្មភាពស្ម័គ្រចិត្តមួយឈ្មោះថា «សុខសប្បាយ» ហើយអតីតកម្មសិក្សាការី និងនិស្សិត ដែលបានឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលតាមរយៈ KOICA ហៅថា «សមាគមអតីតកម្មសិក្សាការីកម្ពុជាកូរ៉េ» ដោយមានការគាំទ្រពី KOICA គឺបានធ្វើសកម្មភាពសង្គម និងយុទ្ធនាការផ្សេងៗជារៀងរាល់ឆ្នាំ។
លោក Rho Hyunjun បានជម្រាបជូនគណៈប្រតិភូរបស់កីឡាការិនីស្រួង ភាវី អំពីសកម្មភាពរបស់ខ្លួនបែបនេះថា៖ «KOICA បាននិងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើវិស័យស្នូលចំនួន ៤ មានការគ្រប់គ្រងទឹកនិងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍជនបទ និងការដឹកជញ្ជូន តាមរយៈគម្រោង និងកម្មវិធីក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផ្សេងៗដែលមានតម្លៃប្រហែល ៣៣៦,៧ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ១៩៩១-២០២២»។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់កីឡាការិនី ស្រួង ភាវី និងសហការី ត្រូវបានអញ្ជើញឱ្យធ្វើទស្សនកិច្ចនៅការិយាល័យ KOICA ប្រចាំកម្ពុជា ដើម្បីស្វែងយល់អំពីដំណើរការរបស់ស្ថាប័នមួយនេះ ដោយពួកគេ បានជួបជាមួយបុគ្គលិករបស់ KOICA ទាំងក្រុមគម្រោង និងក្រុមអ្នកស្ម័គ្រចិត្ត ហើយក្នុងពេលនេះ ស្រួង ភាវី បានបង្ហាញភាពសប្បាយរីករាយខ្លាំងសម្រាប់ការចូលរួមធ្វើសកម្មភាពសង្គមជាមួយ KOICA នាពេលខាងមុខនេះ។
យ៉ាងណាក្ដី ស្រួង ភាវី បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងដែលជាទឹកដីកំណើតរបស់ស្វាមីអ្នកស្រីវិញ កាលពីថ្ងៃទី ៣០ ខែមករា ហើយកីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះ នឹងត្រឡប់មកកម្ពុជាម្តងទៀត ដើម្បីធ្វើការងារសង្គមជាមួយ KOICA នៅមុនពេលប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនាខែឧសភា ខាងមុខ។
លោក ហ៊ត ស្រុឺ បានបញ្ជាក់ថា៖ «បើតាមអ្វីដែល ស្រួង ភាវី បានប្រាប់ គឺគាត់នឹងអញ្ជើញមកចូលរួមការប្រកួតស៊ីហ្គេម ក្នុងខែឧសភា អ៊ីចឹងក្នុងខែមេសា មុនការប្រកួតស៊ីហ្គេម គឺយើងអាចរៀបចំកម្មវិធីនេះបានហើយ អ៊ីចឹងយើងកំពុងសម្រុះសម្រួលពេលវេលាចុះទៅខេត្ត ហើយយើងបានសម្រេចយកខេត្តកំពង់ធំ ជាកន្លែងដែលយើងត្រូវធ្វើការរួមគ្នា ជាលើកដំបូង»៕