ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានចាត់ទុកភាពជោគជ័យនៃព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៦ ឆ្នាំ២០២៣ នៅអង្គរថា ជាការបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣។
លោកបានថ្លែងថា៖ «កម្ពុជា គឺជាប្រទេសមួយដែលមានសន្តិភាពក្នុងតំបន់ហើយតាមរយៈសន្តិភាពនេះ បានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស រួមទាំងវិស័យកីឡាផងដែរ។ ចំពោះព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail ឆ្នាំ២០២៣ គឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលខាងមុខ ក្រោមប្រធានបទ កីឡារស់ក្នុងសន្តិភាព»។
ការលើកឡើងបែបនេះរបស់លោក ថោង ខុន បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ Angkor Ultra Trail នៅខេត្តសៀមរាបកាលពីយប់ថ្ងៃទី ៤ ខែកុម្ភៈ។ ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសឱ្យក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយលោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages ដើម្បីរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail ឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេល ២ ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ ១៩។
ប្រធាន NOCC លោក ថោង ខុន បានបន្ថែមថា៖ «ជាការពិតណាស់ ព្រឹត្តិការណ៍នៅថ្ងៃនេះ ត្រូវបានរៀបចំឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដោយព្រឹត្តិការណ៍នេះមានអត្តពលិកចូលរួមជាង ១ ពាន់មកពី ៤៣ ប្រទេស គឺមានមកពីអាស៊ី និងអឺរ៉ុប ជាពិសេសបារាំង»។
សម្រាប់អ្នកចូលរួមជាង ១ ពាន់នាក់នេះ ត្រូវបានគណៈកម្មការរៀបចំកំណត់ឱ្យរត់ទាំងថ្ងៃទាំងយប់ ដោយឆ្លងកាត់ឧបសគ្គ តាមតំបន់ព្រៃភ្នំ ប្រាង្គប្រាសាទ ផ្លូវលំ និងវាលស្រែរបស់អ្នកភូមិនៅតំបន់អង្គរ ទៅតាមប្រភេទវិញ្ញាសាទាំង ៦ ដោយក្នុងនោះរត់ចម្ងាយ១០០ គីឡូម៉ែត្រ មានអ្នកចូលរួមចំនួន៨៣នាក់ រីឯរត់ចម្ងាយ ៦៤ គីឡូម៉ែត្រ មាន ១០៧ នាក់, រត់ចម្ងាយ ៤២ គីឡូម៉ែត្រ មាន ១៥០ នាក់, រត់ចម្ងាយ ៣២ គីឡូម៉ែត្រ មាន ១៦០ នាក់, រត់ចម្ងាយ ១៦ គីឡូម៉ែត្រ មាន ២៧៨ នាក់ និងរត់ចម្ងាយ ៨ គីឡូម៉ែត្រ មាន ១២១ នាក់។
ទន្ទឹមនឹងនេះ លោក ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងអាជ្ញាធរជាតិអប្សរា កងកម្លាំងសន្តិសុខ ក្រុមសុខាភិបាល សហគ្រាសអង្គរ និងអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប រួមទាំងកីឡាករ កីឡាការិនីទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ និងកម្លាំងកាយ-ចិត្ត ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ ហើយនេះក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកភ្ញៀវជាតិ និងអន្តរជាតិ ឱ្យមានទស្សនានៅអង្គរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅទេសចរណ៍ស្អាតនិងបៃតងដើម្បីស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលនឹងរៀបចំពិធីបើកនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ហើយព្រឹត្តិការណ៍ Angkor Ultra Trail នេះ បានផ្តល់ឱកាសដល់ភ្ញៀវជាតិ និងអន្តរជាតិ បានត្រឡប់មកទស្សនាប្រាសាទអង្គរវត្តម្តងហើយម្តងទៀតសម្រាប់ការចូលរួមការប្រកួតនេះដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ»។
ចំណែកលោក Edouard George ជាប្រធានក្រុមហ៊ុន Phoenix Voyages ដែលសហការរៀបចំព្រឹត្តិការណ៍នេះបានសម្ដែងសេចក្ដីរីករាយជាខ្លាំងចំពោះការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍ Angkor Ultra Trail តែបានទទួលអត្តពលិកជាតិ និងអន្ដរជាតិចូលរួមកើនឡើងទ្វេដង។
លោកថា អ្វីដែលគួរឱ្យកត់សម្គាល់ គឺមានប្រជាពលរដ្ឋខ្មែរជាច្រើនបានចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយនេះ ក្នុងនោះក៏មានពលរដ្ឋកម្ពុជាចូលរត់ចម្ងាយ ១០០ គីឡូម៉ែត្រផងដែរ។ តាមរយៈនេះ លោក Edouard George រំពឹងថា ឆ្នាំក្រោយៗ នឹងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត៕