ភ្នំពេញ៖ ប្រធាន Mas Fight និង​ជា​តំណាង​ស្ថាប័ន International Professional Combat Council (IPCC) ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក គឹម ស្រ៊ុនកុសល បាន​អះអាង​ថា ការ​រៀបចំ​ឱ្យ​មាន​ការ ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក IPCC Kun Khmer World Champion រវាង​ជើង​ខ្លាំង ធឿន ធារ៉ា និង​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​មក​ពី​ប្រេស៊ីល Thiago Teixeira នៅ​លើទឹក​ដី​ខេត្ត​ស្វាយរៀង នាព្រលប់​ថ្ងៃ​ទី ១១ ខែ​កុម្ភៈនេះ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ «គុនខ្មែរ» ទៅ​កាន់​ពិភព​លោក។

លោក គឹម ស្រ៊ុនកុសល ដែល​ជាទី​ប្រឹក្សា​ស្ថានីយ ទូរទស្សន៍ ថោនផង​នោះ បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើកទី២​ ហើយ ដែល​​សង្វៀន​ថោន បាន​សហការ​ជាមួយ IPCC និង​ម្ចាស់​ឧបត្ថម្ភ​ភេសជ្ជៈ​ WURKZ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ «WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស» រដូវ​កាល​ទី២​ នេះ ហើយ​វា​ក៏ជា​លើក​ដំបូង​ដែរ ដែល​មាន​ការ​រៀបចំ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។

បុរស​មាន​ឈ្មោះ​ក្រៅ​ថា Tommy Kim រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ IPCC Kun Khmer World Champion នេះ ក៏​ស្រប​ពេល​ដែល IPCC បាន​ចាប់​អារម្មណ៍​ភាព​លេច​ធ្លោរបស់ ធឿន ធារ៉ា ហើយ Thiago ក៏​ធ្លាប់​បាន​ឈ្នះ​ពិន្ទុ ឡៅ ចន្ទ្រា ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ Thiago ក៏ទើប​ដណ្តើម​​បាន​ខ្សែ​ក្រវាត់​ពិភព​លោក​ ១ ​ខ្សែ​ទៀត​ដែរ។

លោក គឹម ស្រ៊ុនកុសល បាន​និយាយ​ថា៖ «ទាំង ធឿន ធារ៉ា និង Thiago សុទ្ធតែ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ដូចគ្នា ហេតុ​នេះ វា​ជា​ឱកាស​ល្អ ដែល​យើង​ដាក់​ឱ្យ​អ្នក​ទាំង​២ វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់ IPCC Kun Khmer World Champion ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឱ្យ​ពិភពលោក​បាន​ស្គាល់។ គុនខ្មែរ​មិន​ស្ថិត​នៅ​ក្រោម​ស្ថាប័ន​ប្រដាល់​របស់​ប្រទេស​ណា​១​ទេ ព្រោះ​ជា​ក្បាច់​គុន​របស់​ដូនតាខ្មែរ អ៊ីចឹង​តាម​រយៈ​ការ​ប្រកួត​ ១ គូនេះ ខ្ញុំ​ជឿជាក់​ថា នឹង​មាន​ភាព​កក្រើក​ខ្លាំង»។

កីឡាករ​ប្រេស៊ីល Thiago បានទាត់ទៅលើ ឡៅ ចន្ទ្រា ក្នុងការ​ប្រកួត កាលពី​ចុងឆ្នាំ​២០២២។ រូប​ថត សហការី​

លោក Tommy Kim បាន​អះអាង​ថា ស្ថាប័ន IPCC បានជួយ​ផ្សព្វ​ផ្សាយ​គុនខ្មែរ​ខ្លាំង​ណាស់ រហូត​ធ្វើ​ខ្សែ​ក្រវាត់ IPCC Kun Khmer អឺរ៉ុប ឱ្យ​ខាង​អឺរ៉ុប គេ​វ៉ៃ​ដណ្តើម និង​ធ្វើ IPCC Kun Khmer ជប៉ុន ឱ្យ​ជប៉ុន​ដណ្តើម ហើយ​ការ​ប្រកួត​នៅ​វៀតណាម ក៏​គេ​ដាក់​ពាក្យ Kun Khmer នៅ​លើ​ខ្សែ​ក្រវាត់​របស់​គេ​ដែរ។

ចំណែក​ការរៀបចំ​ឱ្យ​មាន​ការប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​រវាង ធឿន ធារ៉ា និង Thiago នេះ លោក​បាន​បញ្ជាក់ថា៖ «វាជា​ព្រឹត្តិការណ៍​ធំ លើក​ទី១ គឺ​អាច​ថា ជា​ប្រវត្តិសាស្រ្ត​របស់ខ្មែរ​យើង​ហើយ ដែល​យើង​រៀបចំ​បាន។ បើទោះបីជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក​នេះ វា​មិន​ទាន់​បាន​ធំ​ទូលាយ​ដូច​ស្ថាប័ន​របស់​គេ​មួយ​ចំនួន ប៉ុន្តែ​វា​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ ដែល​កីឡាករ​របស់​យើង បាន​ឈាន​ជើង​មក​ឈរ​នៅ​កម្រិត​នេះ»។

«បើទោះបីជា ធឿន ធារ៉ា ចាញ់ ឬយ៉ាងណា ប៉ុន្តែ​វា​ជា​មោទន​ភាព​មួយ ដែល​យើង​អាច​ផ្សព្វផ្សាយ​គុនខ្មែរ​ទៅ​ក្រៅ​ប្រទេស​បាន ដូច​ជា​នៅ​អឺរ៉ុប និង​ប្រទេស​ផ្សេងៗ​ទៀត ហើយសម្បី​ខាង​វៀតណាម ក៏​បាន​សុំ​លិង​ក៍​ផ្សាយ​ពី​យើង​ទៅ​ដែរ អ៊ីចឹង​វា​ពិត​ជា​អស្ចារ្យ សម្រាប់​ក្រុម​ការងារ​របស់​ខ្ញុំ និង​ដៃ​គូ​ឧបត្ថម្ភ​របស់​យើង ​ដែល​គាត់​មាន​ចិត្ត​តែ​ ១ ក្នុង​ការ​រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​នេះឡើង តែនេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ ព្រោះយើង​នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​ទៀត ដើម្បី​ជួយ​ផ្សព្វ​ផ្សាយ​គុនខ្មែរ ឱ្យ​កាន់​តែ​ល្បីល្បាញ នៅ​លើ​ពិភព​លោក»។ លោក ស្រ៊ុនកុសល បាន​បញ្ជាក់​បន្ថែម។

ជើង​ខ្លាំង​របស់​កម្ពុជា ធឿន ធារ៉ា បាន​វាយកែង​ទៅលើ​កីឡាករ​បរទេស សម្រាប់ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នាពេល​កន្លងមក។ រូប​ថត សហការី

សម្រាប់​ការ​ជួប​គ្នា​រវាង ធឿន ធារ៉ា និង Thiago Teixeira បាន​និង​កំពុង​ឡើង​កម្តៅ​ខ្លាំង ព្រោះ​អ្នក​ទាំង​ ២ ​នេះ បាន​ពោល​ពាក្យ​ឌឺ​ដង​គ្នា​សម្បើម​ណាស់ ហើយ​ពួកគេ សុទ្ធតែសំអាងលើស្នៀត​​សម្លាប់​រៀងៗខ្លួន ដោយ​ក្នុង​នោះ ធារ៉ា អាង​លើ​ផ្លែ​កែង រីឯ Thiago ជឿជាក់​លើ​កណ្តាប់​ដៃ។

កីឡាករ​របស់​ប្រេស៊ីល Thiago Teixeira ដែល​ធ្លាប់​បាន​ខ្សែ​ក្រវាត់​ជា​ច្រើន​នោះ បាន​ចាត់​ទុក ធឿន ធារ៉ា ជា​កីឡាករ​ដ៏ល្អ​ម្នាក់​របស់​កម្ពុជា ដែល​មាន​សមត្ថភាព​ខ្លាំង ប៉ុន្តែ Thiago បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ខ្លាច ធឿន ធារ៉ា ទេ ខ្ញុំ​ចង់​ប្រកួត​ជាមួយ​គាត់ ហើយ​ខ្ញុំ​ជឿ​​ជាក់​ថា ខ្សែ​ក្រវាត់ IPCC ជា​របស់​ខ្ញុំ គឺ​ខ្ញុំ​នឹង​ក្លាយ​​ជា​ជើងឯក​គុន​ខ្មែរ​​ដំបូងគេ»។

«ធឿន ធារ៉ា សូម​កុំប្រិច​ភ្នែក​របស់​អ្នក​ឱ្យ​សោះ ព្រោះ​កណ្តាប់​ដៃ​របស់​ខ្ញុំ​លឿន​ណាស់»។ នេះ​ជា​អ្វី​ដែល Thiago បាន​ប្រកាស​បែប​ឌឺ​ដង​ដាក់ ធារ៉ា មុន​ពេល​រូបគេ​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ Thiago បានបន្ថែមពាក្យ​សម្ដី​បែប​ឡក​ឡាយ​ដាក់ ធារ៉ា ទៀតថា​៖« ធឿន ធារ៉ា ឥឡូវ​នេះ វាជា​ឱកាស​របស់​អ្នក ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ដ៏​ខ្លាំង​របស់​ប្រេស៊ីល​ហើយ។ ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍ ទី១១ ខែ​កុម្ភៈ​នេះ»។

ខ្សែ​ក្រវាត់ IPCC Kun Khmer World Champion ដែល ធឿន ធារ៉ា និង Thiago ត្រូវ​ប្រកួតគ្នា​ដណ្តើម​យក​មក​គ្រប់គ្រង។ រូប​ថត សហការី

យ៉ាងណាក៏ដោយ ចំពោះ​ការ​ប្រកាស​ក្តែងៗ​របស់​អ្នក​ប្រដាល់​ប្រេស៊ីល Thiago Teixeira រូប​នេះ ធឿន ធារ៉ា ដែល​ទើប​ឈ្នះ​បាន​ពាន​ស្តេចថៃ និង​ខ្សែ​ក្រវាត់ នៅ Thai Fight បាន​ប្រកាស​តប​ទៅ​វិញ​ថា៖ «Thiago កុំ​រំពឹង​ខ្ពស់​ពេក បើ​អ្នក​ចង់​បាន​ខ្សែ​ក្រវាត់ ត្រូវ​ឆ្លង​កាត់​កែង​ពិឃាត​របស់​ខ្ញុំ​សិន»។

បន្ថែម​ទៅ​លើការ​ឆ្លើយ​តប​ទៅ​ភាព​ប្រាកដ​ប្រជា​នេះ ធឿន ធារ៉ា បាន​អះអាង​ថា រូបគេ​បាន​ត្រៀម​ខ្លួន​រួច​ហើយ និង​មាន​ទំនុក​ចិត្ត​ដល់​៧០​ភាគរយ ក្នុង​ការ​យក​ឈ្នះ​លើ Thiago។ ក្រៅពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​នេះ ជើង​ខ្លាំង ឈុត សេរីវ៉ាន់ថង ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត Mas Fight ជាមួយ ពេជ្រ សម្បត្តិ ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម ចំណែក ឡៅ ចិត្រា ត្រូវ​ជួប​ថៃ Kolabkhav Sorchor Peak Outhoy ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម រីឯ​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ចំនួន​ ៦​ នាក់​ទៀត ក៏​ត្រូវ​ធ្វើ​នៅ​ថ្ងៃសៅរ៍​នេះ​ដូចគ្នា៕