ភ្នំពេញៈ ជើងខ្លាំង ធឿន ធារ៉ា បានក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលបានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC Kun Khmer World Champion មុនគេ បន្ទាប់ពីបានវាយកែងបណ្តាលឱ្យអ្នកប្រយុទ្ធរបស់ថៃ Thiago Teixeira មានរបួសបែបធំ រហូតគ្រូពេទ្យបញ្ឈប់ការប្រកួតនោះ ប៉ុន្តែជើងខ្លាំង ឈុត សេរីវ៉ាន់ថង ប៊ិះបាក់មុខ ក្រោមកណ្តាប់ដៃក្មេងជំនាន់ក្រោយ ពេជ្រ សម្បត្តិ ខណៈ ឡៅ ចិត្រា បានរក្សាភាពខ្លាំង ដោយយកឈ្នះកីឡាករថៃ ក្នុងព្រឹត្តិការណ៍ដ៏កក្រើកនេះដែរ។
តាមរយៈការប្រកួត ដែលត្រូវបានធ្វើឡើង នៅលើទឹកដីខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈនោះ Thiago Teixeira និង ធឿន ធារ៉ា ដែលបានពោលពាក្យឌឺដងដាក់គ្នាខ្លាំង មុនការប្រកួតនោះ គឺបានបើកការវាយប្រហារគ្នាតាំងពីដើមទឹកទី១ ប៉ុន្តែការម៉ាត់ឆ្វេងចូលពេញ និងបន្ថែមដោយកណ្តាប់ដៃស្តាំរបស់ ធារ៉ា បានធ្វើឱ្យ Thiago ដួលអុកគូទ ហើយត្រូវបានអាជ្ញាកណ្តាលរាប់ភ្លាមៗ។
ការវ៉ៃឱ្យរាប់នេះត្រូវបានគេគិតថា Thiago អាចនឹងសន្លប់នៅទឹកទី១នេះតែម្តង ខណៈ ធឿន ធារ៉ា បានព្យាយាមចូលម៉ាត់ និងវាយកែងស្រោចដូចទឹកភ្លៀង ទៅលើ Thiago នោះ ប៉ុន្តែអ្នកប្រយុទ្ធជើងចាស់រូបនេះ ពិតជាមានភាពរឹងមាំខ្លាំង ដោយអាចទប់ស្មារតីបានវិញ និងបន្តវាយប្តូរជាមួយ ធារ៉ា យ៉ាងអំណត់។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនៅទឹកទី២ ទឹកទី៣ និងដើមទី៤ អ្នកទាំង២នេះ ហាក់បន្ថយការវាយសម្រុកគ្នា ខណៈកម្លាំងវាយចូលពេញៗទៅវិញទៅមក តែដូចមិនឃើញអ្នកស្រុតកម្លាំងនោះទេ។ សកម្មភាពនេះ ធ្វើឱ្យលោកអាជ្ញាកណ្តាលធ្វើការព្រមានចំនួន២ដង ដល់អ្នកទាំង២ ហើយការស្ទុះស្ទាប្រកួតវិញ នៅចុងទឹកទី៤ ធារ៉ា បានវាយកែងស្តាំ បណ្តាលឱ្យ Thiago បែកនៅលើក្បាល ហូរឈាមយ៉ាងខ្លាំង។
បើទោះបីជា Thiago អាចបន្តការប្រកួតរហូតដល់ចប់ទឹកទី៤ ប៉ុន្តែការហូរឈាមមិនដាច់ចេញពីមុខរបួសបែកយ៉ាងធំនេះ នាំឱ្យគ្រូពេទ្របញ្ឈប់ការប្រកួតរបស់ Thiago ដោយមិនឱ្យប្រកួតបន្ត នៅទឹកទី៥នោះទេ ហើយការសម្រេចនេះ នាំឱ្យ ធារ៉ា ទទួលបានខ្សែក្រវាត់ពិភពលោក IPCC Kun Khmer World Champion មុនគេ បន្ថែមទៅលើការឈ្នះខ្សែក្រវាត់ នៅ Thai Fight ជាលើកដំបូង កាលពីថ្ងៃទីចុងឆ្នាំ២០២២។
តាមរយៈការផ្តួល Thiago ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ IPCC Kun Khmer World Champion នេះ ធឿន ធារ៉ា បានទទួលការឧបត្ថម្ភរាប់ពាន់ដុល្លារ ខណៈព្រឹត្តិការណ៍នេះមានអ្នកទស្សនាផ្ទាល់រាប់រយនាក់ និងមានអ្នកទស្សនាតាមការផ្សាយផ្ទាល់ជាង៣៦ម៉ឺននាក់(362.8K) ដែលនេះកំណត់ត្រា មិនធ្លាប់មាននោះទេ សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រដាល់នៅកម្ពុជា។
លោក គឹម ស្រ៊ុនកុសល ប្រធាន MasFight និងជាតំណាងស្ថាប័ន International Professional Combat Council (IPCC) ប្រចាំនៅប្រទេសកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១២ ខែកុម្ភៈ ថា៖ «វាជាមហាជោគជ័យ និងជាប្រវត្តិសាស្ត្រ សម្រាប់ព្រឹត្តិការណ៍នេះ ហើយការប្រកួតនេះ មិនមែនល្អតែគូ ធឿន ធារ៉ា និង Thiago នោះទេ ប៉ុន្តែគូប្រកួតផ្សេងៗទៀត សុទ្ធតែល្អទាំងអស់»។
សម្រាប់ការប្រកួត កាលពីយប់ថ្ងៃសៅរ៍នោះដែរ ជើងខ្លាំងជាកីឡាករជម្រើសជាតិឃីកបុកស៊ីង ឈុត សេរីវ៉ាន់ថង ស្ទើរតែបាក់មុខក្រោមកណ្តាប់ដៃរបស់ក្មេងជំនាន់ក្រោយ ពេជ្រ សម្បត្តិ ទៅហើយ។ នៅក្នុងការប្រកួតបែប Mas Fight ១ទឹក៩នាទីនេះ វ៉ាន់ថង បានព្យាយាមវាយប្តូរជាមួយ ពេជ្រ សម្បត្តិ យ៉ាងអំណត់បំផុត ប៉ុន្តែកណ្តាប់ដៃ និងការវាយកែងចូលធ្ងន់ៗរបស់ សម្បត្តិ ធ្វើឱ្យ វ៉ាន់ថង ធ្លាក់កម្លាំងខ្លាំង។
សម្រាប់ការប្រកួត៣នាទីចុងក្រោយ វ៉ាន់ថង ដែលមានឈាមហូរពេញ នៅចំហៀងមុខខាងស្តាំនោះ ស្ទើរតែគាំងម្តងៗ ក្រោមការវាយកណ្តាប់ដៃរបស់ ពេជ្រ សម្បត្តិ ទៅហើយ ប៉ុន្តែ កីឡាកររូបនេះ ពិតជាមានភាពស៊ូខ្លាំង ដោយបានព្យាយាមវាយប្តូរទាំងមានរបួសជាប់ខ្លួន រហូតដល់ចប់៩នាទី និងត្រូវបានប្រកាសឱ្យស្មើគ្នា តាមបែបម៉ាសហ្វៃ គឺបើគ្មានអ្នកសន្លប់ ត្រូវកំណត់ឱ្យស្មើគ្នា។
ចំណែក ឡៅ ចិត្រា បានយកឈ្នះកីឡាករថៃ Kolabkhav Sorchor Peak Outhoy ដោយពិន្ទុ សម្រាប់ការប្រកួត៣ទឹក ហើយក៏មានការប្រកួតចំនួន៤គូផ្សេងទៀតផងដែរ ដែលការប្រកួតសុទ្ធតែស្វិតស្វាញដូចគ្នា ហើយលោក គឹម ស្រ៊ុនកុសល បានអះអាងថា តាមរយៈពឹត្តិការណ៍នេះ ពិតជាបានផ្សព្វផ្សាយគុនខ្មែរខ្លាំង ទៅកាន់ពិភពលោក ខណៈលោក Sasan Ghosairi ប្រធាន IPCC ពិភពលោក ក៏មានចិត្តថ្លើម ក្នុងការជួយដល់គុនខ្មែរ។
លោក គឹម ស្រ៊ុនកុសល បានបន្ថែមថា៖ «ព្រឹត្តិការណ៍នេះ យើងបាន Live ទៅប្រទេសជាច្រើនទៀត ទាំងនៅអាស៊ី និងអឺរ៉ុប ហើយខាងវៀតណាម ក៏បានយកលិងរបស់យើង ទៅដាក់លើផេចហ្វេសប៊ុករបស់គេទៅទៀតគឺ លោក Sasan Ghosairi បានជួយផ្សព្វផ្សាយគុនខ្មែរយើងខ្លាំងណាស់ ព្រោះខ្សែក្រវាត់របស់គាត់ ទៅដល់ទីណា ក៏មានពាក្យ Kun Khmer នៅលើខ្សែក្រវាត់ ហើយយើងបានធ្វើខ្សែក្រវាត់២ទៀត គឺខ្សែក្រវាត់ Kun Khmer European Champion និងខ្សែក្រវាត់ Kun Khmer Japan Champion ឱ្យគេវ៉ៃដណ្តើម»។
«វាជាជោគជ័យដ៏ធំមួយ ហើយសង្ឃឹមថាកីឡាករកម្ពុជារបស់យើងផ្សេងៗទៀត នឹងធ្វើបានល្អដូច ធឿន ធារ៉ា ព្រោះយើងផ្សព្វផ្សាយគុនខ្មែរ មិនមែនយើងដើរផ្សព្វផ្សាយតែមាត់ទទេនោះឡើយ។ យើងផ្សព្វផ្សាយ ដោយយើងមានចម្លាក់ប្រដាល់គុនខ្មែរ នៅតាមប្រាង្គប្រាសាទនៅអង្គរវត្ត ព្រមទាំងមានកីឡាករមានសមត្ថភាពទៅផ្តួលគេឱ្យ ទើបគេទទួលស្គាល់ គុនខ្មែរ ពិតប្រាកដមែន។ លោក ស្រ៊ុនកុសល បានបញ្ជាក់បន្ថែម៕