ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) លោក ជា ច័ន្ទបរិបូរណ៍ បានបង្ហាញពីក្តីកង្វល់លើការអភិវឌ្ឍកីឡាអេឡិចត្រូនិក (E-sports) នៅកម្ពុជាដែលនៅតែប្រឈមនឹងបញ្ហា ស្របពេលដែលកីឡាប្រភេទនេះ ក៏ត្រូវបានដាក់បញ្ចូលប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា នាខែឧសភា ខាងមុខនេះផងដែរ។
លោកបានថ្លែងថា បើទោះបីជាកីឡាE-sportsត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)និងបានក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ាន,អាស៊ី និងសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោកក្ដី ប៉ុន្តែការយល់មិនបានច្បាស់លាស់ និងការបែងចែកមិនទាន់ដាច់ស្រេចរវាងកីឡា E-sports និងល្បែងហ្គេមវាអាចនឹងធ្វើឱ្យកីឡា E-sports នៅកម្ពុជាធ្លាក់ចូលទៅក្នុងបញ្ជីខ្មៅប្រសិនបើសហព័ន្ធគ្រប់គ្រងមិនបានល្អ។
លោក ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ថា៖ «វិស័យកីឡា E-sports មកដល់ពេលនេះ នៅលើពិភពលោក ត្រូវបានដាក់បញ្ចូលជាកីឡាពិតប្រាកដ ហើយនេះជាលើកទី៣ហើយ ដែលE-sports ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេម។ ប៉ុន្តែមុនពេលគេដាក់ជាកីឡាពិតប្រាកដ គឺវិញ្ញាសានេះ ជាល្បែងភ្នាល់មួយនៃចរន្តនៅលើពិភពលោក ដូច្នេះវិស័យ E-sports នេះ យើងមានការលំបាក ដោយសារតែនៅមានការភាន់ច្រឡំគ្នារវាងល្បែងស៊ីសង និងហ្គេមជាលក្ខណៈកីឡានេះ»។
លោកបានបន្ថែមថា៖ «ឥឡូវនេះ នៅកម្ពុជារបស់យើង បើនិយាយពីហ្គេម គឺគេមានការបារម្ភទៅលើបញ្ហាល្បែងស៊ីសង។ កន្លែងនេះហើយ ទើប EFC របស់យើង មានការពិនិត្យឱ្យបានល្អិតល្អន់ និងរឹតត្បិត ដើម្បីធ្វើយ៉ាងណាកុំឱ្យកីឡា E-sports នៅកម្ពុជា ក្លាយទៅជាល្បែងស៊ីសង។ បច្ចុប្បន្ន នៅតាមបណ្តាអ៊ីនធឺណិត តែងតែមានការបង្ហោះសារ បង្កឱ្យមានការលេងល្បែងស៊ីសងច្រើនណាស់ ដែលខុសនឹងច្បាប់ អ៊ីចឹងទេ បើយើងបណ្តែតបណ្តោយ ធូររលុង និងរៀបចំមិនបានគ្រប់គ្រាន់ នោះ E-sports នឹងដាក់ចូលទៅក្នុងបញ្ជីខ្មៅ ដែលជាបញ្ហាមួយធ្វើឱ្យវិស័យកីឡា E-sports នៅកម្ពុជា មានការថមថយ»។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា ច័ន្ទបរិបូរណ៍ ក៏បានបង្ហាញការបារម្ភទៅលើឈ្មួញមួយចំនួន មកពីក្រៅប្រទេសដែលអាចយកកីឡា E-sports ជាកន្លែងលាងលុយខុសច្បាប់ផងដែរ។ ហេតុនេះលោកបានអំពាវនាវដល់ក្រុមហ៊ុន និងស្ថាប័នផ្សេងៗដែលចង់រៀបចំការប្រកួតកីឡាអេឡិចត្រូនិក ត្រូវទាក់ទង់មកសហព័ន្ធដើម្បីជួយរៀបចំឱ្យព្រឹត្តិការណ៍នេះក្លាយជាការប្រកួតប្រជែងកីឡាពិតប្រាកដ មិនមែនជាល្បែងស៊ីសង។
លោកបានបញ្ជាក់ថា៖«ក្នុងវិស័យកីឡា E-sports នៅកម្ពុជា គឺយើងតែងតែឃើញឈ្មួញ E-sports ដែលមកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី យកកម្ពុជាធ្វើជាទីផ្សារមុខជំនួញផ្នែក E-sports ហេតុនេះ EFC ត្រូវរៀបចំឱ្យមានច្បាប់ទម្លាប់ត្រឹមត្រូវ ដើម្បីបង្ការ ទី១មិនឱ្យយកកីឡា E-sports ទៅជាល្បែងស៊ីសង និងទី២ យើងប្រយ័ត្នបំផុតក្នុងការលាងលុយកខ្វក់នៅក្នុងប្រភេទកីឡាE-sports។ ទាំងនេះសុទ្ធតែជារឿងគ្រោះថ្នាក់សម្រាប់ជាតិ និងអនាគតប្រទេសយើង ហេតុនេះហើយទើបបានយើងពិនិត្យយ៉ាងល្អិតល្អន់ក្នុងការរៀបចំព្រឹត្តិការណ៍នីមួយៗ»។
ការលើកឡើងរបស់លោក ជា ច័ន្ទបរិបូរណ៍ បែបនេះបានធ្វើឡើងក្នុងពេលលោកចូលរួមក្នុងពិធីបិទការប្រកួតកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang នៅផ្សារទំនើបអ៊ីអន២ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ហើយការប្រកួតនេះគឺដើម្បីស្វែងរកក្រុមម្ចាស់ជយលាភី ទាំងផ្នែកបុរស និងនារី លើវិញ្ញាសានេះ សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិត្រៀមចូលរួមការប្រកួតស៊ីហ្គេមលើកទី៣២ នាខែឧសភា ឆ្នាំនេះ។
តាមរយៈការប្រកួតកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang នេះ គឺផ្នែកបុរស មានក្រុមចូលរួមសរុបចំនួន១៧៩ ដោយបានប្រកួតតាំងពីថ្ងៃទី១៧ ខែកុម្ភៈ មក ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ក្រុម Burn x Flash បានយកឈ្នះក្រុម CFU Gaming ក្នុងលទ្ធផល ៣-១ ដើម្បីក្លាយជាម្ចាស់ជើងឯក។ ចំណែកការប្រកួតផ្នែកនារីដែលមាន២២ក្រុមចូលរួម ហើយបានប្រកួតតាំងពីថ្ងៃទី១៨ ខែកុម្ភៈមកនោះ គឺក្រុម DG Angelz ទទួលបានជ័យជម្នះទៅលើក្រុមនារី CFU Serendipity ៣-១ដែរ ដើម្បីក្លាយជាម្ចាស់ជើងឯកផ្នែកនារី។
យ៉ាងណាក៏ដោយ លោក លន់ សាមឺឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឱ្យដឹងថា ក្រុមជើងឯកBurnx FlashនិងDG Angelz នៅមិនទាន់ក្លាយជាក្រុមជម្រើសជាតិសម្រាប់ការចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣នៅឡើយទេ ព្រោះគណៈកម្មការជំនាញនិងគ្រូបង្វឹកនឹង ជ្រើសរើសកីឡាករ កីឡាការិនីខ្លាំងៗតាមជំនាញរៀងៗខ្លួនចេញពីក្រុមដែលឈានដល់វគ្គ៤ក្រុមចុងក្រោយ ដើម្បីបង្កើតជាក្រុមជម្រើសជាតិពិតប្រាកដ។ ដូច្នេះមានន័យថា សមាជិកក្រុម ដែលមិនបានឈ្នះជើងឯក ក៏អាចមានឱកាសក្លាយជាកីឡាករជម្រើសជាតិកម្ពុជាផងដែរ។
ទោះបីជាយ៉ាងណា ចំពោះ ក្រុម Burn x Flash និង DG Angelz ដែលឈ្នះបានជើងឯក ត្រូវបានលោក ជា ច័ន្ទបរិបូរណ៍ បញ្ជាក់ថា៖ «ប្រសិនបើជើងឯករបស់យើងប្រឡងបាក់ឌុបបានជាប់និទ្ទេស A យើងនឹងឧបត្ថម្ភឱ្យរៀននៅសាកលវិទ្យាល័យតាំងពីដើមរហូតដល់ចប់។នេះដើម្បីជាការលើកទឹកចិត្តហើយចង់បង្ហាញឱ្យសង្គមរបស់យើងបានឃើញថា អ្នកលេងកីឡាE-sportsមិនមែនជាក្មេងលេងហ្គេមទេ តែជាអ្នកមានសមត្ថភាព និង
មានសីលធម៌ពិតប្រាកដ»៕