
អាជ្ញាកណ្តាលបានពិនិត្យមើលទៅលើស្ថានភាពរបស់កីឡាករ ពេជ្រ សម្បត្តិ ដែលបានដេកសន្លប់ បន្ទាប់ពីកីឡាករឡាវ បានទាត់ផ្កាប់ចានចូលថ្គាមពេញ កាលពីថ្ងៃអាទិត្យ។ រូបថត សហការី
ភ្នំពេញ៖ កំណត់ត្រាមិនធ្លាប់ចាញ់សោះរបស់ជើងខ្លាំង ពេជ្រ សម្បត្តិ ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីកីឡាករមានរហស្សនាម «ក្របីព្រៃ» រូបនេះ បានដួលសន្លប់ ក្រោមទម្ងន់ជើងទាត់ផ្កាប់ចាន ចូលថ្គាមពេញទំហឹង ពីសំណាក់អ្នកប្រដាល់ឡាវ Khampou BS Muaythai ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀនបាយ័ន កាលពីថ្ងៃអាទិត្យ។
ទាំងអ្នកទស្សនាផ្ទាល់ និងអ្នកទស្សនា តាមការផ្សាយផ្ទាល់ ពិតជាមានការភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញ ជើងខ្លាំង ពេជ្រ សម្បត្តិ ដួលសន្លប់បាត់មាត់ឈឹង នៅពេលកីឡាករឡាវ Khampou ទាត់ឆ្វេងចូលថ្គាមពេញទំហឹង នៅពាក់កណ្តាលទឹកទី៣នោះ។ តែទោះបីជាយ៉ាងណា លោក ពេជ្រ សុផាន់ គ្រូបង្វឹក ពេជ្រ សម្បត្តិ បាននិយាយថា ការចាញ់សន្លប់របស់ ពេជ្រ សម្បត្តិ ជាករណីភ្លាត់ស្នៀត។
លោកគ្រូ ពេជ្រ សុផាន់ បានប្រាប់ កាលពីព្រឹកថ្ងៃចន្ទនេះថា៖ «ការប្រកួតហ្នឹង មកពី ពេជ្រ សម្បត្តិ ប្រហែសខ្លួនឯង ហើយនេះជាបទពិសោធន៍សម្រាប់គាត់ ដែលត្រូវពង្រឹងសមត្ថភាពបន្ថែម។ ការឈ្នះ ចាញ់ វាជារឿងធម្មតា សម្រាប់ការប្រកួត ប៉ុន្តែរឿងសំខាន់បំផុតនោះ គឺត្រូវពង្រឹងសមត្ថភាព ខិតខំហ្វឹកហាត់ ហើយមិនត្រូវធ្វេសប្រហែសនោះទេ ព្រោះកីឡា បើគ្មានការតស៊ូព្យាយាមហ្វឹកហាត់ទេ គឺមិនអាចនឹងទទួលបានជោគជ័យឡើយ»។

កីឡាករឡាវ Khampou BS Muaythai បានទាត់ចូលថ្គាមរបស់អ្នកប្រដាល់ ពេជ្រ សម្បត្តិ បណ្តាលឱ្យដួលសន្លប់ ត្រឹមទឹកទី៣ នៅសង្វៀនប្រដាល់បាយ័ន។ រូបថត សហការី
តាមរយៈការប្រកួតនេះ គេបានមើលឃើញថា ពេជ្រ សម្បត្តិ ហាក់មានបញ្ហាជើងក្រោមតាំងពីទឹកទី១ ខណៈ Khampou បានទាត់សន្ធាប់ខ្លាំងៗ ទៅលើចន្ទល់របស់គេ។ តែទោះបីជាយ៉ាងណា ពេជ្រ សម្បត្តិ នៅតែព្យាយាមដើរចូល ដើម្បីអាចប្រើកណ្តាប់ដៃ និងវាយកែងប្តូរជាមួយកីឡាករឡាវម្នាក់នេះ យ៉ាងអំណត់។
ការតាមដេញវាយ ដោយមិនដកថយនេះ បានធ្វើឱ្យកីឡាករ Khampou មានការធ្លាក់កម្លាំងខ្លាំង នៅក្នុងទឹកទី៣ ប៉ុន្តែស្របពេល ពេជ្រ សម្បត្តិ លោតធាក់ ១ ជើង រួចដើរចូល ដោយមិនបានលើកដៃតាំងឃុំការពារខ្លួននោះ Khampou បានទាត់ផ្កាប់ចានជើងឆ្វេង ចូលថ្គាមពេញទំហឹង បណ្តាលឱ្យ សម្បត្តិ ដួលទាំងជំហរ និងសន្លប់បាត់មាត់ឈឹងចូល១នាទី ទើបដឹងខ្លួនវិញ។
ការបរាជ័យដ៏ធ្ងន់ធ្ងររបស់ ពេជ្រ សម្បត្តិ នេះ ត្រូវបាន លោក ពេជ្រ សុផាន់ អះអាងថា វាជាលើកទី១ សម្រាប់រូបគេ ព្រោះក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ សម្បត្តិ បានឈ្នះស្ទើរគ្រប់ការប្រកួតទាំងអស់ ហើយការយកឈ្នះជើងខ្លាំងរបស់ថៃឈ្មោះ សេកសាន់ ក្នុងព្រឹត្តិការណ៍គុនខ្មែរអលស្តារ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ សម្បត្តិ កាន់តែល្បីល្បាញខ្លាំង។

លោក ពេជ្រ សុផាន់ (ឆ្វេង) ពេលថតជាមួយ ពេជ្រ សម្បត្តិ និងលោក ស៊ន អេលីត ក្រោយការប្រកួតគុនខ្មែរអលស្តារ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត សហការី
យ៉ាងណាក៏ដោយ កីឡាករឡាវ Khampou ម្នាក់នេះ ក៏មានសមត្ថភាពខ្លាំងផងដែរ ដោយរូបគេអាចវាយចេញបានគ្រប់ស្នៀត ជាពិសេសគេមានទម្ងន់ជើងទាត់ចេញបានធ្ងន់ ហើយការទាត់ ពេជ្រ សម្បត្តិ ឱ្យសន្លប់នេះ ក៏ស្របទៅតាមការអះអាងរបស់គេផងដែរ ព្រោះមុនការប្រកួត Khampou បានអះអាងថា រូបគេ នឹងផ្តួល ពេជ្រ សម្បត្តិ ឱ្យសន្លប់ ក្នុងជំនឿចិត្ត៩៥ភាគរយ។
តែទោះបីជាយ៉ាងណា លោក ពេជ្រ សុផាន់ បានមើលឃើញថា កីឡាករ Khampou អាចនឹងចាញ់ ពេជ្រ សម្បត្តិ វិញ បើសិនជាគ្មានករណីភ្លាត់ស្នៀត បានកើតឡើងទេនោះ។ «កីឡាករឡាវម្នាក់ហ្នឹង គេល្អ តែដោយសារយើងបានភ្លាត់ស្នៀត
ព្រោះពេល ពេជ្រ សម្បត្តិ ដេញតាមវ៉ៃ នៅទឹកទី៣ គឺគេបានអស់ទៅហើយ។ ប៉ុន្តែនៅពេលយើងដើរចូល ដោយធ្វេសប្រហែស នាំឱ្យគេទាត់ចូលថ្គាមតែម្តង ហើយនេះជាបទពិសោធន៍មួយ សម្រាប់ជីវិតយើង ជាអ្នកប្រដាល់ ដែលត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ក្នុងពេលប្រកួត»៕