ភ្នំពេញៈ​ ឧបនា​យក​រ​​ដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួ​ង​​ការ​ពា​រ​ជាតិលោក ទៀ បាញ់ ជា​ប្រធាន​គណៈកម្មាធិ​កា​រ​ជាតិ CAMSOC-CAMAPGOC តំណាង​​លោក​​នា​យក​រដ្ឋ​ម​ន្រ្តី ហ៊ុន សែន បាននាំយក​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​រាជ​រដ្ឋាភិ​បាល​សរុប​ចំនួន ២ ៧០៨ ៦០០ ០០០ ​រៀល មក​​​​ប្រគល់​ជូន​ដល់ម្ចាស់​ជយលាភី ពី​ការ​ប្រ​កួត​កីឡា​អា​ស៊ា​​នប៉ា​រ៉ា​ហ្គេ​ម លើក​ទី១១ ឆ្នាំ​ ២០២២ នៅ​ប្រទេសឥ​ណ្ឌូនេ​ស៊ី​។

នៅ​ក្នុង​ពិធីប្រ​គ​ល់​ប្រា​ក់​រង្វា​ន់​លើ​កទឹ​ក​ចិ​ត្ត​ ដែល​ធ្វើ​នៅទីស្ដី​កា​រ​ក្រ​សួ​ង​ការ​ពា​រជា​តិ ​កាល​​ពី​​ព្រឹកថ្ងៃ​ទី​១​៣ ខែ​មី​នា លោក ទៀ បាញ់ បាន​កោត​សរ​សើ​រ​ ​និ​ង​វា​​យត​ម្លៃ​ខ្ពស់​ទៅដល់​​គណៈក​ម្មាធិ​កា​​រជាតិ​ប៉ារ៉ា​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡាជាតិ​ ​គ្រូប​ង្វឹ​ក និង​កីឡា​ក​រ ​កី​ឡាកា​រិ​នី​ ទោះ​បីស្ថិត​ក្នុងកា​លៈទេសៈ​រីក​រាល​ដាល​ជំងឺកូវីដ​​១៩ ​នៅ​ក្នុ​ង​ប្រ​ទេ​ស តំបន់ និង​ពិភ​ព​លោ​ក ប៉ុន្តែ​​​​នៅតែ​​ខិត​ខំ​​ប្រឹ​ងប្រែ​ង​​ហ្វឹកហាត់ និងចូល​​រួ​ម​ប្រ​កួ​ត រហូត​ទ​ទួល​​​បា​ន​ជ​យលា​ភី ជា​ទី​មោទន​ភា​ព។

លោក ទៀ បាញ់ បាន​ថ្លែង​ថា៖ «ជោគ​ជ័យនេះ បាន​បង្ហាញ​ថា វិស័យ​កីឡាជន​ពិការនៅ​កម្ពុជា បាន​និងកំ​ពុ​ង​មាន​ការ​​រីក​ចម្រើន​គួរឱ្យក​ត់សម្គា​ល់​ ​មាន​វឌ្ឍនភាព​ល្អប្រសើរ ទាក់ទិន​នឹងគុណ​ភាពកីឡាករ កីឡាការិ​នី។ ជាមួយ​​គ្នា​នេះ រាជរដ្ឋាភិបាល​ បាន​និងកំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​​ខ្លាំង លើ​វិស័យ​អប់រំ យុវជន និង​កីឡា ជាពិសេស​កីឡាជន​ពិការ រួមជាមួយ​នឹង​ការគាំ​ទ្រ​ដ៏ផុសផុល​របស់ប្រជាជន​កម្ពុជា​​គ្រប់រូប នូវ​រាល់​ព្រឹត្តិការណ៍​ប្រកួត​កន្លងមក បាន​នាំមក​នូវ​​បទពិសោ​ន៍ ចំណង​មិត្ត​ភាព ស្មារតី​ស្រឡាញ់​ជាតិ សាមគ្គី​ភាព និងកិច្ច​សហ​ប្រតិបត្តិ​ការ ជាមួយ​​បណ្តា​ប្រទេស​នានា ឱ្យកាន់តែ​សម្បូរ​បែប និង​ខ្លាំង​ក្លា​ឡើង​ថែម​ទៀត»។

សម្រាប់​ការ​ប្រកួត​កីឡាអា​ស៊ា​នប៉ា​រ៉ា​​ហ្គេម​ លើក​ទី​១១ ដែល​បាន​ធ្វើ​ឡើ​ង នៅ​ទីក្រុ​ង​សូឡូ​ ប្រ​ទេស​ឥ​ណ្ឌូនេ​ស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ដល់​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នោះ កម្ពុជា បាន​បញ្ជូន​កីឡាករ កីឡាការិនី​ជ​ន​ពិ​កា​រចំ​​នួ​ន​១១៥នាក់ លើ​១១ប្រ​ភេទ​កី​ឡា ទៅ​ចូលរួម ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ា​នី ​ប្រ​ធា​ន​ស​ហភា​ព​សហ​ព័​ន្ធ​យុវ​ជ​ន​កម្ពុជា ហើយ​ជា​លទ្ធផល​ក្រុមអ​ត្ត​​ពលិក​ក​ម្ពុជា ដណ្ដើម​បា​ន​មេដា​យមា​​ស ​៧ ប្រាក់ ១០ និង​សំ​រឹទ្ធ ១១ ឈរ​ចំណាត់​ថ្នា​ក់​​លេ​ខ៧ ក្នុង​ចំណោ​ម ១១​ប្រទេ​ស​។

ចំ​ពោះ​ការផ្ត​ល់​​ប្រាក់រង្វាន់ ដល់​ម្ចាស់​ជយលាភី ពី​ការ​ប្រកួ​ត​កី​ឡាអា​​ស៊ាន​ប៉ារ៉ា​ហ្គេ​ម​ លើ​ក​ទី១១ ឆ្នាំ​២០២២នេះ គឺ​ម្ចាស់​មេដាយ​មា​ស ទទួលបាន​៤០លាន​រៀល មេដាយ​ប្រាក់បាន​៣០​លាន​រៀល និង​មេដាយ​សំរឹទ្ធ បាន​១៦លាន​រៀល ចំណែក​គ្រូ​បង្គោល ទទួលបាន​ស្មើមេ​ដាយ​ធំ​បំផុត​​របស់​អត្តពលិក​​ខ្លួន និង​គ្រូជំនួយ​ទទួល​បាន​៧០ភាគ​រយ។

ជាមួយ​ជ័យ​ជម្នះ​ ទទួលបានពី​ការ​ប្រកួត​នៅឥណ្ឌូនេ​ស៊ីនេះ លោក ទៀ បាញ់ រំពឹង​ថា ក្រុម​អត្តពលិក​ជនពិការ​កម្ពុជា នឹងអាច​ដណ្តើម​បានមេ​ដាយ កាន់តែ​ច្រើន ពេល​កម្ពុជា​ធ្វើម្ចាស់​ផ្ទះ​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​នេះ។ «ខ្ញុំ​សូម​អរគុណ​​ចំពោះ​ថ្នាក់ដឹកនាំ មន្រ្តី​បច្ចេក​ទេស​គ្រប់​លំដាប់ថ្នាក់ ​ព្រមទាំង​គ្រូ​បង្វឹក កីឡា​ករ កីឡា​ការិនី ដែលបាន​នាំ​មក​នូវជ័យជម្នះ​ដ៏ត្រចះ​ត្រចង់ នៅ​ក្នុង​​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ហើយខ្ញុំ​រំពឹង​ថា ការ​ប្រកួត​អា​ស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី​១២​នេះ កម្ពុជា នឹង​ទទួល​បាន​លទ្ធផល​រឹតតែ​ល្អ​ប្រសើរ​ថែម​ទៀត»។

យ៉ាង​ណា​ក៏ដោយ ដើម្បី​ឱ្យ​វិស័យកីឡា​ជាតិ កាន់តែ​មាន​ភាពរឹងមាំ មាន​ចីរភាព ស្រប​តាម​សភាពការណ៍​រីកច​ម្រើន​នៃ​សង្គម សេដ្ឋកិច្ច​ ជា​ពិសេស​ដំណើរឆ្ពោះ​ទៅ​​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី ៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ នៅពេល​ដ៏ខ្លី​ខាងមុខ​នេះ លោក ទៀ បាញ់ បាន​សង្កត់​ធ្ងន់​ថា វា​ទាមទារ​ឱ្យគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ បន្ត​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត ក្នុងការ​ប្រើ​ប្រាស់​ធនធាន​ឱ្យ​អស់​លទ្ធភាព ក្នុងការ​បង្កើន​សមត្ថ​​ភាព ស្រប​តាម​តួ​នា​ទី​ ​​និ​ងភា​រ​កិ​ច្ចរៀងៗ​ខ្លួន។

ប្រធាន​ CAMSOC-CAMAPGOC ​រូ​​បនេះ ​បា​ន​ប​ញ្ជាក់​ថា៖ «កត្តា​ជោគ​ជ័យ​នៃការ​អនុវត្ត​ផែនការ​មេ ឆ្ពោះ​ទៅ​កា​រ​​ធ្វើ​​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេ​ម-អាស៊ាន​ប៉ារ៉ាហ្គេម​ ឆ្នាំ​២០២៣ គឺ​តម្រូវ​ឱ្យមានការ​ចូល​រួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ ​ក្នុង​កា​រ​អនុវត្ត ទាំង​មន្រ្តីរាជការ កង​កម្លាំ​ង​ប្រ​ដា​ប់អាវុធ ប្រជាជន មហាជ​ន​ វិស័យ​ឯ​ក​ជន​ ​និង​អ​ង្គការ​កីឡាជំនាញ ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ត្រួត​ពិនិត្យ អនុវ​ត្ត​ វាយ​​ត​ម្លៃម៉​​ត់​ចត់ និ​ង​ជា​ប្រចាំ​ពី​គណៈកម្មាធិការជាតិ CAMSOC គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុ​វ​ជន និង​កីឡា រួមទាំង​ក្រសួង​ពា​ក់ព័​ន្ធ​​មួ​យ​​ចំនួន​​ទៀត»៕