ភ្នំពេញៈ សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា (EFC) និង​ក្រុមហ៊ុន MOONTON GAMES បាន​ចុះហត្ថលេខា​លើ​អនុស្ស​រណៈយោគ​យល់គ្នា (MoU) ដើម្បីរួមគ្នា​​បង្កើតព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ពាន​រង្វាន់​អា​ស៊ីអាគ្នេយ៍ លើ​វិញ្ញាសា Mobile Legends Bang Bang ឬ Mobile Legends Bang Bang Southeast Asia Cup 2023 ហៅកាត់ថា MSC 2023 ជា​លើក​ដំបូង ដែល​នឹង​ត្រូវ​ធ្វើ​ឡើង នៅរាជ​ធានី​ភ្នំពេញ។

ពិធីចុះ​ហត្ថលេខា​របស់​ភាគី​ទាំង​ ២ នេះ ត្រូវបាន​ធ្វើ​ឡើង នៅ​​ក្រសួង​​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី ​១៤ ខែមីនា ហើយ លោក ណយ ផាណា តំណាង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក ប៉ែន វុទ្ធី អនុ​ប្រធាន​ទទួល​បន្ទុករួម នាយក​ដ្ឋាន​អប់រំ​កាយ និង​កីឡា​នៃ​ក្រសួងអប់រំ យុវជន និងកីឡា និង​លោកហួត សេង​ទ្រី ប្រធាន​នាយក​ដ្ឋាន​រៀបចំ និង​គ្រប់​គ្រង​ព្រឹត្តិការណ៍​កីឡា សុទ្ធតែ​បាន​ចូល​រួម​ធ្វើ​ជាសក្ខីភាព ក្នុង​កម្ម​វិធី​នេះ។

លោក Ray Ng ប្រធាន Esports Ecosystem នៃ​ក្រុមហ៊ុន MOONTON Games ​បាន​និយាយ​ក្នុងពិធី​ចុះ​ MoU នោះ​ថា៖ ​«​យើងពិតជា​សប្បាយ​រីក​រាយ ក្នុងការ​នាំ​យក MSC មក​កាន់ប្រទេស​កម្ពុជា ដោយមានការ​គាំ​ទ្រ​ពី EFC ព្រម​ទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា និង NOCC ដោយ​មាន​ប្រទេស​ជា​ច្រើន ទាំង​នៅតំបន់​អាស៊ាន និងតំបន់​ផ្សេង​ទៀត នឹងមក​​ប្រកួត ហើយនេះ​ជា​ការ​ផ្តល់ឱកាសដ៏​អស្ចារ្យ​បន្ថែមទៀត ដល់​អត្តពលិក​កម្ពុជា​ ​ដែល​មាន​ទេព​កោល​សល្យ ដើម្បី​បានប្រកួត​ប្រជែង​ជាមួយអត្ត​ពលិកមកពី​ខាង​ក្រៅ​ ក្នុងការ​អភិវឌ្ឍ​សមត្ថ​ភាព​ឱ្យបាន​កាន់តែ​ប្រសើរ​»។

លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខា​ធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា បាន​ឱ្យ​ដឹង​ថា ព្រឹត្តិ​ការណ៍ MSC ឆ្នាំ២០២៣ នេះ នឹង​ធ្វើ​នៅរាជ​ធានីភ្នំ​ពេញ បន្ទាប់​ពីព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​២០២៣ ពោល​គឺនឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី១៨ ខែមិថុនា ​ហើយ​នេះ​​ជាការប្រកួត​លក្ខណៈអាជីព (Pro Team) ដោយ​​មាន​ការ​ចូលរួ​មពី​ក្រុម​អា​ជី​ព​ចំ​នួន​១២​ក្រុម គឺ​មាន​កម្ពុជា ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលី​ពី​ន វៀតណាម ឡាវ ថៃ អាមេរិក​ខា​ង​ជើង និង​ប្រទេ​ស​មជ្ឈិ​មបូព៌ា អាហ្រ្វិក​ខា​ង​ជើង និង​តួកគី។

ចំ​ពោះ​​​ចំនួ​ន​ក្រុ​ម ដែ​ល​នឹ​ងផ្ត​ល់​ជូន​តាម​ប្រ​ទេ​ស​នី​មួយ​ៗ គឺ​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ ទទួល​បាន​២​កៅអី​ ​ឬ​​២​​​ក្រុ​មដូ​ចគ្នា ចំណែក​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ម៉ាឡេ​ស៊ី សិង្ហបុរី មីយ៉ាន់​ម៉ា តួក​គី អាហ្រ្វិក​ខាង​ជើង និង​មជ្ឈិ​ម​បូព៌ា​ ទទួល​បាន​កៅ​អី​​ចំនួន​១​ក្រុម​ដូចគ្នា ហើយ​​១​ក្រុមទៀត ​ជាក្រុមដែល​​ទទួល​បានលេខ​១ ពីការប្រកួត​ជម្រុះតំបន់​ទន្លេមេគង្គ រួម​មាន​ថៃ ឡាវ និង​វៀត​ណាម។ រីឯ​ការ​ចំណាយ​គ្រប់​បែប​យ៉ាង ត្រូវបាន​លោក ជា ច័ន្ទបរិបូរ​ណ៍ បញ្ជាក់​ថា ជាបន្ទុក​របស់​ក្រុ​ម​ហ៊ុន​ MOONTON GAMES។

ប្រធាន​សហព័ន្ធ​រូបនេះ បានឱ្យ​ដឹង​ទៀត​ថា ព្រឹត្តិការណ៍ MSC នេះ ត្រូវ​បាន MOONTON ​បង្កើតឱ្យ​មាន​​ឡើងជា​លើក​ដំបូង នៅទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ឆ្នាំ២០១៧ ដោយ​មាន​​ក្រុម​កីឡាករអេ​ឡិច​ត្រូនិក​ចំនួន ៨ក្រុម​ចូលរួម ហើយ​នៅឆ្នាំបន្តបន្ទាប់ មាន​ការ​កែ​សម្រួល​ទម្រង់​ថ្មី និង​មាន​ការ​ចូល​រួម​ពីបណ្តាប្រទេស​ផ្សេង​ទៀ​ត​ ធ្វើ​ឱ្យ​ចំនួន​ក្រុម​មាន​ការ​កើន​ឡើង​។

លោក​បាន​បញ្ជាក់​ថា៖ «អ្វី​ដែល​គួ​រឱ្យ​ចាប់អារ​ម្ម​ណ៍ ​នៅឆ្នាំ២០២៣នេះ MOONTON GAMES បាន​ផ្តោត​មក​លើ​​កម្ពុជា និង​បាន​សហការ​ជាមួយ​ EFC រៀបចំ​ព្រឹត្តិការណ៍​​​ដ៏​​ធំ​មួយ​នេះ នៅរាជធានីភ្នំពេញ ខណៈនៅកម្ពុជា មានកីឡាករ កីឡាកា​រិនី និង​អ្នកគាំទ្រ​លើ​​​វិញ្ញាសា Mobile Legends Bang Bang នេះយ៉ា​ង​ច្រើន​សន្ធឹ​ក​សន្ធា​ប់​ ហើយការ​ទទួល​​ឱកាស​​ធ្វើជាម្ចាស់ផ្ទះ​នេះ គឺ​ស្តែងឱ្យ​ឃើញ​ពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា ​លើ​វិស័យ​កីឡា​អេឡិច​ត្រូនិក ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​​កត្តា​​សុខ​សន្តិភាព សុខ​សុវត្ថិភាព​ពេញ​ប​រិ​បូរណ៍ ជា​ពិ​សេស​គឺ​ហេដ្ឋា​​រចនាសម្ព័ន្ធ នៅកម្ពុជា ក៏ដូច​​ជា​​ការ​គ្រប់គ្រង​បានល្អ និង​លុប​បំបាត់​ស្ទើរ​ទាំង​ស្រុង​នៃជំងឺ​កូវីដ១៩»។

យ៉ាងណា​ក៏​ដោយ លោក ជា ច័ន្ទប​រិបូរណ៍ បាន​អះ​អាង​ថា សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​ពុះពា​រ និង​ជម្នះ​បញ្ហា​ជា​ច្រើន ក្នុង​​ការអភិវឌ្ឍកីឡា E-sports នេះ ព្រោះ​ពាក្យ​ថា ហ្គេម នៅក្នុង​កីឡា​ប្រភេទ​នេះ ត្រូវបាន​ប្រជា​ពលរដ្ឋភាគ​ច្រើន​យល់​ខុស ថា ជាល្បែងស៊ីសង អ៊ីចឹង​សហ​ព័ន្ធ បាន​ខំប្រឹង​តាក់តែង​ច្បាប់ និង​បញ្ជា​ប្រកួត ពិសេស​​មាន​ការរឹត​បន្តឹង​ទៅលើ​លក្ខខណ្ឌ​ប្រកួត​យ៉ាង​ត្រឹមត្រូវ ដើម្បី​ឱ្យ E-sports ក្លាយជា​ប្រភេទ​កីឡា ដ៏ពិត​ប្រាកដ ដោយ​មាន​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​ផ្សេងៗ ហើយក្រុម​ E-sports កម្ពុជា ក៏បាន​ចេញ​ទៅប្រកួត​នៅក្រៅប្រទេស និង​ដណ្តើម​បាន​ពាន​ជាបន្ត​បន្ទាប់​ត្រឡប់​មក​វិញ ផងដែរ។​

លោក ជា ច័​ន្ទបរិបូណ៍ បាន​បញ្ជាក់​ថា៖​«​កន្លងមក យើង​សង្កេត​ឃើញថា វិស័យ​កីឡាអេ​ឡិច​ត្រូ​និ​ក​ មាន​ការ​វិ​វ​ឌ្ឍមួ​យ​ជំ​ហានទៀ​ត ក្នុង​ក្របខ័ណ្ឌ​នៃ​លីគ​អាជី​ពពេ​ញ​លេ​ញ​​មួយ ដោយមាន​កា​រ​អញ្ជើ​ញគ្រូ​ពីក្រៅ​ប្រទេ​ស ក៏​ដូច​ជា​កីឡាករ​បរទេស​មក​ចូល​រួម​​ជាក្រុម ក្នុង​ប្រ​ទេស​កម្ពុ​ជា​ផ​ងដែរ។ ហេតុនេះ​ខ្ញុំសង្ឃឹម​ថា ក្រុម​កីឡាករ​អេឡិចត្រូ​និក​កម្ពុជា នឹង​ធ្វើ​បាន​ល្អ នៅក្នុង​ព្រឹត្តិកា​រណ៍​ MSC 2023 នេះ»៕