ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ស្វាគមន៍​ភ្ញៀវ​ជាតិ និងអន្តរជាតិ ជា​ពិសេស​​​ជន​មានពិការភាព​ ដែល​នឹង​មក​ចូល​រួម នៅក្នុងព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣ គឺ​​គិតត្រឹមថ្ងៃទី ១៥ មីនា ​នៅ​សល់​តែ ​៥១​ ថ្ងៃ​ទៀត​​​ប៉ុណ្ណោះ នឹង​​រៀបចំពិធី​បើក​ជា​ផ្លូវ​​ការ នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ ដោយ​នឹង​​មាន​​មនុស្ស​រាប់ម៉ឺននាក់ចូល​​រួម។

នៅ​ក្នុង​ពិធីបើ​កស​ន្និសី​ទ ជនមា​នពិ​កា​រភា​ព ប្រចាំតំបន់អាស៊ី និង​អាស៊ីប៉ាស៊ីហ្វិក លើក​ទី៥ នៅសណ្ឋាគារសុខា រ៉េស៊ី​ដង់ ភ្នំពេញ កាលពីព្រឹក​ថ្ងៃទី​ ១៥ ខែមីនា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​​ថា រាជរដ្ឋាភិបាល បានយក​ចិត្ត​ទុកដាក់ខ្លាំងលើកិច្ចការពារ និង​លើក​​កម្ពស់​​ទៅ​ដល់​ជនមាន​ពិការភាព ដើម្បី​ឱ្យ​ចូលបម្រើការងារ នៅ​ក្នុងក្រសួង ស្ថាប័នរដ្ឋ និង​លើ​វិស័យ​ឯកជ​នផងដែរ។

ជាមួយ​គ្នា​នេះ ​ជនមានពិការភាព ក៏ត្រូវបាន​យក​ចិត្តទុក​ដាក់ និង​ផ្តល់​ឱកាស​ឱ្យ​ចូល​រួម​នៅ​​​​ក្នុង​​វិស័យ​កីឡា​ផងដែរ ហើយ​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ នៅទី​ក្រុង​សូឡូ ប្រទេស​ឥណ្ឌូនេស៊ី កាល​ពីថ្ងៃទី៣០ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ២០២២ កម្ពុជា បាន​​បញ្ជូន​​កីឡាករ កីឡាកា​រិនី​ជ​ន​ពិកា​រចំ​នួន​១១៥​នាក់ លើ​១១​ប្រភេទ​កីឡា ទៅ​ចូលរួម ហើយ​​ជា​លទ្ធផល​ក្រុមជន​ពិការ​​កម្ពុជា ដណ្ដើម​បា​នមេ​ដា​យ​មាស​៧ ប្រាក់១០ និង​សំរឹទ្ធ​១១ ឈរ​ចំណាត់​ថ្នាក់​លេខ​៧ ក្នុង​ចំណោម​១១​ប្រទេស។​

ទន្ទឹម​នឹង​នេះ ក្រុម​អត្តព​លិ​ក​ជ​នពិការ​កម្ពុជា ក៏​បាន​និងកំពុងហ្វឹកហាត់​ពង្រឹង​សមត្ថ​ភាព​យ៉ាង​សកម្ម ត្រៀម​ចូល​រួមការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ក្នុង​នាមជា​ម្ចាស់​ផ្ទះ ដែល​នឹង​ត្រូវ​ធ្វើពីថ្ងៃទី​៣ ដល់​ទី​៩ ខែមិថុនា គឺ​បន្ទាប់ពី​ព្រឹត្តិការណ៍​​ស៊ីហ្គេម ហើយ​ជា​មួយគ្នា​នេះ​ លោក​ ហ៊ុន សែន បាន​ប្រកាស​ស្វាគមន៍​ភ្ញៀវជាតិ និង​អន្តរ​ជា​តិ ដែល​នឹង​មក​ចូ​លរួម​ក្នុង​ព្រឹត្តិការណ៍​ជាប្រវ​ត្តិសា​ស្រ្ត ​លើក​ដំបូង នៅ​កម្ពុជា​នេះ។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែតកាលពី​ព្រឹក​ថ្ងៃ​ពុធ​នោះ​​ថា៖ ​«ឯកឧត្តម លោក​ជំទាវ អស់​លោក លោក​ស្រី កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ និង​អាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២ ដែល​នឹងប្រព្រឹត្ត​ទៅ នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ខាង​មុខ​នេះ។ ក្នុងនាម​រាជរដ្ឋា​ភិបាល​កម្ពុជា ខ្ញុំសូម​ស្វាគមន៍​នូវ​វត្ត​មាន​ជាថ្មី​ម្តង​ទៀត​របស់​ឯកឧត្តម លោក​​ជំទាវ អស់​លោក លោក​ស្រី និងបងប្អូន​ពិការភាព​ជាតិ និងអន្តរជាតិ​ ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​​ប្រកួត​កម្រិត​អន្តរ​ជាតិ​ដ៏​ធំនេះ នៅ​កម្ពុជា»។

នៅ​ក្នុង​ស​ន្និ​សី​​ទកា​សែត​នោះ​ដែរ លោក ហ្គូឡាំ​ ណាប៊ី​ នីហ្សាម៉ានី ប្រធាន​បណ្តាញ​ជនមាន​ពិការ​ប្រចាំអាស៊ី និង​ប៉ាស៊ីហ្វិក បាន​វាយ​តម្លៃ​ខ្ពស់ និងបាន​ចាត់ទុក​កម្ពុជា ជា​ប្រទេស​នាំ​មុខ​គេ ដែល​បាន​រៀបចំ​ឱ្យមាន​ការ​ប្រកួតទាំង​​ស៊ីហ្គេម និង​​អាស៊ានប៉ារ៉ាហ្គេម ឡើង​វិញ ព្រោះ​ស៊ីហ្គេម នៅ​​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៩ គឺ​ការ​ប្រកួត​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម សម្រាប់​ជន​ពិការ​ ​ត្រូវ​បា​នលុ​ប​ចោល ដោយ​សារ​វិបត្តិ​ជំងឺកូវីដ​១៩ ហើយស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ គឺ​​ម្ចាស់​​ផ្ទះ វៀតណាម មិន​រៀបចំ​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម ដូចគ្នា ប៉ុន្តែ​ត្រូវបាន​ឥណ្ឌូនេស៊ី ទទួល​យក​ទៅធ្វើ​នៅលើ​ទឹក​ដី​របស់​ខ្លួន​ជំនួស​វិញ។​

លោក ហ្គូឡាំ ណាប៊ី នីហ្សា​ម៉ានី បាន​ថ្លែង​ថា៖ «យើងបាន​បង្កើត​​ឱ្យ​មានបណ្តាញ​តភ្ជាប់​គ្នា យ៉ាងមាំ​មួន នៅ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ី​ហ្វិក ហើយ​ខ្ញុំជឿ​ជាក់​ថា ព្រះ​រាជាណាចក្រ​កម្ពុជា ជាប្រទេស​មួយ ដែលកំពុងតែ​មានការ​នាំ​មុខ​គេ នៅ​ក្នុង​អាស៊ី និង​ប៉ាស៊ីហ្វិក ដែល​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ហើយយើង​​​សូម​អបអរ​សាទរ ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​រៀបចំ​ឱ្យការប្រកួត​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេម​​នេះ»៕