​ភ្នំពេញៈ ក្រុម​កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ​ហុក​គី​កម្ពុជា បាន​បង្កើន​ការ​ហ្វឹក​ហាត់​ទ្វេដង អស់​រយៈ​ពេល​ជា​ច្រើន​ខែម​ក​ហើយ នៅពហុកី​ឡដ្ឋាន​ជាតិ​មរតក​តេជោ ដើម្បី​ត្រៀមចូល​រួមការ​ប្រកួត​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នា​ខែឧសភា ដោយ​ក្រុម​នេះ បានដាក់​គោល​ដៅ​ត្រូវ​ដណ្តើម​យក​មេដាយ​មាស​ឱ្យ​បាន​ ១ ឬ ២ ជូន​ប្រទេស​ជាតិ សម្រាប់​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ ជា​ប្រវត្តិ​សាស្រ្ត លើក​ដំបូង​នេះ។

បើទោះ​បីជា​ក្រុម​ជម្រើស​ជាតិនារី​ហុកគី​កម្ពុជា ធ្លាប់បាន​បរាជ័យ​យ៉ាង​ធ្ងន់ សម្រាប់​ការ​ប្រកួត​កីឡា​ហុកគី​ក្នុង​សាល ក្នុង​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលី​ពីន ខណៈ​ក្រុម​ជម្រើស​ជាតិ​​បុរសហុកគី​កម្ពុជា មិន​ធ្លាប់​បាន​ចូល​រួមការ​ប្រកួត​ស៊ីហ្គេមសោះ ប៉ុន្តែ​មន្រ្តី​ជំនាញ​របស់​សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា លោក កាំង សុធា បានអះ​អាង​ថា ការ​ប្រឹង​ប្រែ​ហ្វឹកហាត់ នៅលើ​ទី​លាន​ស្តង់ដា និងការ​ទទួលបានឱកាស​ចេញ​ទៅប្រកួត នៅលើ​ឆាក​អន្តរ​ជាតិ កន្លង​មកនេះ បាន​ធ្វើ​ឱ្យក្រុមហុកគី​កម្ពុជា ទាំង​ផ្នែកនារី និង​បុរស មានការ​កើន​ឡើង នូវ​បច្ចេក​ទេស សម្រាប់​ជា​ក្តីសង្ឃឹម ក្នុងការ​ប្រជែង​យក​មេដាយ។

លោក កាំង សុធា បាន​ប្រាប់ កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ពិតមែន​ហើយ ក្រុម​ហុកគី​របស់​យើង មិន​​ធ្លាប់​ដណ្តើម​បាន​មេដាយ នៅស៊ីហ្គេម នោះ​ទេ ប៉ុន្តែ​បើធ្វើការ​ពិនិត្យ​ និង​វិនិច្ឆ័យ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ទីលាន និងការ​ហ្វឹក​ហាត់​ ដោយ​យើង​បាន​ត្រៀម​​​ជា​ច្រើន​ខែ ព្រមទាំង​បានចេញ​ទៅ​ប្រកួត​ដក​ស្រង់ច្ចេកទេសជាមួយ​ប្រទេស​ផ្សេងៗ ក្រោម​ការ​​ទំនុ​កបម្រុង​របស់ក្រសួងអប់រំ និង CAMSOC ផង​នោះ គឺ​យើងមាន​ការ​វិវឌ្ឍ​ច្រើន​លើ​កម្រិត​បច្ចេក​ទេស ហើយ​យើង​បាន​ដាក់​គោលដៅ​ថា ត្រូវខិតខំ​​ដណ្តើម​មេដាយ​មាស​ឱ្យ​បាន​១ ឬ​២​គ្រឿង​»។

អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ហុកគី​កម្ពុជារូប​នេះ បាន​បន្ថែម​ថា៖ «បើទោះបីជា​យើង​មិន​ទាន់​ប្រាកដ​ថា យើង​នឹង​ធ្វើបាន​ល្អ​ដល់កម្រិតណា ប៉ុន្តែ​ការដាក់​ក្តីសង្ឃឹម ក្នុងការដណ្តើម​យក​មេដាយ​មាស​នេះ វាជាគោលដៅ​របស់​យើង ព្រោះ​បើ​យើង​ព្យាយាម​ដើរ​ទៅមុខ ដោយ​​គ្មាន​​គោល​ដៅ​ ក៏យើង​មិនអាច​ទទួល​បានជោគ​ជ័យ​នោះ​ដែរ​ ហើយ​គិត​មក​ដល់​​ពេលនេះ យើង​ត្រៀម​ខ្លួន​រួច​រាល់​១០០ភាគ​រយ ដោយ​បាន​ត្រៀម​​ទាំងស្មារតី បច្ចេក​ទេស និង​កម្លាំង ដើម្បី​ឈាន​ទៅ​រក​ការ​​សម្រេច​​គោល​ដៅ​នៅ​ចំពោះ​មុខ​នោះ​»។

សម្រាប់​ការ​បង្ហាញ​វត្ត​មាន ក្នុងការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០១៩ នៅ​ហ្វីលី​ពីន កន្លង​មកនេះ ក្រុម​​ជម្រើសជាតិ​ហុកគី​នារី​កម្ពុជា រក​មិន​ឃើញ​ការ​ឈ្នះ​សូម្បី​១​ប្រកួត​ ដោយ​ក្នុង​នោះ ពួកគេ​បានស្មើ ៣-៣ ជាមួយ​ក្រុមនារី​សិង្ហ​បុរី រួច​បន្តចាញ់​ថៃ ៦-១ ចាញ់​ក្រុមម្ចាស់​ផ្ទះ​ហ្វីលី​ពីន ៤-៣ និង​ចុង​ក្រោយ​បានចាញ់​ក្រុម​ឈ្នះមេដាយមាស​របស់​ម៉ា​ឡេស៊ី​ រហូត​ដល់ ១០-០ ដែល​ធ្វើ​ឱ្យ​ពួក​គេ ទទួល​បាន​លេខ​៥​ចុង​ក្រោយ​គេ។

តែទោះបី​ជា​យ៉ាង​ណា ការ​បំបែក​កំណត់​ត្រាមិន​ធ្លាប់​ឈ្នះ​សោះ​របស់​ក្រុម​ជម្រើសជាតិ​ហុកគី​នារី​កម្ពុជា អស់​រយៈពេល​១២​ឆ្នាំ តាម​រយៈការ​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នារី​សិង្ហបុរី ៣-០ ក្នុង​ការ​​​​ប្រកួត​​ជម្រុះ​តាម​ពូ​ល នៃ​​ព្រឹត្តិ​ការណ៍ Indoor ASIA Cup 2022 ​នៅ​ទីក្រុង​បាង​កក ​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃទី​ ៩ ​ខែសីហា ឆ្នាំ​២០២២ និងការ​ខិតខំ​ហ្វឹ​កហាត់​យ៉ាង​ខ្លាំង​របស់​ក្រុម​ហុកគី​កម្ពុជា រហូត​មក​ដល់​ពេ​លនេះ​ វា​បាន​ក្លាយជា​ក្តី​សង្ឃឹម​ថ្មី សម្រាប់​ពួក​គេ ក្នុងការ​ត្រៀម​ប្រកួត​ស៊ីហ្គេម លើក​នេះ។​

លោក កាំង សុធា បាន​​បញ្ជាក់​​ថា៖ «យើង​កាន់​តែកៀក​ថ្ងៃប្រកួត​ស៊ីហ្គេម​ទៅ​ហើយ ដូច្នេះ​បើ​និយាយ​ពី​បច្ចេក​ទេស ដែល​ត្រូវ​បន្ថែម យើង​មិន​មាន​អ្វីជា​បញ្ហាទៀត​ទេ ដោយ​យើង​រង់ចាំ​តែ​ថ្ងៃ​ប្រកួត​​មក​ដល់។ ជាមួយ​គ្នានេះ យើង​សម្គាល់​ឃើញ​ថា សមត្ថ​ភាព​កីឡាករ​កីឡា​ការិនី​របស់​យើង មាន​ភាព​ពេញលេញ​រួច​រាល់ទាំង​ស្រុង​អស់​ហើយ ហើយ​អ្វីដែល​ពិសេស​ទៀត​នោះ យើង​ជា​ម្ចាស់​ផ្ទះ រៀបចំការ​ប្រកួត​ហ្នឹង អ៊ីចឹង​យើង​មា​ន​ក្តី​សង្ឃឹម​ខ្ពស់​ណាស់ សម្រាប់​ការ​ឈាន​ទៅ​រក​ការ​ឈ្នះ​មេដាយ​មាស​នេះ​»។

សម្រាប់​ការ​ប្រកួតស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​នេះ ប្រភេទ​កីឡា​ហុកគី មាន​ការ​ប្រកួត​​ចំនួន​​៤​វិញ្ញាសា គឺ​វិញ្ញាសា ហុកគី​ក្នុង​សាល (Indoor hockey)ទាំង​ផ្នែក​បុរស-នារី និង ហុកគី​លើក្ដារ (Field hockey) ទាំង​ផ្នែក​បុរស-នារី ហើយ​កម្ពុជា ក្នុងនាម​ជា​ម្ចាស់​ផ្ទះ នឹងចូល​ប្រកួត​ទាំង​​​៤វិញ្ញាសា​នេះ​តែម្តង ហើយ​ពួកគេ បាន​តាំង​ចិត្ត​ខ្លាំង ដោយ​មិនបាន​គិត​ថា ប្រទេស​ណា មាន​សមត្ថ​ភាព​ខ្លាំង​ជាង​ខ្លួន​នោះ​ទេ។

លោក កាំង សុធា បាន​សង្កត់​ធ្ងន់ថា៖ ​«​ទាំង​ថ្នាក់ដឹកនាំ​សហព័ន្ធ គ្រូ​បង្វឹក និង​កីឡាករ កីឡា​ការិនី បាន​កំណត់ថា យើង​ហាត់ គេក៏​ហាត់ យើង​រត់ គេ​ក៏រត់​ដូចគ្នា អ៊ីចឹង​យើង​មិន​គិត​ថា ប្រទេស​ណា​ខ្លាំង​ជាង​ប្រទេស​នោះ​ទេ ព្រោះ​បើយើង​ឱ្យ​តម្លៃ​ថា ក្រុមគេ​ខ្លាំង ជាង​ក្រុម​យើង វា​ហាក់​​​បំបាក់​ស្មារតី​ខ្លួន​ឯង ដូច្នេះពេល​ចូល​ដល់​ទីលាន រឿង​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ធ្វើ គឺ​ត្រូវ​ខំប្រឹង​​ប្រកួត​​ឱ្យ​អស់​សមត្ថភាព ចំណែក​ការ​ឈ្នះចាញ់ នឹង​បង្ហាញ​ឱ្យឃើញ​ច្បាស់ នៅ​ក្រោយ​ពេល​អាជ្ញា​កណ្តាល​​ផ្តុំ​​កញ្ចែ​បញ្ចប់​ការ​ប្រកួ​ត»៕