ភ្នំពេញៈ ដំណើរការ​សាងសង់​ភូមិ​កីឡា សម្រាប់​ដាក់ឱ្យ​ប្រើប្រាស់ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ត្រូវធ្វើ​ម្ចាស់ផ្ទះ ជា​ប្រវត្តិសាស្ត្រ លើកដំបូង នៅតែ​ស្ថិតក្នុង​ក្តីកង្វល់ បើទោះបីជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​សាងសង់ WorldBridge Sport Village បាន​ប្តេជ្ញាចិត្ត​ថា នឹង​សាងសង់​ភូមិ​កីឡា​នេះ ឱ្យបាន​រួចរាល់ ទៅតាម​កាលកំណត់​ក៏ដោយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៀ បាញ់ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា បាន​ដឹកនាំ​ប្រតិភូ​១ក្រុម ចុះទៅ​ត្រួត​ពិនិត្យមើល​ពី​ដំណើរការ​សាងសង់​ភូមិ​កីឡា​នេះ ជា​លើក​ទី​៤ ហើយ​លោក​បាន​ជំរុញ​បន្ថែម​ដល់​ដំណើរការ​សាងសង់​នេះ ឱ្យ​បញ្ចប់​ឱ្យបាន​លឿន និង​ទាន់ពេលវេលា​។​

​បន្ទាប់ពី​បញ្ចប់​ដំណើរ​ចុះ​ត្រួតពិនិត្យ និង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នោះ លោក វ៉ា​ត់ ចំរើន ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​CAMSOC-CAMAPGOC​បាន​គូសបញ្ជាក់ថា លោក​ទៀ បាញ់ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ដំណើរការ​សាងសង់​ភូមិ​កីឡា​ចំនួន​៣​លើក​មកហើយ ហើយ​លោក​តែងតែបាន​ណែនាំ​ពី​វឌ្ឍនភាព​ការងារ​ជាប្រចាំ ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​សាងសង់​ភូមិ​កីឡា​បាន​រួចរាល់ តាម​ពេលវេលា​ដែល​បានកំណត់ គឺ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣​នេះ​។​

​ លោក​បាន​ថ្លែងថា​៖ «​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​កំណត់ថា ត្រឹម​ថ្ងៃទី​៣១ ខែមីនា​នេះ គឺ​ធ្វើបាន​ប៉ុនណា យក​ប៉ុនហ្នឹង ដើម្បី​ត្រៀម​ការរៀបចំ​តុបតែង​លម្អ បំពាក់​សម្ភារ ឧបករណ៍​ដល់​បន្ទប់​ស្នាក់នៅ សម្រាប់​ក្រុម​ប្រតិភូ កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​អាស៊ាន ដែល​មក​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៧ ខែឧសភា និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣»​។​

​ ការ​កំណត់ពេល​សាងសង់​ភូមិ​កីឡា ឱ្យ​រួចរាល់ ត្រឹម​ថ្ងៃទី​៣១ ខែមីនា ខាងមុខនេះ គឺ​ស្របទៅនឹង​ការប្តេជ្ញាចិត្ត​របស់លោក សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge Sport Village ដែល​បាន​អះអាងថា លោក​នឹង​សាងសង់​ភូមិ​កីឡា​នេះ ឱ្យបាន​រួចរាល់ ត្រឹម​ថ្ងៃទី​៣១ ខែមីនា​ ដូចគ្នា ដើម្បី​ត្រៀម​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់ ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់ CAMSOC-CAMAPGOC​។​

​យ៉ាងណាក៏ដោយ លោក ទៀ បាញ់ នៅតែ​មានការ​ខ្វល់ខ្វាយ ទៅលើ​ដំណើរការ​សាងសង់​ភូមិ​កីឡា​នេះ ហើយ​លោក​បាន​ជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​រួម​កម្លាំង​គ្នា​គាំទ្រ​ដល់​ដំណើរការ​សាងសង់​នេះ ព្រោះ​ភូមិ​កីឡា ជាទី​តាំង​សំខាន់ សម្រាប់​ការ​ស្នាក់នៅ​របស់​ក្រុម​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ ដោយ​ត្រូវ​ទទួល​អត្ត​ព​លិ​ក​ចន្លោះ​ពី ៦ ០០០​នាក់​ទៅ ៧ ០០០​នាក់ ហើយ​ក្នុង​១​ថ្ងៃៗ អាច​ទទួល​ការ​ស្នាក់នៅ​ចន្លោះ​ពី​៤ ០០០​នាក់ ឬ​៥ ០០០​នាក់​ទៅ ៦ ០០០​នាក់ ដែល​ត្រូវ​សម្រាក និង​ទទួលទាន​អាហារ នៅក្នុង​ភូមិ​កីឡា​នេះ​។​

​ លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖ «​ឥឡូវនេះ យើង​ឃើញថា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​យកចិត្តទុកដាក់​ខ្ពស់ ក៏ដូចជា​ខ្វល់ខ្វាយ​យ៉ាងច្រើន​លើ​ដំណើរការ​សាងសង់​ភូមិ​កីឡា​នេះ ដោយ​សម្តេច​ប្រធាន CAMSOC បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួម​កម្លាំង​គ្នា​គាំទ្រ​ឱ្យ​ដំណើរការ​សាង់សង់​នេះ បាន​រួចរាល់​តាម​ផែនការ​។ ដូច្នេះ ការងារ​នេះ​យើង​នឹង​ពិនិត្យមើល និង​វាយតម្លៃ​ចុងក្រោយ ត្រឹម​ដំណាច់​ខែមីនា​នេះ​តែម្តង​»​។​

​ជាមួយគ្នា​នោះ លោក​ទៀ បាញ់ ក៏បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​មើល​ទីលាន​ប្រកួត​នានា ដោយ​ជំរុញ​ឱ្យ​ក្រុម​អ្នកផ្គត់ផ្គង់ ត្រូវ​បំពាក់​សម្ភារ​បច្ចេកទេស ប្រព័ន្ធ​សំឡេង ប្រព័ន្ធ​ភ្លើង​នៅ​ទីលាន​ក្នុង​សាល​ប្រកួត​នីមួយៗ​ឱ្យបាន​គ្រប់គ្រាន់ និង​ស្របតាម​ស្តង់ដា​ជាដើម ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ទៀ បាញ់ និង​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC ក៏បាន​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់ នៅតាម​ទីលាន​មួយចំនួន​ផងដែរ​។​

​ប្រតិភូ​កីឡា ដែល​ដឹកនាំ​ដោយ​លោក ទៀ បាញ់​នេះ បាន​ចុះទៅ​ត្រួតពិនិត្យ​ទីលាន​វាយ​សី និង​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​បាន​បំពាក់​ប្រព័ន្ធ​ឧបករណ៍​បាន​រួចរាល់​ហើយ​។ ចំណែកឯ​ការរៀបចំ​តុ​ប​តែង បំពាក់​ឧបករណ៍​គាំទ្រ​នៅ​ទីលាន​ផ្សេងៗ​ទៀត នឹងត្រូវ​រៀបចំ ក្រោយ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ពោលគឺ​តាម​គម្រោង​នៃ​ពេលវេលា​ឱ្យទាន់​ពេលវេលា និង​គ្រប់​ជ្រុងជ្រោយ​៕