
ក្រុមកីឡាការិនីក្លិប Cairde Khmer GAA ឬមានន័យថា (មិត្ដភក្ដិខ្មែរ) ដែលនឹងទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ World Gaelic Games 2023 នៅប្រទេសអៀរឡង់។ រូបថត សហការី
ភ្នំពេញ: ក្រុមកីឡាការិនីក្លិប Cairde Khmer GAA ឬមានន័យថា (មិត្ដភក្ដិខ្មែរ) របស់កម្ពុជាត្រូវបានអញ្ជើញឱ្យតំណាងឱ្យទ្វីបអាស៊ីទាំងមូល ទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ World Gaelic Games 2023 នៅប្រទេសអៀរឡង់។
ព្រឹត្តិការណ៍កីឡាប្រពៃណីអៀរឡង់ដែលជាផ្នែកមួយនៃការប្រារព្ធទិវាបុណ្យជាតិ St. Patrick''s Day នឹងប្រព្រឹត្តទៅនៅទីក្រុង Owenbeg Co Derry ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា។
ក្រុមកីឡាការិនី និងកីឡាករ ក្លិបមិត្ដភក្ដិខ្មែរត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ ក្នុងការធ្វើដំណើរទៅកាន់អៀរឡង់ដែលការរៃអង្គាសប្រាក់មួយ នឹងត្រូវធ្វើឡើងក្នុងឱកាសអបអរទិវា St. Patrick''s Day នៅថ្ងៃសៅរ៍ ទី ១៨ ខែមីនា វេលាម៉ោង ៣ រសៀលនៅ Craft ថ្ងៃលេខ 82EO ផ្លូវ ២៤៤ ក្នុងរាជធានីភ្នំពេញ។
លោក រ៉ូណាន់ សៀហាន ស្ថាបនិកក្លិបមិត្ដភក្ដិខ្មែរបាននិយាយថា៖ «ក្រុមកីឡាការិនីខ្មែរ Cairde នឹងតំណាងឱ្យទ្វីបអាស៊ីក្នុងការប្រកួតជាមួយក្រុមដទៃមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក។ ក្រុមបុរសរបស់យើងក៏ធ្វើដំណើរទៅប្រកួតដែរ។ក្រុមរបស់យើងជាក្រុមតំណាងឱ្យតំបន់អាស៊ី។ បណ្ដាប្រទេសផ្សេងៗក៏មានក្រុមកីឡាករ-កីឡាការិនីដែរប៉ុន្តែពួកគេស្ថិតក្នុងប្រភេទផ្សេងគ្នានិងមានសញ្ជាតិផ្សេងគ្នា»។
កីឡាអៀរឡង់បុរាណមួយ Gaelic Football រួមបញ្ចូលជំនាញបាល់ទាត់បាល់ឱបនិងសកម្មភាពចម្រុះមួយចំនួន ដែលទាមទារភាពឈ្លាសវៃ រហ័សរហួនទាំងដៃ ជើងនិងការបំផ្លាស់ទី។
កីឡាការិនី ១០ នាក់ ក្នុងចំណោម ១៣ នាក់ ក្នុងក្រុមមិត្ដភក្ដិខ្មែរ នៅឆ្នាំ ២០២២ គឺជាជនជាតិខ្មែរ។ក្រុមនោះបានបង្ហាញពីវីរភាពនៅឯ Asian Gaelic Games (ព្រឹត្តិការណ៍ដំបូងក្នុងតំបន់សម្រាប់កីឡាអៀរឡង់)។
ស្ថាបនិកក្រុមកីឡាមិត្ដភក្ដិខ្មែរ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ នៅកម្ពុជា ជាមួយវត្ដមានក្រុមកីឡាការិនីដំបូងផងនោះបាននិយាយថាការប្រកួតរបស់ពួកគេនៅទីក្រុងគួឡាឡាំពួរ បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើននៅក្នុងពិភពបាល់ទាត់ Gaelic Football ដែលនាំឱ្យពួកគេត្រូវបានអញ្ជើញទៅកាន់ការប្រកួតថ្នាក់ពិភពលោក។
លោកសៀហានបាននិយាយថា៖ «ទោះជាយ៉ាងណាក៏ដោយការនាំក្រុមទៅកាន់ប្រទេសអៀរឡង់នឹងមិនងាយស្រួលទេ។ សម្រាប់កីឡាករកម្ពុជាក្នុងការប្រកួតក្នុងតំបន់ជុំវិញទ្វីបអាស៊ីសូម្បីតែការហ្វឹកហាត់និងលេងនៅក្នុងប្រទេសក្លិបត្រូវរ៉ាប់រងរាល់ការចំណាយទាំងអស់។ ថវិកាដែលអាចនាំសមាជិកទាំងអស់ទៅកាន់ផ្នែកម្ខាងទៀតនៃពិភពលោកគឺមានទំហំច្រើនសន្ធឹកសន្ធាប់។ កីឡាករយើងភាគច្រើនមកពីគ្រួសារលំបាកឬក្រីក្រហើយមិនអាចមានលទ្ធភាពចំណាយលើខ្លួនឯងបានឡើយ»។
នោះហើយជាមូលហេតុដែលក្លិបមិត្ដភក្ដិខ្មែរកំពុងស្វែងរកយ៉ាងសកម្មសម្រាប់មនុស្សឬអង្គការមួយចំនួនដើម្បីដើរតួជាអ្នកឧបត្ថម្ភសម្រាប់ការធ្វើដំណើរនេះ។
ប្រធានក្លិបបានឱ្យដឹងថាលោកអាចនិយាយបានថា វាជាការធ្វើដំណើរដ៏កម្សត់បំផុតក្នុងឆាកជីវិតរបស់កីឡាករ-កីឡាការិនីនៃក្លិបមិត្ដភក្ដិខ្មែរ។
លោកសៀហានបានប៉ាន់ប្រមាណថាការចំណាយទាំងអស់សម្រាប់កីឡាករ-កីឡាការិនី២៦នាក់ (បុរស១៣នាក់និងស្ត្រី១៣នាក់)និងគ្រូបង្វឹក៤នាក់នឹងអាចត្រូវការទឹកប្រាក់ចន្លោះពី៦៥០០០ទៅ៧ម៉ឺនដុល្លារ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសអៀរឡង់ហើយយើងសង្ឃឹមថានឹងបានចែករំលែកវប្បធម៌និងកីឡារបស់យើង។ វាជាការជួយលើកកម្ពស់ការយល់ដឹងរបស់ក្លិបហើយការធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់អាចធ្វើទៅបានតាមរយៈការរៃអង្គាសប្រាក់នេះ»។
កញ្ញាពៅសុភ័ណជាសមាជិកម្នាក់នៃក្រុមកីឡាការិនីក្លិបមិត្ដភក្ដិខ្មែរមានក្ដីរំភើបរីករាយដែលបានតំណាងកម្ពុជាចូលរួមប្រកួតព្រឹត្ដិការណ៍កីឡាថ្នាក់ពិភពលោកនៅប្រទេសអៀរឡង់ ហើយកញ្ញាក៏មានអារម្មណ៍ភ័យបារម្ភតិចតួចចំពោះសមត្ថភាពនៃការប្រកួតរបស់កីឡាអឺរ៉ុប។
អតីតកីឡាការិនីបាល់ឱប Rugby ប្ដូរទៅលេងកីឡា Gaelic Football សុភ័ណបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «កីឡាប្រភេទនេះការលេងរាងពិបាកបន្ដិចដែរដោយសារយើងត្រូវចេះ reflex ឱ្យបានរហ័ស បើមិនដូច្នោះទេយើងអាចនឹងខុស លក្ខន្តិកៈ។ពេលខ្លះយើងពិបាកគេច ពីព្រោះពេលយើងរត់ ៣-៤ជំហាន យើងត្រូវ សូឡូឬដក់បាល់នឹងជើងសិនហើយយើងអាចបោកបាល់បានតែម្ដងប៉ុណ្ណោះ ក្នុងអំឡុងពេលរត់បណ្ដើរបាល់»។
កីឡាការិនីរៀមច្បងក្នុងក្រុមរូបនេះបានបន្ដថាថ្វីដ្បិតតែការរត់បណ្ដើរបាល់ត្រូវកាន់នឹងដៃយ៉ាងណាក៏ដោយក៏ការសម្រេចទីត្រូវធ្វើឡើងដោយការទាត់។ចំពោះការទាត់យកពិន្ទុនេះមាន ២ប្រភេទគឺការទាត់ផ្លោងទៅចន្លោះបង្គោលទីខ្ពស់ជាមួយពិន្ទុ ១គ្រាប់និងការបាត់បញ្ចូលសំណាញ់ទីដូចបាល់ទាត់ ទទួលបាន៣ពិន្ទុ។
អតីតកុមារនៅអង្គការ PSE រូបនេះបាននិយាយថា៖ «ខ្ញុំសូមស្នើសុំប្រជាពលរដ្ឋខ្មែរចូលរួមបរិច្ចាគថវិកាបន្ដិចបន្ដួចសម្រាប់ឱកាសឱ្យក្រុមកីឡា Gaelic Khmer បានធ្វើដំណើរទៅប្រកួតនៅអៀរឡង់និងស្នើសុំជួយលើកទឹកចិត្ដកីឡាករទាំងអស់ ទោះបីជាឈ្នះឬមិនឈ្នះយ៉ាងណាក៏ដោយដោយសារយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព»។
ដូចដែលបានគ្រោងទុកឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសនឹងជួបក្លិបនេះនៅថ្ងៃសុក្រលោកសៀហានបាននិយាយថាលោកចង់ផ្តល់ការគាំទ្រដល់ក្រុមនិងជជែកអំពីលទ្ធភាពនៃការផ្ដល់ជំនួយនិងសម្រួលដល់ការធ្វើដំណើរ។
កម្មវិធីរៃអង្គាសប្រាក់នឹងមានការសម្តែងតន្ត្រីដោយ The Goldilocks Zone, Soselo Summer, Skin & String, Greg Beshersជាដើម។កម្មវិធីនេះទាមទារឱ្យអ្នកចូលរួមស្លៀកពាក់ពណ៌បៃតង។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណភ្ជាប់ហ្វេសប៊ុកwww.facebook.com/events/688067693054962/៕