ភ្នំពេញៈ កីឡាករ សាមី បានចាមេក របស់ថៃ បានសម្តែងការមិនពេញចិត្តនិងមិនទទួលស្គាល់លទ្ធផលដែលគណៈកម្មការរៀបចំការប្រកួតសម្រេចឱ្យរូបគេចាញ់ពិន្ទុជើងខ្លាំងរបស់កម្ពុជា ធឿន ធារ៉ា នោះទេ តែប្រតិកម្មនេះ មិនទទួលបានលទ្ធផលឡើយ ហើយការប្រើឥរិយាបថឆ្គាំឆ្គងនៅលើសង្វៀន របស់សិស្សគណលោក ប៊ូ ខាវ ម្នាក់នេះ ក៏ទទួលបានការរិះគន់ខ្លាំងពីអ្នកគាំទ្រកម្ពុជា ផងដែរ។
សម្រាប់ការប្រកួត ដែលរៀបចំដោយសង្វៀន TVK Fighter នៃស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅលើទឹកដីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៨ ខែមីនានោះ ធឿន ធារ៉ា និង សាមី បានចាមេក ដែលធ្លាប់ប្រកួតស្មើពិន្ទុគ្នា សម្រាប់ការជួបគ្នាលើកទី១នោះ បានព្យាយាមវាយបកសងគ្នា ដោយប្រុងប្រយ័ត្នបំផុតគឺអ្នកទាំង២មិនសូវហ៊ានចូលវាយប្តូរគ្នានោះទេ ហេតុនេះឱកាសនៃការប្រើជង្គង់សឹងតែគ្មានសោះ សម្រាប់ការប្រកួត៤ទឹកដំបូង។
តាមរយៈការប្រកួត៥ទឹកពេញ ត្រូវបានគេមើលឃើញថា ធឿន ធារ៉ា ជាអ្នកបើកការវាយលុកមុនរហូត ខណៈកីឡាករ សាមី បានចាមេក បានត្រឹមឈរទប់ និងវាយបកសងទៅវិញ ដែលធ្វើឱ្យការប្រកួតរបស់អ្នកទាំង២ មិនសូវជាមានភាពស្វិតស្វាញខ្លាំងប៉ុន្មានទេ ហើយនៅទឹកទី៥ចុងក្រោយ កីឡាករថៃ កាន់តែលែងសូវវាយ ដោយរូបគេបានត្រឹមដកថយ និងបង្ហាញកាយវិការបែបឌឺដងដាក់ ធឿន ធារ៉ា ដែលធ្វើឱ្យ ធារ៉ា អាចតាមវាយទៅលើរូបគេ និងមានពិន្ទុឈ្នះនៅទឹកទី៥នេះ។
យ៉ាងណាក៏ដោយ មុនការប្រកាសលទ្ធផល សាមី បានចាមេក បានបង្ហាញការជឿជាក់ខ្លាំង ថារូបគេនឹងទទួលបានជ័យជម្នះ ក្នុងការប្រកួតនេះ ប៉ុន្តែនៅពេលគណៈកម្មការប្រកាសលទ្ធផលផ្តល់ជ័យជម្នះឱ្យ ធឿន ធារ៉ា នោះ កីឡាករថៃ សាមី បានចាមេក បានបង្ហាញឥរិយាថឆ្គាំឆ្គង ដោយបានកន្ទ្រាក់ដៃស្តាំរបស់គេ ចេញពីដៃរបស់អាជ្ញាកណ្តាលភ្លាមៗព្រមទាំងបានយកដៃទី២របស់គេបង្ហាញជាសញ្ញាខ្វែង ដែលបញ្ជាក់ថា កីឡាករថៃរូបនេះ មិនទទួលយកការសម្រេចនេះឡើយ។
បន្ថែមទៅលើការបង្ហាញឥរិយាថឆ្គាំឆ្គងនេះ សាមី បានចាមេក បាននិយាយក្រោយការប្រកួតថា៖ «ការប្រកួតលើកទី២នេះ វ៉ៃអស់ពីចិត្ត និងពេញទំហឹងដូចគ្នា ហើយត្រូវធ្ងន់ៗដូចគ្នា ប៉ុន្តែការកាត់សេចក្តីលើកនេះ ខ្ញុំមិនទទួលស្គាល់ថា ខ្ញុំចាញ់នោះទេ ហើយខ្ញុំមិនយល់ ថាតើចៅក្រម ដែលបានផ្តល់ពិន្ទុឱ្យខ្ញុំចាញ់នេះ គាត់មានបញ្ហាអ្វីជាមួយខ្ញុំមែន? តែទោះយ៉ាងណា ខ្ញុំក៏សូមផ្តល់កម្លាំងចិត្ត ចំពោះ ធឿន ធារ៉ា ដែលបានប្រកួតឈ្នះជាប់ៗគ្នា ព្រោះនេះជាទឹកដីរបស់គាត់»។
ឆ្លើយតបទៅនឹងប្រតិកម្មរបស់កីឡាករថៃ សាមី បានចាមេក នេះ លោក ម៉ុល នី ប្រធានផ្គូផ្គងប្រចាំសង្វៀនប្រដាល់ TVK Fighter បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា ទាំងស្ថានីយនិងគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា បានយកចិត្តទុកដាក់ខ្លាំងសម្រាប់គូនេះ ហើយការសម្រេចឱ្យ ធឿន ធារ៉ា ឈ្នះ ពិតជារឿងត្រឹមត្រូវ។
លោក ម៉ុល នី បាននិយាយថា៖ «គូនេះមានការចាប់អារម្មណ៍ច្រើន អ៊ីចឹងការដាក់ពិន្ទុ មានការប្រយ័ត្នប្រយែងមែនទែន គឺទាំងស្ថានីយ និងសហព័ន្ធ មានការប្រិតប្រៀងមែនទែន សម្រាប់ការដាក់ពិន្ទុ នៅតាមទឹកនីមួយៗ។ ពេលប្រកួតបាន៤ទឹក អ្នកទាំង២នេះ ស្មើពិន្ទុគ្នា ដែលសម្រេចទៅលើការប្រកួតទឹកទី៥ចុងក្រោយ ហើយជាលទ្ធផល ធឿន ធារ៉ា វាយចូលបានច្រើនជាង និងទទួលបានជ័យជម្នះ ក្នុងទឹកនេះតែម្តង»។
លោកបានបន្ថែមថា៖ «ខ្ញុំមើលឃើញថា ម្តងនេះ ធឿន ធារ៉ា មានទឹកចិត្តមោះមុតក្នុងការប្រកួត ហើយលទ្ធផលឈ្នះនេះ វាស័ក្តិសមណាស់ គឺខ្ញុំឯកភាពចំពោះការកាត់សេចក្តីរបស់ចៅក្រម ចំណែកខាងកីឡាករ សាមី បានចាមេក មិនព្រមទទួលយកលទ្ធផលនេះ ជារឿងរបស់គាត់ ប៉ុន្តែពេលខ្លះ គាត់គួរណាស់ទទួលស្គាល់លទ្ធផលនៃការប្រកួតរបស់ខ្លួន ក្នុងនាមជាកីឡាករម្នាក់»។
ប្រធានផ្គូផ្គងប្រចាំសង្វៀនប្រដាល់ TVK Fighter លោក ម៉ុល នី បានឱ្យដឹងទៀតថា ការរៀបចំព្រឹត្តិការណ៍ប្រដាល់នៅប៉ោយប៉ែតនេះ ទទួលបានការគាំទ្រខ្លាំងបំផុត ដោយមានការចូលរួមផ្ទាល់ទាំងប្រជាជនថៃ និងកម្ពុជា ព្រមទាំងមានអ្នកទស្សនាតាមការផ្សាយផ្ទាល់ជិត៣០ម៉ឺននាក់ (២៣៩.៦K) ហើយអ្វីដែលពិសេស អ្នកស្រុកប៉ោយប៉ែត មានទឹកចិត្តខ្លាំងក្នុងការផ្តល់ប្រាក់ជូនដល់កីឡាករ ជាពិសេស ធឿន ធារ៉ា ដោយលោកអះអាងថា ធារ៉ា បានទទួលការឧបត្ថម្ភពីខាងក្រៅចូល៦ពាន់ដុល្លារ។
ជាមួយការទទួលបានការគាំទ្រខ្លាំងនេះ លោក ម៉ុល នី បានបង្ហើបថា ជំនួបរវាង ធឿន ធារ៉ា និង សាមី បានចាមេក នឹងអាចកើតឡើងម្តងទៀត។ លោកបញ្ជាក់ថា៖ «រឿងនេះនៅមិនទាន់ចប់ទេ ព្រោះបើភាគីទាំងសងខាង យល់ព្រម គឺកម្មវិធីរបស់យើង នឹងរៀបចំឱ្យពួកគាត់ជួបគ្នាម្តងទៀត ព្រោះ ធឿន ធារ៉ា ជាអ្នកគ្រងខ្សែក្រវាត់ Krud ស្រាប់ អ៊ីចឹងចង់មិនចង់ បើកីឡាករ សាមី បានចាមេក មិនអស់ចិត្ត កម្មវិធី នឹងរៀបចំឱ្យគាត់មកប្រកួតដណ្តើមខ្សែក្រវាត់ពី ធារ៉ា ម្តងទៀត នៅថ្ងៃណាមួយ»៕