ភ្នំពេញៈ កីឡាករជើងខ្លាំងលំដាប់កំពូលរបស់កម្ពុជា ធឿន ធារ៉ា និង ព្រំ សំណាង នឹងត្រូវបង្ហាញវត្តមានរួមគ្នា ជាថ្មីម្តងទៀត ប៉ុន្តែលើកនេះ អ្នកទាំង ២ នឹងត្រូវធ្វើការងារកាន់តែធ្ងន់ ដោយក្នុងនោះ ធារ៉ា ត្រូវដាក់ឱ្យប្រកួត ១ ទល់ ៣ នាក់ ជាមួយអ្នកប្រយុទ្ធមកពីប្រទេសឡាវ ថៃ និងម៉ាឡេស៊ី ចំណែក សំណាង ត្រូវប្រឈមជាមួយជើងខ្លាំងមកពីប្រទេសរុស្ស៊ី Vladimir Gabov ដែលមិនធ្លាប់មានប្រវត្តិចាញ់សោះ ក្នុងការប្រកួតប្រដាល់សេរីនេះ។
សម្រាប់ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២ របស់សង្វៀនថោន ដែលធ្វើនៅទីតាំងផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល នាល្ងាចម៉ោង៧ ថ្ងៃទី២៥ ខែមីនានេះ ម្ចាស់ខ្សែក្រវាត់ IPCC Kun Khmer ធឿន ធារ៉ា នឹងត្រូវដាក់ឱ្យប្រកួត Mas Fight ១ទឹក៩នាទី ជាមួយលក្ខណៈ១ទល់៣នាក់ ហើយភាគី៣នាក់ រួមមានកីឡាករថៃ Denkaosen កីឡាករឡាវ Yakkhomphant និងកីឡាករម៉ាឡេស៊ី Boboy Redwolves។
ចំពោះរូបមន្តនៃការប្រកួត ១ទល់៣នាក់ ដើម្បីឈ្នះបានប្រាក់រង្វាន់ និងទទួលបានពានជើងឯកគុនខ្មែរអន្តរជាតិ ក្នុងប្រភេទទម្ងន់៧២គីឡូក្រាមនេះ គឺ ធឿន ធារ៉ា ត្រូវផ្តួលគូប្រកួតទាំង៣នាក់ឱ្យសន្លប់ ចុះចាញ់ និងបញ្ឈប់ដោយអាជ្ញាកណ្តាល ឬគ្រូពេទ្យ ទើបចាត់ទុកថាឈ្នះ ហើយទទួលបានប្រាក់រង្វាន់ ១ ០០០ ដុល្លារ បន្ថែមលើតម្លៃខ្លួន តែបើ ធារ៉ា ផ្តួលឱ្យសន្លប់បាន១នាក់ ទទួលបាន២០០ដុល្លារ និងផ្តួលឱ្យសន្លប់២នាក់ បាន៤០០ដុល្លារ។
ចំពោះភាគីខាងកីឡាករបរទេសទាំង៣នាក់វិញ បើកីឡាករណាផ្តួល ធឿន ធារ៉ា ឱ្យសន្លប់ នឹងទទួលបានប្រាក់រង្វាន់២០០ដុល្លារ ហើយមានលក្ខខណ្ឌពិសេសមួយទៀត គឺបើមានអ្នកណាអាចផ្តួល ធារ៉ា ឱ្យសន្លប់ មុន១នាទី ក្នុងពេលឡើងប្រកួត នឹងទទួលបានប្រាក់លើកទឹកចិត្ត ៤០០ ដុល្លារ។
ជាមួយលក្ខខណ្ឌប្រកួតដ៏តានតឹង និងគ្រោះថ្នាក់បែបនេះ គឺ ធឿន ធារ៉ា ធ្លាប់ធ្វើបានសម្រេចម្តងហើយ សម្រាប់ការប្រកួត ១ទល់៣នាក់នេះ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយកាលនោះ ធារ៉ា បានម៉ាត់មិត្តរួមជាតិ ធី តុងហ៊ី រួមទាំងកីឡាករថៃ និងកីឡាករម៉ារ៉ុក ឱ្យសន្លប់ជាបន្តបន្ទាប់គ្នា ក្នុងរយៈពេលប្រមាណ៣នាទី។ ប៉ុន្តែបេក្ខភាពកីឡាករបរទេសទាំង៣នាក់ ដែល ធឿន ធារ៉ា ត្រូវជួបគ្នាលើកនេះត្រូវបានអ្នករៀបចំការប្រកួតអះអាងថា មានសមត្ថភាពខ្លាំងដូចគ្នា។
ចំពោះការប្រកួត ១ទល់៣នាក់ ជាលើកទី២នេះ ធឿន ធារ៉ា បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តផង និងភ័យផងដែរ ព្រោះការប្រកួត ១ទល់៣នាក់លើកនេះ គឺសុទ្ធតែជាកីឡាករបរទេស។ ទោះយ៉ាងណា ខ្ញុំសង្ឃឹម៧០ភាគរយ ហើយទោះបីជាខ្ញុំមានការប្រកួតជាប់ៗគ្នារៀងរាល់សប្តាហ៍ តែខ្ញុំគិតថា វាមិនជាបញ្ហាអ្វីសម្រាប់ខ្ញុំនោះទេ។ ខ្ញុំនឹងខំប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាព ទោះបីជាចាញ់ ឬឈ្នះយ៉ាងណាក៏ដោយ»។
យ៉ាងណាមិញជើងខ្លាំង មានរហស្សនាម «ជាងកាត់សក់» ព្រំ សំណាង ត្រូវបានដាក់ឱ្យប្រកួតជាមួយអ្នកប្រយុទ្ធរបស់រុស្ស៊ី Vladimir Gabov ក្នុងទម្ងន់៧៨គីឡូក្រាម។ បើទោះបីជាមួយរយៈនេះ ព្រំ សំណាង បានឈ្នះជាប់ៗគ្នា ហើយភាគច្រើន បានផ្តួលគូប្រកួតឱ្យសន្លប់ មិនលើសពីរង្វង់៣ទឹក ប៉ុន្តែលោក ជួប វុត្ថា អ្នកផ្គូផ្គងកីឡាករប្រចាំនៅសង្វៀនថោន បានឱ្យដឹងថា នៅក្នុងប្រវត្តិប្រកួតកីឡាកររុស្ស៊ីរូបនេះ ធ្លាប់ចាញ់សម្រាប់ការប្រកួតតាមបែប MMA ចំនួន៥ដង ប៉ុន្តែចំពោះការប្រកួតបែបប្រដាល់សេរីចំនួន៦០ដង កន្លងមកនេះ មិនធ្លាប់ចាញ់នោះទេ។
លោក ជួប វុត្ថា បានប្រាក់ថា៖ «បើមើលទៅលើបទពិសោធន៍ប្រកួតរបស់កីឡាកររុស្ស៊ី រូបនេះ ពិតជាល្អមែនទែន ដោយ៦០ប្រកួតរបស់គាត់ មិនដែលចាញ់មែន ហើយការផ្តួលដៃគូឱ្យសន្លប់ ភាគច្រើនប្រើជង្គង់ទាំងអស់ អ៊ីចឹងអាវុធសំខាន់របស់ Vladimir Gabov គឺជង្គង់ វាស័ក្តិសមនឹង ព្រំ សំណាង របស់កម្ពុជា ដែលគាត់ពូកែជង្គង់ដូចគ្នា ដូច្នេះគូនេះ នឹងកក្រើកខ្លាំង គឺជង្គង់ ប៉ះជង្គង់ ហើយយើងចាំមើលថាតើ ជង្គង់អ្នកណាល្អជាង និងមុតជាង?»។
ជាមួយគ្នានេះ កីឡាករជើងខ្លាំង បឺត សង្ឃឹម និង វ៉ាន់ វឿន ត្រូវប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ ទម្ងន់៦០គីឡូក្រាម នៃព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២នេះ អមដោយប្រាក់រង្វាន់ជាង១ម៉ឺនដុល្លារ នាយប់ថ្ងៃសៅរ៍នេះដែរ ហើយកីឡាករ ស៊ន រ៉ាគីម ត្រូវប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ជាមួយកីឡាករ គង់ ហូវ ក្នុងពេលជាមួយគ្នានោះដូចគ្នា។
អមជាមួយការប្រកួតផ្តាច់ព្រ័ត្រនេះ កីឡាករជើងខ្លាំងរបស់កម្ពុជា ម៉ឺន មេឃា, ឈឿង ល្វៃ, ម៉ឺន សុខហ៊ុច និង អេលីត សាន់ ក៏បានដាក់ឱ្យប្រកួតមិត្តភាពជាមួយកីឡាករបរទេស ផងដែរ ដោយក្នុងនោះ អេលីត សាន់ ត្រូវប៉ះថៃ Rambong ក្នុងទម្ងន់៦០គីឡូក្រាម រីឯ ម៉ឺន មេឃា ត្រូវជួបអ៊ុយក្រែន Luca Lassalle ក្នុងទម្ងន់៦៣,៥គីឡូក្រាម ហើយ ឈឿង ល្វៃ ប្រកួតជាមួយថៃ Wathaphon Khamsunthong ក្នុងទម្ងន់៧២គីឡូក្រាម ខណៈ មឿន សុខហ៊ុច ត្រូវប្រឈមជាមួយជើងខ្លាំងរបស់ថៃ Natthaphum ក្នុងទម្ងន់៦៥គីឡូក្រាម។
ចំពោះបេក្ខភាពកីឡាករបរទេសទាំងអស់ ដែលត្រូវបានដាក់ឱ្យប្រកួត ក្នុងព្រឹត្តិការណ៍ដ៏ធំ នេះ ត្រូវបានលោក គឹម ស្រ៊ុនកុសល ហៅ Tommy Kim ជាទីប្រឹក្សាទូរទស្សន៍ថោន និងជាតំណាង Mas Fight ប្រចាំប្រទេសកម្ពុជា អះអាងថា សុទ្ធតែមានសមត្ថភាពខ្លាំង ស្ថិតក្នុងកម្រិត A ហើយការចំណាយ សម្រាប់ព្រឹត្តិការណ៍ទាំងមូល គឺមានចំនួនច្រើន ដល់ជិតខ្ទង់សែនដុល្លារឯណោះ។
លោក Tommy Kim ដែលជាតំណាង IPCC ប្រចាំប្រទេសកម្ពុជា បានថ្លែងប្រាប់ថា៖ «កម្មវិធីលើកនេះ គឺខាងស្ពនស័រ និងស្ថានីយ បានរួមគ្នារៀបចំឡើង ដោយបានចំណាយច្រើនជាងការប្រកួតរាល់ដង ដោយយើងយកសុទ្ធតែកីឡាករកម្រិត A មកប្រកួត ហើយការហ៊ានចំណាយដ៏ធំសម្បើមយ៉ាងនេះ ក៏ព្រោះតែយើងចង់ផ្សព្វផ្សាយគុនខ្មែរ ស្របពេលដែលប្រទេសយើងកំពុងរៀបចំស៊ីហ្គេម នៅខែឧសភា ខាងមុខនេះផង»។
លោកបានបន្ថែមថា៖ «លើសពីនេះ ខាងអ្នកគ្រប់គ្រងរបស់ថោន និងម្ចាស់ស្ពនស័ររបស់យើង ចង់ជំរុញឱ្យមានសម្ទុះគាំទ្រកាន់តែខ្លាំងលើវិស័យកីឡាគុនខ្មែរនេះ ព្រោះឆ្លងតាមការរៀបចំវគ្គ១ កន្លងមក និងវគ្គ២នេះ ឃើញថា គុនខ្មែរមានសម្ទុះកាន់តែខ្លាំង រហូតធ្វើឱ្យប្រទេសជិតខាងខ្លះភ័យព្រួយបារម្ភ ពីការរីកចម្រើនរបស់គុនខ្មែរ»៕